គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការអប់រំរបស់ព្រះសង្ឃ
ការអប់រំរបស់ព្រះសង្ឃ
2022.11.25

ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាគ្រឹះស្ថានពុទ្ធិកមធ្យមសិក្សារបស់រដ្ឋ ដែលជាផ្នែកមួយនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា ដែលមានទីតាំងនៅតាមបណ្តាយវិថីឧកញ៉ាឈុន(២៤០) សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាគ្រឹះស្ថានអប់រំព្រះសង្ឃដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីសម័យដើមមកទល់នឹងពេលបច្ចុប្បន្ន។ មានព្រះសង្ឃច្រើនអង្គមកពីតាមបណ្តាវត្តអារាមនានានៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅជិតរាជធានីភ្នំពេញ មកទទួលការអប់រំនៅទីនេះដែលផ្តោតលើការអប់រំផ្នែកពុទ្ធចក្រ និងអាណាចក្រដល់ព្រះសង្ឃទូទៅ។

រូបភាពសមណសិស្សគោរពទង់ជាតិនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

លោក ហេង រតនៈ (៣៣ឆ្នាំ) នាយករងរដ្ឋបាល នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានពន្យល់ពីស្ថានភាពសិក្សានៅពុទ្ធិកវិទ្យាល័យព្រះសុមរាម្រឹត ដូច្នេះថា៖ «ពុទ្ធិកវិទ្យាល័យព្រះសុមរាម្រឹត មានកម្មវិធីអប់រំសម្រាប់ព្រះសង្ឃ ចាប់ពីថ្នាក់អនុវិទ្យាល័យដល់វិទ្យាល័យ។ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ មានព្រះសង្ឃចំនួន ១១២៩អង្គ ដែលមានស្រុកកំណើតពីតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជាបានមកចុះឈ្មោះសិក្សានៅទីនេះ។ ក្រោមកិច្ចព្រមព្រាងរវាងក្រសួងធម្មការនិងសាសនា ជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីសិក្សានៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនេះ មានកម្មវិធីសិក្សាដូចក្រសួងអប់រំដែរ លើសពីនេះទៅទៀតខាងពុទ្ធចក្រក៏បានបូកបញ្ចូលបន្ថែមនៅកម្មវិធីសិក្សាសំខាន់មាន៖ មុខវិជ្ជាភាសាបាលី ភាសាសំស្រ្កឹត ពុទ្ធវិន័យ ពុទ្ធសាសនា សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ ហើយមុខវិជ្ជាភាសាបាលី ភាសាសំស្ក្រឹត ព្រះអភិធម្ម សាសនាប្រៀបធៀប សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ។ ចំពោះសញ្ញាបត្រវិញ គឺត្រូវបានទទួលស្គាល់ជាផ្លូវការដូចនៅតាមសាលារៀនរបស់រដ្ឋទូទៅដែរ»។ លោក បន្ថែមទៀតថា៖ «ក្រោយពីបញ្ចប់ការសិក្សានៅពុទ្ធិកវិទ្យាល័យមានព្រះសង្ឃខ្លះក៏បានបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា ដែលមានទាំងរដ្ឋ និងឯកជន តាមលទ្ធភាពនិងចំណូលចិត្តរបស់សាម៉ីអង្គ»។

លោក ហេង រតនៈ

យ៉ាងណាមិញ នៅក្នុងរាជធានីភ្នំពេញមានពុទ្ធិកសាកលវិទ្យាល័យចំនួន ២កន្លែង គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ កម្មវិធីអប់រំសម្រាប់ពុទ្ធិកសាកលវិទ្យាល័យមានដូចជា៖ រដ្ឋបាលសាធារណៈនិតិសាស្រ្ត ភាសាអង់គ្លេស គ្រប់គ្រងទូទៅ អប់រំទស្សនវិជ្ជា អក្សរសាស្រ្តខ្មែរ និងព័ត៌មានវិទ្យា។ ដោយសារពុទ្ធិកសាកលវិទ្យាល័យទាំងពីរខាងលើ មានផ្តល់កម្មវិធីអាហារូបករណ៍ច្រើន ជួយដល់សមណនិស្សិត និងនិស្សិតទូទៅដែលពុំមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់បង់ថ្លៃសិក្សានាំឱ្យមានចំនួនសមណនិស្សិត និងនិស្សិតទូទៅជាច្រើនរស់នៅតាមបណ្តាខេត្តនានា សំដៅមកសិក្សានៅពុទ្ធិកសាកលវិទ្យាល័យទាំងពីរនេះ។

អំពីពុទ្ធិកសាកលវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ៖

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ៖ បង្កើតឡើងក្នុងឆ្នាំ២០០៦ ជាស្ថាប័នអប់រំឧត្តមសិក្សាសាធារណៈ។ មានទីតាំងនៅតាមបណ្ដោយតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាប់របងក្រសួងយុត្តិធម៌ ទល់មុខសាលសន្និសីទចតុម្មុខ និងមាន ២ទីតាំងទៀត ស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ ក្នុងឆ្នាំសិក្សា២០២២ មានសមណនិស្សិត និងនិស្សិតទូទៅសរុបប្រមាណ ១៩២៧អង្គ/នាក់ ដែលក្នុងនោះប្រមាណ ៤០% ជាព្រះសង្ឃ។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា៖ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ បង្កើតឡើងនៅឆ្នាំ២០០៤។ មានអាសយដ្ឋានស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមូន រាជធានីភ្នំពេញ។ មាននិស្សិតប្រមាណជាង ១ពាន់៦រយនាក់ កំពុងសិក្សា (យោងពីតួលេខឆ្នាំ២០២០)។ បច្ចុប្បន្ន ដោយសារកំណើនសមណនិស្សិត និងនិស្សិតទូទៅមានចំនួនច្រើន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងសាងសង់បន្ថែមនូវអគារសិក្សាថ្មីកម្ពស់ ៩ជាន់។

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】

តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles