សេចក្តីរាយការណ៍ពីប្រទេសជប៉ុន Report from japan
អ្នកនាង ឆែ ចិន្តា បច្ចុប្បន្នជានិស្សិតឆ្នាំទី ៣ សិក្សាថ្នាក់បណ្ឌិត ជំនាញធនធានជីវសាស្រ្ត និងបច្ចេកវិទ្យាក្រោយការប្រមូលផល នៃសាកលវិទ្យាល័យ Tsukuba ប្រទេសជប៉ុន។ ក្នុងអំឡុងពេលបម្រើការជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចិន្តា បានទទួលអាហាររូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន តាមរយៈក្រសួងអប់រំ វប្បធម៌ កីឡា និងវិទ្យាសាស្រ្ត របស់រាជរដ្ឋាភិបាលជប៉ុនហៅកាត់ថា MEXT។ ដើម្បីចូលរួមជំរុញក្នុងវិស័យអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានគុណភាព រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសដល់មន្ត្រី ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឱ្យបន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយឧត្តមសិក្សា ទាំងក្នុង និងក្រៅប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអភិវឌ្ឍមួយចំនួន ដែលមានបច្ចេកវិជ្ជាស្រាវជ្រាវស្តង់ដារខ្ពស់ក្នុងវិស័យ
អប់រំ រួមមានប្រទេសជប៉ុនជាដើម។
“ក្តីស្រលាញ់ ការតាំងចិត្ត និង ការព្យាយាម នាំឱ្យខ្ញុំទទួលជោគជ័យក្នុងការសិក្សា”
ឆ្លងកាត់តាមបទពិសោធន៍ជាគ្រូបង្រៀនម្នាក់ ចិន្តា យល់ឃើញថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងសំខាន់សម្រាប់ប្រទេសកម្ពុជា។ ចិន្តា៖ “កត្តាចម្បងក្នុងការចូលរួមអភិវឌ្ឍប្រទេសមួយឱ្យជឿនលឿនទៅបាន ត្រូវពឹងផ្អែកទៅលើការអភិវឌ្ឍវិស័យធនធានមនុស្សព្រោះកម្ពុជានឹងត្រូវប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត”។ នេះជាកត្តាជំរុញឱ្យ ចិន្តា សម្រេចចិត្តដាក់ពាក្យសុំអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពស្រាវជ្រាវជំនាញរបស់ខ្លួន។ ចិន្តា បានបន្ថែមទៀតថា៖ “ក្នុងនាមជាគ្រូបង្រៀន នាងខ្ញុំគិតថា ទាំងសមត្ថភាពនៃការបង្រៀន និងការស្រាវជ្រាវលើមុខជំនាញ គឺត្រូវការចាំបាច់ក្នុងថាលបណ្តុះបណ្តាល ដើម្បីធ្វើឱ្យគុណភាពធនធានមនុស្សកាន់
តែប្រសើរឡើង ព្រោះប្រទេសមួយអាចរីកចម្រើនជឿនលឿនប្រកបដោយនិរន្តរភាពបាន ដោយសារមានធនធានមនុស្សដែលពូកែ ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ”។
ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក កសិឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចិន្តា បានបម្រើការងារលើមុខជំនាញជាអ្នកត្រួតពិនិត្យ និងគ្រប់គ្រងសុវត្ថិភាពអាហារក្នុងក្រុមហ៊ុនក្នុងស្រុកអស់រយៈពេល ៤ឆ្នាំ។ ក្នុងកំឡុងពេលធ្វើការក្នុងក្រុមហ៊ុននោះចិន្តា បានស្វែងយល់ពីចំណុចខ្វះខាតដែលខ្លួនជួបប្រទះក្នុងការងារ និងភាពចាំបាច់នៃការពង្រឹងបន្ថែមលើមុខជំនាញ ដែលនេះជាកត្តាជំរុញឱ្យ ចិន្តា រៀបចំផែនការដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ “ចំពោះការសម្រេចចិត្តបន្តការសិក្សានៅក្រៅប្រទេស សម្រាប់ខ្ញុំបញ្ហា
ហិរញ្ញវត្ថុគឺជាឧបសគ្គចម្បង ពិសេសសម្រាប់សិក្សានៅប្រទេសអភិវឌ្ឍដូចជាជប៉ុន ដែលជាប្រទេសមួយក្នុងក្តីស្រមៃរបស់ខ្ញុំ”។ ដោយមានការផ្តល់ជាអាហារូបករណ៍ជូនបេក្ខភាពសម្រាប់ការសិក្សាពីរដ្ឋាភិបាលជប៉ុនដល់ប្រទេសកម្ពុជា ក៏ដូចបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ចិន្តាបានរៀបចំផែនការសិក្សា និងស្រាវជ្រាវលំអិតពីលក្ខខណ្ឌចាំបាច់របស់សាកលវិទ្យាល័យដែលមានបំណងសិក្សា និងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងតម្រូវការសម្រាប់ទទួលអាហារូបករណ៍នោះ។ “ដើម្បីទទួលបានអាហារូបករណ៍សម្រាប់ការសិក្សាបន្តទាំងថ្នាក់អនុ-
បណ្ឌិត និងបណ្ឌិតរបស់នាងខ្ញុំ វាពិតជាពិបាក ព្រោះការប្រកួតប្រជែងទាមទារឱ្យមានសមត្ថភាព និងបទពិសោធន៍ការងារ ជាចាំបាច់ដើម្បីជាប់ការជ្រើសរើស។ លើសពីនេះទៀត ការខិតខំប្រឹងប្រែង និងការចំណាយពេលច្រើនលើការសិក្សាភាសាអង់គ្លេស ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់សិក្សានៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន”។
ក្រោយពេលបញ្ចប់ការសិក្សា ចិន្តា មានបំណងវិលត្រឡប់មកកាន់ប្រទេសកំណើតខ្លួនវិញ នឹងធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ តាមរយៈបទពិសោធន៍ការងារក្នុងវិស័យឯកជនដែលខ្លួនបានធ្វើកន្លងមក ចិន្តា មានបំណងផ្សារភ្ជាប់រវាងការងារជាក់ស្តែង និងការសិក្សាក្នុងសាលារៀន។ “ដើម្បីចូលរួមបម្រើផលប្រយោជន៍ដល់សង្គមជាតិ ការបម្រើការងារនៅក្នុងវិស័យអប់រំ នៅក្នងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងក្លាយជាឱកាសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារទាំងក្នុងវិស័យរដ្ឋ និងឯកជននៅកម្ពុជា ម្យ៉ាងវិញទៀត អាជីពជាគ្រូបង្រៀនគឺជាក្តីស្រមៃរបស់ខ្ញុំ”។ ការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតនៅប្រទេសជប៉ុនបានធ្វើឱ្យចិន្តា ទទួលបាននូវចំណេះដឹងពីការស្រាវជ្រាវតាមរយៈការប្រើប្រាស់
បច្ចេកវិជ្ជាទាន់សម័យ។ ចិន្តា សង្កេតឃើញថា ក្នុងមន្ទីរពិសោធន៍របស់សាកលវិទ្យាល័យគឺមានបំពាក់ឧបករណ៍ទាន់សម័យ សម្រួលដល់ការពិសោធន៍ស្រាវជ្រាវ ដែលអាចទទួលបាននូវលទ្ធផលដែលមាន តម្លាភាព និងជាក់លាក់ ដោយមានការដឹកនាំពីសាស្រ្តាចារ្យដែលមានបទពិសោធន៍យូរឆ្នាំក្នុងជំនាញ និងសមត្ថភាពខ្ពស់ បានញុំាងឱ្យវិស័យអប់រំនៅក្នុងប្រទេសជប៉ុនត្រូវបានទទួលស្គាល់ក្នុងកម្រិតស្តង់ដារអន្តរជាតិ។
“នាងខ្ញុំសង្កេតឃើញថាការសិក្សារថ្នាក់បណ្ឌិតវិទ្យាសាស្រ្តពិត របស់នាងខ្ញុំនេះ គឺភាគច្រើនទាក់ទងទៅនឹងការធ្វើពិសោធន៍នៅក្នុងមន្ទីរពិសោធន៍។ ការពិសោធន៍ដែលមានបច្ចេកទេសទំនើប និងឧបករណ៍គ្រប់គ្រាន់ក្នុងការស្រាវជ្រាវ រួមទាំងការដឹកនាំរបស់សាស្រ្តាចារ្យ ពិតជាកត្តាចំបាច់ដើម្បីទទួលបានលទ្ធផលជោគជ័យ និងច្បាស់លាស់ ព្រោះលទ្ធផលដែលទទួលបានពីការសិក្សាស្រាវជ្រាវនីមួយៗ មិនត្រឹមតែប្រើប្រាស់បន្តនៅក្នុងការស្រាវជ្រាវនោះទេ តែត្រូវបានបោះពុម្ពផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ។ លទ្ធផលសម្រាប់ការស្រាវជ្រាវនៅក្នុងវិស័យអប់រំ គឺត្រូវបានប្រើប្រាស់នៅក្នុងវិស័យឯកជន ដើម្បីចូលរួមឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងសង្គមរបស់គេ”។
ចិន្តា ក៏បានលើកឡើងអំពីសារៈសំខាន់នៃការប្រាស្រ័យរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុនផងដែរ តាមរយៈការទំនាក់ទំនង និងការចូលរួមកម្មវិធីផ្សេងៗ ដើម្បីស្វែងយល់ទាំងការរស់នៅប្រចាំថ្ងៃរបស់ជនជាតិជប៉ុន។ ចិន្តា៖ “ដើម្បីស្វែងយល់ពីបរិបទការងារក្នុងប្រទេសជប៉ុន នាងខ្ញុំបាទទួលការងារក្រៅម៉ោងបន្ទាប់ពីការសិក្សា ដែលត្រូវធ្វើការរួមគ្នាជាមួយជនជាតិជប៉ុន។ នាងខ្ញុំបានអង្កេតឃើញថា ជនជាតិជប៉ុនគឺគោរពពេលវេលាច្បាស់លាស់ យកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ចំណែកឯ ប្រាក់កំលាំងពលកម្មក៏មានស្តង់ដារដែរ”។ ចិន្តា ក៏បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមានចំពោះបរិស្ថានរស់នៅនិងចំណីអាហារនៅក្នុងប្រទេសជប៉ុនផងដែរ ដោយលើកឡើងដូច្នេះថា៖ “ប្រទេសជប៉ុនជាប្រទេសដែលមានបរិស្ថានស្អាត មានកន្លែងសម្រាប់លំហែកាយប្រកបដោយផាសុខភាព និងស្រស់បំព្រងសូម្បីតែនៅក្បែរៗកន្លែងស្នាក់នៅ ក៏មានសួនកំសាន្តដើរលំហែដែរ។
វាជាកត្តាធ្វើឱ្យប្រជាជនមានអារម្មណ៍ស្រស់ថ្លា និងអាចបន្ថយភាពតានតឹងពីការងារជាដើម”។ សម្រាប់សុវត្ថិភាពអាហារវិញ ចិន្តា មើលឃើញថា
ប្រទេសជប៉ុន ជាប្រទេសដែលប្រកាន់ក្បួនខ្នាតអនាម័យបានល្អបំផុតមួយ។ ចិន្តា៖ “តាមដែលខ្ញុំដឹង នៅទីនេះ
រាល់វត្ថុធាតុដើមរបស់ចំណីអាហារវិញ គឺត្រូវបានឆ្លងកាត់ការពិសោធន៍យ៉ាងត្រឹមត្រូវ ដោយបញ្ជាក់ពីសុវត្ថិភាពមុនពេលដាក់លក់លើទីផ្សារ”។ ទន្ទឹមនឹងនោះ ចិន្តា ក៏បានរំលឹកដែរថា ការគោរពពេលវេលា និងការរៀបចំផែនការក្នុងការស្រាវជ្រាវ ឬសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ក៏ជាកត្តាគួបផ្សំមួយដែលនាំឱ្យខ្លួនទទួលបានជោគជ័យនៅក្នុងការសិក្សាស្រាវជ្រាវនៅប្រទេសជប៉ុនផងដែរ៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 47】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer