គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) សិល្បកររបាំជប៉ុនរស់នៅកម្ពុជា (អ្នកស្រី UCHIDA Lena)【Special5】
(ភាសាខ្មែរ) សិល្បកររបាំជប៉ុនរស់នៅកម្ពុជា (អ្នកស្រី UCHIDA Lena)【Special5】
2020.03.14

បច្ចុប្បន្នមានជនជាតិជប៉ុនជាច្រើនបានមករស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើជំនួញ បំរើការងារនៅតាមបណ្តារក្រុមហ៊ុន និងអង្គការនានា។ នៅក្នុងនោះក៏មានសិល្ប់ករដែលជាអ្នករាំរបាំផងដែរ។ ពួកគាត់មកក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ ពីវប្បធម៌ជប៉ុនអោយជនជាតិខ្មែរបានដឹង និងបានទស្សនានូវទស្សនីយភាពដែលមានភាពខុសប្លែក ពីសិល្បៈខ្មែរ។ ទស្សនាវដ្តីញញឹមខ្មែរនឹងធ្វើការណែនាំនូវសិល្បកររបាំជប៉ុន ២រូប ដែលកំពុងរស់នៅ និងធ្វើការសម្តែងពីរបាំប្រពៃណីជប៉ុននៅកម្ពុជាជូនប្រិយមិត្តអ្នកអានដូចតទៅ។

 

បទសម្ភាសន៍សិល្បករសម្តែងរបាំប្រពៃណីជប៉ុន

អ្នកស្រី UCHIDA Lena

អ្នកស្រី UCHIDA Lena ជាសិល្បកររបាំប្រពៃណីជប៉ុនម្នាក់កំពុងរស់នៅប្រទេសកម្ពុជា។ អ្នកស្រីមានស្រុកកំណើតនៅទីក្រុង Kyoto ហើយបានរៀនរាំរបាំប្រពៃណីជប៉ុនតាំងពីអាយុ ៥ឆ្នាំ។ តាមរយៈគ្រូបង្រៀនរបាំ និងជាអ្នកបង្កើតរបាំដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់របស់អ្នកស្រី ដែលបំរើការនៅក្នុងផលិតកម្មភាពយន្តដ៏ធំមួយឈ្មោះថា Toei នៅប្រទេសជប៉ុន អ្នកស្រីធ្លាប់បានចូលរួមសម្តែងនៅក្នុងភាពយន្តមួយចំនួន កាលនៅជាសិស្សវិទ្យាល័យ និងបានបន្តរៀនរបាំនៅរោងល្ខោនមួយឈ្មោះថា Meijiza ក្នុងទីក្រុង​ Tokyo នៅក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យផងដែរ។ ទស្សនាវដ្តីញញឹមបានធ្វើការសាកសួរអ្នកស្រីខ្លះៗអំពីការសម្តែងរបាំប្រពៃណីជប៉ុននៅប្រទេសកម្ពុជា។

តើមូលហេតុអ្វីនាំអោយអ្នកស្រីមកប្រទេសកម្ពុជា?

នាងខ្ញុំបានស្វែងរកការងារនៅក្រោយបញ្ចប់ការសិក្សាភ្លាម ដែលគ្រានោះគាប់ជួននៅក្នុងឆ្នាំដែលមានគ្រោះមហន្តរាយរលកយក្សកើតឡើងនៅប្រទេសជប៉ុន។ ដោយសារខ្ញុំមានបំណងចង់ធ្វើការនៅក្រៅប្រទេសផងនោះ នាងខ្ញុំបានមកប្រទេសកម្ពុជានៅខែមេសាឆ្នាំ​២០១២ តាមរយៈមិត្តស្គាល់គ្នាម្នាក់ ហើយបានបំរើការនៅក្នុងក្រុមហ៊ុនគណនេយ្យមួយកាលនោះ។

តើមូលហេតុអ្វីនាំអោយអ្នកស្រីសម្រេចចិត្តចាប់ផ្តើមរាំរបាំប្រពៃណីជប៉ុននេះនៅប្រទេសកម្ពុជា?

ដំបូងឡើយនាងខ្ញុំបានសម្តែងនៅក្នុងព្រឹត្តិការណ៍របស់ជប៉ុនមួយដែលបានប្រារព្ធឡើងនៅផ្សារទំនើប​ AEON កាលពីឆ្នាំ ២០១៥។ ក្រោយមក មានក្រុមហ៊ុន និងសណ្ឋាគារជប៉ុនបានហៅនាងខ្ញុំអោយមកសម្តែងនៅក្នុងព្រឺត្តិការណ៍នានាជាបន្តបន្ទាប់។ ក្នុងនោះ នាងខ្ញុំក៏បានចូលរួមសម្តែងនៅក្នុងកម្មវិធីជាមួយក្រុមសម្តែងវាយស្គរនៅក្នុងក្រុម Mekong Daiko នៅខេត្តសៀមរាប និងប្រទេសវៀតណាម ជាដើមផងដែរ។ ហើយនៅក្នុងពិធីបុណ្យចូលឆ្នាំសាកលឆ្នាំនេះ នាងខ្ញុំរួមជាមួយសិល្បករជប៉ុនដ៏ទៃទៀតបានបង្កើតនូវការសម្តែងរួមគ្នាមួយដែលពេលនោះកូនស្រីរបស់នាងខ្ញុំក៏បានចូលរួមសម្តែងដែរ។

តើអ្នកស្រីអាចណែនាំអំពីរបាំប្រពៃណីជប៉ុនដែលអ្នកស្រីកំពុងរាំនេះបន្តិចបានទេ?

នាងខ្ញុំបានរាំរបាំពីគ្រូរបាំប្រពៃណីជប៉ុនម្នាក់ ដែលនៅក្នុងក្រុមរបាំប្រពៃណីជប៉ុនមួយឈ្មោះថា Saruwaka ។​ ក្រុមរបាំ Saruwaka នេះបានកើតពីតួអង្គល្ខោនមួយមានឈ្មោះថា Saruwaka នៅក្នុងល្ខោនជប៉ុន Kabuki ដ៏ល្បីល្បាញ។ ក្រុមរបាំ Saruwaka បានរស់ឡើងវិញក្រោយសង្គ្រាមលោកលើកទី២ បន្ទាប់ពីវាត្រូវបានគេបំភ្លេចចោលម្តងរួចមក។ ល្ខោន Kabuki គឺជាប្រភេទល្ខោននៅក្នុងទម្រង់សិល្បៈរបាំប្រពៃណីជប៉ុន ដែលជាផ្នែកមួយដ៏សំខាន់នៃសិល្បៈរបាំជប៉ុន ដែលមានធាតុផ្សំសំខាន់ចំនួន ៣ គឺ​ទម្រង់សិល្បៈរបាំបុរាណ​ ទម្រង់សិល្បៈរបាំប្រជាប្រិយ និងទម្រង់សិល្បៈរបាំប្រពៃណី ហើយល្ខោន Kabuki ជារបាំដែលគេសម្តែងជាមួយចម្រៀង និងភ្លេង។

របាំជប៉ុនចែកចេញជា ២ ប្រភេទធំៗគឺ របាំបុរាណ និងរបាំសម័យ ក៏ប៉ុន្តែបច្ចុប្បន្នរបាំដែលនាងខ្ញុំកំពុងសម្តែងជាពិសេសនៅប្រទេសកម្ពុជា គឺរបាំសម័យ។ របាំសម័យនេះ ជារបាំដែលស្រដៀងនឹងរបាំសហសម័យដែលមានការរៀបចំនូវរបាំប្រពៃណីដើម មកជាបែបសម័យ ហើយនាងខ្ញុំមើលឃើញថារបាំនេះមានប្រជាប្រិយភាពនៅកម្ពុជាផងដែរ។

ដើម្បីអោយទស្សនិកជនខ្មែរក៏ដូចជាជនបរទេសអាចកម្សាន្តជាមួយបាន តើមានការកែប្រែរបាំដែរឬទេ?

ជាបឋម ដើម្បីអោយជនបរទេសដែលពុំស្គាល់នូវវប្បធម៌ជប៉ុន អាចចូលរួមទស្សនាកម្សាន្តបាន នាងខ្ញុំត្រូវធ្វើការជ្រើសរើសអាវ Kimono ជាដើម តាមរយៈការស្រាវជ្រាវ ថាតើត្រូវធ្វើដូចម្តេចទើបល្អ និងសាកសម សម្រាប់អ្នកទស្សនាដែលជាជនបរទេស ជាពិសេសសម្រាប់ជនជាតិខ្មែរ។ ហើយក៏មានការសាកសួរសុំយោបល់ពីគ្រូបង្កើតរបាំអំពីវិធីសាស្ត្រសម្តែងផងដែរ ដើម្បីអោយជនបរទសក៏អាចកំសាន្តរបាំនេះបាន។ ជាទូទៅរបាំនេះមានកន្លែងពិបាកយល់ខ្លះៗសម្រាប់អ្នកទស្សនាសូម្បីជនជាតិជប៉ុនក៏ដោយ ដូច្នេះនាងខ្ញុំសម្តែងភាគច្រើននូវរបាំដែលមានបទភ្លេងងាយៗ និងប្រើប្រាស់ឧបករណ៍សាមញ្ញៗដូចជាឆ័ត្រ និងរបាំមុខជាដើម។

នាពេលអនាគត តើអ្នកស្រីមានបំណងធ្វើអ្វីខ្លះទៀត នៅប្រទេសកម្ពុជា?

ដោយសារនាងខ្ញុំមានបំណងចង់អោយប្រជាជនខ្មែរបានយល់ដឹងអំពីរបាំប្រពៃណីជប៉ុន ដូច្នេះប្រសិនបើមានសំណូមពរអំពីការសម្តែងនូវរបាំក៏ដូចជាការបង្រៀនរបាំជាដើមពីជនជាតិខ្មែរនោះ នាងខ្ញុំនឹងរងចាំទទួលដោយក្តីរីករាយ។ ម៉្យាងទៀត កាលពីឆ្នាំមុន នាងខ្ញុំក៏បានបង្កើត ឬច្នៃនូវរបាំមួយដែលមានឈ្មោះថា “Nangoku Medetai Ondo” ផងដែរ។ វាជារបាំប្រជាប្រិយនៃទម្រង់របាំ Bong Odori បុរាណដែលមានចង្វាក់ភ្លេងងាយសម្រាប់ប្រជាជនខ្មែររាំកម្សាន្តជាមួយ។ សម្រាប់របាំប្រជាប្រិយមួយនេះ សូម្បីតែអ្នកមិនធ្លាប់បានរាំពីមុនក៏អាចចូលរាំកំសាន្តបានយ៉ាងងាយផងដែរ។ ការសម្តែងរបាំគ្នាច្រើន វាល្អមើលជាជាងការរាំសម្តែងតែម្នាក់ឯង ដូច្នេះនៅពេលខាងមុខនាងខ្ញុំចង់ឃើញមានជនជាតិខ្មែរចូលរួមសម្តែងជាមួយគ្នាអោយបានកាន់តែច្រើនផងដែរ។

សម្រាប់ពត៌មានបន្ថែម ៖

 

【NyoNyum Khmer No.38】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles