ការអស់សង្ឃឹមរបស់និស្សិតខ្មែរ
នៅខែកញ្ញា ឆ្នាំ១៩៩៦ នាងខ្ញុំបានចូលសិក្សានៅផ្នែកអក្សរសាស្ត្រខ្មែរ នៅមហាវិទ្យាល័យសិក្សាសង្គម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចាប់ពីពេលនោះមក នាងខ្ញុំបានចូលរៀនក្នុងថ្នាក់ជាមួយនិស្សិតខ្មែរដទៃទៀត ហើយបានសិក្សាពីវប្បធម៌ ប្រវត្តិសាស្ត្រ សង្គម នយោបាយ និងសេដ្ឋកិច្ចជាដើម។ ជាពិសេស តាមរយៈការប្រាស្រ័យសន្ទនាជាមួយមិត្តរួមថ្នាក់ទាំងនោះ នាងខ្ញុំបានស្វែងយល់ពីក្តីព្រួយបារម្ភចំពោះអនាគត និងការខ្វះក្តីសង្ឃឹមអំពីស្រុកទេសរបស់ពួកគាត់ថាវានឹងទៅជាយ៉ាងណាជាដើម។
និស្សិតស្រីម្នាក់ក្នុងចំណោមមិត្តភក្តិជិតស្និទ្ធរបស់នាងខ្ញុំបាននិយាយថា៖ «វាជារឿងធម្មតាទេ សម្រាប់និស្សិតសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ បន្ទាប់ពីរៀនចប់ពីមហាវិទ្យាល័យអក្សរសាស្ត្រ ត្រូវឆ្លងកាត់វគ្គឧក្រិតការដើម្បីក្លាយជាគ្រូបង្រៀននៅវិទ្យាល័យ ប៉ុន្តែទោះបីជាពួកគាត់ក្លាយជាគ្រូបង្រៀនក៏ដោយ ប្រាក់ខែ គឺត្រឹមតែម្ភៃឬសាមសិបដុល្លារប៉ុណ្ណោះក្នុងមួយខែ (នៅពេលនោះ គ្រូបង្រៀននៅសាកលវិទ្យាល័យទទួលបានប្រាក់ខែប្រហែល ៤០ដុល្លារក្នុងមួយខែ)។ ទោះរៀនផ្នែកនេះក៏ដោយ គឺវាគ្មានន័យអ្វីទេ។»ចំណែកឯនិស្សិតប្រុសម្នាក់ដែលជាប្រធានថ្នាក់វិញបានលើកឡើងថា៖ «ពួកយើងគ្មានសង្ឃឹមលើអនាគតប្រទេសរបស់យើងទេ ហើយទោះជាមានជនបរទេសនិយាយថាអរិយធម៌ខ្មែរអស្ចារ្យក៏ដោយ ក៏យើងគ្មានជំនឿ និងទំនុកចិត្តថាដូនតារបស់យើងបានសាងសង់ប្រាសាទអង្គរវត្តឡើងនោះឡើយ។»
នាងខ្ញុំហាក់មានចិត្តសោកស្តាយចំពោះការលើកឡើងទាំងនេះ ខណៈពួកគាត់នឹងត្រូវមានទំនួលខុសត្រូវចំពោះអនាគតប្រទេសខ្លួន ដូច្នេះពួកគាត់ពុំគួរមានផ្នត់គំនិតបែបនេះសោះព្រោះវាពុំជួយឱ្យប្រទេសពួកគាត់ប្រសើរនោះទេ។ ការមានទំនុកចិត្តលើខ្លួនគាត់នឹងក្លាយជាកម្លាំងចលករមួយសម្រាប់កសាងប្រទេសរបស់ពួកគាត់។
ការផ្តើមចេះនិងយល់ពីរឿងរ៉ាវនានាជាភាសាខ្មែរ
ចាប់ពីពេលនោះមក នាងខ្ញុំបានខិតខំរៀនសូត្រជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការយល់ដឹងអំពីភាសាខ្មែរ។ ខណៈនាងខ្ញុំសិក្សាក្នុងឆ្នាំទី៣ មានថ្ងៃមួយ ស្រាប់តែនាងខ្ញុំមានអារម្មណ៍ភ្ញាក់នឹងខ្លួនឯងថា «អូហ៎ ខ្ញុំចេះភាសាខ្មែរហើយតើស៎» រឿងនេះប្រហែលជាអ្នកសិក្សាភាសាបរទេសគ្រប់រូបតែងតែជួបប្រទះ។ នាងខ្ញុំបានចងចាំនូវវាក្យសព្ទខ្មែរជាច្រើន ហើយដឹងថាអត្ថន័យរបស់វាក្យសព្ទទាំងនោះក៏ទាក់ទងគ្នាច្រើនដែរ។ ពេលនោះ មន្រ្តីនៅស្ថានទូតជប៉ុនបានទាក់ទងមកនាងខ្ញុំដើម្បីស្នើសុំធ្វើជាអ្នកបកប្រែ ហើយនាងខ្ញុំក៏សម្រេចចិត្តធ្វើជាអ្នកបកប្រែសម្រាប់ដំណើរទស្សនកិច្ចនានាពីប្រទេសជប៉ុននៅកម្ពុជា។ រឿងទាំងនេះបានកើតឡើងនៅឆ្នាំ១៩៩៨។
នៅឆ្នាំដដែលនោះ មានដំណឹងពីមរណភាពរបស់ ប៉ុល ពត ដែលជាក្រុមឧទាមធ្វើសកម្មភាពនៅជាយដែនខ្មែរថៃ។ ដោយចាប់អារម្មណ៍នឹងដំណឹងនេះ នាងខ្ញុំបានផ្តើមអានកាសែតក្នុងស្រុកជារៀងរាល់ថ្ងៃ។ មានថ្ងៃមួយ តំណាងប្រធានការិយាល័យក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនមួយរូប បានឃើញនាងខ្ញុំអានកាសែតភាសាខ្មែរ ហើយនិយាយមកកាន់រូបនាងខ្ញុំថា៖ «តើអ្នកអាចធ្វើសេចក្តីសង្ខេបនៃខ្លឹមសាររបស់កាសែត ហើយផ្ញើមកឱ្យខ្ញុំម្តងក្នុងមួយសប្តាហ៍បានទេ? ខ្ញុំកំពុងសរសេររបាយការណ៍អំពីកម្ពុជាទៅប្រទេសជប៉ុន ប៉ុន្តែខ្ញុំទទួលបានតែព័ត៌មានតែម្ខាងជាភាសាអង់គ្លេសពីក្នុងស្រុក ហើយខ្ញុំកំពុងមានបញ្ហាជាមួយរឿងនេះ។» ក្រោយទទួលបានដំណឹងការងារបែបនេះ នាងខ្ញុំចាប់ផ្តើមទិញកាសែតអានជារៀងរាល់ព្រឹក មុនទៅសាកលវិទ្យាល័យ ដើម្បីពិនិត្យរកមើលព័ត៌មានដែលនាងខ្ញុំចាប់អារម្មណ៍ ហើយធ្វើការសង្ខេប និងបកប្រែអត្ថបទកាសែតនោះ បន្ទាប់ពីត្រឡប់មកផ្ទះវិញ។ នៅផ្ទះឯណុះវិញ នាងខ្ញុំក៏បានដំឡើងកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងទូរស័ព្ទសម្រាប់ផ្ញើទូរសារពីសេចក្តីសង្ខេបទាំងនោះទៅកាន់លោកតំណាងប្រធានរូបនោះម្តងក្នុងមួយសប្តាហ៍ និងក្រោយមកពីរដងក្នុងមួយសប្តាហ៍។ តម្លៃការងារនេះសម្រាប់ពេលនោះ គឺ ១០០ដុល្លារក្នុងមួយខែ។ វាជាប្រភពចំណូលដ៏អស្ចារ្យមួយសម្រាប់រូបនាងខ្ញុំ ខណៈប្រាក់សន្សំចំនួន ១លានយ៉េនរបស់នាងខ្ញុំកាន់តែខើចទៅៗ។ (ត)
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer