គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25

ការអស់សង្ឃឹមរបស់និស្សិតខ្មែរ

នៅខែកញ្ញា ឆ្នាំ១៩៩៦ នាងខ្ញុំបានចូលសិក្សានៅផ្នែកអក្សរសាស្ត្រខ្មែរ នៅមហាវិទ្យាល័យសិក្សាសង្គម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចាប់ពីពេលនោះមក នាងខ្ញុំបានចូលរៀនក្នុងថ្នាក់ជាមួយនិស្សិតខ្មែរដទៃទៀត ហើយបានសិក្សាពីវប្បធម៌ ប្រវត្តិសាស្ត្រ សង្គម នយោបាយ និងសេដ្ឋកិច្ចជាដើម។ ជាពិសេស តាមរយៈការប្រាស្រ័យសន្ទនាជាមួយមិត្តរួមថ្នាក់ទាំងនោះ នាងខ្ញុំបានស្វែងយល់ពីក្តីព្រួយបារម្ភចំពោះអនាគត និងការខ្វះក្តីសង្ឃឹមអំពីស្រុកទេសរបស់ពួកគាត់ថាវានឹងទៅជាយ៉ាងណាជាដើម។

និស្សិតស្រីម្នាក់ក្នុងចំណោមមិត្តភក្តិជិតស្និទ្ធរបស់នាងខ្ញុំបាននិយាយថា៖ «វាជារឿងធម្មតាទេ  សម្រាប់និស្សិតសិក្សាផ្នែកអក្សរសាស្រ្តខ្មែរ បន្ទាប់ពីរៀនចប់ពីមហាវិទ្យាល័យអក្សរសាស្ត្រ ត្រូវឆ្លងកាត់វគ្គឧក្រិតការដើម្បីក្លាយជាគ្រូបង្រៀននៅវិទ្យាល័យ ប៉ុន្តែទោះបីជាពួកគាត់ក្លាយជាគ្រូបង្រៀនក៏ដោយ ប្រាក់ខែ គឺត្រឹមតែម្ភៃឬសាមសិបដុល្លារប៉ុណ្ណោះក្នុងមួយខែ (នៅពេលនោះ គ្រូបង្រៀននៅសាកលវិទ្យាល័យទទួលបានប្រាក់ខែប្រហែល ៤០ដុល្លារក្នុងមួយខែ)។ ទោះរៀនផ្នែកនេះក៏ដោយ គឺវាគ្មានន័យអ្វីទេ។»ចំណែកឯនិស្សិតប្រុសម្នាក់ដែលជាប្រធានថ្នាក់វិញបានលើកឡើងថា៖ «ពួកយើងគ្មានសង្ឃឹមលើអនាគតប្រទេសរបស់យើងទេ ហើយទោះជាមានជនបរទេសនិយាយថាអរិយធម៌ខ្មែរអស្ចារ្យក៏ដោយ ក៏យើងគ្មានជំនឿ និងទំនុកចិត្តថាដូនតារបស់យើងបានសាងសង់​ប្រាសាទ​អង្គរវត្តឡើងនោះឡើយ។»

នាងខ្ញុំហាក់មានចិត្តសោកស្តាយចំពោះការលើកឡើងទាំងនេះ ខណៈពួកគាត់នឹងត្រូវ​​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អនាគត​ប្រទេសខ្លួន ដូច្នេះពួកគាត់ពុំគួរមាន​ផ្នត់​គំនិត​បែប​នេះសោះព្រោះវាពុំជួយឱ្យប្រទេសពួកគាត់​​ប្រសើរនោះ​ទេ។ ការមានទំនុកចិត្តលើខ្លួនគាត់នឹងក្លាយជាកម្លាំងចលករមួយសម្រាប់កសាងប្រទេសរបស់ពួកគាត់។

ការផ្តើម​ចេះ​និង​យល់ពី​រឿងរ៉ាវនានា​ជា​ភាសា​ខ្មែរ

ចាប់ពីពេលនោះមក នាងខ្ញុំបានខិតខំរៀនសូត្រជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការយល់ដឹងអំពីភាសាខ្មែរ។ ខណៈនាងខ្ញុំសិក្សាក្នុងឆ្នាំទី៣ មានថ្ងៃមួយ ស្រាប់តែនាងខ្ញុំមានអារម្មណ៍ភ្ញាក់នឹងខ្លួនឯងថា «អូហ៎ ខ្ញុំចេះភាសាខ្មែរហើយតើស៎» រឿងនេះប្រហែលជាអ្នកសិក្សាភាសាបរទេសគ្រប់រូបតែងតែជួបប្រទះ។ នាងខ្ញុំបានចងចាំនូវវាក្យសព្ទខ្មែរជាច្រើន ហើយដឹងថាអត្ថន័យរបស់វាក្យសព្ទទាំងនោះក៏ទាក់ទងគ្នាច្រើនដែរ។ ពេល​នោះ មន្រ្តីនៅ​ស្ថានទូតជប៉ុន​បានទាក់ទងមកនាងខ្ញុំដើម្បីស្នើ​សុំធ្វើជា​អ្នក​បក​ប្រែ​ ហើយនាង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​បក​ប្រែ​សម្រាប់​ដំណើរទស្សនកិច្ចនានាពី​ប្រទេស​ជប៉ុននៅកម្ពុជា។ រឿងទាំងនេះបានកើតឡើងនៅឆ្នាំ១៩៩៨។

​នៅ​ឆ្នាំ​ដដែល​នោះ មានដំណឹងពី​មរណភាព​របស់ ប៉ុល ពត ដែលជាក្រុមឧទាម​ធ្វើ​សកម្មភាពនៅជាយដែនខ្មែរថៃ។ ដោយចាប់អារម្មណ៍នឹងដំណឹងនេះ នាងខ្ញុំបានផ្តើមអានកាសែតក្នុងស្រុកជារៀងរាល់ថ្ងៃ។ មានថ្ងៃមួយ តំណាងប្រធានការិយាល័យក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនមួយរូប បានឃើញនាងខ្ញុំអានកាសែតភាសាខ្មែរ ហើយនិយាយមកកាន់រូបនាងខ្ញុំថា៖ «តើអ្នកអាចធ្វើសេចក្តីសង្ខេបនៃខ្លឹមសាររបស់កាសែត ហើយផ្ញើមកឱ្យខ្ញុំម្តងក្នុងមួយសប្តាហ៍បានទេ? ខ្ញុំកំពុងសរសេររបាយការណ៍អំពីកម្ពុជាទៅប្រទេសជប៉ុន ប៉ុន្តែខ្ញុំទទួលបានតែព័ត៌មានតែម្ខាងជាភាសាអង់គ្លេសពីក្នុងស្រុក ហើយខ្ញុំកំពុងមានបញ្ហាជាមួយរឿងនេះ។» ក្រោយទទួលបានដំណឹងការងារបែបនេះ នាងខ្ញុំចាប់ផ្តើមទិញកាសែតអានជារៀងរាល់ព្រឹក មុនទៅសាកលវិទ្យាល័យ ដើម្បីពិនិត្យរកមើលព័ត៌មានដែលនាងខ្ញុំចាប់អារម្មណ៍ ហើយធ្វើការសង្ខេប និងបកប្រែអត្ថបទកាសែតនោះ បន្ទាប់ពីត្រឡប់មកផ្ទះវិញ។ នៅផ្ទះឯណុះវិញ នាងខ្ញុំក៏បានដំឡើងកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងទូរស័ព្ទសម្រាប់ផ្ញើទូរសារពីសេចក្តីសង្ខេបទាំងនោះទៅកាន់លោកតំណាងប្រធានរូបនោះម្តងក្នុងមួយសប្តាហ៍ និងក្រោយមកពីរដងក្នុងមួយសប្តាហ៍។ តម្លៃការងារនេះសម្រាប់ពេលនោះ គឺ ១០០ដុល្លារក្នុងមួយខែ។ វា​ជា​ប្រភព​ចំណូល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​រូបនាងខ្ញុំ ខណៈប្រាក់​សន្សំ​ចំនួន ១លាន​យ៉េន​របស់នាង​ខ្ញុំកាន់តែខើចទៅៗ។ ​(ត)

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles