គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

រមណីយដ្ឋានជិះស្គីលើព្រឹលទឹកកក Hunter Mountain Shiobara
រមណីយដ្ឋានជិះស្គីលើព្រឹលទឹកកក Hunter Mountain Shiobara
2022.03.22

មានទីតាំងស្ថិតនៅក្នុងខេត្ត Tochigi ស្ថិតនៅប៉ែកខាងជើងនៃតំបន់ Kanto(តំបន់ក្បែរខាងរបស់ទីក្រុងតូក្យូ) រមណីយដ្ឋាន Hunter Mountain Shiobara គឺជាកន្លែងជិះស្គីលើព្រឹលទឹកកកកម្សាន្តមួយដ៏ពេញនិយម នៅក្នុងប្រទេសជប៉ុន។ មានជនជាតិជប៉ុនរស់នៅក្នុងទីក្រុងតូក្យូនិងតំបន់ក្បែរខាងទីក្រុងតូក្យូ រួមជាមួយជនបរទេសខ្លះដែរ (បច្ចុប្បន្នគេសង្គេតឃើញមានកំណើនជនបរទេសមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជា៖ ជនជាតិខ្មែរ ថៃ វៀតណាមជាដើម) បានទៅជិះស្គីកម្សាន្ត នៅរមណីយដ្ឋាននេះជារៀងរាល់ឆ្នាំ។

រមណីយដ្ឋាន Hunter Mountain Shiobara ស្ថិតនៅលើកំពូលភ្នំកម្ពស់ប្រមាណ ១៦៣៨ម៉ែត្រ មានទីធ្លាសម្រាប់ជីះស្គីលើព្រឹលទឹកកកធំទូលាយ សម្រាប់អ្នកជិះស្គីកម្សាន្តគ្រប់កម្រិត។ រមណីយដ្ឋាននេះមានទីលានសម្រាប់អ្នកពុំចេះជិះសោះ និងកុមារតូច ទីលានកម្រិតបឋមដែលមានជម្រាលតិច ទីលានជម្រាលមធ្យម និងទីលានជម្រាលចោទខ្លាំងសម្រាប់អ្នកជិះស្គីកម្រិតខ្ពស់។ ជាទូទៅ នៅរមណីយដ្ឋានជិះស្គីលើព្រឹលទឹកកក មានខ្សែរ៉កសម្រាប់នាំអ្នកជិះស្គីទៅកាន់ទីលានគោលដៅនីមួយៗ ដោយសុវត្ថិភាព។ ក្រៅពីការជិះស្គីកម្សាន្ត ភ្ញៀវទេសចរអាចទស្សនានូវទិដ្ឋភាពដ៏ប្រណីតនៃជួរភ្នំ ដែលគ្របដណ្តប់ដោយព្រឹលសក្បុសលាតសន្ធឹងតជាប់ៗគ្នាក្នុងអំឡុងរដូវរងារ។ រមណីយដ្ឋាន Hunter Mountain Shiobara មានអាកាសធាតុអំណោយទានច្រើន សម្រាប់ការជិះស្គីទឹកកក ក្នុងចំណោមរមណីយដ្ឋានដទៃទៀតក្នុងប្រទេសជប៉ុន។

ជើងភ្នំ និងជំរាលភ្នំនៅរមណីយដ្ឋាននេះ គឺត្រូវបានគ្របដណ្តប់ដោយព្រឹលសម៉ដ្ឋខៃ។ បន្ទាប់ពីបង់ប្រាក់ចូលកម្សាន្ត ភ្ញៀវទេសចរអាចធ្វើការជួលនូវសម្ភារៈសម្រាប់លេងស្គីមួយចំនួនដូចជា៖ ស្គី ក្ដាររស្គី សម្លៀកបំពាក់សម្រាប់ជិះស្គី ស្រោមដៃ និងវែនតាសុវត្ថិភាពជាដើម ក្នុងតម្លៃសមរម្យដែលបានកំណត់។ ក្រៅពីនេះនៅក្នុងរមណីយដ្ឋាន ក៏មានអាហារដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ប្រចាំតំបន់ពិសេសៗ សម្រាប់ភ្ញៀវទេសចរផងដែរ។ គេអាចធ្វើដំណើរកម្សាន្តវិលវិញក្នុងថ្ងៃតែមួយ ពីទីក្រុងតូក្យូទៅកាន់រមណីយដ្ឋាន Hunter Mountain Shiobara នេះ។ ប្រសិនបើធ្វើដំណើរពីទីក្រុងតូក្យូតាមរយៈឡានក្រុង ឬរថភ្លើង គេត្រូវចំណាយពេលប្រមាណ ២ ម៉ោងកន្លះ ទៅ ៣ ម៉ោង ដើម្បីទៅកាន់រមណីយដ្ឋាននេះ។ យ៉ាងណាមិញ ដំណើរកម្សាន្តជិះស្គីលើព្រឹលទឹកកក គឺជាទូទៅត្រូវបានធ្វើឡើងជាក្រុម។ សម្រាប់ភ្ញៀវទេសចរជាលក្ខណៈក្រុម ភាគច្រើន គេរៀបចំគម្រោងជាមុនច្បាស់លាស់ និងចេញដំណើរពីព្រឹកព្រលឹម ពីចំណតឡានក្រុង ឬរថភ្លើងដែលបានកំណត់។

ក្រៅពីនោះ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ តាមឡានផ្ទាល់ខ្លួនក៏ឃើញមានជាញឹកញាប់ដែរ។ អំឡុងពេលដែលអាចជិះស្គីលើព្រឹលទឹកកកបាន ជាទូទៅ គឺចាប់ផ្តើមពីខែធ្នូ រហូតដល់ខែមីនាឆ្នាំបន្ទាប់។ ការជិះស្គីកម្សាន្តលើព្រឹលទឹកកកនៅរដូវរងារ គឺជាវប្បធម៌កីឡាដ៏ពេញនិយមមួយនៅក្នុងប្រទេសជប៉ុន។ មានជនជាតិជប៉ុនជាច្រើនតែងតែនាំកូនៗរបស់ខ្លួនទៅលេងកម្សាន្តនៅទីលានជិះស្គី ជាលក្ខណៈគ្រួសារនៅក្នុងរដូវរងារ។ ក្រៅពីនោះ គេក៏ឃើញមានដំណើរកម្សាន្តជាក្រុមតាមរយៈកម្មវិធីសាលា ជាលក្ខណៈក្រុមហ៊ុន ឬជាក្រុមមិត្តភក្តិដែលចាប់អារម្មណ៍នឹងការជិះស្គីកម្សាន្តនេះ ជាញឹកញាប់ផងដែរ៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles