ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យនាឆ្នាំ២០០៧ លោក ម៉ក់ សង្វាវណ្ណ (៣៣ឆ្នាំ) បានបន្តការសិក្សាជំនាញភាសាជប៉ុននៅវិទ្យាស្ថានភាសា បរទេស (IFL) តាមរយៈកម្មវិធីអាហារូបករណ៍នៅទីនោះ ដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០១១ ផ្នែកពាណិជ្ជកម្ម។ លោកបានបន្តរៀនថ្នាក់ បរិញ្ញាបត្រជំនាញថ្មីមួយទៀតផ្នែកធនធានមនុស្សរហូតដល់ឆ្នាំ២០១២។ នៅឆ្នាំ២០១៥ ក្រោយពីលោក វណ្ណ បានរៀបអាពាហ៍ពិពាហ៍ជាមួយស្រ្តី ជនជាតិជប៉ុនម្នាក់ដែលបម្រើការនៅកម្ពុជារួចមក លោកនិងគ្រួសារបានសម្រេចចិត្តទៅរស់នៅប្រទេសជប៉ុន។ បច្ចុប្បន្ន លោក វណ្ណ គឺជា អ្នកបកប្រែឯករាជ្យ និងជាប្រធានប្រតិបត្តិនៅសាលាបង្រៀនភាសាជប៉ុន ណុហ្សូមិ នៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ លោកវណ្ណបានកំពុងសិក្សា អំពីគំរោងអាជីវកម្មទាក់ទងនឹងវិស័យអប់រំ និងវិស័យថែទាំនៅប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគជប៉ុនមកវិនិយោគទុនជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ការងារផ្នែកព័ត៌មានវិទ្យា
លោក វណ្ណ បានមកដល់ប្រទេសជប៉ុននៅខែកុម្ភៈ ឆ្នាំ២០១៥។ អំឡុងពេលរស់នៅក្នុងប្រទេសជប៉ុន លោកបានប្រកបការងារចំនួនពីរ គឺការងារផ្នែកព័ត៌មានវិទ្យា និងការងារជាអ្នកបកប្រែផ្ទាល់មាត់។ ជាទូទៅ លោកយល់ថាការងារនៅប្រទេសជប៉ុន គឺទាមទារឱ្យមានភាពហ្មត់ចត់ និងចេះសម្របសម្រួលខ្លួនឱ្យបានច្រើនជាមួយមិត្តរួមការងារដទៃ ជាពិសេសរៀមច្បងដែលមានបទពិសោធន៍ច្រើនក្នុងការងារ។ ឆ្លើយតបទៅនឹង សំណួរថាតើមូលហេតុអ្វីបានជាលោកសម្រេចចិត្តជ្រើសរើសយកជំនាញ អ្នកព័ត៌មានវិទ្យានៅប្រទេសជប៉ុន លោក វណ្ណ បានថ្លែងដូច្នេះថា៖ «ការពិតទៅ អំឡុងពេលរៀននៅស្រុកខ្មែរ ជំនាញរបស់ខ្ញុំគឺផ្នែកធ្វើជំនួញទេ តែពេលខ្ញុំមករស់នៅជប៉ុនខ្ញុំបែរមកចាប់អារម្មណ៍នឹងការងារជាអ្នកព័ត៌មានវិទ្យាទៅវិញ ព្រោះខ្ញុំចង់ស្វែងយល់អំពីជំនាញផ្នែក IT នេះ។ ក្នុង អំឡុងពេលបំពេញការងារព័ត៌មានវិទ្យានេះ វាពិតជាមានផលលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះការងារនេះពិតជាទាមទារឱ្យមានចំណេះដឹងច្រើនលើការសរសេរកូដ ចំណេះដឹងមូលដ្ឋានលើផ្នែកវិភាគទិន្នន័យ (Database) ជាដើម ដែលតម្រូវឱ្យខ្ញុំត្រូវសិក្សាស្រាវជ្រាវបន្ថែមច្រើនលើផ្នែកទាំងនេះ»។ ដោយមានផលលំបាកច្រើននៅលើផ្នែកនេះ លោក វណ្ណ បានសម្រេចចិត្តពិភាក្សាជាមួយអ្នកទទួលបន្ទុក ដើម្បីផ្ទេរផ្នែកការងារមកផ្នែកបង្កើតប្រព័ន្ធគ្រប់គ្រងប្រព័ន្ធធនាគារវិញ ។ លោក វណ្ណ បានថ្លែងថាលោកបានរៀនសូត្រច្រើនពីការងារក្នុងផ្នែកថ្មីនេះ។ «អំឡុង ពេលធ្វើការនៅផ្នែកបង្កើតប្រព័ន្ធគ្រប់គ្រងកម្មវិធីទិន្នន័យធនាគារ ខ្ញុំទទួលបានចំណេះដឹងច្រើនទាក់ទងនឹងផ្នែកព័ត៌មានវិទ្យា ក៏ដូចជារបៀបបង្កើត វេបសាយអាជីវកម្មជាដើម តាមរយៈការអានសៀវភៅទាក់ទងនឹងឯកទេសផ្នែកនេះដែលមានដូចជា៖ សៀវភៅព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ គ្រប់គ្រងអាជីវកម្ម គ្រប់គ្រងឃ្លាំង គ្រប់គ្រងធនធានមនុស្ស និងសៀវភៅចិត្តសាស្ត្រជាដើម នៅក្នុងបណ្ណាល័យក្រុមហ៊ុន និងបណ្ណាល័យរដ្ឋ។ ប្រធានចាត់ការនៅផ្នែកនេះ បានដាក់កំហិតដល់បុគ្គលិកទាំងអស់ឱ្យអានសៀវភៅមួយក្បាលឱ្យចប់ក្នុងរយៈពេល មួយសប្ដាហ៍ ហើយត្រូវធ្វើរបាយការណ៍អំពីសៀវភៅនោះស្របនឹងការអនុវត្តផ្ទាល់»។ បើនិយាយពីបរិយាកាសកន្លែងការងារនៅប្រទេសជប៉ុនវិញ គឺមានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយច្រើន ដែលអាចនឹងនាំឱ្យបុគ្គលិកខ្មែរខ្លះពិបាកក្នុងការសម្របខ្លួននៅក្នុងបរិស្ថានការងារបែបនោះ។ លោក វណ្ណ៖ «ជនជាតិជប៉ុនធ្វើការងារហ្មត់ចត់ ធ្វើការងារទៅតាមកាលវិភាគ និងការកំណត់គោលដៅ។ ពួកគេពុំសូវនិយាយស្ដីច្រើនទេអំឡុងពេលម៉ោងធ្វើការ ដូច្នេះហើយធ្វើឱ្យយើង អាចនឹងគិតថាមិត្តភាពនៅកន្លែងការងារស្ទើរតែមិនមាន។ នៅពេលម៉ោងសំរាកថ្ងៃត្រង់ ឬពេលល្ងាចម៉ោងចប់ការងារជនជាតិជប៉ុនមួយចំនួនគេបបួលមិត្តរួមការងារទៅពិសារអាហារជាមួយគ្នា ដើម្បីបង្កើនមិត្តភាព ព្រមទាំងពិភាក្សាពីការងារបច្ចុប្បន្ន និងព្រឹត្តិការណ៍សង្គមជាដើម។ ដូច្នេះដើម្បីសម្របខ្លួនបាន ក្នុងនាមខ្ញុំជាជនបរទេសក្រៅពីការងារ ខ្ញុំត្រូវតាមដានពត៌មានកីឡា សិល្បៈ ព្រឹត្តិការណ៍សង្គម ជាដើម ដើម្បី អាចសន្ទនាជាមួយជនជាតិជប៉ុននៅពេលពិសារអាហារជុំគ្នា។ ជនជាតិជប៉ុនភាគច្រើនគេឱ្យតម្លៃទៅលើប្រសិទ្ធភាពការងារ និងពេលវេលាការងាររបស់ពួកគេ ដែលពេលខ្លះវាធ្វើឱ្យខ្ញុំមានការពិបាកក្នុងការសម្របសម្រួលខ្លួន ពេលដែលខ្ញុំទើបមកដល់ជប៉ុនរយៈពេល២ឆ្នាំដំបូង។ តែឆ្នាំទី៣ខ្ញុំមានអារម្មណ៍ថាសុំានឹងការរស់នៅ និងការងារនៅប្រទេសជប៉ុន»។ លោក វណ្ណ បានបម្រើការងារនៅក្រុមហ៊ុននោះរយៈពេល ៣ ឆ្នាំ ក្រោយមកក៏សម្រេចចិត្តប្ដូរការងារថ្មី ដោយសារក្រុមហ៊ុនបានផ្លាស់ប្ដូរទីតាំងថ្មីឆ្ងាយពីកន្លែងស្នាក់នៅរបស់លោកនិងក្រុមគ្រួសារ។
ការងារជាអ្នកបកប្រែផ្ទាល់មាត់ភាសាជប៉ុននិងខ្មែរ
កិច្ចការងារបន្ទាប់ដែលលោក វណ្ណ កំពុងធ្វើបច្ចុប្បន្ននៅប្រទេសជប៉ុន គឺការងារជាអ្នកបកប្រែផ្ទាល់មាត់។ លោកបានប្រាប់ពីមូលហេតុជ្រើសរើសយកការងារនេះដូច្នេះថា៖ «ដោយសារខ្ញុំចេះភាសាជប៉ុនស្រាប់ និងមានតម្រូវការច្រើនចំពោះការងារនេះទើបខ្ញុំសម្រេចរើសយកការងារជាអ្នកបកប្រែ។ ភាគច្រើនខ្ញុំបកប្រែឱ្យកម្មសិក្សាការីខ្មែរធ្វើការនៅប្រទេសជប៉ុន និងតាមប៉ុស្ដិ៍ប៉ូលីសស្ថាប័នតុលាការអង្គការក្រៅរដ្ឋាភិបាល រួមទាំងក្រុមហ៊ុនជំនួញផ្សេងៗជាដើម»។ លោកពេញចិត្តនឹងការងារជាអ្នកបកប្រែនេះច្រើនជាងការងារមុនផ្នែកព័ត៌មានវិទ្យា។ «អំឡុងពេលបំពេញការងារជាអ្នកបកប្រែ ខ្ញុំបានជួបរឿងរ៉ាវថ្មីៗ និងបទពិសោធន៍ ជាច្រើនអំពីការធ្វើការងារផ្ទាល់នៅប្រទេសជប៉ុនពីបងប្អូនខ្មែរបម្រើការងារនៅទីនេះ ពោលគឺខ្ញុំមានឱកាសធ្វើការជាមួយមនុស្ស ខុសពីការងារ មុន»។ លោកយល់ឃើញថាកម្មសិក្សាការីមួយចំនួន ដោយសារមិនសូវចេះភាសាជប៉ុន បានបណ្តាលឱ្យពួកគាត់មានផលលំបាកក្នុងការសន្ទនា និងក្រេបយកចំណេះដឹងជំនាញព្រមទាំងពិបាកបង្ហាញពីអារម្មណ៍ខ្លួន ទៅកាន់និយោជកជប៉ុនជាដើម។ ម៉្យាងទៀត លោកក៏បានសង្កេតឃើញមានបងប្អូនខ្មែរមួយចំនួនតូច បានប្រព្រឹត្តល្មើសនឹងច្បាប់ទម្លាប់ការងារនៅជប៉ុន ដោយខ្លះបានរស់នៅលើសថ្ងៃកំណត់ និងខ្លះទៀតប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាការពុំគោរពច្បាប់ចរាចរណ៍ប្រទេសជប៉ុនជាដើម។ លោក វណ្ណ បានបង្ហាញនូវសេចក្តីអាណិតអាសូរ និងមានបំណងចង់ជួយដល់យុវជនខ្មែរឱ្យមកបម្រើការងារ និងរស់នៅស្រួលចុះសម្រុងនឹងច្បាប់ទម្លាប់នានាក្នុងប្រទេសជប៉ុន។ លោកបានប្រាប់ពីការយល់ឃើញរបស់ខ្លួនដូច្នេះថា៖ «ក្រោយពីធ្វើការជាអ្នកបកប្រែមក ខ្ញុំក៏សង្កេតឃើញថា ការចេះភាសាជប៉ុនតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់ការប្រកបការងារ និងរស់នៅក្នុងប្រទេសជប៉ុននោះទេ ព្រោះការចេះដឹង និងចេះស្វែងយល់ ពីច្បាប់ទម្លាប់ផ្សេងៗទាក់ទងនឹងប្រទេសជប៉ុន គឺពិតជាចំាបាច់ណាស់។ បទពិសោធន៍ទាំងនោះ បានជម្រុញទឹកចិត្តខ្ញុំឱ្យបើកសាលាបង្រៀន ភាសាជប៉ុន ណុហ្សូមិ នៅប្រទេសកម្ពុជា»។
ការបើកសាលាបណ្តុះបណ្តាលភាសានិងវប្បធម៌ជប៉ុន
នៅក្នុងឆ្នាំ២០១៩ លោក វណ្ណ បានបើកសាលាភាសាជប៉ុន ណុហ្សូមិ ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសាជប៉ុន និងអប់រំពីទំនៀមទំលាប់ វប្បធម៌ជប៉ុនដល់យុវជនខ្មែរដែលមានបំណងទៅសិក្សាបន្ត ឬបម្រើការងារនៅប្រទេសជប៉ុន ដោយមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុនដៃគូ ស្វែងរកការងារ និងសាលាផ្តល់អាហារូបករណ៍ នៅប្រទេសជប៉ុន។ «សាលាភាសាជប៉ុន ណុហ្សូមិ មានបណ្ដុះបណ្ដាលភាសាជប៉ុន និងរបៀបរបបរស់នៅធ្វើការក្នុងប្រទេសជប៉ុន ដោយសិក្សាតែរយៈពេលខ្លី ពី ១ឆ្នាំ ឬ ២ឆ្នាំ គឺអាចទៅធ្វើការនៅជប៉ុនបាន។ ខ្ញុំនឹងយកបទពិសោធន៍ ដែលធ្លាប់ឆ្លងកាត់កន្លងមកពីកន្លែងការងារផ្ទាល់នៅជប៉ុន មកចែករំលែក ដល់សិស្សទាំងអស់ដែលមានបំណងមកជប៉ុន។ ខ្ញុំចង់ឱ្យបងប្អូនខ្មែរ រៀនពីរបៀបរស់នៅ និងរបៀបធ្វើការងាររបស់ជប៉ុនជាមុនឱ្យបានច្រើនសិនតាមដែរអាចធ្វើទៅបាន មុននឹងចេញមកប្រទេសជប៉ុន ព្រោះខ្ញុំសង្កេតឃើញថា យុវជនខ្មែរយើងមួយចំនួន ផ្តោតសំខាន់លើរបៀបរស់នៅផ្ទាល់ខ្លួនបច្ចុប្បន្ន ពោលគឺអត់សូវគោរពពេលវេលាមិនទាន់យល់ច្បាស់ ពីខ្លឹមសារនៃពាក្យទំនួលខុសត្រូវ ហើយចូលចិត្តគិតអ្វីដែលស្រួលៗ»។ លោក វណ្ណ បានរំលឹកឱ្យយុវជនខ្មែរគិតពិចារណាអំពីការផ្តល់ជំនួយពីជនជាតិជប៉ុនមកកម្ពុជា ទោះក្នុងរូបភាពសប្បុរធម៌ផ្សេងៗក្តី គឺពុំមែនបានន័យថា ជនជាតិជប៉ុនគ្រប់រូបសុទ្ធតែមានប្រាក់ មានជីវភាពរស់នៅធូរធានោះទេ លោកវណ្ណគិតថា ក្រុមអង្គការ ឬក្រុមសិស្សសប្បុរសធម៌ ភាគច្រើនពួកគេខិតខំណាស់ ក្នុងការស្វែងរកប្រាក់ឧបត្ថម្ភដោយខ្លះបានដើររ៉ៃអង្គាសថវិកាមកជួយប្រទេសកម្ពុជាយើង ដូច្នេះក្នុងនាមយើងជា អ្នកទទួលជំនួយត្រូវខិតខំប្រឹងប្រែង សិក្សាក្រេបយកចំណេះជំនាញ ដើម្បីសាបព្រោះគ្រាប់ពូជថ្មីទៅកាន់អ្នកបន្ទាប់។
ការផ្ដាំផ្ញើ
«ខ្ញុំយល់ថាគោរពពេលវេលា ភាពហ្មត់ចត់នឹងការងារ និងការចេះកែប្រែបរិយាកាសការងារ និងការរស់នៅឱ្យប្រសើរជាដើម គឺសុទ្ធសឹងជាទម្លាប់ប្រចាំថ្ងៃដែលយុវជនខ្មែរត្រូវរៀនអនុវត្ត។ ការចេះធ្វើការស្រាវជ្រាវដោយខ្លួនឯងក៏ជារឿងសំខាន់ដែរ។ ជនជាតិជប៉ុនគឺកម្រនឹងសួរគ្នាណាស់នៅកន្លែងការងារ ព្រោះខ្លាចខ្មាសនិងរំខានមិត្តរួមការងារដទៃទៀត។ ផ្ទុយមកវិញ ខ្មែរយើងវិញបើអត់ចេះអ្វីមួយភ្លាមគឺសួរភ្លាម។ ដូច្នេះការ ដឹងច្បាស់ពីរបៀបធ្វើការងារនៅកន្លែងការងារ និងការសិក្សាយល់ដឹងពីទម្លាប់រស់នៅក្នុងប្រទេសជប៉ុនជាមុន នឹងអាចជួយសម្រាលនូវបញ្ហា ដែលជួបប្រទះពេលមកជប៉ុនផ្ទាល់បានច្រើន»។ ជាចុងក្រោយ ក្នុងនាមជាប្រជាជនខែ្មរម្នាក់រស់នៅប្រទេសជប៉ុន លោកវណ្ណតែងតែគិតអំពី វិស័យអប់រំ និងវិស័យថែទាំនៅប្រទេសកម្ពុជា ដោយលោកសង្ឃឹមថា នៅថ្ងៃណាមួយនឹងអាចសំរេចក្តីសង្ឃឹមរបស់ខ្លួនក្នុងការទាក់ទាញអ្នក វិនិយោគឱ្យបានកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍប្រទេសកំណើតខ្លួន និងបង្កើតឱកាសជូនដល់សិស្សានុសិស្សខ្មែរឱ្យទទួលបានអាហារូបករណ៍ មកសិក្សានៅប្រទេសជប៉ុនកាន់តែច្រើនឡើង៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】
មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer