គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ដំណើរកម្សាន្តវិលល្ងាចពីទីក្រុងតូក្យូ រមណីយដ្ឋានព្រិលទឹកកក Fujiten Snow Resort & ភូមិបុរាណ Oshinohakkai
ដំណើរកម្សាន្តវិលល្ងាចពីទីក្រុងតូក្យូ រមណីយដ្ឋានព្រិលទឹកកក Fujiten Snow Resort & ភូមិបុរាណ Oshinohakkai
2023.02.27

ការជិះស្គីកម្សាន្តលើព្រិលទឹកកកនៅរដូវរងារ គឺពេញនិយមខ្លាំងនៅប្រទេសជប៉ុន។ ក្រៅពីជនជាតិជប៉ុន មានជនបរទេសមកពីបណ្តាប្រទេសដទៃ ជាពិសេសជនជាតិថៃក៏ចូលចិត្តចំណាយពេលសម្រាកកម្សាន្តនាចុង ឬដើមឆ្នាំរបស់ខ្លួន ដើម្បីធ្វើដំណើរទេសចរទៅប្រទេសជប៉ុនផងដែរ។ រមណីយដ្ឋាន Fujiten Snow Resort ជាទិសដៅទេសចរណ៍សម្រាប់លេងព្រិលទឹកកកដ៏ពេញនិយមមួយកន្លែង នៅខេត្ត Yamanashi ខាងលិចជាប់នឹងទីក្រុងតូក្យូ។ មានចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ និងចំណាយពេលប្រមាណ ២ម៉ោងកន្លះ តាមរយៈឡាន ឬឡានក្រុងពីទីក្រុងតូក្យូ នោះគេនឹងធ្វើដំណើរមកដល់រមណីយដ្ឋាននេះ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏និយមឆ្លៀតទៅទស្សនាភូមិបុរាណឈ្មោះថា Oshinohakkai ដែលជាទិសដៅទេសចរណ៍ពេញនិយមមួយនៅក្បែរនោះផងដែរ សម្រាប់ដំណើរកម្សាន្តវិលល្ងាចពីទីក្រុងតូក្យូ។

រមណីយដ្ឋានព្រិលទឹកកក Fujiten Snow Resort

  ស្ថិតនៅជាប់នឹងជើងភ្នំ Fuji រមណីយដ្ឋាន Fujiten Snow Resort បើកទទួលភ្ញៀវទេសចរទូទៅចូលជិះស្គីកម្សាន្តរាល់រដូវរងារ ចាប់ពីអំឡុងពាក់កណ្តាលខែធ្នូរហូតដល់ដើមខែមេសា។ ភ្ញៀវទេសចរគ្រប់វ័យអាច ជិះស្គីលេងកម្សាន្តដោយសេរី ដោយគ្រាន់តែបង់ប្រាក់ថ្លៃចូលកម្សាន្ត សម្រាប់ទីលានស្គីដែលខ្លួនចង់ទៅតម្លៃប្រមាណ ៤,០០០យ៉េន = ៣០ដុល្លារ/ម្នាក់ និងថ្លៃជួលសម្ភារៈសម្រាប់លេងស្គីដូចជា សម្លៀកបំពាក់ជិះស្គី វែនតាការពារព្រិល មួក ស្រោមដៃ និងជើងស្គី ឬក្តាររំអិលលើព្រិលទឹកកកជាដើម (តម្លៃជួលសម្ភារៈលេងស្គីឈុតប្រមាណ ៨,៥០០យ៉េន=៦៥ដុល្លារ/ម្នាក់) ដែលមានជួលនៅរមណីយដ្ឋានផ្ទាល់។ សម្រាប់កុមារវិញក៏អាចកម្សាន្តនៅទីនោះបានដែរ។ គ្រាន់តែបង់ប្រាក់ថ្លៃចូលក្នុងម្នាក់ ៨០០យ៉េន អាណាព្យាបាលអាចនាំកូនៗរបស់ខ្លួនចូលជិះក្តារំអិលសម្រាប់ កុមារ (ថ្លៃជួល៥០០យ៉េន/មួយ) នៅទីលានមានជម្រាលទាប។

▲ទីលានលេងស្គីសម្រាប់កុមារ
▲ទិដ្ឋភាពរមណីយដ្ឋាន Fujiten Snow Resort

  ជាមួយនឹងទិដ្ឋភាពភ្នំ Fuji ឈរលេចត្រដែតយ៉ាងស្កឹមស្កៃស្ថិតនៅពីក្រោយរមណីយដ្ឋាននេះផង នឹងធ្វើឱ្យភ្ញៀវទេសចរបន្សល់ទុកនូវអនុស្សាវរីយ៍រដូវរងារល្អបំផុតសម្រាប់ខ្លួន រួមទាំងមិត្តភក្តិ និងក្រុមគ្រួសារ។ ភ្នំ Fuji មានកំពស់ ៣,៧៧៦ម៉ែត្រ និងត្រូវបានប្រជាជនជប៉ុនស្គាល់ជាទូទៅថាជាភ្នំនៃសេចក្តីអមតៈ ហើយមានទិដ្ឋភាពស្អាតបំផុតនៅរដូវរងារ ខណៈភ្នំនេះស្រោបទៅដោយព្រិលទឹកកកនៅផ្នែកកំពូល។ មានភ្ញៀវទេសចរជាច្រើនមកកម្សាន្តនៅប្រទេសជប៉ុន ដើម្បីទស្សនា និងផ្តិតយករូបភាពភ្នំ Fuji នៅរដូវរងារ។ រមណីយដ្ឋាន Fujiten Snow Resort ស្ថិតនៅក្នុងទីតាំងល្អបំផុតមួយសម្រាប់កម្សាន្តលើព្រិលទឹកកក និងគយគន់ភ្នំ Fuji ។ នៅក្នុងរមណីយដ្ឋាន Fujiten Snow Resort ក៏មានអាហារដ្ឋានស្ថិតនៅជាន់ទី១ មានទំហំធំទូលាយផងដែរ។ ជាទូទៅ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទទួលទានអាហារថ្ងៃត្រង់ កាហ្វេក្តៅ ឬភេសជ្ជៈនានា រួមទាំងអាហារសម្រន់ក្នុងអំឡុងពេលសម្រាកពីការ ជិះស្គីកម្សាន្តនៅក្នុងអាហារដ្ឋាននេះ។

ភូមិបុរាណ Oshinohakkai

▲ថ្លុកទឹកកណ្តាលជម្រៅប្រមាណ៨ម៉ែត្រដែលគេជឿថាជាទីស័ក្តិសិទ្ធ

  មានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ និងចំណាយពេលប្រមាណ ៣០នាទី តាមយានយន្តពីរមណីយដ្ឋាន Fujiten Snow Resort ភ្ញៀវទេសចរ អាចធ្វើដំណើរទៅទស្សនា Oshinohakkai ដែលជាទិសដៅទេសចរណ៍ពេញនិយមសម្រាប់គយគន់ទេសភាពភ្នំ Fuji ពីកូនភូមិបុរាណតូចមួយក្បែរជើងភ្នំ Fuji ។ នៅទីនេះមានថ្លុកទឹកធម្មជាតិថ្លាយង់ហូរផុសចេញពី ភ្នំ Fuji ។ ថ្លុកទឹកកណ្តាលមានជម្រៅដល់ទៅ ៨ម៉ែត្រ ត្រូវបានអ្នកស្រុកជឿថាជាទីស័ក្តិសិទ្ធ សម្រាប់ព្យាបាលរោគាផ្សេងៗ។

  ក្រៅពីទស្សនាថ្លុកទឹកធម្មជាតិ និងថតរូបអនុស្សាវរីយ៍ជាមួយភ្នំ Fuji ភ្ញៀវទេសចរអាចជាវចំណីអាហារប្រពៃណីជប៉ុនដែលផលិតដោយប្រជាជន រស់នៅក្នុងស្រុកជាវត្ថុអនុស្សាវរីយ៍សម្រាប់មិត្តភក្តិ និងសាច់ញាតិក្នុង ដំណើរកម្សាន្តរដូវរងារទៅកាន់ខេត្ត Yamanashi ដែលមានភ្នំ Fuji ដ៏ល្បីល្បាញ៕

▲ ទឹកស័ក្តិសិទ្ធ(ក្បែរថ្លុកកណ្តាល)ដែលគេជឿថាញុំាព្យាបាលរោគ
▲ សណ្តែកសៀងកិនជប៉ុន(សម្រាប់ធ្វើជាស៊ុប)
▲ វ៉ាសាប៊ីក៏ភ្ញៀវទេសចរនិយមជៀវផងដែរ
▲មានភ្ញៀវទេសចរជាច្រើនចូលទិញវត្ថុអនុស្សាវរីយ៍នៅហាងលក់ចំណីអាហារជប៉ុនវេចខ្ចប់យ៉ាងស្អាតជាច្រើនមុខនៅក្បែរខាងចំណុចទស្សនា
▲រូបថតអនុស្សាវរីយ៍របស់និស្សិតខ្មែរនៅភូមិបុរាណ Oshinohakkai

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles