គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាដំណើរកម្សាន្តទៅប្រទេសជប៉ុនរបស់បុគ្គលិកទស្សនាវដ្តីញញឹម
កំណត់ត្រាដំណើរកម្សាន្តទៅប្រទេសជប៉ុនរបស់បុគ្គលិកទស្សនាវដ្តីញញឹម
2023.05.09

ដំណើរកម្សាន្តនៅប្រទេសជប៉ុន

ជប៉ុនជាប្រទេសដែលមានប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីដ៏ចំណាស់មួយក្នុងចំណោមប្រទេសនានាក្នុងទ្វីបអាស៊ី។ ឆ្លងកាត់ដំណើរទំនើបកម្មផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាចាប់ពីចុងសតវត្សទី១៩ មក ជប៉ុនបានក្លាយជាប្រទេសមានការអភិវឌ្ឍន៍ទំនើប និងជឿនលឿនជាងគេបង្អស់មួយ។ ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន នឹងបន្សល់នូវអនុស្សាវរីយ៍ និងឱកាសស្វែងយល់ពីលក្ខណៈពិសេសនៃប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីរបស់ជនជាតិជប៉ុនក្នុងយុគសម័យទំនើប ដែលអ្នកពុំធ្លាប់ជួប! បុគ្គលិកទស្សនាវដ្តីញញឹមបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី២១ ដល់ទី៣១ ខែមីនា ឆ្នាំ២០២៣ អំឡុងពេលផ្កាសាគូរ៉ារីក កន្លងទៅថ្មីៗនេះ។ យើងខ្ញុំសូមចែករំលែកនូវបទពិសោធន៍ដំណើរកម្សាន្តរយៈពេល ១០ថ្ងៃនេះ ជូនប្រិយមិត្តអានកម្សាន្ត ក៏ដូចជាស្វែងយល់អំពីស្ថានភាពទេសចរណ៍នៅក្នុងប្រទេសជប៉ុន ជាវគ្គៗដូចតទៅ។


គម្រោងដំណើរកម្សាន្តថ្ងៃទី១៖

  • ១២៖៣០ យប់ ចេញពីភ្នំពេញតាមជើងហោះហើរ Asiana
  • ១២៖០០ ថ្ងៃត្រង់ មកដល់ Narita
  • ១៤៖០០ មកដល់សណ្ឋាគារ Shizutetsu prezio Tokyo Tamachi
  • ១៤៖៣០ ញុំាអាហារថ្ងៃត្រង់
  • ១៥៖៣០ ថ្មើរជើងទៅទស្សនា Tokyo Tower ពីស្ថានីយ៍ Tamachi ចំណាយពេលជិត ៣០ នាទី
  • ១៧៖២០ ឡើង Tokyo Tower (ជាន់លើបង្អស់) តម្លៃសំបុត្រ៖ ២១០០¥
  • ១៩៖០០ អាហារល្ងាច
មានភ្ញៀវទេសចរអន្តរជាតិជាច្រើនតម្រង់ជួរយ៉ាងមានរបៀបដើម្បីចុះឈ្មោះបំពេញបែបបទចូលប្រទេសជប៉ុន

ជើងហោះហើរនៅពាក់កណ្តាលអធ្រាត្រ ក៏ជាជម្រើសដ៏ល្អ!

អាកាសយាន្តដ្ឋានអន្តរជាតិ Narita
រថភ្លើងល្បឿនលឿនSky Liner និងទិដ្ឋភាពកៅអីអង្គុយធំទូលាយមានផាសុកភាព និងមានកន្លែងទុកវ៉ាលីអ្នកដំណើរយ៉ាងមានសុវត្ថិភាព

មានទស្សនៈមួយលើកឡើងថា៖ “បើអ្នកទៅលេងបរទេសជាលើកដំបូង សូមទៅដល់មុនថ្ងៃលិច”។ ក្រោយចាកចេញពីអាកាសយាន្តដ្ឋានភ្នំពេញនៅម៉ោង ១២ និង ៣០នាទីអធ្រាត្រ ខ្ញុំនឹងមិត្តភក្តិបានមកដល់ព្រលានយន្តហោះ Narita នៅវេលាម៉ោង ១២ ថ្ងៃត្រង់តាមកាលកំណត់។ មានសីតុណ្ហភាពត្រជាក់ល្មមប្រមាណ ២០ អង្សាសេ ហើយទោះជាមេឃមានសភាពស្រទំបន្តិចក្តី យើងអាចមើលឃើញទេសភាពនៅខាងក្រៅយ៉ាងច្បាស់ពីបង្អួចរថភ្លើងល្បឿនលឿន Skyliner ចេញពីចំណតព្រលានយន្តហោះ Narita ឆ្ពោះទៅទីក្រុងតូក្យូ ដែលមានចម្ងាយប្រមាណ ៧៥គីឡូមែត្រ។ តាមជើងរថភ្លើង Skyliner យើងបានចំណាយពេលប្រមាណ ៤០នាទីគយគន់ទេសភាពតាមដងផ្លូវនៃខេត្ត Chiba ដែលស្ថិតនៅជាប់នឹងទីក្រុងតូក្យូបណ្តើរ ឆ្ពោះទៅកាន់សង្កាត់មួយនៅចំកណ្តាលទីក្រុងតូក្យូ គឺស្ថានីយ៍រថភ្លើង Tamachi ជិតសណ្ឋាគារយើងស្នាក់នៅ។

ផ្ទះមានទំហំតូចៗគឺជាចំណាប់អារម្មណ៍របស់ពួកយើង!

ទិដ្ឋភាពផ្ទះជនជាតិជប៉ុននៅខេត្ត Chiba មើលពីលើរថភ្លើង

ខណៈពេលយើងកំពុងរីករាយនឹងទេសភាពវាលស្រែនិងចំការបន្លែខ្លះៗរបស់កសិករជប៉ុន (មានរប៉ះរប៉ោះពុំមានច្រើនទេ) និងទិដ្ឋភាពគម្ពោធព្រៃតូចៗតាមដងផ្លូវរថភ្លើងប្រហែល ៣០នាទីក្រោយមក យើងចាប់ផ្តើមឃើញសំណង់ផ្ទះពលរដ្ឋជប៉ុនមានទំហំតូចៗ តម្រៀបគ្នាជាជួរតាមបណ្តោយផ្លូវរថភ្លើងឆ្លងកាត់។ ភាគច្រើនវាជាសំណង់ផ្ទះ២ជាន់ប្រក់ដំបូលសាងសងគៀកៗ និងដាច់ៗពីគ្នាមានទំហំតូចៗ ដែលមានសភាពសាងសង់ខុសពីសំណង់ស្រុកខ្មែរយើង។ គួរបញ្ជាក់ដែរថា ជប៉ុនជាប្រទេសដែលគេស្គាល់ជាទូទៅថាមានគ្រោះរញ្ជួយដីញឹកញាប់ជាងគេមួយក្នុងពិភពលោក។ រួមជាមួយនឹងលក្ខខណ្ឌអាកាសធាតុ និងតង់ស៊ីតេប្រជាជនរស់នៅខ្ពស់ផងនោះ ជាទូទៅ សំណងផ្ទះរបស់ពលរដ្ឋជប៉ុន គឺពុំមានទំហំធំទូលាយពេកនោះទេ។ ម្យ៉ាងទៀត ដោយសារប្រទេសជប៉ុនមានប្រវត្តិរញ្ជួយដីញឹកញាប់ ដូច្នេះរាល់សំណង់អគារត្រូវបានសាងសង់ឡើងជាមួយនឹងប្រព័ន្ធសុវត្ថិភាពការពារពីការរញ្ជួយដី ដែលមានស្តង់ដារកំណត់ឡើងដោយច្បាប់សាងសង់ជប៉ុន។

ដោយហៀបនឹងលង់លក់នៅលើកៅអីរថភ្លើងដ៏មានផាសុកភាព និងមានរបៀបរៀបរយ គ្មានសំឡេងរំខានពីអ្នកអង្គុយជិតខាងផងនោះ បន្តិចម្តងៗ រថភ្លើងរបស់យើងបានធ្វើដំណើរចូលគៀកក្នុងទីក្រុងតូក្យូ។ មិនយូរប៉ុន្មានយើងក៏ដល់ពេលដូរខ្សែរថភ្លើងល្បឿនលឿន Skyliner ទៅខ្សែរថភ្លើងធម្មតាឈ្មោះ JR Line នៅស្ថានីយ៍ឈ្មោះ Nippori ។ នៅទីនេះមានសភាពអ៊ូអរ និងមមាញឹក។

ទីក្រុងមមាញឹកខ្លាំងជាងគេមួយក្នុងចំណោមទីក្រុងមមាញឹកជាងគេបង្អស់លើលោក!

ទិដ្ឋភាពមមាញឹកនៅស្ថានីយ៍រថភ្លើងមួយកន្លែងក្នុងក្រុងតូក្យូ

ក្រោយប្តូរខ្សែរថភ្លើងទៅកាន់ខ្សែ JR Line (ឆ្ពោះទៅទិសដៅស្ថានីយ៍ Tamachi) យើងឃើញទិដ្ឋភាពមមាញឹករបស់ពលរដ្ឋជប៉ុនរស់នៅទីក្រុងតូក្យូកាន់តែច្បាស់។ ខណៈរថភ្លើងធ្វើដំណើរខិតចូលកាន់តែជិតសង្កាត់ទីប្រជុំជនមួយនៅម្តុំកណ្តាលទីក្រុងតូក្យូ យើងឃើញមានវត្តមានអ្នកប្រើប្រាស់(ឡើងចុះ)រថភ្លើងកាន់តែច្រើនឡើងៗ។ ពួកគាត់ចេញចូល និងប្តូរខ្សែរថភ្លើងពីរថភ្លើងមួយទៅរថភ្លើងមួយដើម្បីឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន ដែលយើងមិនដឹង។ ប៉ុន្តែ យើងប្រាកដថាភាគច្រើនពួគគាត់សុទ្ធតែជាអ្នកបម្រើការងារ ឬរស់នៅក្នុងទីក្រុងតូក្យូនេះ។ នៅក្នុងរថភ្លើង យើងឃើញបុរសៗ ស្លៀកពាក់ខោអាវឈុត (Suits) យ៉ាងសមរម្យ យួរកាបូបយួរដៃធ្វើពីស្បែកពណ៌ខ្មៅ ហើយអ្នកខ្លះមានជាកាបូបស្ពាយផង សំដៅចុះ និងខ្លះឡើងលើរថភ្លើងនៅតាមស្ថានីយ៍ដែលឈប់នីមួយៗ។ ជាមួយគ្នានោះ យើងក៏ឃើញមានវត្តមានស្រ្តីមានវ័យចំណាស់ធ្វើដំណើរតែឯង មានការបូបស្ពាយពីក្រោយ ឡើងជិះរថភ្លើង ឆ្ពោះទៅរកកៅអីអាទិភាព។ អ្នកដំណើរដទៃភាគច្រើនអង្គុយមើលទូរសព្ទស្មាតហ្វូនរបស់ខ្លួន ខ្លះអានសៀវភៅក្នុងសភាពស្ងៀមស្ងាត់។ ដោយសារទីក្រុងតូក្យូត្រូវបានគេស្គាល់ថាជាទីក្រុងដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដូច្នេះពលរដ្ឋរស់នៅក្នុងក្រុងធ្វើដំណើរថ្មើរជើងមានសភាពលឿនៗ ហើយការឡើងជិះរថភ្លើងមានសភាពមមាញឹកខ្លាំងនៅអំឡុងពេលព្រឹកព្រលឹម (ម៉ោងចេញទៅធ្វើការ) និងពេលល្ងាច (ម៉ោងចេញពីធ្វើការ) ជាដើម។ នៅក្នុងរថភ្លើង គេរក្សាភាពស្ងៀមស្ងាត់ ដោយមិនជជែកគ្នាដូចជាតិសាសន៍អាស៊ីដទៃទេ។

រថភ្លើង គឺជាមធ្យោបាយធ្វើដំណើរពេញនិយមបំផុត!

ក្នុងរថភ្លើងគឺមានរបៀបនិងអនាម័យល្អ

ប្រព័ន្ធដំណើរការរថភ្លើងក្នុងប្រទេសជប៉ុន ត្រូវបានគេស្គាល់ជាទូទៅពីភាពមានអនាម័យល្អ ភាពងាយស្រួល និងភាពទៀងទាត់ពេលរបស់វា។ ជាទូទៅ អ្នកដំណើរក្នុងរថភ្លើងតែងតែរក្សាភាពស្ងៀមស្ងាត់ ពុំទទួលទានកាហ្វេ ឬចំណីអាហារក្នុងរថភ្លើង ដែលនាំឱ្យមានសំឡេងនិងក្លិនមិនល្អនៅក្នុងរថភ្លើង បង្ករផលលំបាកដល់អ្នកក្បែរខាងឡើយ។ សីតុណ្ហភាពក្នុងទូរថភ្លើងគឺត្រូវបានសម្របសម្រួលយ៉ាងត្រឹមត្រូវ និងមានផាសុកភាពសម្រាប់អ្នកដំណើរគ្រប់គ្នា (បើកម៉ាស៊ីនកំដៅខណៈរដូវរងារ)។ នៅក្នុងទីក្រុងតូក្យូមានស្ថានីយ៍រថភ្លើង និងខ្សែរថភ្លើងជាច្រើនស្អេកស្កះតភ្ជាប់គ្នាពីកន្លែងមួយទៅកន្លែងមួយ។ ពលរដ្ឋរស់នៅក្នុងទីក្រុងតូក្យូ ជាទូទៅ ធ្វើដំណើរដោយប្រើប្រាស់រថភ្លើង។ រាល់ខ្សែរថភ្លើងគឺមកដល់តាមការកំណត់ ហើយចេញដំណើរជារៀងរាល់២ទៅ៣នាទីម្តង។ រាល់ម៉ោងចេញដំណើរគឺទៀងទាត់ណាស់! ដូច្នេះប្រសិនបើអ្នកខកខានពុំអាចឡើងជិះរថភ្លើងចេញមុនទេ សូមកុំបារម្ភ អ្នកគ្រាន់តែរង់ចាំ២ ឬ៣នាទីក្រោយ នឹងមានរថភ្លើងបន្ទាប់មកជាមិនខាន។

សម្រាប់​ប្រជាជន​អាស៊ី តម្លៃ​សំបុត្រ​គឺហាក់មានតម្លៃ​ថ្លៃបន្តិច ក៏ប៉ុន្តែការធ្វើដំណើរតាមរថភ្លើងក្នុងប្រទេសជប៉ុន គឺពិតជាមានផាសុកភាព ភាពងាយស្រួល ( ទាំងការដូររថភ្លើងជិះទៅគ្រប់គោលដៅក្នុងនិងក្រៅក្រុងតូក្យូ ព្រោះមានស្ថានីយ៍ និងចំណុចតភ្ជាប់ច្រើន ហើយលើសពីនេះនៅគ្រប់ស្ថានីយ៍មានហាងអាហារ ហាងកាហ្វេ និងហាងលក់ទំនិញ២៤ម៉ោង។ល។ ជាច្រើនដែលបម្រើនូវតម្រូវការអ្នករស់នៅ និងភ្ញៀវទេសចរ)។

ទិញកាតបញ្ចូលប្រាក់(Suica ឬ Pasmo)សម្រាប់ទូទាត់ថ្លៃជិះរថភ្លើង និងទិញអីវ៉ាន់

យើងបានប្តូរខ្សែរថភ្លើងនៅស្ថានីយ៍ Nippori ។ នៅទីនោះ យើងបានសម្រេចចិត្តទិញកាត Pasmo (ឬកាត Suica) ដោយបង់ប្រាក់តម្លៃ ៥០០¥ និងបញ្ចូលប្រាក់ចំនួន ៥ ០០០¥ ទុកជាមុនសម្រាប់ម្នាក់ៗ។ ជាទូទៅ គេប្រើកាត Pasmo និង Suica ក្នុងការទូទាត់ប្រាក់ថ្លៃជិះរថភ្លើង ឬទិញទំនិញនៅតាមហាងម៉ាតជាដើម។ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចគឺពេញនិយមផងដែរនៅប្រទេសជប៉ុន។ (រូបថតម៉ាស៊ីនបញ្ចូលប្រាក់នៅស្ថានីយ៍)

ខណៈយើងឆ្លងកាត់សង្កាត់កណ្តាលក្រុងតូក្យូ យើងឃើញអគារខ្ពស់ៗ និងប្រណីតៗជាច្រើន។ មិនយូរប៉ុន្មាន យើងបានមកដល់ស្ថានីយ៍ Tamachi ដែលនៅក្បែរសណ្ឋាគារយើងស្នាក់នៅ នៅប្រមាណម៉ោង ១៣ និង ៣០នាទីថ្ងៃត្រង់។

កន្លែងទេសចរណ៍ដំបូងនៃដំណើរកម្សាន្តថ្ងៃទីមួយ~ទស្សនាទិដ្ឋភាពពេលរាត្រីដ៏អស្ចារ្យពីតួប៉មតូក្យូ (Tokyo Tower)!

ទិដ្ឋភាពទីក្រុងតូក្យូពេលរាត្រីមើលពីលើ Tokyo Tower
ខែមីនា ជារដូវផ្លែស្រ្តប៊ែរី ដូច្នេះមានការ៉េមរស់ជាតិស្រ្តប៊ែរីឈ្ងុយឆ្ញាញ់ដាក់លក់នៅហាងក្រោម Tokyo Tower

ក្រោយចូលចុះឈ្មោះស្នាក់នៅឯសណ្ឋាគាររួចភ្លាម យើងបានចេញទៅញុំាអាហារថ្ងៃត្រង់នៅប្រមាណម៉ោង ១៤ និង ៣០នាទីរសៀល នៅឯហាងសាច់អាំងមួយកន្លែងស្ថិតនៅពាក់កណ្តាលផ្លូវពីស្ថានីយ៍ Tamachi និងសណ្ឋាគារ(ដើរប្រមាណ៣នាទី)។ ក្រោមអាកាសធាតុត្រជាក់បង្គួរ (យើងគ្រាន់តែសាគួរអាវក្រាស់បន្តិចសម្រាប់ពាក់ក្រៅ) យើងបានសម្រេចចិត្តញុំាបាយថ្ងៃត្រង់នៅហាងសាច់ស្តេកជប៉ុន។ ខុសពីពួកបស្ចឹមលោក ជនជាតិជប៉ុនមានទម្លាប់ញុំាសាច់ស្តេកជាមួយបាយស និងទឹកស៊ុប។ វប្បធម៌ទទួលទានសាច់គោ (សាច់ស្តេក) គឺត្រូវបានពលរដ្ឋជប៉ុនពេញនិយមទទួលទានជាទូទៅក្រោយអំឡុងទសវត្សឆ្នាំ១៩៧០។ ជាទូទៅ ជនជាតិជប៉ុនទទួលទានសាច់ត្រី ជាពិសេសត្រីឆៅ និងបាយជាចម្បង។ ក្រោយសង្រ្គាមលោកលើកទី២ ខណៈមានការបើកទទួលនូវវប្បធម៌ និងពានិជ្ជកម្មពីបស្ចឹមប្រទេសមក ពលរដ្ឋជប៉ុនផ្តើមពេញនិយមអាហារបែបបស្ចឹមប្រទេស ហើយកែច្នៃវាជាបែបជប៉ុនដែលមានរសជាតិពិសេស ខុសប្លែកពីអាហារដើមរបស់អ៊ឺរ៉ុប។ បន្ទាប់ពីញុំាឈុតបាយសាច់អាំងដ៏មានឱជារសឈ្ងុយឆ្ងាញរួចមក យើងបានសម្រេចចិត្តដើរទៅទស្សនា Tokyo Tower ដែលមានចម្ងាយមិនឆ្ងាយពេកពីសណ្ឋាគារយើងស្នាក់នៅ (យើងអាចមើលឃើញពីបន្ទប់សណ្ឋាគារ)។

យើងបានធ្វើដំណើរដោយថ្មើរជើងពីស្ថានីយ៍ Tamachi ទៅកាន់ Tokyo Tower ដែលត្រូវចំណាយពេលប្រមាណ ៣០នាទី។ នៅតាមដងផ្លូវ (មហាវិថី Mita Dori) រួមជាមួយអាកាសធាតុត្រជាក់ល្មមផងនោះ យើងរីករាយនឹងដើរទស្សនានូវហាងអាហារនានា (ដោយសារស្ថានីយ៍នេះធំ មានហាងអាហារចម្រុះច្រើនប្រភេទនៅជុំវិញ) រួមទាំងហាងកាហ្វេទំនើបៗបែបជប៉ុន នៅតាមបណ្តោយមហាវិថី ខណៈមានដើមផ្កាសាគូរ៉ាខ្លះកំពុងផ្តើមរីកយ៉ាងស្គុះស្គាយ និងស្រស់ស្អាតនៅតាមដងផ្លូវ។ លើសពីនេះ អ្វីដែលពុំអាចមើលរំលងបានដែរនោះ គឺសាកលវិទ្យាល័យ Keio ដែលជាគ្រឹះស្ថានអប់រំឯកជនដ៏ល្បីល្បាញបំផុតមួយនៅប្រទេសជប៉ុន។ ស្ថាបនិកសាកលវិទ្យាល័យនេះ គឺលោក Fukusawa Yukiji (រូបលោកត្រូវបានបោះពុម្ពលើក្រដាសប្រាក់ ១០ ០០០យ៉េនចាស់) ដែលជាទស្សនវិទូជប៉ុនមួយរូបមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្តសម័យទំនើបជប៉ុន។ ទស្សនៈវិជ្ជារបស់លោក Fukusawa Yukiji ត្រូវបានគេនិយាយថាជាមូលដ្ឋាននៃការធ្វើទំនើបកម្មរដ្ឋរបស់ប្រទេសជប៉ុន ដែលនាំឱ្យមានការរីកចម្រើននាពេលបច្ចុប្បន្ន។ ក្រោយថតរូបអនុស្សាវរីយ៍នៅមុខក្លោងទ្វារខាងកើតនៃសាកលវិទ្យាល័យ Keio នេះរួច យើងបានបន្តដំណើរទៅមុខបន្តទៀតឆ្ពោះទៅកាន់ Tokyo Tower ។

ទិដ្ឋភាព Tokyo Tower ពេលរាត្រី

Tokyo Tower គឺជានិមិត្តរូបមួយរបស់ទីក្រុងតូក្យូ។ សាងសង់នៅឆ្នាំ១៩៥៨ និងស្ថិតនៅចំកណ្តាលទីក្រុងតូក្យូ មានកម្ពស់ ៣៣៣ម៉ែត្រ វាគឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងពេញនិយមបំផុតមួយសម្រាប់ទាំងភ្ញៀវទេសចរជប៉ុន និងបរទេស។ ការសម្រេចចិត្តមកទស្សនាក្នុងអំឡុងពេល ប្រមាណជាម៉ោង ៥ ល្ងាច គឺជាជម្រើសដ៏ប្រសើរមួយ។ ក្រោយពីដើរទស្សនាហាងលក់វត្ថុអនុស្សាវរីយ៍ហាងកាហ្វេ និងញុំាអាហារសម្រន់បន្តិចបន្តួចរួចមក យើងបានទិញសំបុត្រសម្រាប់ឡើងទស្សនាពីជាន់ខ្ពស់បំផុតនៃតួប៉មតូក្យូនេះ (តម្លៃ២១០០យ៉េន/ម្នាក់)។ ការទស្សនាទិដ្ឋភាពទីក្រុងតូក្យូពីលើអាកាស គឺពិតជាធ្វើឱ្យអ្នកមានអារម្មណ៍រំភើប! ទិដ្ឋភាពប្រែពណ៌ពីព្រលប់ទៅពេលរាត្រី ខណៈទីក្រុងទាំងមូលត្រូវបានបំភ្លឺដោយភ្លើងពណ៌នៃអគារនីមួយៗលាតសន្ធឹងពេញផ្ទៃដីទីក្រុងតូក្យូ គឺពិតជាអស្ចារ្យ និងពុំអាចបំភ្លេចបាននូវភាពទំនើបទាន់ស័យនៃទីក្រុងមួយនេះ។

អាហារត្រីឆៅដ៏ស្រស់មានរសជាតិពុំអាចបំភ្លេចបាន! (Sushi restaurant)

មានភោជនីយដ្ឋានច្រើនប្រភទនៅម្តុំសណ្ឋាគារយើងស្នាក់នៅ។ ដូច្នេះសម្រាប់អាហារពេលល្ងាច ក្រោយពីការឡើងទស្សនាទេសភាពនាពេលរាត្រីនៅកណ្តាលក្រុងតូក្យូ គួរត្រូវបានអបអរដោយអាហារពិសេសរបស់ជប៉ុន។ អាហារ Sushi (ត្រីឆៅបន្តុបលើដុំបាយ) គឺជាជម្រើសសម្រាប់អាហារពេលល្ងាចរបស់យើង។ Sushi ត្រី Tuna (Otoro និង Chutoro) គឺស្រស់ និងមានរសជាតិឆ្ងាញ់ពុំអាចបំភ្លេចបាន ជាមួយនឹងស្រាសាកេ (ក្តៅ) ឬស្រាបៀរត្រជាក់! យើងខ្ញុំសូមណែនាំនូវឈុតម្ហូបត្រីឆៅ ប្រសិនបើប្រិយមិត្តមានឱកាសមកទស្សនាប្រទេសជប៉ុន ជាពិសេស ទីក្រុងតូក្យូ (ចំណាយ ៤០០០¥ ទៅ ៦០០០¥/ ម្នាក់)

Sushi ស្រស់ៗនិងមានរសជាតិឆ្ងាញ់ពុំអាចបំភ្លេចបាន!

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles