ប្រទេសកម្ពុជាមានពលរដ្ឋសកម្មចំនួនប្រមាណ 54% នៃចំនួនប្រជាជនសរុបប្រមាណ 16.6 លាននាក់។ បច្ចុប្បន្នមានយុវជនខ្មែរជាច្រើននាក់កំពុងធ្វើការក្នុងរោងចក្រជុំវិញរាជធានីភ្នំពេញ។ ពួកគាត់ខិតខំបម្រើការដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាពដើម្បីទទួលបានប្រាក់បៀវត្សរ៍ ក្នុងគោលបំណងផ្ញើប្រាក់ទៅឱ្យឪពុកម្តាយរស់នៅជនបទ សម្រាប់រៀបការ ចិញ្ចឹមកូន និងធ្វើឱ្យជីវិតគ្រួសារខ្ញុំកាន់តែសម្បូរសប្បាយ។ តើកម្មកររោងចក្រមានការយល់ឃើញបែបណាចំពោះការងារពួកគាត់?
(ឯកសារយោង៖ តើចំនួនប្រជាជនកម្ពុជាធ្វើការ (កម្លាំងពលកម្ម) មានចំនួនច្រើន ឬតិច? | GraphToChart)
I. ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង់រំលួសថ្លៃផ្ទះ និងការអប់រំល្អសម្រាប់កូនៗរបស់ខ្ញុំ
បងស្រី ប្រាក់ ចាន់រ៉ា (40) រស់នៅក្នុងតំបន់ផ្ទះជួលម្តុំផ្លូវវេងស្រេង រយៈពេលប្រហែល 20 ឆ្នាំមកហើយ។ បងស្រី ចាន់រ៉ា មានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានផ្លាស់មកទីក្រុងភ្នំពេញក្នុងឆ្នាំ ២០០២ ជាកម្មកររោងចក្រកាត់ដេរ។ នៅឆ្នាំ២០០៧ បងស្រីបានរៀបការជាមួយស្វាមី ដែលធ្វើការជាជាងជួសជុលម៉ាស៊ីន ហើយឥឡូវនេះមានកូនពីរនាក់។ បងស្រីបានទិញដីនៅតំបន់នេះកាលពី 10 ឆ្នាំមុន ហើយទើបបានសាងសង់ផ្ទះថ្មីមួយនៅទីនេះ។ «ដោយសារខ្ញុំរកចំណូលបានពីការធ្វើការរោងចក្រច្រើនឆ្នាំមកនេះ ខ្ញុំក៏សម្រេចចិត្តទិញដីមួយកន្លែងនៅទីនេះ ហើយសង់ផ្ទះនៅទីនេះទើបរួចប៉ុន្មានឆ្នាំថ្មីៗនេះ។ បន្ទាប់ពីខ្ញុំបានសងបំណុលថ្លៃទិញដីរួច ខ្ញុំក៏បន្តខ្ចីប្រាក់ពីធនាគារដើម្បីយកមកសាងសង់ផ្ទះនេះ។ ដោយសារនៅភ្នំពេញ មានសាលារៀនល្អៗច្រើនជាងជនបទ ហើយមានការងារច្រើនអាចរកចំណូលបាន ដូច្នេះខ្ញុំមានបំណងចង់រស់នៅទីនេះជារៀងរហូត»។
បងស្រីបានបម្រើការជាកម្មកររោងចក្រដើម្បីចិញ្ចឹមកូនពីរនាក់ ខណៈខ្លួនត្រូវសងប្រាក់កម្ចីទៅធនាគារដែរ។ នៅពេលយើងខ្ញុំសាកសួរអំពីអនាគតរបស់បងស្រី គាត់បានលើកឡើងដូច្នេះថា៖ «បន្ទាប់ពីខ្ញុំសងប្រាក់កម្ចីធនាគាររួចហើយ ខ្ញុំចង់ឱ្យកូនរបស់ខ្ញុំមានការអប់រំល្អជាងខ្ញុំ ដូច្នេះខ្ញុំចង់បន្តធ្វើការនិងសន្សប្រាក់សម្រាប់ឱ្យកូនទាំងពីររបស់ខ្ញុំទទួលបានការអប់រំល្អ និងខ្ពងខ្ពស់ជាងខ្ញុំ»។
បច្ចុប្បន្ន ស្វាមីរបស់បងស្រីកំពុងធ្វើការជាអ្នករត់រ៉ឺម៉កកង់បី។ បងស្រី និងស្វាមីតែងតែខិតខំប្រឹងប្រែងធ្វើការដើម្បីរកចំណូលទ្រទ្រង់គ្រួសារ។ បងស្រីបានបង្ហើបប្រាប់ពីការចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនប្រាប់យើងដូច្នេះថា៖ «នៅពេលដែលកូនប្រុសច្បងរបស់ខ្ញុំ (14ឆ្នាំ) និងកូនស្រីទីពីរ(5ឆ្នាំ) កើតមក ខ្ញុំបានឈប់សម្រាកលំហែមាតុភាពរយៈពេល 3 ខែ។ ក្រោយពីមាតុភាពនេះ ខ្ញុំបានយកកូនតូចទៅផ្ញើរនៅផ្ទះឪពុកម្តាយខ្ញុំនៅរស់នៅក្បែរផ្ទះ មុនពេលចេញទៅធ្វើការ។ នៅពេលសម្រាកអាហារថ្ងៃត្រង់ ខ្ញុំមកផ្ទះវិញដើម្បីឱ្យកូនបៅទឹកដោះ។ ខ្ញុំធ្វើដូច្នេះរាល់ថ្ងៃរហូតដល់កូនមានអាយុ 4ឆ្នាំមុនបញ្ជូនទៅសាលាមត្តេយ្យក្បែរនោះ។ នៅពេលកូនខ្ញុំចូលមត្តេយ្យ ឬសាលារៀន វាកាន់តែងាយស្រួលសម្រាប់ពួកយើងជាឪពុកម្តាយ ហើយខ្ញុំអាចធ្វើការបានដោយស្រួលចិត្ត»។
បើតាមបងស្រី ចាន់រ៉ា បានឱ្យដឹងថា ជារឿយៗ កម្មកររោងចក្រជាច្រើនទុកកូនឱ្យនៅជាមួយឪពុកម្តាយ ខណៈខ្លួនឡើងមកធ្វើការនៅភ្នំពេញ។ ប្រសិនបើឪពុកម្តាយជាកម្មករ មានផ្ទះរស់នៅក្បែររោងចក្រ ពួកគាត់យកកូនទៅផ្ញើរគេមើលឱ្យនៅពេលព្រឹក និងថ្ងៃ ហើយមកទទួលនៅពេលល្ងាច។ ប៉ុន្តែ បើផ្ទះនៅឆ្ងាយដូចជានៅខេត្តតាកែវ ឬកំពង់ស្ពឺវិញ ពួកគាត់នឹងទៅជួបកូននៅថ្ងៃចុងសប្ដាហ៍ ស្នាក់មួយយប់ត្រឡប់មកវិញ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្រុកកំណើតគាត់នៅឆ្ងាយជាងនេះ គាត់ត្រូវទុកកូនរបស់អ្នកឱ្យស្ថិតក្នុងការមើលថែរបស់ឪពុកម្តាយខ្លួននៅខេត្ត ហើយឡើងទៅមើលកូនបានតែក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជាប់ៗគ្នាប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានមត្តេយ្យផ្តល់សេវាមើលថែទាំកុមារចាប់ពីអាយុ១ឆ្នាំឡើងទៅ ដូច្នេះកម្មករខ្លះប្រើប្រាស់សេវាមើលថែទាំកុមារនេះដោយគ្រាន់តែចំណាយប្រាមាណ ៦០ ដុល្លារក្នុងមួយខែ (សាមីខ្លួនត្រូវផ្តល់ម្សៅទឹកដោះគោ និងកន្ទបទារក។ល។)
ចំពោះការចំណាយលើការកម្សាន្តវិញ បងស្រី ចាន់រ៉ា លើកឡើងដូច្នេះថា៖ «ដោយសារចំណូលតិចតួច ហើយនៅមានបំណុលធនាគារផង នាងខ្ញុំគិតតែពីអ្វីដែលចាំបាច់បំផុតក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះ ដូច្នេះនាងខ្ញុំពិតជាមិនបានគិតពីការចំណាយប្រាក់សម្រាប់ការកម្សាន្តច្រើននោះទេ។ ម្តងម្កាល យើងនាំកូនទៅដើរកម្សាន្តនៅមុខព្រះបរមរាជវាំង និងញុំាស៊ុបនៅក្បែរនោះជាដើម។ យ៉ាងណាមិញ ព្រោះប្តីនាងខ្ញុំចូលចិត្តជល់មាន់ ដូច្នេះគាត់ចូលចិត្តមើលថែទាំសត្វមាន់ជុលគាត់ ទុកជាសកម្មភាពលំហែររបស់គាត់។ ដូច្នេះជារួម យើងកម្សាន្តងាយៗបែបនេះ ហើយចុងសប្តាហ៍នាងខ្ញុំក៏ចូលចិត្តចំអិនសាច់អាំង ញុំាជាមួយអ្នកជិតខាង មានស្រាបៀរ និងច្រៀងខារ៉ាអូខេខ្លះៗផងដែរ»។
ជារឿយៗ បងស្រី ចាន់រ៉ា តែងតែក្រោកពីព្រលឹម ចំអិនអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ ញុំាផ្ទាល់ខ្លួន។ បងស្រីតែងតែត្រឡប់មកផ្ទះវិញក្នុងពេលសម្រាកអាហារថ្ងៃត្រង់មួយម៉ោង ដើម្បីរៀបចំបាយម្ហូបឱ្យកូនៗ និងស្វាមីគាត់ មុនត្រឡបទៅធ្វើការវិញ។ នៅម៉ោង ៤ រសៀលក្រោយធ្វើការចប់បងស្រី តែងតែទិញបន្លែ និងសាច់នៅតូបលក់ដូរតាមចិញ្ចើមផ្លូវក្បែររោងចក្រ សម្រាប់ធ្វើអាហារពេលល្ងាចនៅផ្ទះ និងហូបជាមួយគ្រួសារ។ «នាងខ្ញុំទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃនៅតូបក្បែររោងចក្រ តូបក្បែរផ្ទះ និងផ្សារតូចៗជាដើម។ ប៉ុន្តែម្តងម្កាលក្នុងមួយឆ្នាំ នាងខ្ញុំទៅផ្សារស្ទឹងមានជ័យថ្មី ដើម្បីទិញសំលៀកបំពាក់ថ្មីៗ និងទំនិញសម្ភារៈផ្ទះបាយក្នុងឱកាសពិសេសៗតែប៉ុណ្ណោះ»៕
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer