គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កិច្ចសម្ភាសន៍អំពីការងារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មកររោងចក្រ
កិច្ចសម្ភាសន៍អំពីការងារនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មកររោងចក្រ
2023.07.17

ប្រទេសកម្ពុជាមានពលរដ្ឋសកម្មចំនួនប្រមាណ 54% នៃចំនួនប្រជាជនសរុបប្រមាណ 16.6 លាននាក់។ បច្ចុប្បន្នមានយុវជន​ខ្មែរ​ជា​ច្រើន​នាក់​កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​ជុំវិញ​រាជធានី​ភ្នំពេញ។ ពួកគាត់ខិតខំបម្រើការដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាពដើម្បីទទួលបានប្រាក់បៀវត្សរ៍ ក្នុងគោលបំណងផ្ញើប្រាក់ទៅឱ្យឪពុកម្តាយរស់នៅជនបទ សម្រាប់រៀបការ ចិញ្ចឹមកូន និងធ្វើឱ្យជីវិតគ្រួសារខ្ញុំកាន់តែសម្បូរសប្បាយ។ តើ​កម្មករ​រោងចក្រ​មាន​ការយល់ឃើញបែប​ណា​ចំពោះការងារពួកគាត់?

(ឯកសារយោង៖ តើចំនួនប្រជាជនកម្ពុជាធ្វើការ (កម្លាំងពលកម្ម) មានចំនួនច្រើន ឬតិច? | GraphToChart)

I. ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង់រំលួសថ្លៃផ្ទះ និងការអប់រំល្អសម្រាប់កូនៗរបស់ខ្ញុំ

បងស្រី ប្រាក់ ចាន់រ៉ា (40) រស់នៅក្នុងតំបន់ផ្ទះជួលម្តុំផ្លូវវេងស្រេង រយៈពេលប្រហែល 20 ឆ្នាំមកហើយ។ បងស្រី ចាន់រ៉ា មានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានផ្លាស់មកទីក្រុងភ្នំពេញក្នុងឆ្នាំ ២០០២ ជាកម្មកររោងចក្រកាត់ដេរ។ នៅឆ្នាំ២០០៧ បងស្រីបានរៀបការជាមួយស្វាមី ដែលធ្វើការជាជាងជួសជុលម៉ាស៊ីន ហើយឥឡូវនេះមានកូនពីរនាក់។ បងស្រីបានទិញដីនៅតំបន់នេះកាលពី 10 ឆ្នាំមុន ហើយទើបបានសាងសង់ផ្ទះថ្មីមួយនៅទីនេះ។ «ដោយសារ​ខ្ញុំ​រក​ចំណូល​បាន​ពី​ការ​ធ្វើ​ការ​រោងចក្រ​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទិញ​ដី​មួយ​កន្លែង​នៅ​ទី​នេះ ហើយ​សង់​ផ្ទះ​នៅ​ទី​នេះទើបរួចប៉ុន្មានឆ្នាំថ្មីៗនេះ។ បន្ទាប់ពីខ្ញុំ​បាន​សង​បំណុលថ្លៃទិញដីរួច ខ្ញុំក៏បន្ត​ខ្ចី​ប្រាក់ពី​ធនាគារ​ដើម្បីយកមក​សាងសង់ផ្ទះនេះ។ ដោយសារនៅភ្នំពេញ ​មាន​សាលារៀន​ល្អៗច្រើន​ជាង​ជនបទ ហើយ​មាន​ការងារ​ច្រើនអាចរកចំណូលបាន ដូច្នេះ​ខ្ញុំមានបំណង​ចង់​រស់​នៅ​ទីនេះ​ជា​រៀង​រហូត»។

បងស្រីបានបម្រើការជាកម្មកររោងចក្រដើម្បីចិញ្ចឹមកូនពីរនាក់ ខណៈខ្លួនត្រូវសងប្រាក់កម្ចីទៅធនាគារដែរ។ នៅពេលយើងខ្ញុំសាកសួរអំពីអនាគតរបស់បងស្រី គាត់បានលើកឡើងដូច្នេះថា៖ «បន្ទាប់ពីខ្ញុំសងប្រាក់កម្ចីធនាគាររួចហើយ ខ្ញុំចង់ឱ្យកូនរបស់ខ្ញុំមានការអប់រំល្អជាងខ្ញុំ ដូច្នេះខ្ញុំចង់បន្តធ្វើការនិងសន្សប្រាក់សម្រាប់ឱ្យកូនទាំងពីររបស់ខ្ញុំទទួលបានការអប់រំល្អ និងខ្ពងខ្ពស់ជាងខ្ញុំ»។

បច្ចុប្បន្ន​ ស្វាមី​របស់​បងស្រីកំពុង​ធ្វើ​ការ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី។ បងស្រី និងស្វាមីតែងតែ​ខិតខំ​ប្រឹងប្រែងធ្វើការ​ដើម្បីរកចំណូលទ្រទ្រង់​គ្រួសារ។ បងស្រីបានបង្ហើបប្រាប់ពីការចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនប្រាប់យើងដូច្នេះថា៖ «នៅពេលដែលកូនប្រុសច្បងរបស់ខ្ញុំ (14ឆ្នាំ) និងកូនស្រីទីពីរ(5ឆ្នាំ) កើតមក ខ្ញុំបានឈប់សម្រាកលំហែមាតុភាពរយៈពេល 3 ខែ។ ក្រោយពីមាតុភាពនេះ ខ្ញុំបានយកកូនតូចទៅផ្ញើរនៅផ្ទះឪពុកម្តាយខ្ញុំនៅរស់នៅក្បែរផ្ទះ មុនពេលចេញទៅធ្វើការ។ នៅពេលសម្រាកអាហារថ្ងៃត្រង់ ខ្ញុំមកផ្ទះវិញដើម្បីឱ្យកូនបៅទឹកដោះ។ ខ្ញុំធ្វើដូច្នេះរាល់ថ្ងៃរហូតដល់កូនមានអាយុ 4ឆ្នាំមុនបញ្ជូនទៅសាលាមត្តេយ្យក្បែរនោះ។ នៅពេលកូនខ្ញុំចូលមត្តេយ្យ ឬសាលារៀន វាកាន់តែងាយស្រួលសម្រាប់ពួកយើងជាឪពុកម្តាយ ហើយ​ខ្ញុំ​អាច​ធ្វើ​ការ​បានដោយស្រួលចិត្ត»។

បើ​តាម​បងស្រី ចាន់រ៉ា បានឱ្យដឹងថា ​ជា​រឿយៗ ​កម្មករ​រោងចក្រ​ជាច្រើន​ទុក​កូន​ឱ្យ​នៅ​ជាមួយ​ឪពុក​ម្តាយ ខណៈខ្លួនឡើងមកធ្វើការនៅភ្នំពេញ។ ប្រសិនបើឪពុកម្តាយជាកម្មករ មានផ្ទះរស់នៅក្បែររោងចក្រ ពួកគាត់យកកូនទៅផ្ញើរគេមើលឱ្យនៅពេលព្រឹក និងថ្ងៃ ហើយមកទទួលនៅពេលល្ងាច។ ប៉ុន្តែ បើផ្ទះ​នៅ​ឆ្ងាយ​​ដូចជានៅខេត្ត​តាកែវ ឬ​កំពង់ស្ពឺវិញ ពួកគាត់​នឹង​ទៅ​ជួប​កូន​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ស្នាក់​មួយ​យប់​ត្រឡប់​មក​វិញ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្រុកកំណើតគាត់នៅឆ្ងាយជាងនេះ គាត់ត្រូវទុកកូនរបស់អ្នកឱ្យស្ថិតក្នុងការមើលថែរបស់ឪពុកម្តាយខ្លួននៅខេត្ត ហើយឡើងទៅមើលកូនបានតែក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជាប់ៗគ្នាប៉ុណ្ណោះ។

យ៉ាងណាមិញ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានមត្តេយ្យផ្តល់សេវាមើលថែទាំកុមារចាប់ពីអាយុ១ឆ្នាំឡើងទៅ ដូច្នេះកម្មករខ្លះប្រើប្រាស់សេវាមើលថែទាំកុមារនេះដោយគ្រាន់តែចំណាយប្រាមាណ ៦០ ដុល្លារក្នុងមួយខែ (សាមីខ្លួនត្រូវផ្តល់ម្សៅទឹកដោះគោ និងកន្ទបទារក។ល។)

ចំពោះ​ការ​ចំណាយ​លើការកម្សាន្តវិញ បងស្រី ចាន់រ៉ា លើកឡើងដូច្នេះថា៖​ ​«ដោយសារចំណូលតិចតួច ហើយនៅមានបំណុលធនាគារផង នាងខ្ញុំ​គិត​តែ​ពី​អ្វី​ដែលចាំបាច់បំផុត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​នាង​ខ្ញុំ​ពិត​ជា​មិន​បាន​គិត​ពី​ការ​ចំណាយ​ប្រាក់​សម្រាប់​ការ​កម្សាន្ត​ច្រើននោះ​ទេ។ ម្តងម្កាល យើងនាំកូនទៅដើរកម្សាន្តនៅមុខព្រះបរមរាជវាំង និងញុំាស៊ុបនៅក្បែរនោះជាដើម។ យ៉ាងណាមិញ ព្រោះប្តីនាងខ្ញុំចូលចិត្តជល់មាន់ ដូច្នេះគាត់ចូលចិត្តមើលថែទាំសត្វមាន់ជុលគាត់ ទុកជាសកម្មភាពលំហែររបស់គាត់។ ដូច្នេះជារួម យើងកម្សាន្តងាយៗបែបនេះ ហើយចុងសប្តាហ៍នាងខ្ញុំក៏ចូលចិត្តចំអិនសាច់អាំង ញុំាជាមួយអ្នកជិតខាង មានស្រាបៀរ និងច្រៀងខារ៉ាអូខេខ្លះៗផងដែរ»។

ជារឿយៗ បងស្រី ចាន់រ៉ា តែងតែក្រោកពីព្រលឹម ចំអិនអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ ញុំាផ្ទាល់ខ្លួន។ បងស្រីតែងតែត្រឡប់មកផ្ទះវិញក្នុងពេលសម្រាកអាហារថ្ងៃត្រង់មួយម៉ោង ដើម្បីរៀបចំបាយម្ហូបឱ្យកូនៗ និងស្វាមីគាត់ មុនត្រឡបទៅធ្វើការវិញ។ នៅ​ម៉ោង ៤ រសៀលក្រោយធ្វើការចប់បងស្រី តែងតែទិញបន្លែ និងសាច់នៅតូបលក់ដូរតាមចិញ្ចើមផ្លូវក្បែររោងចក្រ សម្រាប់ធ្វើអាហារពេលល្ងាចនៅផ្ទះ និងហូបជាមួយគ្រួសារ។ «នាងខ្ញុំទិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃនៅតូបក្បែររោងចក្រ តូបក្បែរផ្ទះ និងផ្សារតូចៗជាដើម។ ប៉ុន្តែម្តងម្កាលក្នុងមួយឆ្នាំ នាងខ្ញុំទៅផ្សារស្ទឹងមានជ័យថ្មី ដើម្បីទិញសំលៀកបំពាក់ថ្មីៗ និងទំនិញសម្ភារៈផ្ទះបាយក្នុងឱកាសពិសេសៗតែប៉ុណ្ណោះ»៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles