ស្របនឹងការបើកដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ កម្មវិធី (អ៊ែប) ហៅតាក់ស៊ី ដែលជាសេវាកម្មដឹកជញ្ជូនថ្មីឈ្មោះថា “Cambodia Ride” បានផ្តើមដាក់ឱ្យដំណើរការ។
អ៊ែបដឹកជញ្ជូនដូចជា Grab និង PassApp កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលក្ខណៈពិសេសរបស់អ៊ែប “Cambodia Ride” គឺការផ្តល់ជាសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតែមួយគត់ ដែលអតិថិជនអាចហៅរថយន្តជិះពីក្នុងអាកាសយានដ្ឋានខេត្តសៀមរាប។ កម្មវិធីនេះធ្វើឡើងក្រោមកិច្ចសហការណ៍ក្នុងភាពជាដៃគូជាមួយសមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប (TTA TTA ; Tourist Transportation Association For Siem Reap International Airport)។ អ៊ែបនេះ មានមុខងារកក់យានជំនិះទុកមុនរហូតដល់រយៈពេល៣ខែ និងមានមុខងារជួលពេលវេលាដ៏ងាយស្រួលសម្រាប់ការទស្សនាក្នុងទីក្រុង និងប្រាង្គប្រាសាទនានា និងមានភាពខុសប្លែកពីកម្មវិធីផ្សេងទៀត ដោយមានចំនួន២៦ភាសា រួមទាំងភាសាជប៉ុនផងដែរ។ ជាងនេះទៀត សេវាកម្មនេះត្រូវបានគេនិយាយថាជាសេវាកម្មដំបូងគេក្នុងវិស័យដឹកជញ្ជូនភ្ញៀវទេសចរ ដែលអនុញ្ញាតឱ្យអ្នកទេសចរភេទស្រីអាចធ្វើការជ្រើសរើសអ្នកបើកបរភេទស្រីដូចគ្នាដែលអាចទុកចិត្តបាន (*មានតែរ៉ឺម៉កតែប៉ុណ្ណោះ)។
លើសពីនេះ ប្រព័ន្ធហៅភ្ញៀវជិះ BtoB ត្រូវបានបង្កើតឡើងដោយអនុញ្ញាតឱ្យសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍ អាចបញ្ជាទិញការជិះសម្រាប់ភ្ញៀវរបស់ខ្លួន ដែលសេវាបែបនេះនឹងធ្វើឱ្យប្រសើរឡើងច្រើនដល់ភាពងាយស្រួលនៅក្នុងសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរក្នុងអាជីវកម្មទេសចរណ៍។
នៅក្នុងការចុះផ្សាយនេះ យើងខ្ញុំបានសម្ភាសន៍អ្នកបើកបរក្នុងសមាគម TTA, អ្នកបើកបរស្រី្ត និងប្រតិបត្តិករសណ្ឋាគារ អំពីចំណាប់អារម្មណ៍របស់ពួកគាត់ពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ែប “Cambodia Ride”។
បទសម្ភាសន៍លោក អមតៈ ពីសមាគមតាក់ស៊ីទេសចរណ៍ (TTA)
សូមលោកណែនាំខ្លួន និងប្រាប់យើងខ្ញុំអំពី TTA
ខ្ញុំមានអាយុ ៤៤ឆ្នាំ មានកូនពីរនាក់ និងមានស្រុកកំណើតនៅខេត្តសៀមរាប។ ខ្ញុំចាប់ផ្តើមដឹកភ្ញៀវទេសចរបរទេសដោយម៉ូតូហុងដាឌ្រីមដែលខ្ញុំទិញកាលពីខ្ញុំនៅជានិស្សិត។ ខ្ញុំគិតថាវាជាអាជីពមួយបម្រើការក្នុងវិស័យទេសចរ ដូច្នេះខ្ញុំបានសម្រេចចិត្តធ្វើជាអ្នកបើកបរអាជីពកាលពី១៨ឆ្នាំមុនមក។ ខ្ញុំបានចូលរួមជាមួយ TTA ក្នុងឆ្នាំ២០០៨។
TTA គឺជាសមាគមដឹកភ្ញៀវទេសចរមួយ ដែលបានបង្កើតឡើងដើម្បីបម្រើសេវាដឹកអតិថិជនដោយរថយន្តតាក់ស៊ីពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ បច្ចុប្បន្ននេះ យើងមានអ្នកបើកបរចំនួន ៣៣០នាក់។ មានតែសមាជិក TTA ប៉ុណ្ណោះ ដែលអាចរង់ចាំអតិថិជននៅព្រលានយន្តហោះដើម្បីបើកតាក់ស៊ីបាន។
តើលោកយល់ឃើញយ៉ាងណាបន្ទាប់ពីបានប្រើប្រាស់អ៊ែប “Cambodia Ride” នេះជាក់ស្តែង?
កាលពីជំនាន់គ្មានទូរសព្ទទំនើប ឬ Wi-Fi យើងស្វែងរកភ្ញៀវទេសចរនៅបញ្ជរអាកាសយានដ្ឋាន ហើយសុំឱ្យពួកគាត់ឡើងជិះតាក់ស៊ីយើង ប៉ុន្តែឥឡូវនេះយើងរស់នៅក្នុងសម័យកាលស្មាតហ្វូន។ អ៊ែប “Cambodia Ride” អនុញ្ញាតឱ្យមានការកក់ទុកជាមុន ដែលខ្ញុំគិតថាវាជាសេវាកម្មដ៏ងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស។ កម្មវិធីនេះងាយស្រួលប្រើនៅពេលយើងបានសុំានឹងការប្រើ ហើយវាពិតជាងាយស្រួលប្រើប្រាស់ណាស់។
សូមប្រាប់យើងខ្ញុំអំពីចំណុចដែលលោកនឹងរំពឹងពីអ៊ែប “Cambodia Ride” នាពេលអនាគត។
សម្រាប់យើងខ្ញុំ ចំណុចសំខាន់នៃការទំនាក់ទំនងរបស់យើងជាមួយអតិថិជនគឺនៅបញ្ជរអាកាសយានដ្ឋាន ដូច្នេះយើងខ្ញុំសប្បាយចិត្តណាស់ ដែលមានឱកាសកាន់តែច្រើនពីការបញ្ជាទិញពីខាងសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍តាមរយៈអ៊ែប “Cambodia Ride” នេះ។ លើសពីនេះ ប្រព័ន្ធនេះត្រូវបានដំណើរការដោយក្រុមហ៊ុនជប៉ុន ដូច្នេះអ្នកអាចប្រើវាដោយភាពជឿជាក់។ យើងខ្ញុំជាអ្នកបើកបរក្នុងសមាគម TTA នឹងប្រឹងប្រែងលើកកំពស់គុណភាពសេវាកម្មរបស់ពួកយើង ដើម្បីអោយអតិថិជនបានប្រើប្រាស់សេវាកម្មយើងខ្ញុំដោយទំនុកចិត្ត ហើយចូលរួមជាមួយ “Cambodia Ride” ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍មកខេត្តសៀមរាបមានចំនួនកាន់តែច្រើនឡើង។
កិច្ចសម្ភាសន៍ជាមួយអ្នកស្រី សុមុនតា ប្រធានក្រុមស្ត្រីបើកបររ៉ឺម៉ក
សូមប្រាប់យើងខ្ញុំអំពីរូបអ្នកស្រី និងក្រុមការងារអ្នកបើករ៉ឺម៉កស្ត្រី
ខ្ញុំជាម្តាយទោលមានកូន៣នាក់ក្នុងបន្ទុក។ ខ្ញុំចង់ធ្វើការក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ព្រោះទីនេះមានភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះទើបខ្ញុំចាប់យករបរជាអ្នកបើកបរនេះ។ កាលពី៣ឆ្នាំមុន ខ្ញុំបានផ្តើមបង្កើតក្រុមអ្នកបើកបររ៉ឺម៉កស្រី្ត ដោយមានអ្នកបើកបរជាស្ត្រីដទៃទៀតចូលរួម។ ក្រុមរបស់យើងយកការសាមគ្គីភាពជាចម្បង។ យើងជួយគ្នាទៅវិញទៅមកដោយបែងចែកការកុម្ម៉ង់ទាំងអស់នោះនៅក្នុងក្រុម។
តើយល់ឃើញយ៉ាងណាចំពោះអ៊ែប “Cambodia Ride”
ក្រុមរបស់យើងមានគម្រោងជួល និងបណ្តុះបណ្តាលអ្នកបើកបរជាស្ត្រីបន្ថែមទៀត ដើម្បីឱ្យស្ត្រីអាចក្លាយជាមនុស្សឯករាជ្យ រឹងមាំដោយខ្លួនឯង និងរស់នៅដោយមិនពឹងផ្អែកលើអ្នកដទៃ។ ខ្ញុំចង់ឱ្យស្ត្រីជាច្រើនមានទំនុកចិត្តថាពួកគាត់អាចរកចំណូលបានឋិតថេរសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។
យើងសង្ឃឹមថាអ៊ែប “Cambodia Ride” នឹងស្វាគមន៍ភ្ញៀវទេសចរជាច្រើនមកពីជុំវិញពិភពលោក ហើយជាលទ្ធផល វានឹងផ្តល់ឱកាសការងារជាច្រើនដល់ក្រុមរបស់យើង។ យើងមានមោទនភាពក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនប្រកបដោយគុណភាពដល់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
បទសម្ភាសន៍អ្នកស្រី Jenny ជាអ្នកគ្រប់គ្រងសណ្ឋាគារ
សូមណែនាំខ្លួន និងប្រាប់យើងខ្ញុំអំពីសណ្ឋាគាររបស់អ្នកស្រី
នាងខ្ញុំបើកសណ្ឋាគារមួយឈ្មោះថា Angkor Style Resort & Spa។ នាងខ្ញុំជាម្តាយទោលចិញ្ចឹមកូន៤នាក់នៅក្នុងបន្ទុក និងគ្រប់គ្រងបុគ្គលិក១២នាក់។ នាងខ្ញុំក៏ជាអនុប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាសមាជិកនៃបណ្តាញគ្រប់គ្រង BNI Cambodia ផងដែរ។ Angkor Style Resort & Spa ជាសណ្ឋាគារប្រណីត ដែលមាន ៣៣បន្ទប់ ហើយមុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នេះ មានភ្ញៀវជាង ៩០% ជាជនបរទេស ជាពិសេសមកពីអឺរ៉ុបបានមកស្នាក់នៅសណ្ឋាគារយើងខ្ញុំ។
តើអ្នកស្រីមានចំណាប់អារម្មណ៍បែបណានៅពេលត្រូវបានគេណែនាំឱ្យប្រើអ៊ែប “Cambodia Ride” ជាលើកដំបូង?
សម្រាប់ភ្ញៀវទេសចរបរទេសដែលមកលេងខេត្តសៀមរាប គឺភាគច្រើនពួកគាត់ត្រូវជួបអ្នកបើកបរតាក់ស៊ីដំបូងគេ។ មានករណីឈ្លោះប្រកែកគ្នាអំឡុងពេលចរចាតម្លៃតាក់ស៊ីកើតមានឡើងផងដែរ ដូច្នេះក្នុងនាមជាអ្នកធ្វើការក្នុងឧស្សាហកម្មទេសចរណ៍ នាងខ្ញុំមានការព្រួយបារម្ភចំពោះបញ្ហាបែបនេះ។ ការកំណត់តម្លៃរបស់អ៊ែប “Cambodia Ride” គឺច្បាស់លាស់ ហើយពុំបាច់ចាំចរចា និងធ្វើឱ្យបញ្ហាពាក់ព័ន្ធដែលកើតមានកន្លងមកក៏លែងមាន ដូច្នេះនាងខ្ញុំគិតថាវាជាគំនិតដ៏ល្អមួយក្នុងការនាំយកសេវាកម្មបែបនេះមកប្រើប្រាស់ ខណៈវាក៏មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរទៀតដែរ។ ជំនួយបច្ចេកទេសដែលផ្តល់ដោយក្រុមហ៊ុនជប៉ុនក៏ជាកត្តាសំខាន់សម្រាប់យើងខ្ញុំធ្វើការសម្រេចចិត្តណែនាំអ៊ែប “Cambodia Ride” នេះដែរ។
សូមប្រាប់យើងខ្ញុំពីអ្វីដែលអ្នកស្រីរំពឹងពីអ៊ែប “Cambodia Ride” នេះ
ជាមួយនឹងការបើកដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ សេវាជូនភ្ញៀវទេសចរពីអាកាសយានដ្ឋាននឹងកាន់តែមានសារៈសំខាន់សម្រាប់ប្រតិបត្តិករសណ្ឋាគារ។ ក្នុងនាមនាងខ្ញុំជាម្ចាស់អាជីវកម្មស្រ្តីម្នាក់ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនបង្កើតអ៊ែប “Cambodia Ride” ដែលបានចូលរួមជួយយ៉ាងសកម្មដល់ការងារស្រ្តីជាអ្នកបើកបរ។ ដើម្បីធ្វើឱ្យអ៊ែប “Cambodia Ride” កាន់តែត្រូវបានគេស្គាល់ និងធ្វើឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប យើងខ្ញុំនឹងជួយផ្សព្វផ្សាយជូនសមាជិកសមាគមសណ្ឋាគារកម្ពុជាឱ្យបានស្គាល់កាន់តែច្រើន។
Ending:
អ៊ែប “Cambodia Ride” ជាក់ស្តែង ត្រូវបានបង្កើត និងសាកល្បងប្រើប្រាស់តាំងពីឆ្នាំ២០២០មកម្លេះ ដោយក្រុមហ៊ុន Nippon Koei Co., Ltd. (ទីស្នាក់ការកណ្តាល៖ សង្កាត់ Chiyoda-ku, ទីក្រុងTokyo) ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប។ ក្រុមហ៊ុន Nippon Koei Co., Ltd. បាននិងកំពុងអភិវឌ្ឍគម្រោងខ្នាតធំ ដែលទាក់ទងនឹងការសាងសង់ និងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ រួមទាំងគម្រោងផ្លូវដែកជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ៊ែប “Cambodia Ride” គឺត្រូវបានបង្កើតឡើងដោយការិយាល័យផ្សព្វផ្សាយ Incubation របស់ក្រុមហ៊ុន ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍អាជីវកម្មថ្មី។ ជាចុងបញ្ចប់ យើងខ្ញុំបានសាកសួរលោកនាយក Otsuka អំពីគោលដៅចម្បង ដែលលោកចង់បានពីកម្មវិធីអ៊ែប “Cambodia Ride” នេះ។
«ការបន្តស្ថាបនាផ្លូវទេសចរណ៍មានស្រាប់ដដែលៗសម្រាប់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាបញ្ហាកំពុងប្រឈមមួយព្រោះគ្មានមធ្យោបាយធ្វើដំណើរសមស្រប ដែលនាំឱ្យចំនួនអ្នកទេសចរមកទស្សនាច្រើនលើកមានចំនួនតិចតួច និងការទស្សនាប្រាសាទបុរាណស្ថិតនៅទីតាំងស្ងាត់និងឆ្ងាយ និងមធ្យោបាយថ្មីក្នុងការចូលទៅកាន់ទីរមណីយដ្ឋានថ្មីៗនៅមានកម្រិត។ អ៊ែប “Cambodia Ride” ត្រូវបានបង្កើតឡើងដើម្បីចូលរួមសម្រួលនូវបញ្ហាប្រឈមនេះ។
អ៊ែប “Cambodia Ride” មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវសុវត្ថិភាព សន្តិសុខ និងភាពងាយស្រួលក្នុងការធ្វើដំណើរទេសចរណ៍របស់ភ្ញៀវទេសចរប៉ុណ្ណោះទេ យើងខ្ញុំមានគោលដៅធ្វើឱ្យប្រសើរឡើងនូវបរិស្ថានក្នុងខេត្តសៀមរាប ផ្តល់ឱកាសការងារ អភិវឌ្ឍធនធានមនុស្ស ធ្វើឱ្យគោលដៅទេសចរណ៍ទាំងមូលមានភាពឆ្លាតវៃ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជុំវិញ។ យើងខ្ញុំក៏មានគោលដៅភ្ជាប់ទិន្នន័យជាមួយការចល័តផ្សេងទៀត និងសេវាកម្មឌីជីថលនៃអាជីវកម្មទេសចរណ៍ផ្សេងៗ រួមទាំងអនុវត្តយន្តការផ្សេងៗជួយទប់ស្កាត់ការកកស្ទះភ្ញៀវទេសចរណ៍ក្នុងតំបន់ណាមួយ និងធ្វើឱ្យសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន ដើម្បីចូលរួមចំណែកក្នុងការបង្កើតគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព និងវិបុលភាព។
ដើម្បីសម្រេចបាននូវគោលដៅបែបនេះ ដំបូង យើងត្រូវលើកកំពស់គុណភាព និងខ្លឹមសារនៃសេវាកម្មរបស់យើងជាមុនសិន ដើម្បីឈានទៅដល់កម្រិតដែលឱ្យភ្ញៀវទេសចរស្រឡាញ់ទុកចិត្តនឹងនិយាយថា៖ «នៅខេត្តសៀមរាបមាន “Cambodia Ride” ដែរតើស៎។»
យើងខ្ញុំសុំអនុញ្ញាតបញ្ជាក់ផងដែរថា លោក Kobota Yukata ដែលជាស្ថាបនិកក្រុមហ៊ុន Nippon Koei Co., Ltd. គឺជាវិស្វករជនជាតិជប៉ុនដំបូងគេ ដែលធ្វើការយ៉ាងយកចិត្តទុកដាក់លើការចូលរួមស្តារ និងកសាងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ ការយកចិត្តទុកដាក់របស់ស្ថាបនិកយើងខ្ញុំរូបនេះ ក៏ត្រូវបានបន្តមកដល់យើងខ្ញុំបច្ចុប្បន្ននេះផងដែរ។ ដូច្នេះយើងខ្ញុំនឹងធ្វើការយ៉ាងយកចិត្តទុកដាក់លើអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបក្នុងប្រទេសកម្ពុជា។»
Cambodia Ride
Web:https://cambodia-ride.taxi
បុគ្គលិកទទួលបន្ទុក៖ Yoshiyoshi Ikugata (ជប៉ុន អង់គ្លេស)
TEL:011-200-685 (Ubukata)
Email:a4882@n-koei.co.jp (Ubukata)
ចន្រ្ទា (ខ្មែរ អង់គ្លេស)
TEL:081-859-000
この記事が気に入ったら
いいね!しよう
We will send you the latest information
(ភាសាខ្មែរ) ចង្រិតខ្មែរក្នុងទីផ្សារប្រទេសជប៉ុន
2021.01.22 Top Runner
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer