គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
2022.11.17

ជំនឿប្រជាជនខ្មែរលើព្រះពុទ្ធសាសនា

ប្រជាជនខ្មែរប្រមាណ ៩០ភាគរយ គោរពព្រះពុទ្ធសាសនា ខណៈព្រះពុទ្ធសាសនា (បែបហីនយាន) ត្រូវបានចាត់ទុកជាស្ថាប័នជាតិកំពូលមួយធៀបនឹងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាល ដូចមានចែងនៅក្នុងបាវចនាជាតិដូច្នេះថា៖ “ជាតិ សាសនា ព្រះមហាក្សត្រ”។ ខណៈប្រជាជនខ្មែរទូទៅ (រួមទាំងព្រះមហាក្សត្រផង) មានជំនឿថាព្រះសង្ឃជាសាវ័កព្រះសម្មាសម្ពុទ្ធ។ ប្រជាជនខ្មែរជាច្រើនតែងតែគោរពប្រណិប័តន៍ និងជួយផ្គត់ផ្គង់ព្រះសង្ឃទុកជាបុគ្គលដ៏ខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាអ្នកប្រៀនប្រដៅមនុស្សលោកឱ្យយល់ត្រូវ ប្រព្រឹត្តប្រាសចាកពីរឿងមិនល្អដែលសង្គមស្អប់ខ្ពើមជាដើម តមកជាទំនៀមតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ វត្តមាននៃចំនួនវត្តអារាមដ៏ច្រើនលើសលុបនៅទូទាំងប្រទេសកម្ពុជា ទាំងនៅទីប្រជុំជន និងទីជនបទ ក៏បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីជំនឿដ៏មុតមាំរបស់ប្រជាជនខ្មែរទៅលើព្រះពុទ្ធសាសនា។ តើមានកត្តាអ្វីខ្លះញុំាងឱ្យប្រជាជនខ្មែរគោរពប្រណិប័តន៍ព្រះសង្ឃ និងមានជំនឿលើព្រះពុទ្ធសាសនាដ៏មុតមាំបែបនេះ?

តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?

ព្រះសង្ឃត្រូវបានគោរពប្រណិប័តន៍ជាបុគ្គលខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ ឬជាសាវ័ករបស់ព្រះពុទ្ធពីសំណាក់ប្រជាជនខ្មែរទូទៅ។ ដើម្បីក្លាយជាព្រះសង្ឃ តើតម្រូវឱ្យមានលក្ខខណ្ឌចាំបាច់ និងការរស់នៅប្រចាំថ្ងៃដូចម្តេចខ្លះ? តើព្រះសង្ឃត្រូវសិក្សារៀនសូត្រយ៉ាងដូចម្តេចខ្លះ?

ដើម្បីក្លាយជាព្រះសង្ឃ តើត្រូវធ្វើដូចម្តេចខ្លះ?

បុគ្គលគ្រប់រូបមានសិទ្ធបួសជាព្រះសង្ឃ។ យ៉ាងណាមិញ ដើម្បីបួសជាព្រះសង្ឃ មានលក្ខខណ្ឌ ទំនៀម និងវិន័យសង្ឃ ដែលកំណត់ដូចខាងក្រោម។

លក្ខខណ្ឌសម្រាប់បួសជាព្រះសង្ឃ (សាមណេរ ឬភិក្ខុ) ៖

  • ត្រូវមានការឯកភាពពីក្រុមគ្រួសារ មានលិខិតបញ្ជាក់ទីលំនៅច្បាស់លាស់ពីអាជ្ញាធរ និង មានការបញ្ជាក់ពីពេទ្យថាបុគ្គលរូបនោះមានកាយសម្បទា គ្រប់គ្រាន់ (មិនពិការអវយវៈណាមួយ សតិស្មារតីប្រក្រតីធម្មតា ឬពុំមានជំងឺប្រចាំកាយជាដើម)។
  • ត្រូវមកវត្តរៀនធម៌បួស និងវិន័យសង្ឃជាមុន (ការរៀនធម៌បួស និងវិន័យ មានរយៈពេលពី៣ខែ ទៅ៦ខែ ខុសគ្នាអាស្រ័យលើការតម្រូវរបស់វត្តនីមួយៗ) · ការបួសជាសាមណេរ៖ ជាការបួសសងគុណម្តាយ។ ត្រូវមានអាយុក្រោម២០ឆ្នាំ។ អ្នកបួស ជាសាមណេរត្រូវរក្សាសីល ១០ និងគោរពប្រណិប័តន៍ សិក្ខាបទចំនួន ៣០ ឱ្យបានខ្ជាប់ខ្ជួន។
  • ការបួសជាភិក្ខុ៖ ជាការបួសសងគុណឳពុក។ ត្រូវមានអាយុចាប់ពី២១ឆ្នាំឡើងទៅ។ ភិក្ខុត្រូវកាន់សីល ៤ និងគោរពប្រណិប័តន៍តាមសិក្ខាបទ ចំនួន ២២៧។

ការបួសជាព្រះសង្ឃ

អាចធ្វើតាមពិធីទំនៀម គឺពិធី “បំបួសនាគ” ដោយមិនប្រកាន់ពេលវេលា (ពិធីនេះធ្វើឡើងសម្រាប់ជនមានធនធាន ដែលពេលនោះក្រុមគ្រួសារ សាច់ញាតិ និងអ្នករស់នៅជិតខាងចូលរួមផ្គត់ផ្គង់ជាសម្ភារៈ ស្បៀង អាហារសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលបួសនោះឱ្យបានគ្រប់គ្រាន់)។ ប៉ុន្តែសម្រាប់ជនទូទៅដែលពុំមានលទ្ធភាពវិញ គឺអាចសុំព្រះសង្ឃដើម្បីបួសនៅក្នុងវត្តអារាមផ្ទាល់ ដោយមានការទទួលស្គាល់ពីព្រះចៅអធិការវត្ត និងមានព្រះសង្ឃដទៃជាសាក្សី។ (សេចក្តីពន្យល់លម្អិតអំពីពិធី “បំបួសនាគ” មាននៅទំព័រទី ៨ )

កាតព្វកិច្ចរបស់ព្រះសង្ឃ

ក្រៅពីការសិក្សារៀនសូត្រព្រះធម៌ ត្រូវទេសនា ពន្យល់ណែនាំពុទ្ធបរិស័ទឱ្យយល់ពីអំពើល្អ ប្រព្រឹត្ត ល្អ និងអប់រំចិត្តជាដើម ទៅកាន់ពុទ្ធបរិស័ទ តាមវិទ្យុក្តី ក្នុងវត្តអារាមក្តី និងនៅតាមពិធីបុណ្យពុទ្ធសាសនាជាដើម។ ម្យ៉ាងទៀត ត្រូវចូលរួមជួយសង្គមជាតិតាមការដែលព្រះសង្ឃនីមួយៗអាចធ្វើទៅបានដូចជា៖ ការទទួលកូនសិស្សលោកមកពីបណ្តាខេត្តឆ្ងាយៗឱ្យមានកន្លែងស្នាក់អាស្រ័យពេលរៀនសូត្រ និងការអប់រំផ្សេងៗ។

តំណម

ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ទៅតំណមមិនទទួលចង្ហាន់ (លើកលែងតែទឹក ឬភេសជ្ជៈមួយចំនួន)

  • ក្រោយចង្ហាន់ថ្ងៃត្រង់ ព្រះសង្ឃមិនទទួល ការប្រគេននានាពីពុទ្ធបរិស័ទឡើយ (ចាប់ពី ម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ៥ ព្រឹក ថ្ងៃបន្ទាប់)
  • ចង្ហាន់ក្នុងតំណមមាន៖ សាច់ឆ្កែ ពស់ ដំរី ខ្លា ពោលគឺសាច់ឆៅ និងសុរា
  • ជាទូទៅ ពុំអាចប៉ះពាល់មនុស្សភេទផ្ទុយគ្នា (មនុស្សស្រី)

កិច្ចវត្ត

ព្រះសង្ឃត្រូវធ្វើនមស្ការព្រះធម៌ (ការប្រណិប័តន៍ព្រះធម៌នៅក្នុងព្រះវិហារ) ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលចូលព្រះវស្សា (រយៈពេល ៣ខែ ពីអំឡុងខែកក្កដា ដល់ខែតុលា) ខណៈជាទូទៅ ព្រះសង្ឃធ្វើនមស្ការ និងរំឭកព្រះវិន័យ រៀងរាល់ថ្ងៃសីល ឬ ម្តងទៅ២ដងក្នុង១ខែអាស្រ័យតាមវត្តកំណត់។

ការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ

ការចេញទៅបិណ្ឌបាតប្រចាំថ្ងៃ

ចង្ហាន់ដែលប្រជាជនទូទៅប្រគេនពេលបិណ្ឌបាតមានជាអាហារដូចជា៖ បាយ (អង្ករក៏បាន) ត្រី បន្លែ ផ្លែឈើ ភេសជ្ជៈ និងបច្ច័យ ជាដើម។ ដោយសារពុទ្ធបរិស័ទខ្លះយល់ដឹងថាព្រះសង្ឃគង់នៅក្នុងទីក្រុងភ្នំពេញ ត្រូវបង់ថ្លៃសិក្សារៀនសូត្រច្រើន ដូច្នេះការប្រគេនជាបច្ច័យដល់ព្រះសង្ឃឃើញមានច្រើនជាងនៅតាមបណ្តាខេត្ត។ ព្រះសង្ឃភាគច្រើនគឺជាកូនកសិករក្រីក្ររស់នៅតាមបណ្តាខេត្ត ហើយខ្លះក៏ជាកូនកំព្រាក្រខ្សត់ផងដែលត្រូវរកទីអារ៉ាម ដើម្បីបានជាកន្លែងស្នាក់អាស្រ័យ និងបានរៀនសូត្រ ដូច្នេះការប្រាស្រ័យរស់នៅប្រចាំថ្ងៃរបស់សង្ឃ គឺអាស្រ័យលើការជួយផ្គត់ផ្គង់របស់ពុទ្ធបរិស័ទទាំងស្រុង។

ការប្រគេនស្បៀងអាហារ

តាមរយៈពិធីបុណ្យ (ពិធីចូលនិងចេញព្រះវស្សា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនជាដើម) គឺមានពុទ្ធបរិស័ទ ជាពិសេស អ្នកស្គាល់ព្រះសង្ឃតាមស្រុកភូមិ តែងតែយកស្បៀងជាត្រីងៀត ប្រហុក អង្ករ រួមទាំងបច្ច័យ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាដើមសម្រាប់ផ្គត់ផ្គង់ និងទំនុកបម្រុងដល់ព្រះសង្ឃ។ ទាំងបច្ច័យ និងស្បៀងទាំងនោះ គឺជាទូទៅត្រូវបានប្រើប្រាស់រួមគ្នា សម្រាប់ការផ្គត់ផ្គង់ព្រះសង្ឃគង់នៅតាមកុដិនីមួយៗ និងសម្រាប់ជួយកូនសិស្សលោកដែលស្នាក់នៅជាមួយព្រះសង្ឃជាដើម។

ការសឹក

ត្រូវស្តែងចេញពីចិត្តសាម៉ីសង្ឃ តែត្រូវរកជនទី ៣ យ៉ាងហោចណាស់ម្នាក់ជាសាក្សីក្នុងពិធីសឹកនោះ។

ចំណាប់អារម្មណ៍របស់ព្រះសង្ឃ

ព្រះភិក្ខុអគ្គមុនី បូ ពិសិដ្ឋ គង់នៅវត្តបទុមវតីកុដិលេខ៩ ព្រះជន្ម ២៨ព្រះវស្សា បួសរយៈពេល ១២ព្រះវស្សា និងជាអតីតកុមារកំព្រា មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ព្រះអង្គបានមានសង្ឃដីកាចំពោះការគោរពវិន័យក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លីនិងសាមញ្ញដូច្នេះថា៖ «ជាទូទៅ មានពុទ្ធបរិស័ទជាច្រើនយល់ថាការគោរពប្រណិប័តន៍វិន័យសង្ឃមានការលំបាកខ្លាំង បើធៀបនឹងជនសាមញ្ញ។ តាមពិតទៅ គឺវាបែបហ្នឹងមែន តែបើនិយាយឱ្យងាយយល់ទៅការគោរព្ធប្រណិប័តន៍នូវវិន័យសង្ឃទាំងនោះ គឺផ្តោតសំខាន់លើវិន័យដែលសំដៅលើការគ្រប់គ្រងចិត្តរបស់ខ្លួន ឱ្យបានល្អ។ កាលណាយើងគ្រប់គ្រងចិត្តបានល្អ ហើយដឹងថារឿងនោះ ជារឿងមិនល្អ ឬជារឿងដែលនឹងនាំឱ្យបង្ករជាបញ្ហាដល់អ្នកដទៃ ហើយអាចចេះបញ្ឈប់នូវរឿងមិនល្អទាំងនោះបាន ដោយបែរមកគិត និងធ្វើតែរឿងណាដែលល្អៗសម្រាប់ខ្លួន និងសម្រាប់អ្នកដទៃបាននោះ វាជារឿងល្អស្រេចទៅហើយ។ ដូច្នេះការចេះអប់រំចិត្ត និងប្រណិប័តន៍ចិត្តរបស់ខ្លួនឱ្យបានល្អ គឺជារឿងសំខាន់សម្រាប់ព្រះសង្ឃក្នុងការប្រណិប័តន៍ធម៌វិន័យក្នុងព្រះពុទ្ធសាសនា»។ យ៉ាងណាមិញ ព្រះភិក្ខុអគ្គមុនី បូ ពិសិដ្ឋ បានមានសង្ឃដីកាសង្កត់ធ្ងន់ពីការរៀនព្រះធម៌ថា សង្ឃគ្រប់អង្គត្រូវចាំបាច់ទន្ទេញ និងទាមទារឱ្យមានការយកចិត្តទុកដាក់លើការផ្ចង់អារម្មណ៍ខ្លាំង លើការរៀនព្រះធម៌ដើម្បីឱ្យចាំស្ទាត់។

ព្រះភិក្ខុអគ្គមុនី បូ ពិសិដ្ឋ

ចំណែកឯការសិក្សារៀនសូត្ររបស់ព្រះសង្ឃវិញ ព្រះភិក្ខុអគ្គមុនី បូ ពិសិដ្ឋ បានមានសង្ឃដីកាដូច្នេះថា៖ «ការរៀនព្រះធម៌របស់ព្រះសង្ឃ ដូចដែលយើងបានដឹងហើយថា មុនពេលបួសជាព្រះសង្ឃ គឺតម្រូវឱ្យបុគ្គលនោះត្រូវទន្ទេញ និងចេះសូត្រ ហើយចងចាំព្រះធម៌ និងវិន័យសង្ឃមួយចំនួនរួចហើយ។ ដូច្នេះកាលណាបុគ្គលនោះ បានបួសជាព្រះសង្ឃហើយ គឺគ្រាន់តែរៀនពីគាថាបន្ថែមបន្តិចៗថែមទៀតប៉ុណ្ណោះ ដែលអាត្មាគិតថាវាមិនមែនជារឿងលំបាកខ្លាំងណាស់ណាទេ។ ក៏ប៉ុន្តែដោយ សារព្រះសង្ឃត្រូវតម្រូវឱ្យសិក្សាកម្មវិធីសិក្សាបែបអាណាចក្រផងដែរ ដូច្នេះការសិក្សាទាំងពុទ្ធចក្រ និងអាណាចក្រ គឺអាចនិយាយបានថាជាផលលំបាកមួយសម្រាប់ព្រះសង្ឃ បើធៀបនឹងជនសាមញ្ញ»។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles