គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) បង្ហើបពីគន្លឹះនៃការត្រៀមប្រកួតកីឡាតូក្យូអូឡាំពិកដែលប្រារព្ធឡើងនាឆ្នាំក្រោយ សំរាប់កីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំ 2023
(ភាសាខ្មែរ) បង្ហើបពីគន្លឹះនៃការត្រៀមប្រកួតកីឡាតូក្យូអូឡាំពិកដែលប្រារព្ធឡើងនាឆ្នាំក្រោយ សំរាប់កីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំ 2023
2019.09.17

នៅប្រទេសជប៉ុន កីឡាតូក្យូអូឡាំពិកនឹងប្រព្រឹត្តឡើងនាឆ្នាំក្រោយ។​ ចំណែកនៅឯនៅប្រទេសកម្ពុជាវិញ កីឡាស៊ីហ្គេមនឹង ប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០២៣។

កីឡាអូឡាំពិក ជាពិធីប្រកួតកីឡា ដើម្បីកំណត់រកជ័យលាភីលេខ១លើសកលលោក នៃកីឡានីមួយៗ ដែលបានចាប់ផ្តើមឡើងដំបូងនាឆ្នាំ១៨៩៦។ ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូលើកនេះជាលើកទី២ បន្ទាប់ពីការប្រកួតកីឡាតូក្យូអូឡាំពិកនៅឆ្នាំ១៩៦៤។ ពហុកីឡដ្ឋានជាតិប្រកួតកីឡាអូឡាំពិកដំបូងដែលប្រើប្រាស់លើកទីមួយនោះ ត្រូវបានកំទេចចោលនិងសាងសង់ថ្មីនៅឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ។ នៅក្បែរខាងពហុកីឡដ្ឋានជាតិនេះ ក៏មានការដ្ឋានកំពុងសាងសង់អាគារហាត់ប្រាណ និងអាគារកីឡានានាផងដែរ។

ម្យ៉ាងទៀត នៅប្រទេសជប៉ុនបច្ចុប្បន្ន មានការប្រកួតសាកល្បងនូវរាល់កីឡានានា សំរាប់ការប្រកួតជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំក្រោយ។ គេព្យាករណ៍ថា នឹងមានទស្សនិកជនមកពីបរទេសជាច្រើន ចូលរួមមើលការប្រគួតកីឡាតូក្យូអូឡាំពិកនេះ ដូច្នេះនៅឯប្រទេសជប៉ុនសព្វថ្ងៃនេះ មានការផ្លាស់ប្តូរនិងបង្កើនស្លាកសញ្ញាណែនាំជាភាសាផ្សេងៗ ការភ្ជាប់បណ្តាញអ៊ីនធឺណិតដោយឥតគិតថ្លៃ និងការបង្កើននូវការិយាល័យណែនាំភ្ញៀវបរទេសជាដើម។

ស្ថានភាពនៃពហុកីឡដ្ឋានជាតិថ្មីនៅទីក្រុងតូក្យូ នៅខែមករា ឆ្នាំ២០១៩។ គម្រោងសាងសង់បញ្ចប់នៅខែវិច្ឆិកាឆ្នាំនេះ។

យ៉ាងណាម៉ិញ នៅឯប្រទេសកម្ពុជាក៏មានសកម្មភាពនានា កំពុងចាប់ផ្តើមសំរាប់ការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣ផងដែរ។ ដោយសារពហុកីឡដ្ឋានអូឡាំពិកនៅទីក្រុងភ្នំពេញបច្ចុប្បន្នមានភាពចំណាស់ ទើបគេសាងសង់ពហុកីឡដ្ឋានថ្មីសំរាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅភាគខាងជើងនៃទីក្រុងភ្នំពេញជំនួសវិញ។

កីឡាបាល់ទាត់គឺកំពុងពេញនិយមបំផុតនៅប្រទេសកម្ពុជា។ បច្ចុប្បន្នកីឡាបាល់ទាត់កម្ពុជា មានការរីកចំរើនគួរឲ្យកត់សម្គាល់ ដូចដែលបានឃើញនៅក្នុងការប្រកួត២ប្រកួត នៃក្រុមជម្រើសជាតិកម្ពុជានៅក្នុងការប្រកួតវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកកន្លងទៅ ដូច្នេះយើងសង្ឃឹមថា ក្រុមបាល់ទាត់កម្ពុជានឹងឈ្នះពានរង្វាន់នៅក្នុងការប្រកួតជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខនេះ។ ចំពោះការប្រកួតកីឡាស៊ីហ្គេមនេះក៏ដូចទៅនឹងការប្រកួតកីឡាអូឡាំពិកដែរ ដោយតម្រូវឲ្យកីឡាករចូលរួមប្រកួតមានអាយុក្រោម២៣ឆ្នាំ និងបច្ចុប្បន្នមានក្រុមជម្រើសជាតិ U-15 និង U-18 កំពុងធ្វើការពង្រឹងការហ្វឹកហាត់ដោយគ្រូបង្វឹកជនជាតិជប៉ុន។

ចំពោះការខិតជិតមកដល់នៃកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ នៅប្រទេសកម្ពុជា ក៏នឹងមានកំណើននៃសណ្ឋាគារ និងការផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្តដូចជា មធ្យោបាយធ្វើចរាចរតាមដងផ្លូ​​វជាដើម រួមជាមួយនឹងការប្រកួតសាកល្បងនៃការប្រកួតកីឡានានា​ នឹងធ្វើឲ្យមានការរំភើបនិងអ៊ូអរជាមិនខាន៕
តើអ្នកនឹងមកចូលរួមកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាដែរឬទេ?
 

NyoNyum Khmer No.35





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles