គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

"Life"Latest Posts

"Sightseeing" Latest posts

"Column" Latest Posts

"Culture" Latest Posts

"in Cambodia" Latest Posts

HOME > in Cambodia > Social Contribution > JICA in Cambodia > “ការបើកអោយប្រើប្រាស់ស្ពានមិត្តភាពជប៉ុន” មើលសារឡើងវិញពីស្ពានជ្រោយចង្វារ

“ការបើកអោយប្រើប្រាស់ស្ពានមិត្តភាពជប៉ុន” មើលសារឡើងវិញពីស្ពានជ្រោយចង្វារ

ស្ពានជប៉ុនដែលបានជួសជុលជាលក្ខណៈទ្រង់ទ្រាយធំចាប់ពីខែតុលា ឆ្នាំ២០១៧ បានបើកអោយដំណើរការនៅថ្ងៃទី៣​ ខែមេសា!

ស្ពានជ្រោយចង្វារដែលឆ្លងកាត់ទន្លេសាប ត្រូវបានគេស្គាល់និងហៅថា “ស្ពានមិត្តភាពកម្ពុជាជប៉ុន (ស្ពានជប៉ុន)” ជាស្ពានដែលចាំបាច់មួយសំរាប់ប្រជាជនកម្ពុជា។

តើអ្នកទាំងអស់គ្នាដឹងពីប្រវត្តិដ៏វែងឆ្ងាយនៃស្ពាននេះដែរឬទេ?

កាលពីថ្ងៃទី២៩ ខែមិនា យើងបានស្តាប់លោកនាយក Tsujimoto ពន្យល់អំពីស្ពាននេះមុនថ្ងៃចាប់បើកអោយដំណើរការបន្តិច។

នៅក្នុងអត្ថបទចុះផ្សាយនេះ យើងនឹងធ្វើការណែនាំអំពីប្រវត្តិរបស់ស្ពានជប៉ុននេះ និងការជួសជុលលើកនេះ​ ដោយមានការបញ្ចូលបន្ថែមពីការពន្យល់របស់លោកនាយក​ Tsujimoto ផងដែរ។

 

តើស្ពាននេះមានចាប់ពីពេលណាមក?

វាត្រូវបានសាងសង់ឡើងជាងពាក់កណ្តាលសតវត្សមកហើយ។ ស្ពាននេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ មុនសង្រ្គាមកម្ពុជាបានចាប់ផ្តើមឯណោះ។

កាលនោះ ពុំទាន់មានស្ពានណាមួយត្រូវបានសាងសង់ឆ្លងកាត់ទន្លេសាបនៅឡើយទេ​ ប្រជាជនទូទៅត្រូវជិះសាឡាង(ខ្លះទូក) ដើម្បីឆ្លងកាត់ទៅវិញទៅមក។ មានការចំណាយពេលចាំជាច្រើនម៉ោង ហើយដោយសារតែពុំអាចឆ្លងកាត់ទៅមកពីត្រើយម្ខាងទៅត្រើយម្ខាងទៀតបានងាយស្រួលនោះ វាបាននាំអោយមានផលលំបាកទាំងផ្នែកចរាចរណ៍និងផ្នែកសេដ្ឋកិច្ច ដែលជាឧបសគ្គមួយចំពោះការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។

 

 

នៅឆ្នាំ១៩៥៩ រដ្ឋាភិបាលកម្ពុជាបានបើកអោយមានការដេញថ្លៃ ការសាងសង់ស្ពាននេះជាអន្តរជាតិ។

 

មានពីរប្រទេស គឺប្រទេសបារាំង និងជប៉ុនបានចូលដេញថ្លៃនៅពេលនោះ។

គេបាននិយាយថា នាពេលនោះ មានមនុស្សជាច្រើនគិតថាប្រទេសបារាំងនឹងក្លាយជាអ្នកសាងសង់ស្ពាននេះ ព្រោះថាប្រទេសបារាំងមានប្រវត្តអាណានិគមយូរឆ្នាំលើប្រទេសកម្ពុជា ហើយមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានសាងសង់ឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបារាំងនៅក្នុងប្រទេសកម្ពុជា។

 

ក៏ប៉ុន្តែ នៅចុងបញ្ចប់ ដោយមានការសហការគ្នារវាងក្រុមហ៊ុនជប៉ុន និងរដ្ឋាភិបាលជប៉ុន ការសាងសង់ស្ពានបានសម្រេចឡើង នៅក្រោមថវិកាជាតិរបស់ប្រទេសកម្ពុជា ដោយប្រទេសជប៉ុនជាអ្នកផ្តល់ជំនួយបច្ចេកទេស ។ (ជប៉ុនបានផ្តល់ជំនួយមួយផ្នែកជាឧបករណ៍សំណង់ ដែលជាផ្នែកមួយនៃជំនួយឥតសំណងក្រោយសង្រ្គាម)

 

វាជាការភ្ញាក់ផ្អើលមួយ​ ដែលស្ពាននេះត្រូវបានគេហៅថា “ស្ពានជប៉ុន” តាំងពីពេលនោះមក។ ជាមួយនឹងការសាងសង់ស្ពាននេះ មានប្រជាជនកម្ពុជាជាច្រើនចងចាំឈ្មោះស្ពាននេះរហូតមក។

 

 

 

 

វាជាស្ពានឆ្លងកាត់ទន្លេសាបដំបូងដែលមានមនុស្សជាច្រើនទន្ទឹមរង់ចាំ។

គេបាននិយាយថា ស្ពាននេះបានបង្កភាពងាយស្រួលជាច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន ហើយការសាងសង់ដោយប្រទេសជប៉ុន ក៏ទទួលបានកេរ្តិ៍ឈ្មោះល្អពីសំណាកប្រជាជនខ្មែរផងដែរ។

 

ក៏ប៉ុន្តែ វាក៏ជារឿងគួរឲ្យសោកសៅមួយផងដែរ ដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមស៊ីវិល។

នៅឆ្នាំ១៩៧២ ស្ពាននេះត្រូវបានកាត់ផ្តាច់ដោយការបំផ្ទុះគ្រាប់បែក។

 

 

នៅក្រោមភ្លើងសង្រ្គាម ស្ពាននេះពុំត្រូវបានសាងសង់ឡើងវិញនោះទេ។

ក្រោយពីភ្លើងសង្រ្គាមបានបញ្ចប់ នៅក្នុងកិច្ចប្រជុំស្វែងរកសន្តិភាពនៅប្រទេសជប៉ុន អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ បានស្នើសុំប្រទេសជប៉ុនដំបូងបំផុតនូវ “ការជួសជុលស្ពានជប៉ុន”។

គេបាននិយាយថា ដោយព្រះអង្គបានយល់ឃើញថា “ដើម្បីបំភ្លេចនូវសង្រ្គាមដ៍ជូរចត់​ ហើយដើម្បីបង្កើតប្រទេសសារជាថ្មី​ ការជួលជុលស្ពានដែលជានិមិត្តរូបនៃការបំផ្លិចបំផ្លាញដោយសង្រ្គាមសារជាថ្មី ជាប្រការសំខាន់”។

(យោង: យល់ដឹងពីមួយ! គម្រោងJICA “ការជួសជុលទ្រង់ទ្រាយធំនូវស្ពានមិត្តភាពកម្ពុជាជប៉ុន”)

បន្ទាប់មក នៅឆ្នាំ១៩៩៤ ផ្នែកខូចខាតនៃស្ពាននេះត្រូវបានសាងសង់សារឡើងវិញ ដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ឈ្មោះថា “ស្ពានមិត្តភាពកម្ពុជា ជប៉ុន” នេះ ត្រូវបានឧទ្ទិសនាមដោយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម ស៊ីហនុ នៅពេលដែលស្ពាននេះត្រូវបានសាងសង់រួចរាល់សារឡើងវិញម្តងទៀត។

 

 

វាបានកន្លងផុតជាង២៥ឆ្នាំមកហើយ​ ទាំងទីក្រុងភ្នំពេញនិងប្រទេសកម្ពុជា មានការប្រែប្រួលជាច្រើន។ ស្ពានជប៉ុនជាស្ពានដ៏សំខាន់មួយសំរាប់តភ្ជាប់ទីក្រុងភ្នំពេញ និងតំបន់នានា។ ចំនួនចរាចរណ៍នៅពេលសាងសង់ដំបូង មិនអាចប្រៀបធៀបនឹងពេលសាងសង់សារជាថ្មីបានឡើយ។ ការបន្តប្រើប្រាស់លើសពីសមត្ថភាពស្ពានដើម អាចបង្ករឲ្យមានការគ្រោះថ្នាក់ចំពោះសុវត្ថិភាព។

ដោយសារវាជាស្ពានដែលសំខាន់ក្នុងការជួយសម្រួលនូវការធ្វើចរាចរនិងលំហូរទំនិញរបស់ប្រទេសកម្ពុជា ដែលកំពុងមានការរីកចំរើនសេដ្ឋកិច្ចខ្លាំងនេះ ការជួសជុលស្ពានទាំងមូលគឺជាប្រការចំបាច់។

ការសម្រេចចាប់ផ្តើមការជួសជុលទ្រង់ទ្រាយធំនេះ ដោយសារតែមានការសាងសង់ស្ពានទី២ដែលស្របនឹងស្ពានជប៉ុននេះ​ ដោយប្រាក់កម្ចីរបស់ប្រទេសចិននៅឆ្នាំ២០១៤។

តើបានជួលជុលកន្លែងណាខ្លះ?

ការជួលជុលទ្រង់ទ្រាយធំដោយជំនួយឥតសំណងរបស់ប្រទេសជប៉ុន បានចាប់ផ្តើមពីខែតុលា​ ឆ្នាំ២០១៧។

ចំនុចជួសជុលសំខាន់ៗគឺ

១ ការផ្លាស់ប្តូរផ្នែកគល់ស្ពាន

២ ការសាងសង់ឡើងវិញនៃការចាក់កៅស៊ូលើទ្រូងថ្នល់ និងលាបថ្នាំបង្កាន់ដៃស្ពានទាំងមូល។

 

 

ផ្នែកគល់ស្ពានមុនការជួលជុលផ្លាស់ប្តូរ ត្រូវបានប្រើប្រាស់ជាង៥០ឆ្នាំរហូតមកហើយ។

ចំណែកឯការលាបពណ៌បង្កាន់ដៃស្ពានវិញ គឺចំណាយពេលរហូតដល់ទៅ៨ខែ ដោយការកោសយកថ្នាំចាស់ចេញទាំងអស់ មុននឹងលាប។

ចំនុចដែលត្រូវចាប់អារម្មណ៍គឺ​ វិធីកោសថាំ្នចាស់នោះចេញ។ គេបានប្រើវិធីដែលគិតពីបរិស្ថាន​ដោយប្រើបច្ចេកវិទ្យាជប៉ុនមួយឈ្មោះថា “វិធីសាស្រ្តដុះខាត់អេកូប៉ៃតងបែបវិលជុំ​”។

បន្ទាប់ពីលាបពណ៌ហើយ ស្ពានជប៉ុនបានប្រែជាស្ពាន “ព៌ណខៀវ”វិញ។

 

ម្យ៉ាងទៀត ការចាក់កៅស៊ូទ្រូងផ្លូវស្ពានក៏ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាជប៉ុនផងដែរ។

គេក្រាលកៅស៊ូថ្នល់ SFRC នៅជាន់ទីពីរ ដោយមិនក្រាលកៅស៊ូថ្នល់ផ្ទាល់នៅលើបន្ទះដែកនោះទេ។ ការធ្វើបែបនេះ អាចជួយឲ្យមានការបែងចែកទំងន់នៅលើស្ពានទាំងមូល​ ដែលជួយឲ្យស្ពានធន់បានកាន់តែយូរ។

 

 

ដូចដែលអ្នកបានដឹងនៅពេលធ្វើដំណើរ មានជួរផ្លូវចំនួន៣នៅលើស្ពាន​ គឺជួរផ្លូវសំរាប់ឡាន ម៉ូតូ និងថ្មើរជើង។

 

រូបមើលពីចំហៀង
ប្រហែលជាមានអ្នកចាំនៅមុនការជួសជុលហើយដឹងដែរថា ការធ្វើជាថ្នាក់ជួរផ្លូវបែបនេះគឺមានតាំងពីការចាប់ផ្តើមសាងសង់ដំបូងមកម្លេះ។ និយាយបែបនេះគឺមានន័យថា ទម្រង់បន្ទះដែកដែលធ្វើឡើងនៅឆ្នាំ១៩៦៣ បានក្លាយជាផ្លូវ៣ ថ្នាក់បែបនេះ។ ប្រសិនបើគេក្រាលកៅស៊ូធ្វើអោយផ្នែកទាបរាបស្មើគ្នានោះ នឹងធ្វើអោយទម្ងន់សង្កត់លើស្ពានកាន់តែកើនឡើង ទើបវិធីសាស្រ្តនេះមិនត្រូវបានគេផ្លាស់ប្តូរនោះឡើយ។

នៅជួរផ្លូវដើរលើស្ពានក៏មានរូបម្តាយដឹកដៃកូនផងដែរ!

គម្រោងជួសជុលទ្រង់ទ្រាយធំនេះ​ បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៧ ហើយមានគម្រោងបញ្ចប់ដំបូងនៅខែមិថុនា ឆ្នាំ២០១៩ តែស្ពាននេះត្រូវបានសាងសង់រួចរាល់លឿនជាងគម្រោងរយៈពេល២ខែ។

 

មានវិស្វកករបច្ចេកទេសមកពីប្រទេសជប៉ុនចំនួន២៥នាក់ និងមានកម្មករកម្ពុជាចំនួនសរុប១៥០នាក់ បានធ្វើការងាររហួតដល់យប់ជ្រៅនៅលើស្ពាននេះ។ លោកនាយក Tsujimoto បានប្រាប់ពីមូលហេតុនោះថា “នេះដោយសារតែមានការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា”។

 

 

ជាចុងបញ្ចប់ មានកន្លែងមួយដែលមិនបានផ្លាស់ប្តួរហូតមកនៅលើស្ពានជប៉ុន ដែលសាងសង់ឡើងតាំងពីឆ្នាំ១៩៦៣ រហូតមកដល់បច្ចុប្បន្ននេះ។ នោះគឺផ្នែកគល់ស្ពានទាំងសងខាងដែលសាងសង់ឡើងតាំងពីដំបូង។

 

បើអ្នកពិនិត្យមើលនៅពេលធ្វើដំណើរលើស្ពាននេះ អ្នកនឹងមើលឃើញនិងដឹងពីផ្នែកភ្ជាប់នោះ។

នៅគល់ស្ពាន មានរូបសំណាកដែលឆ្លាក់តួអក្សរសរសេរផ្ទាល់ដោយព្រហ័សរបស់ព្រះបាទ នរោត្តម សីហនុ។

ស្ពានជ្រោយចង្វារ ជាស្ពានដែលត្រូវបានសាងសង់ឡើងដោយកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងជប៉ុនចំនួន៣លើករួចមកហើយ។

សូមអ្នកទាំងអស់គ្នាជួយថែរក្សានឹងប្រើប្រាស់ស្ពាននេះ ដែលជាស្ពានបង្កប់នូវអនុស្សាវរីយរបស់មនុស្សជាច្រើន។

(រូបភាពហាក់ដូចជាពិបាកមើលបន្តិច​ តែនៅរូបខាងក្រោមបង្អស់នេះ ជាចំណាររបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ)

(Photo&Text:Tanigaki Moe)
(Translation :Nop Visal)