គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាកសិកម្មកម្ពុជា
(ភាសាខ្មែរ) ស្វែងរកដំណោះស្រាយ  ចំពោះបញ្ហាកសិកម្មកម្ពុជា
2020.05.23

លោក KO Honam ជាតំណាងនៃក្រុមហ៊ុន JC បានធ្វើការទាក់ទងនឹងវិស័យកសិកម្មនៅកម្ពុជារយៈពេល ១២ ឆ្នាំមកហើយ។ លោកបាននិយាយថា៖    “លោកបានធ្វើដំណើរនិងប្រាស្រ័យទាក់ទងផ្ទាល់ទៅកាន់តំបន់កសិកម្មផ្សេងៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយមានការយល់ដឹងច្រើនពីបញ្ហានានា ទាក់ទងនឹងវិស័យកសិកម្ម”។ បន្ទាប់មក គាត់បានសម្រេចចិត្តធ្វើការពង្រីកនូវការងាររបស់ខ្លួន តាមរយៈការធ្វើសាជីវកម្មគំរូមួយ ដើម្បីដោះស្រាយបញ្ហាកសិកម្មកម្ពុជា។ តើគំរូសាជីវកម្មនោះជាអ្វីទៅ?

គំរូរបស់សមាគមកសិកម្មជប៉ុន

មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ចំពោះប្រទេសកសិកម្មដ៏ទៃទៀតក៏រមែងតែជួបប្រទះនូវបញ្ហា ជីវភាពរស់របស់កសិករដែរ។ មូលហេតុចម្បងមួយនោះ គឺដោយសារតែកសិកម្មជាជំនួញដែលមានរចនាសម្ព័ន្ធមាន “ប្រសិទ្ធភាពទុនមិនល្អ”។ នៅក្នុងរបរកសិកម្មជាទូទៅ ប្រជាកសិករត្រូវបោះទុនដើម្បីធ្វើការប្រមូលនូវសម្ភារៈ និង គ្រាប់ពូជដែលចាំបាច់ជាមុន ហើយត្រូវទិញឬជួលម៉ាស៊ីនធ្វើកសិកម្មដើម្បីភ្ជួររាស់ដីដាំដុះ ព្រមទាំងត្រូវការថវិកាទិញជីឬថ្នាំកសិកម្មក្នុងការថែរក្សាដំណាំក្នុងពេល ៣ ឬ ៤ខែ តាមកាលកំណត់ណាមួយរហូតដល់បានប្រមូលផលកសិកម្មនោះ។ ដូច្នេះ យើងសង្កេតឃើញថារហូតទទួលបានភោគផល កសិករត្រូវចំណាយកម្លាំងនិងធនធានច្រើនព្រមទាំងរយៈពេលយូរ ក៏ប៉ុន្តែនៅពេលដល់ប្រមូលផលនិងលក់បានចំណូលវិញ គឺត្រូវអាស្រ័យលើតម្លៃឡើងចុះនៅពេលលក់នោះទៀត ដែលធ្វើអោយកសិករពិតជាពិបាកក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនអោយមានតម្លៃថ្លៃនិងមានចំណូលថេរ។ជាពិសេស នៅប្រទេសកម្ពុជាដែលមានកសិករភាគច្រើនជាកសិករខ្នាតតូច ឃើញថារចនាសម្ព័ន្ធកសិកម្មមួយដែលមាន “ការចំណាយប្រាក់ទុនវិនិយោគដំបូងច្រើន តែត្រូវទទួលត្រឡប់មកវិញនូវប្រាក់ចំណូលមិនទៀងទាត់មួយនៅចុងបញ្ចប់”។ នេះគឺជាមូលហេតុដែលនាំអោយប្រជាកសិករពុំមានទុនគ្រប់គ្រាន់ មានភាពលំបាកជាមួយការប្រកបរបរកសិកម្ម។

ថ្វីត្បិតតែប្រទេសជប៉ុនជាប្រទេសមានការរីកចំរើន ហើយប្រជាជនមានជីវភាពធូធារក៏ពិតមែន តែកាលពី ៧០ឆ្នាំមុន នៅក្រោយសង្រ្គាមលោកលើកទី ២ ស្ថានភាពកសិកម្មនៅប្រទេសជប៉ុននាពេលនោះ គឺពិតជាស្រដៀងគ្នានឹងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ពេលនោះនៅប្រទេសជប៉ុនមានចំនួនកសិករច្រើនដែលមានដីស្រែចំការផ្ទាល់ខ្លួន ប៉ុន្តែពួកគាត់ធ្វើកសិកម្មខ្នាតតូចជាលក្ខណៈគ្រួសារហើយខ្វះខាតទុនក្នុងការធ្វើកសិកម្មនិងមានជីវភាពលំបាក ដោយសារប្រាក់កម្ចីសម្រាប់ធ្វើជាទុនកសិកម្មផងដែរ។ ស្ថិតនៅក្នុងស្ថានភាពលំបាកបែបនេះ សមាគមកសិកម្មជប៉ុនមានតួនាទីដ៏សំខាន់ក្នុងការជួយកសិករខ្នាតតូចដែលជួបនឹងបញ្ហាទាំងនោះ។ កសិករខ្នាតតូចដែលខ្វះទុនទាំងនោះ អាចជួលនូវឧបករណ៍និងសម្ភារៈធ្វើកសិកម្មដែលខ្លួនពុំមានលទ្ធភាពទិញមកប្រើប្រាស់ ហើយក្នុងករណីលំបាកខ្លះកសិករក៏មានលទ្ធភាពខ្ចីទុនពីសមាគម ហើយសមាគមក៏ធានានូវការទិញកសិផលពីកសិករក្នុងតម្លៃសមស្របនិងទៀងទាត់ផងដែរ។

ដោយសារមានសមាគមកសិកម្មជប៉ុន ទើបធ្វើអោយកសិករជប៉ុនមានទំនុកចិត្តក្នុងការប្រកបរបរកសិកម្មរបស់ខ្លួន ដែលនាំអោយវិស័យកសិកម្មជប៉ុនមានការរីកចំរើនច្រើននៅសម័យក្រោយសង្រ្គាម។ លោក Honam បានចាប់ប្រកបរបរកសិកម្មនៅកម្ពុជានាឆ្នាំ២០០៨។ លោកបានចាប់ផ្តើមការងារដាំដុះនៅលើផ្ទៃដីកសិកម្មដែលមានទំហំ ២៣០ ហិកតា និងបានលក់ ព្រមទាំងនាំចេញស្រូវអង្ករដំបូងកាលពី ៥ ឆ្នាំមុននៅក្នុងខេត្តបាត់ដំបង។ បន្ទាប់មក លោកបានធ្វើចំការដំណាំពោតបារាំងលើផ្ទៃដី ៣០ ហិកតានៅខេត្តប៉ៃលិន ដើម្បីនាំចេញទៅលក់នៅប្រទេសជប៉ុនផងដែរ។ ដោយមើលឃើញពីស្ថានភាព នៃវិស័យកសិកម្មខ្មែរបច្ចុប្បន្នស្រដៀងគ្នានឹងកសិកម្មជប៉ុនកាលពីមុន លោកបានចាប់ផ្តើមនូវការធ្វើអាជីវកម្មមួយដែលអាច “ផ្សព្វផ្សាយនូវគំរូសមាគមកសិកម្មជប៉ុននៅកម្ពុជា”និងមានក្តីរំពឹងថានឹង “ផ្តល់ជូនកសិករខ្មែរនូវបច្ចេកទេសកសិកម្មជប៉ុន” បានតាមរយៈអាជីវកម្មនេះ។

បច្ចុប្បន្ន លោកបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថាJC Agricultural Cooperatives Co., Ltd. (JCAC) ក្នុងគោលបំណង“ផ្ទេរនូវបច្ចេកទេសនិងសម្ភារៈកសិកម្មមួយចំនួនរបស់ជប៉ុនជូនកម្ពុជា” បន្ទាប់ពីលោកបានមើលឃើញអំពីការរីកចំរើននិងការប្រែប្រួលសង្គមមួយចំនួននៅកម្ពុជា។ ក្រុមហ៊ុនរបស់លោកកំពុងខិតខំប្រឹងប្រែងធ្វើអោយប្រសើឡើងនូវសមត្ថភាពកសិកម្មរបស់ប្រជាកសិករខ្មែរ តាមរយៈការដាក់លក់និងជួសជុលនូវគ្រឿងម៉ាស៊ីនកសិកម្មដូចជាម៉ាស៊ីនត្រាក់ទ័រ និងផ្គត់ផ្គង់នូវម៉ាស៊ីនដ្រូនជប៉ុន (Smart Agri Solution) ដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ប្រើប្រាស់ក្នុងកសិកម្មជាដើម។ ក្រុមហ៊ុនកំពុងធ្វើការលើកកម្ពស់នូវផលិតកម្មកសិកម្ម និងប្រសិទ្ធភាពនៃវិស័យកសិកម្មកម្ពុជា ដោយការផ្គត់ផ្គង់នូវបច្ចេកទេសជាប្រពៃណី   និងបច្ចេកវិទ្យាឈានមុខថ្មីៗរបស់ជប៉ុន។ យ៉ាងណាមិញ ក្រុមហ៊ុនសម្រេចបាននូវការផ្តល់ជូនដល់កសិករខ្មែរនូវ “ជំនួយផ្នែកទុនដល់កសិករ” តាមគំរូនៃសមាគមកសិកម្មជប៉ុន តាមរយៈអង្គភាពផ្តល់ហិរញ្ញប្បទានឈ្មោះថា “JC Finance Plc.” ដែលបានបង្កើតឡើងដោយកិច្ចសហការរួមនៃសហគ្រិននិងអ្នកវិនិយោគជប៉ុននៅកម្ពុជា។ JC Finance Plc. មានអាជ្ញាបណ្ណធ្វើអាជីវកម្មស្របច្បាប់ផ្នែកមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងផ្តល់នូវហិរញ្ញប្បទានជាពិសេសដល់កសិករខ្មែរ សម្រាប់ទិញម៉ាស៊ីននិងសម្ភារៈកសិកម្ម  ដែលមានតម្លៃខ្ពស់ដូចជាម៉ាស៊ីនត្រាក់ទ័រនិងម៉ាស៊ីនច្រូតកាត់ជាដើម។

បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបានមួយផ្នែកនៃការផ្ទេរនូវប្រព័ន្ធមួយចំនួនរបស់សមាគមកសិកម្មជប៉ុនល្អៗ តាមរយៈការផ្គត់ផ្គង់នូវផ្នែកសម្ភារៈដូចជា “ម៉ាស៊ីននិងបច្ចេកទេសក៏ដូចជាសម្ភារៈ” និងផ្នែកចំណេះដឹង។ នៅថ្ងៃអនាគត ក្រុមហ៊ុននឹងធ្វើអោយសម្រេចបាននូវតួនាទីមួយយ៉ាងសំខាន់ដូចសមាគមកសិកម្មជប៉ុន ក្នុងការ “ទិញកសិផលពីកសិករដោយតម្លៃសមរម្យនិងទៀងទាត់”។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 39】





この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer