ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន-កម្ពុជា!
សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
FONKi (អាយុ ៣១ ឆ្នាំ) ជាសិល្បករគំនូរលើជញ្ជាំងតាមដងផ្លូវ ម្នាក់ដែលបានកើតនៅប្រទេសបារាំង ប៉ុន្តែធំធាត់ និងទទួលការអប់រំនៅប្រទេសកាណាដា។
យើងបានសាកសួរលោកខ្លះៗ អំពីការចាប់ផ្តើមដំបូងនូវអាជីពសិល្បៈរបស់លោក និងដំណើរការមួយចំនួនអំពីកិច្ចសហប្រតិបត្តិការជាមួយសិល្បករជប៉ុន នៅក្នុងកម្មវិធីសប្តាហ៍គីហ្សូណាជប៉ុន កម្ពុជា ដែលបានប្រព្រឹត្តឡើងកន្លងទៅថ្មីៗនេះ។
រឿងរ៉ាវផ្ទាល់ខ្លួន និងការងារបច្ចុប្បន្ន
លោក FONKi បានកើតនៅឆ្នាំ១៩៩០។ ដោយសារសង្គ្រាមស៊ីវិល បានបង្ខំឱ្យឪពុកម្តាយរបស់លោកសម្រេចចិត្តធ្វើចំណាកស្រុកពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំង។ បច្ចុប្បន្ន លោកគឺជាវិចិត្រករម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ។
នៅអាយុ ៤ ឆ្នាំ លោក FONKi បានផ្លាស់ទៅរស់នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ជាទីក្រុងដែលលោកបានធំធាត់ និងសិក្សាអំពីវប្បធម៌ផ្សេងៗ ពីជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍នានារស់នៅទីនោះ។ នៅសាកលវិទ្យាល័យ លោកបានសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីចំណេះដឹង វប្បធម៌ ប្រវត្តិសាស្រ្តទូទៅ រួមផ្សំនឹងប្រវត្តិផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ដែលជម្រុញឱ្យរូបលោកជ្រើសរើសយកជំនាញក្នុងវិស័យខ្សែភាពយន្ត និងរូបភាព។ ជាមួយគ្នានេះដែរ លោកក៏បានចាប់អារម្មណ៍លើសិល្បៈតាមដងផ្លូវផងដែរ និងក្រោយមកបានចាប់ផ្តើមគូររូបដោយខ្លួនឯង។ តែទោះជាយ៉ាងនោះក្តី សហគមន៍ខ្មែរក្នុងស្រុក គឺជាចំណុចចាប់ផ្តើមនៃការងារសិល្បៈរបស់លោក។
ចាប់ពីឆ្នាំ២០១២មក តាមរយៈការសម្ភាសន៍ថតជាឯកសារ និងការស្នើសុំជារូបគំនូររបស់ខ្លួនផង រូបលោកបានចាប់ផ្តើមធ្វើដំណើរទៅមកប្រទេសកម្ពុជាមួយរយៈ បន្ទាប់មក នៅឆ្នាំ២០១៧ លោកក៏បានសម្រចចិត្តផ្លាស់មករស់នៅបំពេញការងារនៅក្រុងភ្នំពេញរហូតមក។
គំនូរគឺជាសិល្បៈនៃការផ្ចង់អារម្មណ៍
ស្នាដៃសិល្បៈរបស់លោកភាគច្រើន គឺជារូបចម្លាក់លោត និងចម្លាក់ថ្មលិប ដែលយកគំរូតាមចម្លាក់នានានៅក្នុងប្រាង្គប្រាសាទតំបន់អង្គរ។
ក្នុងវ័យអាយុ ២០ ឆ្នាំ លោកបានមកលេងប្រទេសកម្ពុជាជាញឹកញាប់ ហើយបានជួប និងធ្វើការសាកសួរមនុស្សជាច្រើនរស់នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ តាមរយៈការសាកសួរ និងស្តាប់រឿងរ៉ាវនានារបស់បងប្អូនប្រជាជន ដែលរស់នៅតាមទីជនបទទាំងនោះ លោកបានស្វែងយល់កាន់តែច្រើនអំពីប្រវត្តិសាស្រ្តដ៏សោកសៅផ្សេងៗ ដែលបានកើតឡើងកន្លងមក នៅតាមតំបន់ទាំងនោះ។ ដូច្នេះរាល់ពេលលោកគូរគំនូរម្តងៗ មនោសញ្ចេតនាដ៏វិលវល់ រួមនឹងការរំជួលចិត្តនានា បានស្តែងចេញតាមរយៈរូបគំនូរទាំងនោះ។
ក្នុងអំឡុងពេលដែលរូបលោកបានធ្វើការស្វែងយល់ពីឬសគល់របស់ខ្លួន លោកបានអានសៀវភៅជាច្រើនអំពីកម្ពុជា និងបានទៅទស្សនា រូបចម្លាក់នានានៅក្នុងប្រាង្គប្រាសាទ ក្នុងប្រទេសកម្ពុជា ដែលបានកសាងឡើងដោយស្នាដៃបុព្វបុរសខ្មែរ។
លោកបានថ្លែងប្រាប់ដូច្នេះថា៖ “ការគូរគំនូរគឺដូចជាការផ្ចង់អារម្មណ៍ចម្អិនម្ហូបអីចឹង”។ ក្នុងន័យនេះ ប្រៀបធៀបនឹងពេលដែលលោកបានរស់នៅប្រទេសកាណាដា គឺលោកពុំបានយល់នូវអារម្មណ៍ និងរឿងរ៉ាវនានាដែលលោកបានដឹងឮដូចថ្មីៗនេះក្រោយមកកម្ពុជានោះទេ ដូច្នេះលោកពុំអាចប្រើនូវចំណេះដឹង និងបទពិសោធន៍ទទួលបានថ្មីៗទាំងនោះ ធ្វើជាវត្ថុធាតុដើម និងកំណត់រសជាតិ ដោយប្រើវាជាគ្រឿងទេសដូចពេលអ្នកចម្អិនម្ហូបអាហារ តាមរយៈការធ្វើឱ្យលេចឡើងនៅលើផ្ទាំងក្រណាត់គំនូរបានឡើយ។ គាត់ក៏បានថ្លែងដូច្នេះថា៖ “ខ្ញុំគូរនូវអ្វីដែលខ្ញុំចង់គូរទៅតាមអារម្មណ៍របស់ខ្ញុំផ្ទាល់ ជាជាងប្រើការគិតនៅក្នុងក្បាលរបស់ខ្លួននូវអ្វីដែលត្រូវគូរ” ។ រាល់គំនូរដែលលោកគូរ គឺតែងតែបង្កប់នូវសារអ្វីមួយពីអារម្មណ៍របស់លោក។
ចំណង់ចំណូលចិត្តលើសិល្បៈគំនូរតាមដងផ្លូវ
ក្រឡេកទៅមើលរាល់គំនូរលើផ្ទាំងជញ្ជាំងនៅតាមដីឡូតិ៍ទំនេរៗ តាមដងផ្លូវ នៅតាមតំបន់ដែលលោកបានគូរ គឺមានប្រជាជនជាច្រើនគាំទ្រ និងរីករាយជាមួយផ្ទាំងគំនូរទាំងនោះ។ “មានមនុស្សជាច្រើនចាប់អារម្មណ៍លើការគូរគំនូរលើជញ្ជាំង នៅពេលពួកគាត់បានឃើញវាជាលើកដំបូង។ នៅពេលខ្ញុំកំពុងគូរម្តងៗ មានមនុស្សនៅតាមឈរមើលដោយទឹកមុខឆ្ងល់ថា តើខ្ញុំនេះកំពុងគូរអ្វី? ហើយមានអ្នកខ្លះបានមកជួយយកអាសារផ្សេងៗ និងខ្លះទៀតមកជជែកលេងនៅពេលឈប់សម្រាកជាដើម”។
ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យសាងសង់សំណង់ថ្មីៗ ហើយការវាយកម្ទេចចោលនូវសំណង់ចាស់ៗក៏ឃើញមានច្រើនដែរ។ គំនូរតាមជញ្ជាំងភាគច្រើនដែលលោក FONKi បានគូរ គឺត្រូវគេវាយចោលផងដែរ។ ទោះជាយ៉ាងនេះក្តី លោកបានថ្លែងថា៖ “សិល្បៈតាមដងផ្លូវគឺជាអ្វីដែលឆ្លុះបញ្ចាំងពីបរិយាកាស និងសម័យកាលនៃសង្គមមួយ ដូច្នេះទីកន្លែង និងការចងចាំរាល់មនុស្សដែលខ្ញុំបានជួប គឺតែងតែនៅដក់ក្នុងដួងចិត្តរបស់ខ្ញុំជានិច្ច”។
រលកនៃការរស់ឡើងវិញនៃសិល្បៈ
លោក FONKi បានសម្តែងការយល់ឃើញពីស្ថានភាពនៅប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះថា “វានឹងនាំឱ្យសិល្បៈខ្មែររស់ឡើងវិញ”។ នៅពេលធ្វើការជាមួយសិល្បករក្នុងស្រុកវ័យក្មេងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ធ្វើឱ្យគាត់មានអារម្មណ៍រំភើប និងរីករាយចំពោះ “ភាពស្ងៀមស្ងាត់ប្រកបដោយថាមពល” របស់យុវជនវ័យក្មេងទាំងនោះ ដែលនាំឱ្យលោកគិតថា វាជាសញ្ញាមួយនៃការផ្តើមរស់ឡើងវិញនៃសិល្បៈខ្មែរ។ លោកបានមានប្រសាសន៍ថា៖ “ស្ថានភាពនេះបង្ហាញពីរបត់វិជ្ជមានថ្មីមួយសម្រាប់សិល្បៈក្នុងសង្គមងខ្មែរបច្ចុប្បន្ន”។ ទោះមានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសដោយសារជម្ងឺឆ្លងកូវីដ១៩នេះក៏ដោយ ក៏មានវិចិត្រករជាច្រើនប្រមូលផ្តុំគ្នាក្នុងរាជធានីភ្នំពេញ ដែលអាចនឹងជម្រុញពួកគេឱ្យសហការសម្រាប់ស្នាដៃថ្មីៗបន្តទៀត។
វិចិត្រសាល FT Gallery និងមជ្ឈមណ្ឌលអាស៊ីនៃមូនិធិជប៉ុន
ផ្ទាំងគំនូរអនុស្សាវរីយ៍នៃកម្មវិធី “សប្តាហ៍គីហ្សូណាជប៉ុន កម្ពុជា”
ជាផ្នែកមួយនៃការប្រារព្ធកម្មវិធី “សប្តាហ៍គីហ្សូណាជប៉ុន កម្ពុជា” ប្រារព្ធឡើងដោយមជ្ឈមណ្ឌលអាស៊ីនៃមូនិធិជប៉ុន នៅខែកុម្ភៈកន្លងទៅនេះ ផ្ទាំងគំនូររំលឹកខួបអនុស្សាវរីយនៃកិច្ចសហប្រតិបត្តិការជាមួយ វិចិត្រសាល FT ត្រូវបានបង្កើតឡើង។
សូមប្រាប់យើងខ្ញុំបានទេថាតើវាជាស្នាដៃសិល្បៈអ្វី?
នេះជាស្នាដៃសិល្បៈថ្មីមួយ មិនធ្លាប់ឃើញមានពីមុនមក ដែលបានប្រើបច្ចេកវិទ្យា AR (Augmented Reality) ដោយសហការជាមួយសិល្បករ ៣រូប។
នៅពេលខ្ញុំមើលរូបភាពដែលខ្ញុំបានគូរនៅលើជញ្ជាំងក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីកាមេរ៉ានៅលើស្មាតហ្វូនរបស់ខ្ញុំ រូបភាពនេះមានចលនានៅលើអេក្រង់ ដោយភ្ជាប់ជាមួយរូបភាពជាក់ស្តែង ហើយរូបភាពដែលគូរដោយ TWOONE (លោក Hiroyasu Tsuri) ដែលរស់នៅប្រទេសអូស្ត្រាលី ក៏មានចលនាដែរ ដូច្នេះស្នាដៃសិល្បៈនេះកើតឡើងដោយការមើលលើអេក្រង់ទូរស័ព្ទរបស់អ្នកមើលនីមួយៗ។ ការបង្កើតតម្រងដោយប្រើបច្ចេកវិទ្យា AR គឺបង្កើតឡើងដោយ Kenxxxooo (លោក Kenichiro Takamatsu) នៅប្រទេសជប៉ុន។
តើលោក FONKi បានស្នើឱ្យមានការសហការជាមួយសិល្បករជប៉ុនឬ?
យោងទៅលើអន្ថន័យនៃពាក្យ “គីហ្សូណា” ដែលមានន័យថា មិត្តភាព ដែលពន្យល់ដោយមូលនិធិជប៉ុន ទើបធ្វើឱ្យខ្ញុំនឹកឃើញនូវគំនិតនេះឡើង ដោយការសហការជាមួយវិចិត្រករជនជាតិជប៉ុន។ ប៉ុន្តែ ទោះវាពិបាកក្នុងការជួបនិងសហការគ្នាដោយផ្ទាល់ក្នុងស្ថានភាពរឹតបន្តឹងដោយសារជម្ងឺកូវីដ១៩ នេះក្តី នៅពេលខ្ញុំបានសម្រេចធ្វើការពិគ្រោះយោបល់ជាមួយគាត់ ស្រាប់តែគំនិតនេះបានលេចចេញជារូបរាងមកយ៉ាងឆាប់រហ័ស។
តើគំនូររូបភាពនោះគឺបង្ហាញពីអ្វី?
គំនូររូបសត្វតោសើចគឺសំខាន់ជាងគេ។ ទាំងរូបសត្វតោ និងស្នាមញញឹមគឺទាក់ទងនឹងប្រទេសកម្ពុជា ហើយតោគឺជាសត្វដែលមនុស្សគ្រប់គ្នាស្គាល់ជាទូទៅ ហើយស្នាមញញឹមក៏មានលក្ខណៈជាសកលសម្រាប់មនុស្សគ្រប់គ្នាផងដែរ ដូច្នេះយើងខ្ញុំគិតថារឿងទាំងពីរនេះ គឺជារឿងទូទៅមួយសម្រាប់ប្រជាជននៃប្រទេសទាំងពីរស្គាល់។
ដូចការស្រមើស្រមៃ និងថាមពលដែលមានពាសពេញនៅក្នុងខួរក្បាលរបស់យើងម្នាក់ៗដែរ ខាងលើនៃផ្នែកក្បាល គឺមានជាពណ៌ផ្សេងៗគ្នា ហើយនៅពេលយើងដាក់តម្រងមើលទៅ គឺមានឃើញជារូបផ្កាដែលគូរដោយ TWOONE រីកស្គុះស្គាយនៅក្នុងផ្នែកក្បាលនោះ ហើយនៅជុំវិញនោះ គេអាចមើលឃើញមានសត្វស្លាបហោះហើរដោយសេរី។ ក្នុងការគូររូបចម្លាក់ថ្មដែលមានពណ៌ផ្កាឈូកបែបនោះ គឺវាហាក់ដូចជាចម្លែកសម្រាប់ខ្ញុំ ក៏ប៉ុន្តែដោយយល់ឃើញថាសម័យបច្ចុប្បន្ន មានការធ្លាក់ចុះនូវភាពរាក់ទាក់ និងភាពកក់ក្តៅ ក៏ដូចជាសេចក្តីស្រឡាញ់ផងនោះ ទើបយើងសម្រេចចិត្តយកវា ដើម្បីឱ្យអ្នកមើលបានឃើញទិដ្ឋភាពនោះក្នុងស្នាដៃសិល្បៈរបស់យើងនេះ។
តើមានប្រតិកម្មយ៉ាងណាដែរពីអ្នកទស្សនា?
ដោយសារវាជាផ្ទាំងគំនូរដំបូងបង្អស់ដែលប្រើបច្ចេកវិទ្យា AR នៅកម្ពុជា ដូច្នេះវាពិតជារឿងល្អ ដែលយើងបានឃើញមានប្រតិកម្មគួរឱ្យភ្ញាក់ផ្អើលជាច្រើនពីអ្នកទស្សនា។ នេះគឺជាប្រតិកម្មពីការមើលស្នាដៃសិល្បៈតាមបែបឌីជីថលក៏ពិតមែន មានមនុស្សជាច្រើនក៏បានចូលមើល និងរីករាយកម្សាន្តជាមួយការមើលស្នាដៃនោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម SNS ផងដែរ។ ដូច្នេះខ្ញុំគិតថាតម្រងសម្រាប់មើលស្នាដៃសិល្បៈនេះ បានតភ្ជាប់សិល្បករខ្មែរ និងជប៉ុន ហើយវាជាស្នាដៃដែលបានបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈប្រព័ន្ធអ៊ិនធឺរណែតផងដែរ។
តើលោកយល់ឃើញដូចម្តេចចំពោះការសហការដំបូងនេះ?
នេះគឺជាគម្រោងដំបូងរបស់ខ្ញុំជាមួយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ប៉ុន្តែតាមរយៈគម្រោងនេះខ្ញុំយល់ថា វានឹងនាំឱ្យមានសក្តានុពលសម្រាប់ការច្នៃប្រឌិត ដែលខ្ញុំអាចសហការពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាឌីជីថលដូចជា AR នេះជាដើម។ ដូចគ្នានេះផងដែរ តាមរយៈ TWOONE ខ្ញុំបានអនុវត្តវិធីគូរគំនូរមួយនេះឡើង ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុន ដូច្នេះវាបានជួយបន្ថែមរសជាតិថ្មីមួយបន្ថែមទៀតទៅក្នុងផ្ទាំងគំនូរ (ម្ហូប) របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាស្នាដៃសិល្បៈរបស់ខ្ញុំនឹងត្រូវបានមើលច្រើនថែមទៀតពីពិភពលោកខាងក្រៅ។
នៅក្រោយការសម្ភាសន៍អ្នកម៉ៅការជួសជុលអគារបានច្រឡំលាបពណ៌សលើផ្ទាំងគំនូរអនុស្សាវរីយ៍នោះ។ វាពិតជារឿងមួយដ៏គួរឱ្យសោកស្តាយ និងនឹកស្មានពុំដល់។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាសង្ឍឹមថា ស្នាមញញឹមរបស់សត្វតោ ដែលបាត់បង់នោះច្បាស់ជានឹងត្រឡប់មកវិញជាមិនខាន។ ហើយចំណងមិត្តភាព និងស្នាមញញឹមនោះ នឹងនៅជាប់នៅក្នុងដួងចិត្តពលរដ្ឋនៃប្រទេសទាំងពីរជារៀងរហូត។
(របៀបប្រើតម្រងមើលរូបភាព)
១៖ អានលេខកូដ QR នៅលើក្តារព័ត៌មាននៅជាប់នឹងរូប
២៖ ជ្រើសរើសយកកម្មវិធីត្រូវគ្នាមកប្រើដើម្បីមើល
* កម្មវិធី Facebook ឬ Instagram គឺចាំបាច់។
FT gallery
ស្ថិតនៅក្នុង Factory Phnom Penh ដែលជាក្រុមហ៊ុនបង្កើតស្នាដៃសិល្បៈសម័យ និងមានផ្ទាំងគំនូរលើជញ្ជាំង ឬផ្ទាំងគំនូរលើដងផ្លូវ។ បង្កើតឡើងដោយលោក FONKi និងការសហការពីវិចិត្រករវ័យក្មេង។
Add: #1159, National Rd.2, Mean Chey, Phnom Penh
Facebook Page: @FTGalleryPhnomPenh
TEL: 092-741-513 ។
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 45】
この記事が気に入ったら
いいね!しよう
We will send you the latest information
ទស្សនៈរបស់ផលិតករភាពយន្តវ័យក្មេងចំពោះវិស័យភាពយន្តខ្មែរបច្ចុប្បន្ន
2022.03.22 Japan Foundation Collaboration未分類
ខ្ញុំចង់ឃើញកីឡាករបាល់ទាត់យុវជនខ្មែរពង្រីកនូវសមត្ថភាព និងលទ្ធភាពរបស់ខ្លួនតាមរយៈការប្រើប្រាស់ភាសាជប៉ុន នាពេលអនាគត
2022.01.24 Japan Foundation Collaboration
សិល្បករខ្មែរក្នុងពិភពរបាំសហសម័យ
2021.11.23 Japan Foundation Collaboration
“ខ្សែបន្ទាត់កំណត់ព្រំដែន” ~ ដោយសិល្បករសហសម័យ លោក លីម សុខចាន់លីណា ~
2021.09.20 Japan Foundation Collaboration
ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន-កម្ពុជា!
2021.07.31 Japan Foundation CollaborationNyoNyum Khmer
(ភាសាខ្មែរ) ឥទ្ធិពលភាសាអង់គ្លេសលើសំណេរភាសាខ្មែរបច្ចុប្បន្ន
2021.05.28 ColumnNyoNyum Khmertrend&cultureBusiness
(ភាសាខ្មែរ) ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន – កម្ពុជា! ~ការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការរវាងមូលនីធិជប៉ុន×ញញឹមខ្មែរ~
2020.11.17 CultureJapan Foundation Collaboration
(ភាសាខ្មែរ) ការរៀបចំសក់ដោយខ្លួនឯងសម្រាប់នារីការិល័យ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីកាត់ រឺដក ចិញ្ចើមបែបជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ម្ជុលវិទ្យាសាស្ត្រ និងការដុត (Acupuncture) (Moxibustion) 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលដែលងាយនឹងមានកំហុស 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) លំហាត់ប្រាណសាច់ដុំ 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ការព្យាបាលរន្ធឬសធ្មេញ តើអ្វីទៅជាការព្យាបាលរន្ធឬសធ្មេញ? 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) ឥរិយាបថក្នុងការទទួលទានអាហាររបស់ជនជាតិជប៉ុន 【life style】
2020.01.02 Life Style
(ភាសាខ្មែរ) វិធីសា្រស្តធ្វើឲ្យកូនតូចទៅសាលារៀនដោយសប្បាយរីករាយ 【life style】
2020.01.02 Life Style
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics