ខ្ញុំបាទឈ្មោះ ឈឺន ឈន់ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រផ្នែកភាសាវិទ្យានៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងអំឡុងពេលហាត់ការងារនៅក្នុងក្រុមហ៊ុនបោះពុម្ពផ្សាយទស្សនាវដ្តីញញឹមរយៈពេលកន្លងមកនេះ ខ្ញុំបានរៀន និងស្វែងយល់អំពីការងារថ្មីៗទាក់ទងនឹងដំណើរការចុះផ្សាយរបស់ទស្សនាវដ្តីនេះ។ នៅក្នុងការងារកំណែអក្ខរាវិរុទ្ធ និងកែអត្ថបទបកប្រែមួយចំនួននៅទីនេះ បានជួយផ្ដល់ចំណេះដឹងអំពីសំណេរអត្ថបទភាសាខ្មែរ និងបានជួយឱ្យខ្ញុំផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់ពាក្យពេចន៍ ឃ្លា និងប្រយោគភាសាខ្មែរបន្ថែមទៀត។
ឆ្លងកាត់បទពិសោធន៍ខាងលើ ខ្ញុំបាទសង្កេតឃើញថា ការប្រើប្រាស់ពាក្យពេចន៍ក្នុងរចនាសម្ព័ន្ធសំណង់ប្រយោគភាសាខ្មែរបច្ចុប្បន្ន ដែលមានដូចជាទម្រង់៖ «បានកំពុង ឬបាននឹងកំពុង» និង «ត្រូវបាន» ជាដើម ហាក់ដូចជាពេញនិយមនៅក្នុងសំណេរភាសាខ្មែរបច្ចុប្បន្ន។ ជាទូទៅ ទម្រង់ខាងលើនេះ គេប្រើច្រើននៅក្នុងសារព័ត៌មាន និងស្ថាប័នរដ្ឋមួយចំនួនផងដែរ។
តាមការសង្កេតរបស់ខ្ញុំ ឥទ្ធិពលនៃការប្រើប្រាស់សំណង់ល្បះ ឬសំណង់ប្រយោគខាងលើនេះ ទំនងជាទទួលឥទ្ធិពលមកពីទម្រង់វេយ្យករណ៍ និងកាលមួយចំនួនរបស់ភាសាអង់គ្លេស។ ជាក់ស្តែង ទម្រង់ Present Perfect Continuous Tense គេប្រើសម្រាប់បង្ហាញពីការប្រព្រឹត្តអ្វីមួយនៅក្នុងអតីតកាល ហើយវាបន្តមកដល់បច្ចុប្បន្ន។ ឧទារណ៍៖ I have been studying at my room since the morning. ឧទាហរណ៍នេះ ជាទូទៅគេប្រែមកជាខ្មែរថា៖ ខ្ញុំបានកំពុង ឬបាននឹងកំពុងរៀននៅក្នុងបន្ទប់របស់ខ្ញុំតាំងតែពីព្រឹក។ នេះគឺគេចង់មានន័យថា គេរៀនតាំងតែពីព្រឹក រហូតមកដល់ពេលគេកំពុងនិយាយប្រយោគនេះ ក៏គេនៅតែបន្តរៀនដដែល។
នៅក្នុងភាសាអង់គ្លេសមានទម្រង់កាលធំៗចំនួន ១២ ។ ទម្រង់ប្រយោគនីមួយៗ ព្រមទាំងកិរិយាស័ព្ទផងគឺមានការប្រែប្រួលទៅតាមកាលទាំងនោះ។ ជាក់ស្ដែកដូចជាទម្រង់របស់កាល Present Perfect Continuous Tense ដូចនិយាយខាងលើនេះគឺកំណត់ដោយទម្រង់៖ ប្រធាន + have/has + been + កិរិយាស័ព្ទ(ទម្រង់ ing) + កម្មបទ។ ទម្រង់កាលនេះ គឺគេប្រើសម្រាប់បញ្ជាក់ពីការធ្វើអ្វីមួយនៅក្នុងអតីតកាល ហើយសកម្មភាពនោះបន្តប្រព្រឹត្តិមកដល់បច្ចុប្បន្នកាល។ យ៉ាងណាមិញ នៅក្នុងវេយ្យករណ៍ភាសាខ្មែរយើងវិញ គឺពុំមានការបែងចែកកាលនោះទេ ហើយក៏គ្មានទម្រង់ដែលបញ្ជាក់ពីកាលដូចភាសាអង់គ្លេសនេះដែរ គឺមានតែន័យរបស់ពាក្យតែប៉ុណ្ណោះ ដែលអាចបញ្ជាក់ពីកាល។ ដូច្នេះចំពោះឧទាហរណ៍ខាងលើនេះ ជាភាសាខ្មែរយើងអាចនិយាយបានថា៖ ខ្ញុំបានរៀននៅក្នុងបន្ទប់របស់ខ្ញុំតាំងតែពីព្រឹករហូតមក។ ពាក្យ “រហូតមក” នៅទីនេះគឺអាចបញ្ជាក់ពីអត្ថន័យនៃទម្រង់កាលរបស់ភាសាអង់គ្លេសលើកឡើងខាងលើ។
និយាយអំពីកន្សោមពាក្យ «ត្រូវបាន» វិញម្ដង។ កន្សោមពាក្យនេះក៏ពេញនិយមផងដែរ នៅក្នុងសំណង់ល្បះភាសាខ្មែរ។ តាមពិតទៅ កន្សោមពាក្យ «ត្រូវបាន» ទើបតែមានវត្តមានក្នុងរចនាសម្ព័ន្ធសំណង់ល្បះខ្មែរ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទេ។ ពោលគឺទម្រង់នេះ មានវត្តមានក្នុងរចនាសម្ព័ន្ធល្បះខ្មែរនៅសម័យ អ៊ុន កាត់(១៩៩២-១៩៩៣)។ បើយើងក្រឡេកមើលទិដ្ឋភាពនៃការប្រើប្រាស់ពាក្យពេចន៍ក្នុងរចនាសម្ព័ន្ធល្បះខ្មែរ នៅក្នុងសារព័ត៌មានដូចជា ការចុះផ្សាយរបស់កាសែត នៅអំឡុងឆ្នាំ១៩៩៧០ -៧៣ យើងសង្កេតឃើញថាមិនមានវត្តមានកន្សោមពាក្យ «ត្រូវបាន» នេះប្រើក្នុងល្បះខ្មែរទេ។ នេះបើយោងតាម បណ្ដុំអត្ថបទដកស្រង់ចំនួន ២០០ របស់បណ្ឌិត ឌុក រ៉ាស៊ី ដែលបានដកស្រង់អត្ថបទនានាពីស្ថាប័នកាសែតសង្គ្រោះជាតិ កាសែតសង្គ្រោះខ្មែរ និងកាសែតខ្មែរឯករាជ្យ។ ថ្វីដ្បិតតែការប្រៀបធៀបនេះ មានគម្លាតឆ្នាំឆ្ងាយពីបច្ចុប្បន្ននេះបន្តិចក្តី ប៉ុន្តែវាក៏ជាទឡ្ហីករណ៍មួយដែលអាចបញ្ជាក់បានថាកន្សោមពាក្យ «ត្រូវបាន» នេះ មិនមានវត្តមាននៅក្នុងសំណង់ល្បះខ្មែរពីមុនមកឡើយ។
មែនទែនទៅកន្សោមពាក្យ «ត្រូវបាន» ពុំប្រើនៅក្នុងល្បះភាសាខ្មែរក៏បាន ព្រោះយើងសង្កេតឃើញថា ឃ្លា ឬប្រយោគដែលប្រើកន្សោមពាក្យ «ត្រូវបាន» នៅពេលដែលយើងដកកន្សោមពាក្យ «ត្រូវបាន» នេះចេញ ក៏នៅតែស្ដាប់ន័យបានដដែល។ ឧទារណ៍៖
- រោងភាពយន្តខ្មែរត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ → រោងភាពយន្តខ្មែរបានផ្អាកជាបណ្ដោះអាសន្ន។
- ខណៈរោងភាពយន្ដមួយចំនួនត្រូវបានបើកជាបន្តបន្ទាប់… → ខណៈរោងភាពយន្ដមួយចំនួនបានបើកជាបន្តបន្ទាប់…
ដូច្នេះ យោងតាមឧទាហរណ៍បានលើកឡើងខាងលើ ទោះយើងមិនប្រើកន្សោមពាក្យ «ត្រូវបាន» ក៏យើងនៅតែស្ដាប់យល់ន័យបានដដែល។
ការប្រើកន្សោមពាក្យ «ត្រូវបាន» នេះ ទំនងជាមានទំនោរមកពីសំណង់ល្បះភាសាអង់គ្លេសទម្រង់ល្បះកម្ម(Passive) ។ មានអត្ថបទសារព័ត៌មានមួយចំនួន បានបកប្រែអត្ថបទពីភាសាបរទេស ជាពិសេស គឺភាសាអង់គ្លេស។ ដូច្នេះទម្រង់នៃការប្រើកន្សោមពាក្យ «ត្រូវបាន» នេះ គេនិយមប្រើសម្រាប់ទម្រង់ល្បះកម្ម (Passive) ឱ្យស្របទៅនឹងភាសាអង់គ្លេសនោះ។ ទម្រង់នេះ ជាទូទៅគេស្គាល់ថាជាទម្រង់មួយដែលប្រធានទទួលរង់អំពើពីកម្មបទ ឬកម្មបទជាអ្នកធ្វើអំពើទៅលើប្រធាន។ ឧទាហរណ៍៖ Grass is eaten by cow. ប្រែថា៖ ស្មៅត្រូវបានស៊ីដោយសត្វគោ។ → ស្មៅត្រូវស៊ីដោយសត្វគោ។
តាមពិតទៅ ក្នុងភាសាខ្មែរមិនមានបច្ចេកសព្ទសម្រាប់សងទម្រង់Passiveនេះទេ ទើបខ្មែរបង្កើតបច្ចេកសព្ទមួយដែលយើងតែងតែហៅថា «ល្បះកម្ម»ដើម្បីសងពាក្យ Passiveនេះឯង។ យោងតាមសៀវភៅសំណង់ល្បះខ្មែរ ហាក់ សុកហ៊ី ចុះផ្សាយឆ្នាំ២០១២ ដោយវិទ្យាស្ថានជាតិអប់រំ ពន្យល់ថាល្បះកម្ម គឺជាល្បះដែលប្រធានទទួលរងអំពើពីកម្មបទ ។ប៉ុន្តែគ្រប់ឧទាហរណ៍ក្នុងសៀវភៅនោះ ពុំឃើញមានប្រើកន្សោមពាក្យ «ត្រូវបាន» នោះទេ។ ម៉្យាងទៀត បើទោះបីជាការពន្យល់របស់ លោក ហាក់ សុកហ៊ី មិនបានប្រាប់ថា ល្បះកម្ម មានប្រភពមកពីណាក៏ដោយ ក៏យើងនៅតែអាចសន្និដ្ឋានបានថាល្បះកម្មនេះរងឥទ្ធិពលពីភាសាបរទេស ដ្បិតពីមុនមកពុំឃើញមានទម្រង់នេះប្រើក្នុងភាសាខ្មែរឡើយ ហើយនៅក្នុងសៀវភៅវេយ្យករណ៍ភាសាខ្មែររបស់បណ្ឌិត ឃឹន សុខ បោះពុម្ភនៅឆ្នាំ២០០៧ ដោយរាជបណ្ឌិតសភាកម្ពុជា ក៏បានពន្យល់ដែរថា នៅក្នុងភាសាខ្មែរមានតែប្រភេទល្បះប្រធានជាអ្នកធ្វើអំពើតែប៉ុណ្ណោះ។
ជារួម ចំពោះការពន្យល់បកស្រាយខាងលើ ខ្ញុំមិនបានកំណត់ថា ការប្រើប្រាស់ទម្រង់ «បានកំពុង ឬបាននឹងកំពុង» និង «ត្រូវបាន» ជារឿងខុសនោះទេ ហើយខ្ញុំក៏គ្មានបំណង់បង្អាក់ភាសាជាតិមិនឱ្យអភិវឌ្ឍន៍នោះដែរ។ ប៉ុន្តែខ្ញុំចង់ឱ្យប្រិយមិត្តពិចារណាថា ការអភិវឌ្ឍ និងការចម្លងពីអ្នកដទៃ មកធ្វើជារបស់ថ្មីក្នុងបរិបទភាសាខ្លួនជារឿងដូចគ្នាដែរ ឬទេ?នេះគ្រាន់តែជាទឡ្ហីករណ៍តូចមួយ ក្នុងចំណោមទឡ្ហីករណ៍ផ្សេងទៀត ហើយវាក៏ជាការយល់ឃើញពីជ្រុងមួយនៃគំនិតខ្ញុំតែប៉ុណ្ណោះ។ ជាក់ស្ដែង ក្នុងវេយ្យករណ៍ភាសាខ្មែរពុំមានការបែងចែកទម្រង់កាលដូចភាសាអង់គ្លេសទេ ប៉ុន្តែមានពាក្យប្រើសម្រាប់កំណត់កាលទាំងនោះច្បាស់លាស់ រួមទាំងទម្រង់ល្បះកម្មក៏ពុំសូវឃើញគេប្រើនៅក្នុងភាសាខ្មែរសម័យមុនមកផង ដូច្នេះខ្ញុំគិតថាមិនគួរប្រើកន្សោមទាំងនេះមកជំនួយក្នុងល្បះខ្មែរឡើយ ព្រោះចៀសវៀងគេថាយើងយកគំរូតាមភាសាគេ។ និយាយឱ្យខ្លី ការនិយមសិក្សាភាសាបរទេសច្រើនជារឿងល្អ តែបើសិក្សារហូតភ្លេចពីភាសាកំណើតរបស់ខ្លួន រួមទាំងការព្រងើយកន្តើយមិនឱ្យតម្លៃលើភាសាជាតិខ្លួនផងនោះ អាចនាំឱ្យយើងបាត់បង់នូវអត្តសញ្ញាណដើមរបស់ភាសាខ្មែរបានដោយមិនដឹងខ្លួន៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 45】
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics