“ខ្ញុំចង់ឃើញវប្បធម៌ស្រឡាញ់សត្វចិញ្ចឹមនៅកម្ពុជាមានការរីកចម្រើន”
តើប្រិយមិត្តអ្នកអានមានសត្វចិញ្ចឹមក្នុងផ្ទះដែរ ឬទេ? ប្រសិនសត្វឆ្កែ ឬឆ្មារបស់លោកអ្នកមានជំងឺ ឬចង់ចាក់វ៉ាក់សាំងពួកវាឱ្យបានត្រឹមត្រូវ តើលោកអ្នកនឹងយកសត្វនោះទៅទីណា? នៅក្នុងទីក្រុងភ្នំពេញ មានមន្ទីរពេទ្យសត្វជប៉ុនមួយកន្លែង សម្រាប់ព្យាបាលជំងឺសត្វឆ្កែ និងឆ្មាគ្រប់ប្រភេទ រួមទាំងផ្តល់សេវាថែទាំនានា ពីក្រុមបសុពេទ្យជំនាញជាជនជាតិជប៉ុន ដែលមានបទពិសោធន៍ក្នុងការងារច្បាស់លាស់ជាច្រើនឆ្នាំ។ តើមន្ទីរពេទ្យសត្វជប៉ុននេះ មានបំណងចូលរួមផ្តល់សេវាថែទាំ និងព្យាបាល រួមទាំងអប់រំបណ្តុះបណ្តាលបុគ្គលិក និងម្ចាស់សត្វចិញ្ចឹមយ៉ាងដូចម្តេចខ្លះ? យើងខ្ញុំបានធ្វើបទសម្ភាសអ្នកគ្រប់គ្រងជនជាតិជប៉ុនឈ្មោះ លោក ឆីមូរ៉ា តូមូគិ (CHIMURA Tomoki, ៣៧ឆ្នាំ) និងបងស្រី គុយ ដានី (៣២ឆ្នាំ) អំពីការគ្រប់គ្រង និងបណ្តុះបណ្តាលបុគ្គលិកនៅមន្ទីរពេទ្យសត្វជប៉ុន Japan Animal Hospital (JAH) ដូចខាងក្រោម។
សូមលោកគ្រូជួយប្រាប់យើងខ្ញុំអំពីមូលហេតុនៃការបើកមន្ទីរពេទ្យ សត្វជប៉ុន (JAH)នេះឡើង។
មន្ទីរពេទ្យសត្វជប៉ុននេះ ត្រូវបានបើកដំណើរការដំបូងនៅខែឧសភា ឆ្នាំ២០១៩។ នៅពេលនោះយើងពុំទាន់មានឧបករណ៍សម្រាប់ព្យាបាលសត្វគ្រប់គ្រាន់ដូចបច្ចុប្បន្ននោះទេ។ មន្ទីរពេទ្យសត្វជប៉ុននេះ ត្រូវបានបង្កើតឡើងដោយលោកគ្រូពេទ្យ Kikuda ក្រោយពីគាត់បានចុះឈ្មោះ និងត្រូវបានទទួលស្គាល់ដោយក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទកម្ពុជា ក្រោមកិច្ចសហការពីអង្គការ JETRO ជាដើម។ ដំបូងឡើយ យើងខ្ញុំមានផលលំបាកច្រើនក្នុងការបើកដំណើរការ ព្រោះបើនិយាយពីការបើកដំណើរការ មន្ទីរព្យាបាលសត្វនៅជប៉ុនវិញ គឺថាមានក្រុមហ៊ុនលក់សម្ភារៈពាក់ព័ន្ធ នានាដូចជា៖ ផ្នែកពាក់ព័ន្ធនឹងថ្នាំព្យាបាល ឧបករណ៍វេជ្ជសាស្រ្តសម្រាប់ ព្យាបាល និងសម្លៀកបំពាក់ឈុតសម្រាប់គ្រូពេទ្យជាដើម មកណែនាំពីសេវាកម្ម និងផលិតផលពាក់ព័ន្ធទាំងនោះមកឱ្យយើង ដើម្បីជ្រើសរើសនូវសម្ភារៈ ឬផលិតផលអ្វីដែលយើងត្រូវការបានយ៉ាងងាយ។ ប៉ុន្តែនៅកម្ពុជាដោយសារពុំទាន់មានក្រុមហ៊ុនផ្គត់ផ្គង់ទាំងនោះគ្រប់គ្រាន់នៅឡើយវាពិតជាលំបាកក្នុងការស្វែងរកសម្ភារៈដែលចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យសត្វយើងនេះ។
តើមូលហេតុអ្វីនាំឱ្យលោកគ្រូ សម្រេចចិត្តចូលបម្រើការងារនៅ មន្ទីរពេទ្យសត្វជប៉ុននេះ?
តាមពិតទៅ រូបខ្ញុំមានក្តីស្រមៃចង់ក្លាយជាអ្នកជំនាញការអ្វីមួយបម្រើការនៅបរទេសតាំងពីនៅរៀនវិទ្យាល័យមកម្ល៉េះ។ ដូច្នេះ នៅសាកលវិទ្យាល័យ ខ្ញុំបានរើសយកជំនាញជាបសុពេទ្យដែលខ្ញុំចូលចិត្ត។ ក្រោយពីរៀនចប់នៅសាកលវិទ្យាល័យភ្លាម ខ្ញុំបានចូលធ្វើការងារស្ម័គ្រចិត្តនៅប្រទេសអែល សាល់វ៉ាឌ័រ ចំនួន ២ឆ្នាំ។ នៅទីនោះ ខ្ញុំបានជួបអ្នកជំនាញរបស់អង្គការ JICA ហើយបានរៀនការងារជំនាញឯកទេសមួយចំនួនពីគាត់។ បន្ទាប់មក ខ្ញុំបានបម្រើការងារជាបសុពេទ្យ និងបានធ្វើការទាក់ទងនឹងគ្លីនិកសត្វចំនួន ៧ឆ្នាំ ដោយក្នុងអំឡុងពេលនោះ ខ្ញុំបានធ្វើការស្រាវជ្រាវទីផ្សារនៅតាមបណ្តាប្រទេសនៅអាស៊ីមួយចំនួន។ ពេលគិតបើកដំណើរការគ្លីនិកដំបូង ខ្ញុំបានជួបលោកគ្រូ Kikuda ខណៈពេលដែលខ្ញុំកំពុងមានការព្រួយបារម្ភ ពីការទទួលបានប័ណ្ណអនុញ្ញាតិធ្វើអាជីវកម្ម និងការព្រួយបារម្ភពីការអាចធ្វើការចុះសម្រុង ឬមិនចុះសម្រុងជាដើមជាមួយបុគ្គលិកនៅក្រៅប្រទេស។ ដោយសារ លោកគ្រូ Kikuda ជាអ្នកគ្រប់គ្រងមន្ទីរពេទ្យសត្វនៅប្រទេសជប៉ុន ហើយគាត់ពុំអាចទៅបម្រើការងារផ្ទាល់នៅប្រទេសកម្ពុជាបាន ទើបខ្ញុំសុំគាត់មកធ្វើការនៅប្រទេសកម្ពុជាតែម្តងទៅ។
អំឡុងពេលនៅប្រទេស អែលសាល់វ៉ាឌ័រ តើលោកគ្រូបានសិក្សាអ្វីខ្លះពីអ្នកជំនាញរបស់ JICA?
អែលសាល់វ៉ាឌ័រ គឺជាប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមស៊ីវិល កាលពីប្រមាណ ៤០ឆ្នាំមុន។ កាលខ្ញុំទៅកាលពីប្រមាណ ២០ឆ្នាំមុន គឺប្រទេសនេះមានចំនួនប្រជាជនវ័យប្រហាក់ប្រហែលខ្ញុំច្រើន ដោយភាគច្រើនបំផុតនៃគ្រួសារនីមួយៗ គឺមានសមាជិកណាម្នាក់ស្លាប់បាត់បង់ជីវិត ឬមានពិការភាពដោយសារសង្គ្រាមស៊ីវិលនោះ។ ឯនៅទីក្រុងវិញ គឺមានក្រុមពួកបងធំពោល គឺជាប្រទេសក្រីក្របំផុតមួយ ដែលមានអសន្តិសុខខ្ពស់។ ទោះយ៉ាងនេះក្តីក៏មានអ្នកជំនាញជប៉ុនរបស់អង្គការ JICA ធ្វើការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសនេះដែរ។ គម្រោងស្រាវជ្រាវនោះ គឺផ្តោតលើឯកទេសចិញ្ចឹមគ្រំសមុទ្រ និងចូលរួមបណ្តុះបណ្តាលប្រជាជនរស់នៅក្នុងតំបន់នោះឱ្យចេះចិញ្ចឹមគ្រំសមុទ្រ និងចេះពីរបៀបថែទាំ រហូតដល់អាចលក់ទៅកាន់ទីផ្សារបានជាដើម។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងពីប្រទេសនេះ គឺការណ៍ដែលឃើញប្រជាជនក្នុងប្រទេសនេះ មានឆន្ទៈខ្ពស់ក្នុងការរៀននូវជំនាញអ្វីដែលថ្មីសម្រាប់ខ្លួន ហើយពួកគាត់រីករាយនឹងយកវាទៅប្រើ ប្រាស់ផ្ទាល់ ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទិដ្ឋភាពបែបនេះ បានជម្រុញឱ្យខ្ញុំមានគំនិតធ្វើអ្វីមួយឡើងដោយខ្លួនឯង។ ដូច្នេះ រឿងនោះបាននាំឱ្យខ្ញុំផ្តើមនូវក្តីស្រមៃ ចង់ក្លាយជាបសុពេទ្យ ហើយកម្ពុជាគឺជាប្រទេសដែលត្រូវនឹងលក្ខខណ្ឌ និងក្តីស្រមៃរបស់ខ្ញុំ។
តើលោកគ្រូយល់យ៉ាងណាចំពោះការបំពេញការងាររបស់បុគ្គលិកខ្មែរ?
មោទនភាពរបស់ខ្ញុំគឺបុគ្គលិកនៅគ្លីនិកនេះ។ ពួកគាត់អភិវឌ្ឍសមត្ថភាព របស់ខ្លួនបានប្រសើរឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន មានបុគ្គលិកខ្មែរចំនួន ៩នាក់ ហើយខ្ញុំគិតថាគ្លីនិកនេះគឺជាកន្លែងសម្រាប់ផ្តល់ឱកាសឱ្យពួកគាត់ បានអនុវត្តផ្ទាល់នូវអ្វីដែលខ្លួនបានរៀន និងមិនធ្លាប់រៀនពីមុនមក។ ប្រសិនពួកគាត់មានឯកទេស និងចំណេះដឹងច្បាស់លាស់អំពីសត្វចិញ្ចឹម ហើយចេះទំនាក់ទំនង និងធ្វើការពន្យល់បានត្រឹមត្រូវទៅកាន់ម្ចាស់សត្វចិញ្ចឹម ដែលបានមកគ្លីនិកយើង នោះនឹងនាំឱ្យភ្ញៀវកាន់តែមានការជឿទុកចិត្តទោះយើងស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩នេះក្តី។ ប្រសិនគាត់ ធ្វើដូច្នេះបាននោះគ្លីនិកទាំងមូលនឹងរីកចម្រើនជាមួយពួកគាត់ ហើយខ្ញុំ មានជំនឿថាអ្នកទាំងអស់គ្នានឹងមានការអភិវឌ្ឍអាជីព ហើយរស់នៅដោយខ្លួនឯងបាន។
តើបុគ្គលិកទាំង ៩ នាក់នោះជាមនុស្សបែបណា?
មានអ្នកបានរៀនចប់ផ្នែកបសុពេទ្យខ្លះ ហើយអ្នកខ្លះទៀតកំពុងរៀននៅសាកលវិទ្យាល័យផ្នែកបសុពេទ្យ។ នៅប្រទេសកម្ពុជា គឺពុំទាន់មានការប្រឡងជំនាញបសុពេទ្យថ្នាក់ជាតិនៅឡើយទេ ដូច្នេះ ខ្ញុំមានការបារម្ភចំពោះការព្យាបាលសត្វចិញ្ចឹម ដោយអ្នកពុំមានជំនាញច្បាស់លាស់ ខណៈកម្ពុជាកំពុងមានចំនួនអ្នកចិញ្ចឹមសត្វនៅផ្ទះកំពុងកើនឡើង។
តើបុគ្គលិកខ្មែរជាបសុពេទ្យនៅទីនេះធ្វើការងារដូចម្តេចខ្លះ?
ជាទូទៅ ពួកគាត់ធ្វើការពិនិត្យជំងឺទូទៅ ការប្រើថ្នាំសន្លប់ និងការវះកាត់ផងដែរ អាស្រ័យលើសមត្ថភាពរបស់គាត់រៀងៗខ្លួន។ ជាការពិតណាស់ ខ្ញុំមិនឱ្យគាត់ធ្វើភ្លាមៗបន្ទាប់ពីគាត់មកបម្រើការងារនៅទីនេះនោះទេ គឺខ្ញុំត្រូវបង្ហាត់គាត់បន្តិចម្តងៗ ដើម្បីផ្តល់ទំនុកចិត្តដល់ពួកគាត់។ ឥឡូវនេះ ខ្ញុំជឿជាក់លើពួកគាត់ចំពោះការព្យាបាលផ្សេងៗ។ ម៉្យាងវិញទៀត ក៏មានការបណ្តុះបណ្តាលជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងជំនាញ និងចំណេះដឹងរបស់ពួកគាត់ ដែលបុគ្គលិកគ្រប់គ្នាកំពុងខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់បំផុត។
តើលោកគ្រូគិតថាឥឡូវនេះនៅកម្ពុជាកំពុងមានការពេញនិយមខ្លាំងលើការចិញ្ចឹមសត្វតាមគេហដ្ឋានដែរ ឬទេ?
ខ្ញុំមើលឃើញដូច្នោះ។ ពីមុន គេទម្លាប់ចិញ្ចឹមសត្វឆ្កែនិងឆ្មាដោយគ្រាន់ តែផ្តល់ចំណីជាអាហារដែលនៅសេសសល់ពីមនុស្ស ហើយសម្រាប់តែយាមផ្ទះប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នមានអ្នកចិញ្ចឹមសត្វឆ្កែ និងឆ្មាដែលបាន មកគ្លីនិកយើង គឺពួកគាត់យកចិត្តទុកដាក់លើសត្វទាំងនោះ ដោយឱ្យវារស់នៅជាមួយគាត់នៅក្នុងផ្ទះ មានការកក់សាប៊ូឱ្យត្រឹមត្រូវ និងផ្តល់អាហារ ដែលមានជីវជាតិជាដើម ដើម្បីឱ្យពួកវារស់បានយូរ។ កាលពីមុន មានករណីជាច្រើន ដែលម្ចាស់សត្វចិញ្ចឹមយកឆ្កែ និងឆ្មារបស់ពួកគាត់មក ព្យាបាលយឺតពេល ហើយបានយំស្រែកនៅពេលឃើញសត្វនោះស្លាប់។ ទិដ្ឋភាពនេះ ពិតជាបង្ហាញឱ្យខ្ញុំបានឃើញយ៉ាងច្បាស់ពីការឱ្យតម្លៃសត្វចិញ្ចឹមទាំងនោះដូចជាសមាជិកម្នាក់នៅក្នុងគ្រួសារពួកគាត់។ នេះជាអ្វីដែលគ្លីនិកយើងខ្ញុំចង់ចូលរួមជួយដល់ម្ចាស់សត្វចិញ្ចឹមទាំងនោះ។ សត្វចិញ្ចឹមអាចធ្វើឱ្យមនុស្សសប្បាយចិត្ត។ ប្រសិនមនុស្សគ្រប់រូបចេះថែទាំ និងយល់ពីសត្វចិញ្ចឹម ពោលគឺ ចេះយល់ពីអ្នកដែលទន់ខ្សោយជាងខ្លួននោះ លើលោកយើងនេះ នឹងគ្មានសង្គ្រាមកើតឡើងឡើយ។ ខ្ញុំចង់ឱ្យបុគ្គលិកនៅទីនេះទាំងអស់រៀនសូត្រ និងយល់ដឹងពីរឿងទាំងនេះ គួបផ្សំនឹងការរីកចម្រើនរបស់ពួកគាត់។
តើអតិថិជនប្រភេទណាដែលមានចំនួនច្រើនជាងគេ? ហើយជំងឺអ្វីដែលជួបច្រើនជាងគេ?
គ្លីនិកយើងទទួលបានភ្ញៀវប្រមាណ ៦០% ជាជនជាតិខ្មែរ ហើយមាន ២០% ជាជនជាតិជប៉ុន និង ២០% ទៀតជាជនបរទេសពីប្រទេសដទៃទៀត។ ខ្ញុំសប្បាយចិត្តដែលឃើញមានចំនួនភ្ញៀវជនជាតិខ្មែរមានការកើនឡើង។ ចំពោះជំងឺវិញ ប្រភេទជំងឺឆ្លងដោយសារមេរោគ គឺមានចំនួនច្រើន។ នៅប្រទេសជប៉ុន ជំងឺបង្ករឡើងដោយមេរោគដូចជា៖ Parvovirus, Distemper virus និងជំងឺមានសត្វចៃ គឺពុំសូវមានទេព្រោះវាអាចការពារបានដោយការចាក់ វ៉ាក់សាំង និងប្រើថ្នាំបង្ការត្រឹម ត្រូវ។ ខ្ញុំគិតថានៅកម្ពុជា ម្ចាស់សត្វចិញ្ចឹមភាគច្រើននៅពុំទាន់ យល់ដឹងច្បាស់ពីគុណប្រយោជន៍ នៃការបង្ការជំងឺទុកជាមុននៅឡើយទេ។ ដូច្នេះ គ្លីនិកយើងខ្ញុំក៏មានបំណងផ្សព្វផ្សាយនូវ ចំណេះដឹង និងព័ត៌មានត្រឹមត្រូវទាំងអស់នោះទៅកាន់ម្ចាស់សត្វចិញ្ចឹមផងដែរ។
នៅថ្ងៃអនាគត តើលោកគ្រូមានទស្សនវិស័យដូចម្តេចទៀត?
គោលដៅចម្បងរបស់ខ្ញុំ គឺការប្រែក្លាយគ្លីនិកនេះឱ្យទៅជាស្ពានមេត្រីភាពរវាងប្រទេសជប៉ុន និងកម្ពុជា ក្នុងវិស័យបសុពេទ្យនេះ។ ខ្ញុំជឿជាក់ថា ខ្ញុំអាចចូលរួមចំណែកបានច្រើនពីប្រទេសជប៉ុន ដោយការផ្តល់ជូនកម្ពុជានូវកន្លែងសម្រាប់សិក្សាពីឯកទេស និងចំណេះដឹងពីប្រទេសជប៉ុន តាមរយៈបសុពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំនាញថែទាំសត្វចិញ្ចឹម រួមទាំងការស្រាវជ្រាវដើម្បីអភិវឌ្ឍផ្នែកបសុពេទ្យរបស់ប្រទេសទាំងពីរ។ គោលដៅមួយទៀតនោះ គឺការផ្តល់ជាជំនួយផ្នែកបណ្តុះបណ្តាលបសុពេទ្យខ្មែរ ឱ្យមានសមត្ថភាពព្យាបាលសត្វនៅកម្ពុជាត្រឹមត្រូវ តាមរយៈ គ្លីនិកនេះ។ ម្យ៉ាងទៀត ខ្ញុំគិតថា យើងអាចធ្វើគម្រោងកម្ចាត់ជំងឺឆ្កែឆ្កួត នៅកម្ពុជាបាន។ នៅប្រទេសជប៉ុន មានយុទ្ធនាការលុបបំបាត់ជំងឺឆ្កែឆ្កួត បានធើ្វឡើងនៅមុនសង្រ្គាមលោកលើកទី២ ហើយពេលនោះ អត្រាអ្នក ស្លាប់ដោយជំងឺឆ្កែឆ្កួត គឺមានស្ទើរនឹងសូន្យ។ ប៉ុន្តែគម្រោងនេះត្រូវបាន ផ្អាកនៅក្នុងសង្គ្រាមលោកលើកទី២ ហើយបានធ្វើឱ្យអត្រាជំងឺឆ្កែឆ្កួតកើន ឡើងជាលំដាប់ឡើងវិញ។ យ៉ាងណាមិញ នៅក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ ប្រទេសជប៉ុនបានបង្កើតច្បាប់គាំពារពីជំងឺឆ្កែឆ្កួត និងមានការផ្សព្វផ្សាយអំពីចំណេះដឹងពាក់ព័ន្ទនឹងជំងឺឆ្កែឆ្កួតនេះ ព្រមទាំងបានកំណត់នូវវិធានការចាក់វ៉ាក់សាំងការពារជាដើម ដែលនាំឱ្យបច្ចុប្បន្នគ្មាន ជំងឺឆ្កែឆ្កួតនៅប្រទេសជប៉ុនឡើយ។ ខ្ញុំពិតជាចង់ផ្សព្វផ្សាយនូវរឿងជោគជ័យនៅប្រទេសជប៉ុនមួយនេះ ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។
បសុពេទ្យបម្រើការនៅ JAH
កញ្ញា ដានី (៣២ឆ្នាំ) ជាអតីតនិស្សិត បញ្ចប់ការសិក្សាផ្នែកបសុពេទ្យ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បច្ចុប្បន្ន ជា បសុពេទ្យបម្រើការនៅមន្ទីរពេទ្យសត្វជប៉ុន (JAH)។ “ខ្ញុំពុំធ្លាប់គិតថា នឹងក្លាយខ្លួនជាបសុពេទ្យពីមុនមកទេ។ ក្រោយពីបានរៀនចប់វិទ្យាល័យ ខ្ញុំបានចាប់យកវិជ្ជាសិក្សាពីជំនាញបសុពេទ្យនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមការណែនាំរបស់បងប្រុសខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលមានឱកាសច្រើនក្នុងការរៀនពីឯកទេស និងចំណេះដឹងផ្សេងៗ ពីលោកវេជ្ជបណ្ឌិត Chimura ជារៀង រាល់ថ្ងៃនៅទីនេះ។ មិនត្រឹមតែរៀនពីជំនាញ និងការអនុវត្តន៍ផ្ទាល់ប៉ុណ្ណោះទេ យើងរៀនពីការទំនាក់ទំនងដោយធ្វើការរួមគ្នាជាក្រុមជាដើម ហើយខ្ញុំពិតជាពេញចិត្តនឹងការងារនៅទីនេះណាស់”៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics