កញ្ញា លី ច័ន្ទសុជាតា (២៥ ឆ្នាំ)
ជាយុវតីខ្មែរដំបូងគេដែលបានសិក្សានៅសាលាការពារជាតិប្រទេសជប៉ុន។ ក្រោយពីបានបញ្ចប់ការសិក្សានៅខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះកញ្ញាបានត្រឡប់មកប្រទេសកំណើតខ្លួនវិញ ដើម្បីបម្រើការងារជាមន្ត្រីយោធានៅក្នុងក្រសួងការពារជាតិកម្ពុជា។ ហេតុអ្វីបានជាកញ្ញាសម្រេចចិត្តរើសយកមុខជំនាញផ្នែកយោធា និងទទួលបាននូវបទពិសោធន៍បែបណាខ្លះក្នុងអំឡុងពេលសិក្សានៅប្រទេសជប៉ុន? តើយុវតីដ៏ស្រស់ស្អាតរូបនេះមាន ផែនការជីវិតបែបណានៅថ្ងៃអនាគត? កញ្ញា ច័ន្ទសុជាតា បានពិពណ៌នាអំពីរឿងរ៉ាវសិក្សា និងបទពិសោធន៍របស់ខ្លួនពីប្រទេសជប៉ុនប្រាប់បុគ្គលិកទស្សនាវដ្តីញញឹមយើងខ្ញុំក្នុងកិច្ចសម្ភាសន៍ដូចខាងក្រោម។
តើកញ្ញាអាចប្រាប់យើងខ្ញុំពីមូលហេតុដែលនាំឱ្យរូបកញ្ញា សម្រេចចិត្តទៅសិក្សានៅសាលាការពារជាតិ ជប៉ុនកន្លង ទៅនេះ បានទេ?
តាមពិតទៅនាងខ្ញុំបានស្គាល់ប្រទេសជប៉ុនពីឪពុករបស់នាងខ្ញុំដែលជាវេជ្ជបណ្ឌិតយោធា ព្រោះគាត់ធ្លាប់បានស្នាក់នៅទីក្រុងអូសាការយៈពេល២ឆ្នាំ ក្នុងបេសកកម្មការងាររបស់គាត់។ ដោយសារគ្រានោះម្តាយរបស់នាងខ្ញុំបានទៅជាមួយគាត់ដែរ ដូច្នេះក្រុមគ្រួសាររបស់នាងខ្ញុំបានស្គាល់វប្បធម៌ជប៉ុនតាំងពីពេលនោះមកម្ល៉េះ។ ម្យ៉ាងទៀត នាងខ្ញុំក៏បានចូលរៀននៅសាលាមត្តេយ្យជប៉ុន ឈ្មោះថា “Origami” ហើយពេលនោះនាងខ្ញុំនៅចាំពាក្យថា “From People of Japan” ដែលមានសរសេរនៅលើតុក្នុងសាលារៀនតាំងពីតូចមក។ នេះជាចំណុចចាប់ផ្តើមដំបូងរបស់នាងខ្ញុំ ដែលបានស្គាល់ជប៉ុន។ យ៉ាងណាមិញ នាងខ្ញុំបានចូលបម្រើការជាមន្រ្តីយោធានៅឆ្នាំ២០១៥ ហើយក្រោយមកបន្ទាប់ពីបានដឹង ថាមានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននាងខ្ញុំបានប្រឡងសុំអាហារូបករណ៍នោះ និងបានប្រឡងជាប់ទៅសិក្សានៅប្រទេសជប៉ុននៅឆ្នាំ២០១៧ ហើយបានបញ្ចប់កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
តើកញ្ញាមានប្រវត្តិសិក្សាបែបណាមុនពេលទៅសិក្សានៅ ប្រទេសជប៉ុន?
ក្រោយពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ២០១៤ នាងខ្ញុំបានចូលបម្រើការងារជាមន្រ្តីយោធានៅក្នុងឆ្នាំ២០១៥ ខណៈ ពេលនាងខ្ញុំសិក្សាភាសាអង់គ្លេសនៅដេប៉ាតឺម៉ង់ភាសាបរទេស នៃវិទ្យាស្ថានភាសាបរទេស (IFL)។ ក្រោយពីបានទទួលអាហារូបករណ៍ពីសាលាការពារជាតិជប៉ុន នាងខ្ញុំបានទៅសិក្សានៅជប៉ុនក្នុងឆ្នាំ២០១៧។
ដំបូងបំផុតនៅពេលរូបកញ្ញាបានសម្រេចចិត្តជ្រើសរើស សិក្សាផ្នែកយោធានេះ តើកញ្ញាមានឮនូវការរិះគន់ពីអ្នក ជុំវិញខ្លួន ជាពិសេស ពីឪពុកម្តាយរបស់ខ្លួនដែរទេ?
កាលនាងខ្ញុំចូលបម្រើកងទ័ពក្នុងឆ្នាំ២០១៥ ការងារការហ្វឹកហាត់ជាកិច្ចការចម្បងរបស់នាងខ្ញុំ។ បន្ទាប់ពីទទួលការហ្វឹកហាត់ ផ្នែកកម្លាំងកាយ និងរៀនពីវិន័យបានរយៈពេល៦ខែរួចមក នាងខ្ញុំបានចូលធ្វើការងារមួយដែលប្រើប្រាស់ភាសាអង់គ្លេសមួយរយៈពេលខ្លី។ ដំបូងឡើយ ម្តាយរបស់នាងខ្ញុំហាក់មានភាពស្ទាក់ស្ទើរក្នុងការឱ្យកូនស្រីរបស់គាត់ចូលបម្រើការងារជាមន្រ្តីយោធា។ គាត់តែងតែនិយាយប្រាប់ឱ្យនាងខ្ញុំខំរៀនអ្វីផ្សេងព្រោះថាខ្លួនជាមនុស្សស្រី។ តាមពិតទៅ នាងខ្ញុំបានយំនៅពេលចាកចេញពីគាត់ទៅប្រទេសជប៉ុន។ មានសាច់ញាតិនាងខ្ញុំខ្លះក៏គេនិយាយដូចម្តាយនាងខ្ញុំដែរ។ ក៏ប៉ុន្តែមិត្តភក្តិរបស់នាងខ្ញុំវិញ មិនមានការរិះគន់ច្រើនមកលើរូបនាងខ្ញុំទេ ព្រោះប្រហែលមកពីពួកគាត់ស្គាល់ចរិត និងយល់ពីការសម្រេចចិត្តរបស់នាងខ្ញុំ។ ម្យ៉ាងទៀត ដោយសារឪពុក និង បងប្រុសរបស់នាងខ្ញុំក៏ជាមន្រីយោធាតាំងពីដើមមកដែរនោះ បានធ្វើឱ្យរូបនាងខ្ញុំតែងតែប្រាថ្នាចង់ឃើញរូបពួកគាត់ក្នុងឯកសណ្ឋានបែបនោះធ្វើការដើម្បីជាតិ។ ដូច្នេះនិយាយតាមត្រង់ទៅ សម្រាប់នាងខ្ញុំការសម្រេចចិត្តបែបនេះ គឺជារឿងដំណើរធម្មតាចេញពីរូបនាងខ្ញុំផ្ទាល់។
ក្នុងអំឡុងពេលសិក្សានៅសាលាការពារជាតិជប៉ុន តើកញ្ញាធ្លាប់មានបញ្ហាអ្វីខ្លះទេ?
នៅក្នុងសាលាយោធា ការហ្វឹកហាត់គឺពិតជាមានផលលំបាកច្រើនសម្រាប់និស្សិតស្រី បើធៀបនឹងនិស្សិតយោធាបុរស។ ទោះយ៉ាងនេះក្តី នៅក្នុងសាលាក៏មានជំនួយខ្លះៗដែរពីមិត្តរួមជំនាន់ដទៃផ្សេងទៀត។ បញ្ហាលំបាកមួយទៀតនោះ គឺការប្រើប្រាស់ភាសាជប៉ុន។ នាងខ្ញុំបានរៀនភាសាជប៉ុនបានរយៈពេល១ឆ្នាំ មុននឹងចូលសាលាការពារជាតិជប៉ុន។ ក៏ប៉ុន្តែនៅក្នុងសាលាមានពាក្យឯកទេសប្រើប្រាស់ក្នុងវិស័យយោធាជាច្រើនដែលត្រូវធ្វើការយល់ដឹង ហើយពេលខ្លះវាទាមទារឱ្យមានការណែនាំពីគ្រូជំនាញ ដែលនេះក៏ជារនាំងបញ្ហាមួយដែលត្រូវដោះស្រាយផងដែរ។ បើនិយាយអំពីការប្រាស្រ័យទាក់ទងគ្នាវិញ ដោយសារប្រជាជនជប៉ុនមានភាពអៀនខ្មាសច្រើន ដូច្នេះប្រសិនបើយើងមិនសួរពួកគាត់មុនទេពួកគាត់មិនសូវជានិយាយស្តីច្រើនមករកយើងឡើយ។ បើមានបញ្ហា ឬចម្ងល់អ្វីសាកសួរទៅកាន់ពួកគាត់គាត់តែងតែជួយដោយក្តីសប្បុរស និងយកចិត្តទុកដាក់ជាទីបំផុត។ ប៉ុន្តែកាលពីដំបូងឡើយ នាងខ្ញុំមានបញ្ហាខ្លះព្រោះពុំសូវយល់ច្បាស់ដល់រឿងនោះ។ ក្នុងនាមជានិស្សិតបរទេសស្រ្តីម្នាក់ នាងខ្ញុំពុំធ្លាប់មានបញ្ហាអ្វីនោះទេ។ ប៉ុន្តែនៅក្នុងអំឡុងពេលសិក្សានៅជប៉ុន នាងខ្ញុំបានយល់ដឹងអំពីការបៀតបៀនដោយប្រើប្រាស់អំណាច និងការបៀតបៀនផ្លូវភេទជាដើម។ ពាក្យបៀតបៀនបែបនេះ គឺមិនសូវជាមានប្រើច្រើនទេនៅកម្ពុជាយើង ដូច្នេះដំបូងឡើយនាងខ្ញុំមិនយល់ទេនៅពេលឮពាក្យទាំងនេះនៅប្រទេសជប៉ុន។ សាលាការពារជាតិជប៉ុន គឺតឹងរ៉ឹងណាស់ត្រង់ចំណុចនេះ។ នៅសាលាការពារជាតិជប៉ុន មាននិស្សិតអន្តរជាតិមកពី១៣ប្រទេស ដែលភាគច្រើន មកពីតាមប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានដូចជា៖ ប្រទេសថៃ វៀតណាម និងឥណ្ឌូនេស៊ីជាដើម ហើយនាងខ្ញុំក៏រីករាយជាមួយនឹងការផ្លាស់ប្តូរវប្បធម៌ជាមួយពួកគាត់ច្រើនដែរ ដោយយើងទាំងអស់គ្នាបានធ្វើការប្រាស្រ័យទាក់ទងគ្នាជាភាសាជប៉ុន។
តើកញ្ញាគិតថាមានស្ត្រីខ្មែរជាច្រើនទៀតមានបំណងចង់ទៅសិក្សានៅសាលាការពារជាតិជប៉ុនដូចកញ្ញាដែរទេ?
នាងខ្ញុំក៏មិនច្បាស់ដែរ។ មានចំនួនស្ត្រីក្នុងជួរយោធាកើនឡើង ច្រើនដែរប៉ុន្តែនាងខ្ញុំមិនច្បាស់ថាពិតជាមានចំនួនស្រ្តីច្រើនចង់ទៅ ដោយចំណាយពេល៥ឆ្នាំដើម្បីរៀនបែបនេះដែរឬអត់ទេ។ គឺគាត់ត្រូវចំណាយពេល៥ឆ្នាំដើម្បីតស៊ូរៀនសូត្រនៅប្រទេសក្រៅបែបនេះ។ តែទោះជាយ៉ាងនេះក្តីនាងខ្ញុំគិតថាប្រហែលជាមានបងប្អូនស្រ្តីខ្មែរមួយចំនួនមានបំណងធ្វើបែបនេះដើម្បីធ្វើឱ្យអាជីពការងាររបស់ពួកគាត់ប្រសើរឡើង។
នៅក្រសួងការពារជាតិកម្ពុជា តើបច្ចុប្បន្នកញ្ញាកំពុងបម្រើការនៅក្នុងផ្នែកណាមួយដែរ?
បច្ចុប្បន្ន នាងខ្ញុំមិនទាន់ត្រូវបានចាត់តាំងជាផ្លូវការនៅឡើយទេ ប៉ុន្តែនាងខ្ញុំចង់បម្រើការនៅផ្នែកកិច្ចការអន្តរជាតិ។ ជាពិសេសនាងខ្ញុំចង់ធ្វើការងារទាក់ទងនឹងផ្នែកទំនាក់ទំនងជាមួយប្រទេសជប៉ុន និងក្រសួងការពារជាតិជប៉ុន។ កន្លងទៅនេះ មានលោកនាយករដ្ឋមន្ត្រីជប៉ុនគឺលោក Kishida និងអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក៏បានមកទស្សនកិច្ចនៅកម្ពុជាយើងដែរ ដូច្នេះនាងខ្ញុំសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងកាន់តែប្រសើរឡើងនាពេលអនាគត។ តាមពិតទៅ នាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានជួបនាយឧត្តមសេនីយ៍ នៃអគ្គសេនាធិការចម្រុះរបស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់នៅកម្ពុជាកន្លងទៅនេះ ព្រោះគាត់ជាមន្រ្តីយោធាជប៉ុនជាន់ខ្ពស់មួយរូបមិនអាចជួបបានដោយងាយៗឡើយនៅក្នុងប្រទេសជប៉ុន។ មានមិត្តភ័ក្តិខ្លះនៅសាលាការពារ ជាតិជប៉ុនបានលួចច្រណែននឹងរូបនាងខ្ញុំត្រង់ចំណុចនេះ។ និយាយជារួមនាងខ្ញុំពិតជាមានបំណងចង់ដើរតួនាទីជាស្ពានមេត្រីភាព សម្រាប់ប្រទេសទាំងពីរ។
អាចប្រាប់យើងខ្ញុំពីក្តីសុបិនរបស់កញ្ញានៅថ្ងៃអនាគតបានទេ?
សម្រាប់រូបនាងខ្ញុំ រាល់ការងារអ្វីក៏ដោយឱ្យតែជាប្រយោជន៍ដល់ប្រទេសកម្ពុជា និងជាការងារជំនាញដែលនាងខ្ញុំអាចធ្វើបាន គឺនាងខ្ញុំត្រៀមខ្លួនជានិច្ចសម្រាប់ការងារនោះ។ នាងខ្ញុំបានទទួលការអប់រំផ្ទាល់នៅប្រទេសជប៉ុនអំពីកិច្ចការពារប្រទេស និងប្រជាជនខ្លួន ដូច្នេះនាងខ្ញុំពិតជាត្រៀមខ្លួនរួចជាស្រេចចំពោះការងារក្នុងមុខងារណាមួយដែលស័ក្តិសម និងត្រូវទទួលនៅថ្ងៃខាងមុខ។
បច្ចុប្បន្ន មានស្ត្រីខ្មែរជាច្រើនចូលបម្រើការងារក្នុងសង្គម ហើយពួកគាត់ក៏កំពុងដើរតួនាទីយ៉ាងសកម្មក្នុងមុខរបរ ឬជំនាញរបស់ពួកគាត់។ តើកញ្ញាយល់យ៉ាងណាដែរចំពោះរឿងនេះ?
ដោយសារនាងខ្ញុំមានម្តាយជាមន្ត្រីរាជការ (បម្រើការនៅក្រសួង សាធារណៈការ និងដឹកជញ្ជូន) ដូច្នេះនាងខ្ញុំបានឃើញនូវរាល់ទង្វើនិងការងាររបស់គាត់ទាំងជាកិច្ចការផ្ទះ និងការងារជាមន្រ្តីសាធារណៈ ធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ថាគាត់ជាស្រ្តីម្នាក់ដ៏អស្ចារ្យមានភាពស្វាហាប់ និងស្រស់ស្អាតចំពោះរូបនាងខ្ញុំដែលជាកូន។ ម្តាយនាងខ្ញុំគឺជាស្ត្រីគំរូម្នាក់សម្រាប់រូបនាងខ្ញុំ។ ប៉ុន្តែនាងខ្ញុំក៏ដឹងដែរថាមានផលលំបាកច្រើនដើម្បីធ្វើឱ្យបានដូចរូបគាត់។ ម្តាយនាងខ្ញុំជាមន្ត្រីរាជការមួយរូបធ្វើការដូចមន្រ្តីបុរសដទៃ ហើយត្រូវទទួលបន្ទុកការងារផ្ទះទៀតក្រោយពីត្រឡប់មកផ្ទះវិញ ដូច្នេះឃើញថាស្ត្រីខ្មែរត្រូវរ៉ាប់រងនូវការងារច្រើនជាងបុរស ដែលនេះជាផ្នត់គំនិតមួយនៅដិតជ្រៅនៅក្នុងសង្គមខ្មែរយើងនៅឡើយ។
តើកញ្ញាធ្លាប់គិតដែរទេថា បច្ចុប្បន្ននេះស្ត្រីខ្មែរជាច្រើនមានការផ្លាស់ប្តូរផ្នត់គំនិតច្រើនបើធៀបនឹងអតីតកាល?
នាងខ្ញុំគិតថា ការរីកចម្រើនសង្គមនឹងនាំឱ្យស្ត្រីមានចំនួនកាន់តែច្រើនចូលរួមក្នុងដំណើរការអភិវឌ្ឍជាតិ។ ស្របពេលជាមួយគ្នានោះការអប់រំក៏សំខាន់ផងដែរ។ ចំនួនស្ត្រីបម្រើការនៅក្នុងវិស័យយោធាក៏កំពុងកើនឡើងដែរ។ ប៉ុន្តែនៅមានផលលំបាកខ្លះ បើសួរថាតើស្ត្រីអាចធ្វើអ្វីក៏បាន ឬពិតជាអាចឈរនៅជួរមុខបានឬទេនោះ? តើស្ត្រីអាចធ្វើការងារដូចគ្នានឹងបុរស ក្នុងរយៈពេលដូចគ្នាដែរ ឬយ៉ាងណានោះ គឺនាងខ្ញុំគិតថាមិនទាន់មានស្ថាប័នណាយល់ច្បាស់ពីរឿងទាំងនេះនៅឡើយទេ។ ដូច្នេះតើធ្វើដូចម្តេចដើម្បីកែលម្អ? នាងខ្ញុំគិតថាទាំងអង្គភាព និងស្រ្តីខ្លួនឯងផ្ទាល់ត្រូវធ្វើការលើកកម្ពស់ការយល់ដឹងពីស្ត្រីឱ្យបានច្រើន។
ជាចុងក្រោយ តើកញ្ញាមានពាក្យពេចន៍អ្វីសម្រាប់ផ្តាំផ្ញើទៅកាន់យុវតីខ្មែរជំនាន់ក្រោយទេ? និងសូមប្រាប់ពី គោលបំណងទៅថ្ងៃក្រោយ។
នាងខ្ញុំមានពាក្យមួយចង់ផ្តាំផ្ញើ។ “ប្រសិនបើអ្នកមានផ្លូវពីររវាងផ្លូវងាយស្រួល និងផ្លូវលំបាក សូមជ្រើសរើសយកផ្លូវលំបាកសម្រាប់ខ្លួន”។ នេះជាពាក្យដែលនាងខ្ញុំបានរៀនពីគ្រូបង្វឹកផ្ទាល់របស់នាងខ្ញុំនៅសាលាការពារជាតិជប៉ុនពោលគឺមានន័យថា បើនាងខ្ញុំជ្រើសរើសយកផ្លូវងាយស្រួល ក្នុងជម្រើសពីរខាងលើនោះនាងខ្ញុំនឹងមិនរីកចម្រើនអ្វីនោះទេ។ ផ្លូវលំបាកនឹងនាំឱ្យអ្នកចេះប្រឈមនឹងបញ្ហា ហើយវាជាចំណុចធ្វើឱ្យខ្លួនអ្នករីកចម្រើន។ តាមពិតទៅ នាងខ្ញុំបានរើសយកផ្លូវលំបាកមួយនេះរួចហើយ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ នាងខ្ញុំបានឆ្លងកាត់នូវការហ្វឹកហាត់លំបាកៗជាច្រើនទាំងផ្នែករាងកាយ និងសតិអារម្មណ៍។ ជាការពិតណាស់ នាងខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវស្វែងយល់ និងរៀនសូត្រពីវា ប៉ុន្តែនាងខ្ញុំជឿថារាល់កិច្ចខិតខំប្រឹងប្រែង នីមួយៗគឺតែងតែមានអ្នកជួយជ្រោមជ្រែងនៅក្បែរ។ ជាឧទាហរណ៍ ទោះជនជាតិជប៉ុនមានភាពខ្មាសអៀនច្រើនក៏ពិតមែន ប៉ុន្តែពួកគាត់បានជួយទំនុកបម្រុងនាងខ្ញុំច្រើនក្នុងអំឡុងពេលសិក្សានៅប្រទេសជប៉ុន។ ដោយសាររហូតមកដល់ពេលនេះ នាងខ្ញុំបានចំណាយពេលមួយភាគប្រាំនៃជីវិតរបស់ខ្លួននៅប្រទេសជប៉ុន ហើយវាជារយៈពេល៥ឆ្នាំដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាច្រើនសម្រាប់នាងខ្ញុំ។ ជប៉ុនជាប្រទេសមានធម្មជាតិស្រស់ស្អាត ហើយនាងខ្ញុំ ពិតជាស្រឡាញ់ចូលចិត្តប្រទេសជប៉ុន។ នៅថ្ងៃបញ្ចប់ការសិក្សា វាពិតជាពិបាកក្នុងការនិយាយលាមិត្តភក្តិដែលបានរៀននៅជំនាន់ជាមួយគ្នាទាំងនោះ ប៉ុន្តែនាងខ្ញុំត្រូវតែត្រឡប់មកកម្ពុជាវិញ ដើម្បីបម្រើប្រទេសរបស់ខ្លួន។ ប្រសិនមានឱកាសនាងខ្ញុំនៅមានបំណងទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុនបន្តទៀត៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៦-២០០៨
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៣-២០០៥
2024.01.02 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន
2023.12.22 NyoNyum KhmerNyoNyum Khmer Special Topics
ភាគខាងត្បូងនៃទីក្រុងភ្នំពេញ
2023.09.29 NyoNyum KhmerNyoNyum Khmer Special Topics
“ការបង្កើតសហគមន៍រស់នៅធំទូលាយបែបអភិជន ជាមួយអគារលំនៅដ្ឋានប្រណីត និងទាន់សម័យជូនប្រជាពលរដ្ឋនៅតំបន់ប៉ែកខាងជើងក្រុងភ្នំពេញ ជាក្តីស្រមៃរបស់យើងខ្ញុំ”
2023.09.26 NyoNyum KhmerNyoNyum Khmer Special Topics
មតិទូទៅរបស់ពលរដ្ឋរស់នៅក្នុងបុរីលំនៅដ្ឋានជុំវិញក្រុងភ្នំពេញ
2023.09.25 NyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics