អ្នកស្រី ជា វុទ្ធនី (៣៥ ឆ្នាំ)
រស់នៅខេត្ដសៀមរាប ជាមន្រ្ដីប៉ូលីសបម្រើការងារផ្នែកអន្តោប្រវេសន៍ នៃការិយាល័យគ្រប់គ្រងជនបរទេសទទួលបន្ទុកផ្នែកអធិការកិច្ច។ នៅឆ្នាំ២០១១ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនាទីក្រុងភ្នំពេញ។ ក្រោយពីបញ្ចប់ការសិក្សាអ្នកស្រី វុទ្ធនី បានត្រឡប់ទៅខេត្តសៀមរាបវិញ ដើម្បីជួយការងារជំនួញរបស់ក្រុមគ្រួសារ។ នៅឆ្នាំ២០១៤ បន្ទាប់ពីបានឮសេចក្តីប្រកាសជ្រើសរើសមន្ត្រីប៉ូលីសបម្រើការនៅក្នុងខេត្តរបស់ខ្លួន អ្នកស្រីក៏បានដាក់ពាក្យបម្រើការជាមន្ត្រីប៉ូលីសតែម្តង ក្នុងគោលបំណងចូលរួមរក្សាសន្តិសុខសម្រាប់ខេត្តរបស់ខ្លួនកំពុងរស់នៅ និងដោយយល់ឃើញថានៅក្នុងមុខជំនាញនេះមិនទាន់មានស្រ្ដីបម្រើការច្រើននៅឡើយ រួមជាមួយនឹងការផ្ដល់អទិភាពច្រើនសម្រាប់ស្រ្ដីផង។
អំពីការងារចម្បងរបស់អ្នកស្រី
ចុះអធិការកិច្ចគ្រប់បណ្ដាសហគ្រាសឯកជនដែលមាននិយោជក និងនិយោជិកជាជនជាតិបរទេសដោយត្រូវត្រួតពិនិត្យលើឯកសារបទដ្ឋានគតិយុទ្ធច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមចម្រុះអធិការកិច្ចនេះ មានការសហការពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការងារ ដោយមានការចូលរួមពីកម្លាំងមូលដ្ឋានអន្តោប្រវេសន៍ និងមន្ទីរការងារខេត្ត។ ប្រសិនបើគេឃើញភាពមិនប្រក្រតីណាមួយផ្ទុយនឹងច្បាប់ក្រុមការងារ នឹងធ្វើការណែនាំដល់ក្រុមហ៊ុននោះ ដើម្បីកែតម្រូវឱ្យត្រឹមត្រូវតាមផ្លូវច្បាប់។ ប៉ុន្តែក្នុងករណីល្មើសច្បាប់មួយចំនួនក្រុមការងារនឹងធ្វើការផាកពិន័យភ្លាមៗជាក់ស្ដែង ដែលអាចជាការដកហូតលិខិតឆ្លងដែន ឬអាចឈានដល់ការឃាត់ខ្លួនសាងសំណុំឯកសារដើម្បីបញ្ចូនទៅប្រទេសកំណើតវិញ។ល។
ការប្រឈមដំបូងចំពោះការងារជាមន្រី្តប៉ូលីស
អ្នកស្រី វុទ្ធនី បានមានប្រសាសន៍ថា៖ «ការងារជាមន្រ្តីប៉ូលីស គឺតម្រូវឱ្យមានភាពអំណត់ខ្ពស់ និងស្មារតីរឹងមាំចំពោះការងារ»។ នៅគ្រាដំបូង អ្នកស្រីមានផលលំបាកច្រើនព្រោះពុំទាន់មានបទពិសោធន៍ចំពោះការងារនោះនៅឡើយ។ ពោលគឺ មានការស្តីបន្ទោសច្រើនពីប្រធានរបស់អ្នកស្រី។ ក៏ប៉ុន្តែអ្នកស្រីពុំបានរាថយ និងបោះបង់ចោលការងារនេះទេ ព្រោះការស្តីបន្ទោសទាំងនោះគឺធ្វើឡើងក្នុងគោលបំណងពង្រឹងស្មារតីខ្ពស់លើការងារក្នុងអំឡុងពេលបណ្តុះបណ្តាល និងហ្វឹកហាត់ការងារតែប៉ុណ្ណោះ។ ដោយការព្យាយាមលើការងារចំពោះមុខទាំងនោះ បាននាំឱ្យអ្នកស្រីអាចសម្របខ្លួនបានជាមួយការងារនោះជាបន្តបន្ទាប់។
ផលលំបាកនៃការងារស្រ្តីជាមន្រ្តីប៉ូលីស
អ្នកស្រី ជា វុទ្ធនី បានធ្វើការខាងផ្នែកមន្រ្ដីប៉ូលីសនេះអស់រយៈពេលជាង៨ឆ្នាំ និងបានជួបប្រទេះនូវផលលំបាកមួយចំនួនផងដែរ។ នៅកម្ពុជាបច្ចុប្បន្ន មានជនអន្តោប្រវេសន៍ពីបណ្តាប្រទេសក្រីក្រមួយចំនួន (ឥណ្ឌា បង់ក្លាដេស និងអាហ្គានីស្ថានជាដើម) ដែលខ្លះមានជីវភាពក្រីក្រ និងមិនមានឯកសាររស់នៅស្របច្បាប់ ពេញលេញ។ ដូច្នេះ នៅពេលក្រុមសមត្ថកិច្ចរបស់អ្នកស្រីត្រូវចុះអនុវត្ដច្បាប់ផ្ទាល់់ ដោយតម្រូវឱ្យជនទាំងនោះធ្វើបែបបទរស់នៅស្របច្បាប់ឡើងវិញ ពេលខ្លះគឺត្រូវប្រឈមនឹងការប្រើកម្លាំងបាយលើជនណាដែលព្យាយាមរត់គេច ឬប្រព្រឹត្តនូវរឿងខុសច្បាប់ជាដើម។ ក្នុងនាមជាមន្រ្តីប៉ូលីសការចុះអនុវត្តច្បាប់នៅតាមមូលដ្ឋានគឺជាការងារកាតព្វកិច្ច ដើម្បីធានានូវសុវត្តិភាពជូនប្រជាជន។ ការងារនេះ គឺតម្រូវឱ្យមានការចុះផ្ទាល់ទៅកន្លែងគោលដៅ ឬកន្លែងកើតហេតុ ដើម្បីដោះស្រាយ និងស៊ើបអង្កេតជាដើម។ ដូច្នេះ ពេលខ្លះមន្រ្តីប៉ូលីសត្រូវប្រើកម្លាំងធ្ងន់ ដើម្បីធ្វើការចាប់ឃាត់ខ្លួនជនអន្តោប្រវេសន៍មួយចំនួនដែលប្រើប្រាស់ថ្នាំញៀន និងព្យាយាមគេចវេសពីការសាកសួរជាដើម។
តាមរយៈក្រុមការងារជំនាញ អ្នកស្រីវុទ្ធនី ជឿជាក់ថាតួនាទីរបស់ស្រ្តីចំពោះការងារទាំងនោះគឺពិតជាចាំបាច់។ តាមបទពិសោធន៍របស់ខ្លួនកន្លងមក ឃើញថាមានការងារចម្រូងចម្រាសខ្លះមួយចំនួន គឺពុំអាចដោះស្រាយបានដោយកម្លាំងបាយរបស់បុរសតែមួយមុខបានទេ។ ស្រ្តីមានតួនាទីសំខាន់ក្នុងការធ្វើឱ្យស្ថានការធូរស្បើយ និងអាចសម្របសម្រួលបញ្ហាខ្លះឱ្យមានប្រសិទ្ធភាពជាងបុរស។ អ្នកស្រី វុទ្ធនី៖ «នាងខ្ញុំគិតថានៅគ្រប់ស្ថាប័ន មិនថានៅ ស្ថាប័នណាមួយឡើយ ការមានស្រ្ដីមកបម្រើការនៅក្នុងស្ថាប័ននោះ គឺសំខាន់ព្រោះស្រី្ដមានការយល់ដឹង និងគិតគូរបានជ្រៅ ហើយមានភាពទន់ភ្លន់ជាងបុរសក្នុងកិច្ចការលំបាកខ្លះ»។ អ្នកស្រីបាន បន្តទៀតថា៖ «បុរសភាគច្រើនតឹងរឹងខ្លាំងលើការអនុវត្តច្បាប់ឱ្យខានតែបាន ដែលពេលខ្លះវាបង្ករឱ្យកើតជាហេតុធ្វើឱ្យបញ្ហាពិបាកខ្លះរឹតតែពិបាកដោះស្រាយឱ្យទៅរលូន ពោលគឺក្នុងស្ថានការណ៍ខ្លះស្ដ្រីអាចជាអ្នកសម្របសម្រួលយ៉ាងពូកែ ដោយមិនសូវប្រើកម្លាំងហិង្សាប៉ុន្មាននោះទេ»។
ការគិតគូរលើផ្នែកយេនឌ័រនៅកន្លែងការងារ
នៅក្នុងស្ថាប័នប៉ូលីសដែលអ្នកស្រីបម្រើការនេះ គឺមានការយោគយល់ និងលើកទឹកចិត្តច្រើនចំពោះស្ដ្រីនៅក្នុងកន្លែងការងារ។ អ្នកស្រី វុទ្ធនី៖ «ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៅកន្លែង ការងារជាក់ស្តែងនាងខ្ញុំសង្កេតឃើញថាស្រ្តីយើងមានការអនុគ្រោះច្រើន និងពុំមានការរើសអើងដូចពីសម័យមុនទេ។ ឧទាហរណ៍ ដូចជាពេលមានបុណ្យទាន ឬការងារចុះបង្ក្រាបបទល្មើសខ្លះស្ត្រីគឺត្រូវបានគេផ្តល់អាទិភាពឱ្យសម្រាកច្រើនជាងបុរស ដោយបំពេញការងារមួយចំនួនដែលមិនប្រឈមខ្លាំងជំនួសវិញជាដើម។ ហើយការតម្លើងឋានៈក៏ត្រូវបានគេធ្វើឡើងស្មើភាពគ្នាទាំងបុរសនិងស្រ្តី ដោយផ្អែកលើសមត្ថភាពជាធំ»។
ការងារ និងរូបអ្នកស្រី
អ្នកស្រី វុទ្ធនី ពេញចិត្ដនិងស្រលាញ់ការងារជាមន្រ្តីប៉ូលីសនេះជាខ្លាំង ព្រោះអ្នកស្រីមើលឃើញថាវត្តមានស្ដ្រីភេទ គឺខ្វះពុំបានសម្រាប់វិស័យនេះដូចបានរៀបរាប់ខាងលើ។ ម្យ៉ាងវិញទៀត តាមរយៈការងារនេះ អ្នកស្រីអាចជួយដល់ប្រជាពលរដ្ឋខ្មែរ និងបរទេសរស់នៅក្នុងសហគមន៍ឱ្យចេះគោរពច្បាប់នានា រួមទាំងច្បាប់ការងារ ហើយអាចចូលរួមការពារប្រជាពលរដ្ឋពីការរំលោភបំពានសិទ្ធិក្នុងការងារដូចជាការធានាឱ្យបានថានិយោជកជាជនបរទេស ត្រូវ បង់ប្រាក់ខែជូនបុគ្គលិកត្រឹមត្រូវ និងកន្លែងការងារត្រូវមានផាសុកភាពត្រឹមត្រូវដល់បុគ្គលិក និងមានសុវត្ថិភាពការងារជាដើម។ តាមរយៈការងារនេះ អ្នកស្រីអាចជួយដោះស្រាយនូវបញ្ហាមួយចំនួនដល់ជនបរទេសដែលមកស្នាក់នៅ និងប្រកបការងារនៅក្នុងស្រុកខ្មែរផងដែរ ។
ចំពោះគោលបំណងនាថ្ងៃអនាគតវិញ អ្នកស្រី វុទ្ធនី ចង់ក្លាយខ្លួនជាស្នងការប៉ូលីសថ្នាក់ខេត្តមួយរូប។ «នាងខ្ញុំមានក្តីស្រមៃមួយ ចង់ក្លាយជាស្នងការខេត្ត ព្រោះជាប្រវត្តិសាស្រ្តនៅក្នុងខេត្តយើង ពុំទាន់មានស្រ្តីក្លាយខ្លួនជាថ្នាក់ដឹកនាំជាន់ខ្ពស់ជាមន្ត្រីស្នងការខេត្តនៅឡើយទេ។ នាងខ្ញុំមានបំណងជម្រុញ និងលើកកម្ពស់ យេនឌ័រ ស្រ្តីនិងភាពជាអ្នកដឹកនាំឱ្យរីកចម្រើនបន្តទៀត»។
ការយល់ឃើញពីយេនឌ័រនៅកម្ពុជា
អ្នកស្រី វុទ្ធនី យល់ថាសមភាពយេនឌ័រនៅប្រទេសកម្ពុជា គឺនៅមានកម្រិតនៅឡើយ ព្រោះស្ដ្រីមិនសូវជាមានភាពលេចធ្លោក្នុង ការឈានមុខមកក្លាយជាថ្នាក់ដឹកនាំនៃសង្គមជាតិប៉ុន្មាននោះទេ គឺភាគច្រើនឃើញមានតែបុរស ស្ទើរគ្រប់វិស័យ។ យ៉ាងណាមិញ អ្នកស្រីជឿជាក់ថានៅពីក្រោយភាពជោគជ័យរបស់បុរស គឺតែងតែមានវត្តមានស្រ្ដី ។ អ្នកស្រី វុទ្ធនី៖ “នាងខ្ញុំសង្ឃឹមថា ស្ដ្រីក្នុងសង្គមខ្មែរនឹងមានភាពក្លាហានជាងមុន ហើយស្ដ្រីគ្រប់រូបរួមទាំង នាងខ្ញុំផងដែរ នឹងអាចប្រែខ្លួនទៅជាស្ដ្រីមួយរូបដែលមានស្នាដៃលេចធ្លោក្នុងសង្គម ឬអាចចូលរួមដឹកនាំសង្គមជាតិបានស្មើភាពគ្នាជាមួយបុរសឱ្យដូចជាសុភាសិតដែលគេលើកឡើងជាសកលដោយចាត់ទុកថា៖ «ស្ដ្រីជាមាតានៃពិភពលោក» ឬ «ស្ដ្រីជាឆ្អឹង ខ្នងនៃសេដ្ឋកិច្ចជាតិ»៕
ស្ថានភាពការងារជាស្រ្តីប៉ូលីសនាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០
អ្នកមីង ឃីម ស្រីទាវ (៤៤ឆ្នាំ)ជាអតីតមន្រ្តីប៉ូលីសនារីម្នាក់ ដែលបានបម្រើការងារនេះក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០៤។ ខណៈពេលយើងខ្ញុំបានសាកសួរពីបញ្ហាប្រឈម និងការងារដែលស្រ្តីនៅសម័យនោះ ពុំសូវត្រូវបានគេឱ្យតម្លៃលើការបំពេញការងារធំៗនៅក្នុងសង្គម ហើយនៅមានការចាត់ទុកស្រ្តីភេទមិនអាចធ្វើកិច្ចការងារអ្វីបានក្រៅពីការងារផ្ទះនោះ អ្នកមីង ស្រីទាវ បានរៀបរាប់ពីការងារខ្លួនកាលពីជំនាន់នោះដូច្នេះថា៖ «ទោះបីខ្ញុំមានឈ្មោះជាប៉ូលីសក៏ពិតមែន ប៉ុន្តែការងារនៅពេលនោះគ្មានអ្វីធំដុំទេ ព្រោះរាល់ពេលមកការិយាល័យគេតម្រូវឱ្យខ្ញុំធ្វើតែការងារស្រាលៗដូចជា៖ បោស ជូតតុ និងមើលការខុសត្រូវក្នុងបរិវេណកន្លែងការងារជាដើម។ ចាប់តាំងពីចូលធ្វើការប៉ូលីសមក ខ្ញុំមិនដែលបានចុះប្រតិបត្តិការ ឬបេសកកម្មណាមួយឡើយ ពោលគឺគេឱ្យធ្វើតែការងារណាដែលស្រាលៗតែប៉ុណ្ណោះ»។ ដោយសារនៅកន្លែងការងាររបស់អ្នកមីងនៅពេលនោះ មានស្រ្តីប៉ូលីសចំនួន តែ ២នាក់ អ្នកមីងពុំបានសង្កេតឃើញមានការរើសអើងអ្វីកើតឡើងលើរូបខ្លួនទាំងពីរនាក់ទេ។ អ្នកមីង ស្រីទាវ៖ «ខ្ញុំយល់ថា ការងារពីជំនាន់នោះមនុស្សស្រីត្រូវបានគេគិតថាជាភេទទន់ខ្សោយមិនអាច បំពេញកិច្ចការជួរមុខបានដូចបុរស។ ប៉ុន្តែបើមើលមកបច្ចុប្បន្នវិញមិនដូចមុនទេ។ មនុស្សស្រីឥឡូវគេអាចធ្វើកិច្ចការងារជួរមុខធំៗមិនចាញ់បុរសឡើយ»៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៥-២០១៧
2024.01.05 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០០៩-២០១១
2024.01.03 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics