គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ហាងម្ហូបអណ្តាតគោអាំងជប៉ុន Gyutanya Re: Yosaku
ហាងម្ហូបអណ្តាតគោអាំងជប៉ុន Gyutanya Re: Yosaku
2022.10.05

“Gyutanya Yosaku” បានបើកនៅខែធ្នូ ឆ្នាំ២០២០។ ទោះហាងនេះ ត្រូវបានបិទជាបណ្តោះអាសន្នមួយរយៈដោយសារវិបត្តិជំងឺកូវីដ១៩ក្តី នៅខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ហាងនេះបានបើកដំណើរការឡើងវិញ ដោយប្រែឈ្មោះថាជាហាង “Gyutanya Re: Yosaku” ។

អ្នកគ្រប់គ្រងហាង លោក Kawachi

លោក Kazuki Kawachi (២៤ឆ្នាំ) ដែលជាអ្នកគ្រប់គ្រងហាងបានឱ្យដឹងថា ហាងរបស់លោកមានអតិថិជនភាគច្រើនជាជនជាតិជប៉ុនរស់នៅនិងបម្រើការងារនៅកម្ពុជា។ ទៅថ្ងៃអនាគត លោកចង់ឃើញមានជនជាតិជប៉ុនជាច្រើនថែមទៀតមកភ្លក្សរសជាតិម្ហូបអណ្តាតគោរបស់ខ្មែរនៅក្នុងហាងរបស់ខ្លួន។ ប្រហែល ៣ឆ្នាំមុន លោក Kawachi បានមកស្នាក់នៅក្នុងខេត្តសៀមរាបរយៈពេល ៨ខែក្នុងនាមជាអ្នកហាត់ការឱ្យក្រុមបាល់ទាត់អាជីពមួយនៅកម្ពុជាឈ្មោះថា “Angkor Tiger FC” ហើយបានត្រឡប់ទៅប្រទេសជប៉ុនវិញមួយរយៈ។ កាលពីប្រមាណ ៦ ខែមុន លោក Kawachi បានត្រឡប់មកខេត្តសៀមរាបវិញម្តងទៀត ក្នុងនាមជាបុគ្គលិកបម្រើការឱ្យក្រុមហ៊ុន “Kumae Banana Paper Products”។

អណ្តាតគោរសជាតិអំបិលស្លឹកខ្ទឹម

“Gyutanya Re: Yosaku” ជាហាងអាហារជប៉ុនបម្រើមុខម្ហូបធ្វើពីអណ្តាតគោ ដែលជាផលិតផលក្នុងស្រុករបស់ខ្មែរ កំពុងទទួលការចាប់អារម្មណ៍ច្រើនពីភ្ញៀវជនជាតិជប៉ុនរស់នៅក្នុងនិងក្រៅខេត្តសៀមរាប។ លោក Kawachi បានលើកឡើងដូច្នេះថា៖ «ហាងយើងខ្ញុំបម្រើម្ហូបចម្អិនពីអណ្តាតគោក្នុងស្រុកច្នៃប្រឌិតឱ្យមានរសជាតិបែបជប៉ុន ក្នុងគោលបំណងផ្សាយពីផលិផលអាហារខ្មែរ ពោលគឺអណ្តាតគោខ្មែរដែលមានគុណភាព និងមានរសជាតិឆ្ងាញ់ពិសារជូនដល់ភ្ញៀវជនជាតិជប៉ុន និងភ្ញៀវទេសចរបរទេសដទៃទៀតមកពីជុំវិញពិភពលោក ដែលមកទស្សនាប្រាសាទអង្គរ»។ លោក Kawachi មានបំណងផ្សព្វផ្សាយហាងរបស់ខ្លួនឱ្យភ្ញៀវទេសចរទូទៅស្គាល់កាន់តែច្រើនឡើង ស្របពេលដែលជំងឺកូវីដ១៩ កំពុងស្រាកស្រាន្តដោយលើកឡើងយ៉ាងដូច្នេះថា៖ «ក្រៅពីទទួលបានភាពកក់ក្តៅពីការមកទស្សនាខេត្តសៀមរាប យើងខ្ញុំចង់បង្កើតភោជនីយដ្ឋានដែលកាន់តែធ្វើ ឱ្យភ្ញៀវទេសចរបរទេស និងជនជាតិខ្មែរមកទស្សនាប្រាសាទអង្គរកាន់តែមានអនុស្សាវរីយ៍ជាមួយមុខម្ហូបចម្អិនពីវត្ថុធាតុដើមខ្មែរ និងមានបំណងមកទស្សនាក្រុងសៀមរាបម្តងហើយម្តងទៀត»។

អណ្តាតគោអាំង

នៅពេលក្រុមការងារទស្សនាវដ្តីញញឹមយើងសាកសួរលោកពីគម្រោងទីក្រុងឆ្លាតវៃរបស់ក្រុងសៀមរាប លោក Kawachi បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងនេះថា៖ «តាមពិតទៅ ខ្ញុំចូលចិត្តខេត្តសៀមរាបណាស់ព្រោះមានបរិយាកាសស្ងប់ស្ងាត់ និងធម្មជាតិដ៏សម្បូរបែប ដូច្នេះខ្ញុំហាក់មានការព្រួយបារម្ភពីផលប៉ះពាល់បរិស្ថានប្រសិនបើក្រុងពុំមានការអភិវឌ្ឍត្រឹមត្រូវនោះ។ តែទោះជាយ៉ាងនេះក្តី ខ្ញុំគិតថាភាពងាយស្រួលនឹងធ្វើឱ្យសេដ្ឋកិច្ចខេត្តកាន់តែរីកចម្រើន ហើយមានប្រជាពលរដ្ឋច្រើននឹងរីករាយចំពោះការអភិវឌ្ឍនោះ។ ដោយឡែក ដោយសារខ្ញុំសង្កេតឃើញថាបច្ចុប្បន្ននេះ វិស័យព័ត៌មានវិទ្យា និងច្បាប់ពាក់ព័ន្ធនៅកម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះវាប្រហែលជាត្រូវការពេលវេលាច្រើនទៀតដើម្បីបញ្រ្ជៀបការគ្រប់គ្រងនិងអភិវឌ្ឍក្រុងដោយប្រើបច្ចេកទេសទំនើបដូចនៅប្រទេសជប៉ុន»។

លោក Kawachi និងបុគ្គលិកកញ្ញា សុភ័ក្រ

ក្រោយពីបានឃើញការអភិវឌ្ឍផ្លូវចំនួន ៣៨ខ្សែ ដែលសាងសង់រួចក្នុងក្រុងសៀមរាប លោក Kawachi បានថ្លែងពីការចាប់អារម្មណ៍របស់ខ្លួនដូច្នេះថា៖ «ការធ្វើផ្លូវទាំងអស់ក្នុងក្រុងពីបេតុងគឺពិតជាជួយឱ្យប្រសើរច្រើនចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ បើធៀបនឹងពេលមុន។ ដូច្នេះការអភិវឌ្ឍទាំងអស់របស់ខេត្តគួរតែបន្តធ្វើឡើងដោយផ្អែកលើតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ហើយផ្តល់ផលប្រយោជន៍ច្រើនផងដែរដល់សុវត្ថិភាព និងសុខមាលភាពប្រជាពលរដ្ឋទាំងនោះ»៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】

តើអ្នកដឹងពីគម្រោងសាងសង់ទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប ឬទេ?

ក្រុមហ៊ុនឯកជននឹងការបង្កើតក្រុងឆ្លាតវៃសៀមរាប

មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់

តើប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបយល់ឃើញយ៉ាងណាចំពោះស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចថ្មី និងអំពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប?

ហាងអាហារជប៉ុន Izakaya DAI

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles