លោក សេង ពិសិដ្ឋ (៣៣ឆ្នាំ) ជាអ្នកគ្រប់គ្រងហាងកាហ្វេចំនួនពីរកន្លែង គឺហាងកាហ្វេ The Bean Embassy និង ហាងកាហ្វេសួនសូកូឡា នៅក្នុងក្រុងសៀមរាប ដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវខ្មែរ និងបរទេសរស់នៅក្នុងក្រុងសៀមរាប និងភ្ញៀវមកពីតំបន់ផ្សេងៗទៀតក្នុងប្រទេស រួមទាំងរាជធានីភ្នំពេញផងដែរ។ ដោយមានចំណង់ចំណូលចិត្តនិងជំនាញលើផ្នែកកាហ្វេ ជាពិសេសដោយរូបលោកធ្លាប់បានចូលរួមប្រកួត និងបានជាប់ចូលក្នុងកម្រិតកម្មវិធីថ្នាក់ជាតិផង បានធ្វើឱ្យលោកពិសិដ្ឋងាកមកចាប់អារម្មណ៍បើកអាជីវកម្មហាងកាហ្វេនេះឡើង ដោយប្រើគំនិតច្នៃប្រឌិត និងមានភាពទាក់ទាញខុសប្លែកពីហាងកាហ្វេនានា ឱ្យសមស្របនឹងការរីកចម្រើនរបស់ក្រុងបច្ចុប្បន្ន។
ឆ្លើយតបនឹងសំណួររបស់យើង លោកពិសិដ្ឋ បានរៀបរាប់ប្រាប់ពីលក្ខណៈពិសេសនៃការបើកហាងកាហ្វេរបស់លោកដូច្នេះថា៖ «ក្រុមការងារបានបើកហាងកាហ្វេដំបូងរបស់យើងឈ្មោះថា The Bean Embassy នៅខែកញ្ញា ឆ្នាំ២០២០ ដោយនៅទីនោះយើងផ្ដោតសំខាន់ទៅលើការលីងកាហ្វេ និងការស្វែងយល់ពីប្រភេទកាហ្វេ ជាពិសេសនៅទីនេះ ភ្ញៀវអាចជ្រើសរើសប្រភេទគ្រាប់កាហ្វេដែលខ្លួនពេញចិត្ត ដើម្បីឱ្យបុគ្គលិកឆុងជូនពិសាបាន»។ លុះក្រោយមកទៀត ដោយលោកចាប់អារម្មណ៍លើទីតាំងមួយកន្លែងទៀត ស្ថិតនៅលើផ្លូវសូកូឡាដដែល ដែលនៅទីនោះមានបរិវេណទីធ្លាដីធំទូលាយ ធ្វើឱ្យរូបលោកសម្រេចចិត្តជួលទីតាំងថ្មីនោះទៀត ដើម្បីច្នៃទៅជាហាងកាហ្វេថ្មី ដែលមានភាពទាក់ទាញនិងកាន់តែមានលក្ខណៈពិសេសប្លែកពីគេថែមទៀត។
ក្រោយពីចំណាយពេលជួសជុលដោយបន្សល់ទុកនូវសភាពដើមនៃសំណង់អគារដែលមានពីមុន ហាងកាហ្វេ សួនសូកូឡា បានលេចមុខថ្មីពិសេសខុសពីហាងកាហ្វេដទៃនៅក្នុងខេត្តសៀមរាប។ ហាងកាហ្វេសួនសូកូឡា បានចាប់បើកដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ លោក ពិសិដ្ឋ បានរៀបរាប់ពីចំណុចពិសេសរបស់ហាងថ្មីនេះយ៉ាងដូច្នេះថា៖ «ហាងកាហ្វេសួនសូកូឡា ក្រៅពីការបម្រើសេវាកម្មលក់កាហ្វេនិងភេសជ្ជៈផ្សេងៗ ភ្ញៀវដែលអញ្ជើញមកទីនេះនឹងទទួលបានអារម្មណ៍ប្លែក មួយទៀតជាមួយនឹងបរិយាកាសនៅក្នុងហាងបែបសាមញ្ញ ស្ងប់ស្ងាត់មានទីធ្លាធំទូលាយ រួមជាមួយនឹងម្លប់ឈើពីធម្មជាតិដ៏ត្រឈឹងត្រឈៃនិងសួនស្មៅដ៏ធំទូលាយ ដែលយើងរៀបចំធ្វើឱ្យពួកគាត់មានអារម្មណ៍ល្អនិងស្ងប់ពេលចូលមកដល់ហាងរបស់យើង»។ លោកបានបង្ហើបប្រាប់ពីការកែច្នៃ ហាង សួនសូកូឡា យ៉ាងដូច្នេះទៀតថា៖ «តាមពិតទៅ ទីតាំងហាងសួនសូកូឡានេះដំបូងឡើយ គឺជាផ្ទះជួលសម្រាប់ឱ្យជនបរទេសស្នាក់នៅ ប៉ុន្តែក្រោយមកដោយពួកគាត់ឈប់ជួល ទើបខ្ញុំសម្រេចចិត្តជួលបន្ត និងច្នៃទីកន្លែងនេះឱ្យទៅជាហាងកាហ្វេ ដោយខ្ញុំនិងក្រុមការងារព្យាយាមរក្សាទម្រង់ដើមរបស់ទីកន្លែងនេះ និងកែលម្អបន្តិចបន្តួចតែប៉ុណ្ណោះ ព្រោះអ្វីដែលយើងខ្ញុំចង់បានគឺការរក្សានូវសភាពដើមពីធម្មជាតិដែលមានស្រាប់»។
ទន្ទឹមនឹងនេះ ហាងកាហ្វេនេះក៏មានជាបន្ទប់បណ្ណាល័យ កន្លែងក្មេងលេង ការអនុញ្ញាតឱ្យយកសត្វចិញ្ចឹមចូលក្នុងហាង និងពិសេសជាងនេះទៅទៀតនៅពេលខាងមុខឆាប់ៗនេះ ហាងនឹងរៀបចំឱ្យមានផ្សារលក់ដូររាល់ចុងសប្ដាហ៍ និងការទទួលជួលទីតាំងសម្រាប់រៀបចំកម្មវិធីផ្សេងៗតាមតម្រូវការរបស់ភ្ញៀវដូចជា៖ ក្រុមអានសៀវភៅ និងកម្មវិធីរបស់សាលារៀនជាដើម។ លោក ពិសិដ្ឋ៖ «ចំពោះគម្រោងផ្សារចុងសប្ដាហ៍ដែលយើងនឹងបើកនៅថ្ងៃ មុខឆាប់ៗនេះ គឺយើងលក់ផលិតផលសិប្បកម្មខ្មែរ គំនូរលើក្រណាត់របស់ក្មេងៗ និងប្រភេទជានំខ្មែរ ហើយការរៀបចំបែបនេះគឺយើងចង់ផ្សារភ្ជាប់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងជាសហគមន៍មួយ តាមរយៈហាងកាហ្វេយើងនេះ។ យ៉ាងណាមិញ ក្រោយពីបើកហាង សួនសូកូឡានេះរួចថ្មីៗនេះ យើងក៏សង្កេតឃើញមានការរៀបចំត្រៀមបើកហាងបារ និងហាងអាហារថ្មីៗមួយចំនួននៅលើផ្លូវសូកូឡានេះផងដែរ។ ដូច្នេះយើងសង្ឃឹមថា ហាងយើងខ្ញុំនឹងរួមចំណែក នាំឱ្យសហគមន៍ទីនេះមាន គេស្គាល់កាន់តែច្រើនឡើងថែមទៀត»។
ទាក់ទងជាមួយគម្រោងទីក្រុងឆ្លាតវៃ (Smart City) លោកពិសិដ្ឋយល់ថាវានឹងត្រូវការពេលវេលាមួយសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងមូលយល់ដឹងពីគម្រោងអភិវឌ្ឍនេះ។ លោក ពិសិដ្ឋ៖ «ការរៀបចំអភិវឌ្ឍទីក្រុងសៀមរាប ឱ្យទៅជាទីក្រុងឆ្លាតវៃស្របទៅនឹងការវិវឌ្ឍរបស់សង្គម ជាពិសេសតាមស្តង់ដារអាស៊ាន គឺជារឿងល្អមួយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងក្រុង ប៉ុន្តែសម្រាប់ប្រជាជនរស់នៅឆ្ងាយតាមភូមិស្រុកចុងកាត់មាត់ញកវិញ ដោយការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត ហើយសួរថា តើពួកគាត់ទាំងនោះនឹងទទួលបានប្រយោជន៍អ្វីខ្លះពីគម្រោងមួយនេះ? យើងអាចនិយាយបានថាវាត្រូវការរយៈពេលគួរសមមួយ ដើម្បីឱ្យប្រជាជននៅតាមភូមិស្រុកគាត់យល់ដឹង និងស្វែងយល់អំពីគម្រោងនេះថាវាពិតជាផ្តល់ផលប្រយោជន៍ដល់ពួកគាត់»៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 53】
មុខមាត់ថ្មីរបស់ទីក្រុងសៀមរាបក្រោយគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែបញ្ចប់
この記事が気に入ったら
いいね!しよう
We will send you the latest information
ហោរាសាស្ត្រប្រចាំខែ មិថុនា ២០២៤
2024.05.29 未分類
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer