គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការត្រៀមខ្លួននិងក្តីរំពឹងរបស់កីឡាករជម្រើសជាតិខ្មែរ
ការត្រៀមខ្លួននិងក្តីរំពឹងរបស់កីឡាករជម្រើសជាតិខ្មែរ
2023.05.18

ខណៈរយៈពេលនៃព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ ឆ្នាំ២០២៣ ខិតជិតមកដល់ សម្រាប់ កម្ពុជាដែលទើបតែទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មួយនេះជាលើកដំបូងផង បានធ្វើឱ្យប្រជាជនខ្មែរគ្រប់ជាន់ថ្នាក់ ជាពិសេស ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣នេះ ក៏កំពុងដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំបដិសណ្ឋារកិច្ច ក៏ដូចជាការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីគ្រប់វិញ្ញាសាកីឡា។ តើកីឡាករជម្រើសជាតិខ្មែរមានការត្រៀមខ្លួន និងក្តីសង្ឃឹមដូចម្តេចខ្លះ?

វិញ្ញសាកីឡាគុនខ្មែរ

• កីឡាករជម្រើសជាតិវិញ្ញសាកីឡាគុនខ្មែរ

គុនខ្មែរ ជាវិញ្ញាសាមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនប្រកួតយកមេដាយមាស ព្រោះកីឡាគុនខ្មែរជាមរតករបស់ខ្មែរតាំងពីបុរាណកាលមក និងជាឱកាសបង្ហាញទៅកាន់ពិភពលោកអោយបានកាន់តែស្គាល់កីឡាជាតិរបស់ខ្មែរមួយនេះ។

 

លោក រិន ដេវីត មានអាយុ២០ មកពីខេត្តកណ្ដាល ជាយុវជនស្រឡាញ់វិស័យប្រដាល់ក្បាច់គុនបុរាណខ្មែរតាំងពីកុមារភាពមកម្លេះ។ លោក ដេវីត បានប្រឡូកផ្ទាល់នៅអាយុ១៥ឆ្នាំមក ហើយបានក្លាយជាកីឡាករជម្រើសជាតិដ៏ឆ្នើមម្នាក់នៅឆ្នាំ២០១៨។ បច្ចុប្បន្នកីឡាកររូបនេះ ប្រកួតបានជាង១០០ប្រកួត ហើយក៏ជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់២ស្ថាប័ន គឺជើងឯកខ្សែក្រវ៉ាត់ « អធិរាជគុនខ្មែរ ISI PALM-ISI PIPE » រដូវកាលទី៣ (ថ្ងៃ24 ខែមករា ឆ្នាំ២០២១) និង «Ganzberg One Strike» រដូវកាលទី២ លើប្រភេទទម្ងន់ ៦០គីឡូក្រាម នៃស្ថានីយទូរទស្សន៍ PNN (ថ្ងៃ២៧ ខែមីនា ឆ្នាំ2022)។

 

 

ក្រោយជាប់ជាកីឡាករជម្រើសជាតិគុនខ្មែរនៅឆ្នាំ២០១៨ លោក រិន ដេវិត បានរៀបរាប់ពីស្ថានភាពជីវភាពខ្លួនដូច្នេះថា៖ «ក្រោយពីខ្ញុំត្រូវបានជ្រើសតាំងជាកីឡាករជម្រើសជាតិ ពោល គឺខ្ញុំបានក្លាយជាកីឡាករក្របខ័ណ្ឌ ដែលមានប្រាក់ខែ និងការឧបត្ថម្ភផ្សេងៗពីរដ្ឋដូចមន្រីរាជការធម្មតា។ លក្ខខណ្ឌនេះបានជួយសម្រួលច្រើនដល់រូបខ្ញុំ ក្នុងការហ្វឹកហាត់ឱ្យបានទៀតទាត់»។ លោកក៏បានបញ្ជាក់ដែរថា កីឡាករជម្រើសជាតិ គឺមិនសូវមានសេរីភាពដូចកីឡាករតាមក្លិបផ្សេងៗនោះទេ តែវាបានជួយឱ្យរូបខ្ញុំអាចផ្តោតអារម្មណ៍លើការហ្វឹកហាត់ប្រចាំថ្ងៃបានល្អច្រើន។ លោក រិន ដេវីត មានជំនឿចិត្តយ៉ាងមុតមាំថានឹងយកមេដាយមាសឱ្យកម្ពុជាសម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ។ លោក រិន ដេវីត៖ «ខ្ញុំកំពុងសម្រុកហ្វឹកហាត់រាល់ថ្ងៃនេះ គឺដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ និងធ្វើយ៉ាងណាយកមេដាយជូនជាតិឱ្យបាន!» ។

 

 


• កីឡាការិនីវិញ្ញាសាគុនខ្មែរ

កញ្ញា ទូច ចាន់វត្តី (អាយុ១៨ឆ្នាំ) មានដើមកំណើតនៅខេត្តកណ្ដាល បច្ចុប្បន្នកញ្ញាជាកីឡាការិនីជម្រើសជាតិគុនខ្មែរ ដែលហ្វឹកហាត់នៅក្នុងជុំរុំជម្រើសជាតិមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ។ ដោយមានឈាមជ័រជាអ្នកប្រដាល់ស្រាប់ បូករួមទាំងកញ្ញាក៏មានចិត្តស្រឡាញ់គុនខ្មែរដែរ ទើបសម្រេចចាប់ផ្ដើមចូលហាត់នៅជាមួយបងប្រុសរបស់កញ្ញាផ្ទាល់តែម្ដង។

 

 

កញ្ញា បានចាប់ផ្ដើមអាជីពជាអ្នកប្រដាល់នៅឆ្នាំ២០២០ និងធ្លាប់ប្រកួតបាន២៣ដង។ ដោយកញ្ញាបានជាប់ជាម្ចាស់មេដាយមាសក្នុងកម្មវិធីជើងឯងអាស៊ីអាគ្នេយ៍គុនខ្មែរ រៀបចំឡើងដោយភាគីកម្ពុជា ដោយបានយកឈ្នះកីឡាការិនីវៀតណាម នាថ្ងៃទី១១ ខែ១២ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ កញ្ញាត្រូវបានជាប់ជាស្វ័យប្រវត្តិជាកីឡាករជម្រើសជាតិកម្ពុជាសម្រាប់វិញ្ញាសាកីឡាប្រដាល់គុនខ្មែរក្នុងព្រឹត្តការណ៍ SEA GAME 2023 ខាងមុខ។

ក្រោយជាប់ជម្រើសជាតិនាខែ?? ឆ្នាំ២០២១ កញ្ញាបានប្រាប់ខ្លួនឯងថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាយកមេដាយមាសឱ្យបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រៀមធ្វើជាម្ខាស់ផ្ទះនាពេលខាងមុខនេះ ដើម្បីជាការដូរលើកទឹកចិត្តខ្លួនឯង ក៏ដូចជាដើម្បីមុខមាត់ជាតិមាតុភូមិផងដែរ។ ដោយឡែកចំពោះការហ្វឹកហាត់ប្រចាំថ្ងៃវិញ កញ្ញា បានរៀបរាប់ថា៖ « ការហ្វឹកហាត់សព្វថ្ងៃមិនមានអ្វីចោទជាបញ្ហានោះទេ ព្រោះនាងខ្ញុំស៊ាំនឹងសកម្មភាពទាំងនេះអស់ទៅហើយ ទោះពេលខ្លះមានការសមកម្ដៅសាច់ដុំជាមួយអ្នកហាត់ជាមួយគ្នាខ្លាំងពេកនាំឱ្យឈឺខ្លួនខ្លះក៏ដោយចុះ។ ហើយណាមួយនាងខ្ញុំជាកីឡាការិនី អ៊ីចឹងការហ្វឹងហាត់ជាមួយកីឡាករក៏រាងពិបាកដែរ។ ម្យ៉ាងទៀត ការហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ គឺមានច្បាប់វិន័យតឹងរឹង និងមានការហាត់សមច្រើនម៉ោងជាងបណ្ដារក្លិបខាងក្រៅ ដូច្នេះពេលខ្លះនាងខ្ញុំក៏មានអារម្មណ៍ថារាងកាយល្វើយខ្លះដែរ។ តែមិនថ្វីនោះទេ ដើម្បីខ្លួនឯង និងប្រទេសជាតិ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ នាងខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពទោះជាមានការហត់នឿយប៉ុណ្ណាក៏ដោយ»៕

វិញ្ញាសាឃីកបុកស៊ីង

• កីឡាករជម្រើសជាតិវិញ្ញាសាឃីកបុកស៊ីង

 

លោក លន់ បញ្ញាជាកីឡាករប្រដាល់គុនខ្មែរដ៏មានប្រជាប្រិយភាពម្នាក់ បានជាប់ជាកីឡាករជម្រើសជាតិផ្នែកឃីកបុកស៊ីងរបស់កម្ពុជានាខែមិនា ឆ្នាំ២០២១។ បច្ចុប្បន្ន លោក បញ្ញា កំពុងហ្វឹកហាត់នៅជុំរំជម្រើសជាតិមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ ដើម្បីត្រៀមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ណាពេលខាងមុខនេះ។

មានអាយុ២៣ឆ្នាំ និងស្រុកកំណើតនៅខេត្តព្រៃវែង លោក បញ្ញា ក៏ជាកីឡាករគុនខ្មែរដ៏ឆ្នើម និងមានប្រជាប្រិយភាពម្នាក់ផងដែរ។ លោកបានរៀបរាប់ពីការសម្រេចចិត្តចូលប្រឡូកក្នុងកីឡាគុនខ្មែរដូច្នេះថា៖ «កាលមិនទាន់ក្លាយជាកីឡាករខ្ញុំបាទជាអតីតជាងឈើម្នាក់ តែបើនិយាយអំពីចិត្តស្រឡាញ់វិញ ខ្ញុំមានចិត្តស្រឡាញ់វិស័យកីឡាប្រដាល់នេះតាំងពីក្មេងមកម្ល៉េះ។ ដោយកត្តាជីវភាពគ្រួសារ និងគ្មានខ្សែរយៈផង ទើបខ្ញុំយឺតយ៉ាវនូវការចូលប្រឡូកក្នុងវិស័យកីឡាកុនខ្មែរនេះ។ បើខ្ញុំមិនចាំខុសទេ កាលខ្ញុំមានអាយុប្រហែល១០ឆ្នាំ ខ្ញុំបានដឹងខ្លួនឯងហើយថាចូលចិត្តកីឡាប្រដាល់ ប៉ុន្តែខ្ញុំត្រូវអូសបន្លាយពេលវេលារហូតដល់អាយុ១៧ឆ្នាំទើបខ្ញុំមានឱកាសចូលហាត់កីឡាប្រដាល់គុនខ្មែរជាផ្លូវការ»។ ដោយសារនៅកម្ពុជាបច្ចុប្បន្នមានកង្វះខាតកីឡាករផ្នែកឃីកបុកស៊ីង ទើបសហពន្ធកីឡាប្រដាល់កម្ពុជាសម្រេចដាក់ឈ្មោះលោកជាកីឡាករជម្រើសជាតិផ្នែកឃីកបុកស៊ីងនៅអំឡុងដើមឆ្នាំ២០២១ ហើយលោកបែរមកចាប់ប្រឡូកជាកីឡាករឃីកប៊ុកស៊ីងនេះតាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន។

ដ្បិតថាការហ្វឹកហាត់ប្រចាំថ្ងៃមានសភាពច្រើនម៉ោង និងកីឡាឃីកបុកស៊ីងមានភាពខុសគ្នាពីការហ្វឹកហាត់បែបគុនខ្មែរបន្តិចមែន ប៉ុន្តែរូបលោកហាក់មិនមានផលលំបាកអ្វីនោះឡើយ។ លោក៖ «ការហាត់ក្នុងជុំរំជម្រើសជាតិមានការហ្វឹកហាត់ច្រើនម៉ោងជាងហាត់នៅតាមក្លិប ម៉្យាងទៀតដូចដែលយើងបានដឹងហើយថា វិញ្ញាសាឃីកបុកស៊ីង ជាវិញ្ញាសាថ្មីមួយសម្រាប់ស្រុកខ្មែរ ដូច្នេះខ្ញុំទទួលស្គាល់ថាមានការលំបាកខ្លះៗដែរ ប៉ុន្ដែវាមិនលំបាកខ្លាំងនោះឡើយ ដ្បិតឃីកបុកស៊ីក៏មានភាពស្រដៀងនឹងគុនខ្មែរដែរ បូករួមទាំងយើងមានការតាំងចិត្តខ្ពស់ទៀត នោះវាលែងជាការលំបាកទៀតហើយ»។

គួររំឭកថា កីឡាករជម្រើសជាតិ លោក លន់ បញ្ញា ក៏ជាម្ចាស់មេដាយប្រាក់មួយរូបផ្នែកវិញ្ញាសាឃីកបុកស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមផងដែរ។ ដោយឡែកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់នាប៉ុន្មានខែខាងមុខនេះ លោកបានដាក់ក្ដីរំពឹងយ៉ាងម៉ឺងម៉ាត់ថា នឹងខិតខំប្រឹកប្រែងយកមេដាយមាសជូនជាតិឱ្យទាល់តែបាន។ លោកបានបង្ហើបប្រាប់ដូច្នេះថា៖ «សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នាពេលខាងមុខនេះ ខ្ញុំមានទំនុកចិត្តខ្ពស់ជាងស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ព្រោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ប្រារព្ធឡើងនៅក្នុងប្រទេស ហើយខ្ញុំមានការហ្វឹកហាត់ខ្លាំងជាងមុន ម្ល៉ោះហើយខ្ញុំមានជំនឿចិត្តថានឹងទទួលបានលទ្ធផលល្អ»។ យ៉ាងណាមិញ លោក បញ្ញា ក៏បានបង្ហាញពីការព្រួយបារម្ភខ្លះៗដែរ ដ្បិតកីឡាករមកពីប្រទេសផ្សេងៗសុទ្ធតែមានសមត្ថភាពល្អៗដូចគ្នា ជាពិសេសឥណ្ឌូនេស៊ី និងវៀតណាម។

Note: កាលវិភាគការហ្វឹកហាត់ ពេលព្រឹកចាប់ពីម៉ោង៦ ដល់ ម៉ោង១០:៣០ ពេលថ្ងៃម៉ោង២:៣០ ដល់ ម៉ោង៦ល្ងាច ហើយពេលយប់យើងហាត់ពីម៉ោង៨ ដល់ ម៉ោង៩ មួយម៉ោងទៀត។

Note: ភាពខុសគ្នារវាងកីឡាគុនខ្មែរ និងឃីកបុកស៊ីង៖ គុនខ្មែរអាចប្រើកែង និងឡើងជង្គង់ និងឱបដៃគួរ ប្រើកណ្តាប់ដៃ និងជើងវាយដើម្បីយកពិន្ទុ

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles