~ភាពទាក់ទាញនិងតម្លៃអចលនទ្រព្យភ្នំពេញសម្រាប់ជនជាតិជប៉ុន~
ខណៈប្រជាជនខ្មែរចាប់ផ្តើមទិញ និងលក់អចលនទ្រព្យដូចជា៖ ដីធ្លី ខុនដូ និងលំនៅដ្ឋានរស់នៅយ៉ាងគគ្រឹកគគ្រេង គេក៏សង្កេតឃើញមានការអភិវឌ្ឍន៍ និងការលក់អចលនទ្រព្យជាច្រើនធ្វើឡើងដោយអ្នកវិនិយោគបរទេសផងដែរ។ មានប្រជាជនមកពីប្រទេសជប៉ុន ដែលភាគច្រើននៅក្នុងទីក្រុងភ្នំពេញ បានទិញអចលនៈទ្រព្យភាគច្រើនក្នុងគោលបំណងវិនិយោគ។ យើងខ្ញុំបានសាកសួរអ្នកស្រី អានណា អំពីភាពទាក់ទាញនៃតម្លៃអចលនទ្រព្យក្នុងក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន និងទំនោរនាពេលអនាគត។
អ្នកស្រីបានធ្វើអាជីវកម្មផ្នែកអចលនទ្រព្យនៅកម្ពុជាជិត១០ឆ្នាំមកហើយ តើអ្នកស្រីឃើញការប្រែប្រួលនៅភ្នំពេញដូចម្តេចខ្លះ?
នាងខ្ញុំសូមជម្រាបថា ក្រុមហ៊ុនរបស់យើងខ្ញុំបានចាប់ផ្តើមអាជីវកម្មនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៣ ពោលគឺកាលពី១០ឆ្នាំមុន។ នាងខ្ញុំគិតថាបរិយាកាសរស់នៅក្នុងរាជធានីភ្នំពេញមានភាពប្រសើរបើធៀបនឹងពេលដែលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងទឹកលូ និងផ្លូវថ្នល់នៅមិនទាន់បានអភិវឌ្ឍពេញលេញកាលពីជាង១០ឆ្នាំមុន។ មិត្តភាពជប៉ុន និងកម្ពុជាកាន់តែមានភាពស្និទ្ធស្នាលគ្នាខ្លាំង ក្រោយពេលដែល ជើងហោះហើរពីជប៉ុនផ្ទាល់មកកម្ពុជា ធ្វើឡើងដោយក្រុមហ៊ុនអាកាសចរ ANA តែជាអកុសលឥឡូវនេះវាលែងមានទៀតហើយ។
នាងខ្ញុំខ្លួនឯងគិតថា បើធៀបនឹង១០ឆ្នាំមុន រាជធានីភ្នំពេញ មានចំនួនផ្សារទំនើបច្រើនជាងមុន ហើយការរស់នៅគឺកាន់តែស្រួលជាងមុនច្រើន។ ដោយសារជំងឺកូវីដ១៩ នាងខ្ញុំមិនអាចទៅមកភ្នំពេញបានប្រហែលជា៤ឆ្នាំមកហើយ ប៉ុន្តែពេលនេះ នាងខ្ញុំមកកម្ពុជាម្តងរៀងរាល់ពីរខែម្តង។
តើវិបត្តិជំងឺកូវីដ១៩បានប៉ះពាល់ដល់អាជីវកម្មរបស់អ្នកស្រីដែរ ឬទេ?
អាជីវកម្មផ្នែកអចលនទ្រព្យនៅក្រៅប្រទេសបានរងផលប៉ះពាល់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យដែលយើងខ្ញុំគ្រប់គ្រង គឺត្រូវបានធានាយ៉ាងពេញលេញដោយក្រុមហ៊ុនអភិវឌ្ឍន៍ ហើយយើងខ្ញុំបានទទួលសំណងត្រឡប់មកវិញត្រឹមត្រូវ ដូច្នេះ វាហាក់ដូចជាពុំមានផលប៉ះពាល់អ្វីខ្លាំងដល់ការសម្រេចចិត្តរបស់អតិថិជនដែលបានធ្វើការវិនិយោគទេ។ ជាការពិតណាស់ ក៏មានអ្នកវិនិយោគខ្លះចង់សម្រេចចិត្តវិនិយោគបន្ទាប់ពីពិនិត្យមើលតម្លៃអចលនទ្រព្យនៅលើគេហទំព័រ ដូច្នេះយើងខ្ញុំបានប្តូរទៅជាវិធីសាស្រ្តនៃការភ្ជាប់ទៅកាន់គេហទំព័រអនឡាញ និងមើលវីដេអូសម្រាប់អតិថិជនបែបនេះ។ បច្ចុប្បន្ន យើងបានបន្តដំណើរការចុះទៅមើលផ្ទាល់ ហើយអ្នកវិនិយោគដែលចង់មើលផ្ទាល់នូវអចលនទ្រព្យគឺអាចចុះទៅមើលដោយផ្ទាល់បាននៅនឹងកន្លែង។
តើទីក្រុងភ្នំពេញមានចំណុចទាក់ទាញអ្វីខ្លះ?
នាងខ្ញុំគិតថាភ្នំពេញជាកន្លែងងាយស្រួលក្នុងការរស់នៅ ព្រោះដើមឡើយវាជាក្រុងក្រោមអាណានិគមបារាំង ហើយមានទីប្រជុំជនត្រូវបានថែទាំយ៉ាងល្អ និងមានគ្រោះមហន្តរាយតិចតួចបង្ករឡើងដោយការរញ្ជួយដី និងព្យុះជាដើម។ វប្បធម៌អាហារខ្មែរក៏ត្រូវចិត្តប្រជាជនជប៉ុនដែរ ហើយមានភោជនីយដ្ឋានជាច្រើនដែលបម្រើម្ហូបអន្តរជាតិ ដូច្នេះសម្រាប់ជប៉ុនគឺទាំងម្ហូបខ្មែរនិងបរទេសគ្រប់យ៉ាងគឺឆ្ងាញ់។
បើនិយាយពីការវិនិយោគវិញ វាមានភាពទាក់ទាញក្នុងការធ្វើពាណិជ្ជកម្មជាប្រាក់ដុល្លារអាមេរិកនៅកម្ពុជា។ ការប្រាក់លើប្រាក់បញ្ញើរបស់ធនាគារមានកម្រិតខ្ពស់ ហើយជនបរទេសអាចទិញអចលនទ្រព្យបានទៀត។ ប្រសិនបើការជួលដំណើរការត្រឹមត្រូវ វានឹងក្លាយជាប្រភពនៃប្រាក់ចំណូលមានស្ថេរភាពមួយសម្រាប់អ្នកវិនិយោគជប៉ុន ដែលវាក៏គួរឱ្យទាក់ទាញផងដែរ។
បើមើលពីផ្លូវច្បាប់វិញ មិនមានបញ្ហាអ្វីធំដុំទេ ព្រោះនីតិវិធីចុះឈ្មោះក្រុមហ៊ុនអាចបំពេញបានដោយត្រឹមត្រូវ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ពុំសូវមានអ្នកជួលច្រើនដូចការរំពឹងទុកដែរ ដូច្នេះនាងខ្ញុំគិតថា វាជាកត្តាហានិភ័យមួយត្រូវពិចារណា។
រាជធានីភ្នំពេញមានចំនួនប្រជាជនជាង២លាននាក់ ប៉ុន្តែគេថានៅឆ្នាំ២០៣៥ នឹងមានប្រជាជនប្រមាណ៣លាននាក់ រួមទាំងជនបរទេសផងដែរ។ តើអ្នកស្រីរំពឹងអ្វីខ្លះពីក្រុមហ៊ុនអចលនទ្រព្យឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋបែបនេះ?
អ្នកជួលអចលនទ្រព្យមួយចំនួនដែលយើងគ្រប់គ្រងគឺជាជនជាតិខ្មែរ ហើយពួកគេភាគច្រើនបានរស់នៅក្រៅប្រទេសយូរមកហើយ ហើយបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំពោះអតិថិជនបែបនេះមានទំនោរជ្រើសរើសខុនដូដែលមានសុវត្ថិភាពល្អសម្រាប់ការរស់នៅរបស់ពួកគាត់។ នាងខ្ញុំគិតថាចំនួនអ្នកមានធនធាននៅកម្ពុជានឹងបន្តកើនឡើងនៅពេលអនាគត។ ម្យ៉ាងទៀត ដោយសារចំនួនជនបរទេសកើនឡើង នាងខ្ញុំគិតថាតម្រូវការបន្ទប់បែប ១បន្ទប់គេង និង ២បន្ទប់គេង នឹងកើនឡើង។ ម្យ៉ាងវិញទៀត បច្ចុប្បន្នមានបន្ទប់សម្រាប់គ្រួសារតិចតួចនៅឡើយ ដូច្នេះប្រសិនបើចំនួនជនបរទេសដែលមកជាមួយគ្រួសារកើនឡើងនាពេលអនាគត នាងខ្ញុំគិតថាការផ្គត់ផ្គង់បន្ទប់សម្រាប់គ្រួសារនឹងក្លាយជាបញ្ហាថ្មីត្រូវគិតគូ។ អចលនទ្រព្យដែលយើងខ្ញុំធ្វើការជួលកន្លងមកមានតែបន្ទប់តូចៗប៉ុណ្ណោះ ហើយយើងធ្លាប់ភ្ជាប់បន្ទប់ដើម្បីប្រើប្រាស់ជាលក្ខណៈគ្រួសារ។ លើសពីនេះ តាមទស្សនៈនៃអចលនៈទ្រព្យដែលងាយស្រួលសម្រាប់គ្រួសារ នាងខ្ញុំគិតថាមានតម្រូវការសម្រាប់អចលនទ្រព្យដែលមានគ្រឿងបរិក្ខារ និងកន្លែងកម្សាន្តទូទៅពេញលេញ ដូចជាការមានហាងស្ប៉ានៅក្នុងអគារតែមួយ និងកន្លែងដែលកុមារអាចលេងបានជាដើម។
ក្រុមហ៊ុនរបស់យើងមិនធ្វើការងារអ្នកអភិវឌ្ឍន៍(សាងសង់) ឬទាក់ទាញអ្នកអភិវឌ្ឍន៍ទេ។ យ៉ាងណាមិញ ប្រសិនបើចំនួនប្រជាជនមានពី២លានឡើងទៅ៣លាននាក់ នាងខ្ញុំគិតថាទីក្រុងភ្នំពេញនៅតែត្រូវបានចាត់ទុកថាជាទីផ្សារតូចមួយសម្រាប់អ្នកអភិវឌ្ឍន៍ធំៗរបស់ជប៉ុន។ នាងខ្ញុំសង្ឃឹមថានឹងមានអ្នកអភិវឌ្ឍន៍ដ៏ល្អដែលអាចនឹងវិនិយោគលើទីផ្សារពិសេសបែបនេះបាន។
តើវិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញមានបញ្ហាប្រឈមអ្វីខ្លះ?
មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ មានករណី “ការអភិវឌ្ឍន៍អចលនទ្រព្យឈប់មុនគម្រោងបញ្ចប់” កើតមានឡើងជាច្រើនដែរ។ នេះដោយសារតែមានគំរូអាជីវកម្មជាច្រើនដែលអចលនទ្រព្យត្រូវបានលក់ចាប់ពីដំណាក់កាលរៀបចំផែនការអភិវឌ្ឍន៍ដំបូង ហើយការសាងសង់ត្រូវបានធ្វើឡើងក្រោយការប្រមូលប្រាក់ តែក្រុមហ៊ុនអភិវឌ្ឍន៍មានបញ្ហាក្នុងការបង្វិលថវិកានាំឱ្យមានការរាំងស្ទះជាដើម។ ដូច្នេះនាងខ្ញុំគិតថាគួប្បីត្រូវបង្កើតលំហូរនៃការអភិវឌ្ឍដែលមានផ្លូវច្បាប់ត្រឹមត្រូវ និងការលក់បន្ទាប់ពីអចលនទ្រព្យសាងសង់រួច។
នាងខ្ញុំគិតថាវាគួរតែមានប្រព័ន្ធធានារ៉ាប់រងដូចជាការផ្តល់សំណងដល់អ្នកទិញ ប្រសិនបើការសាងសង់បានបញ្ឈប់នៅពាក់កណ្តាលទី។ ជាការពិតណាស់ យើងអាចនិយាយបានថា វាជាជម្រើសនិងជាទំនួលខុសត្រូវខ្លួនឯងចំពោះការទិញអចលនទ្រព្យណាមួយ ប៉ុន្តែប្រសិនបើហានិភ័យបែបនេះកើនឡើងច្រើន នោះទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនឹងមានរូបភាពអវិជ្ជមានមិនខាន។
ម្យ៉ាងវិញទៀត នាងខ្ញុំគិតថា យើងត្រូវធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបរបស់ក្រុមហ៊ុនគ្រប់គ្រង បន្ទាប់ពីអចលនទ្រព្យត្រូវបានសាងសង់។ ប្រសិនបើក្រុមហ៊ុនគ្រប់គ្រងមិនខិតខំប្រឹងប្រែងបង្កើនការពេញចិត្តរបស់អតិថិជនទេ អ្នកជួលនឹងមិនមកទៀតទេ ព្រោះរាល់ពេលដែលអចលនទ្រព្យថ្មីត្រូវបានសាងសង់ អតិថិជននឹងចាកចេញទៅកន្លែងថ្មីទាំងនោះជាមិនខាន។
នាងខ្ញុំក៏គិតដែរថា ការប្រមូលទុនបំរុងសម្រាប់ការជួសជុលថែទាំកំពុងនិងបានមានចំនួនច្រើនឡើងៗជាបណ្តើរៗ ប៉ុន្តែក៏មានសំណួរថាតើថវិការប្រមូលទាំងនោះពិតជាត្រូវបានប្រើប្រាស់សម្រាប់ការជួសជុល ថែទាំត្រឹមត្រូវដែរឬទេ។ វាមិនទាន់ជាបញ្ហាទេសម្រាប់ពេលឥឡូវនេះព្រោះវាជាទុនប្រមូលបានថ្មីៗ ប៉ុន្តែនាងខ្ញុំគិតថាវានឹងក្លាយទៅជាបញ្ហាក្នុងរយៈពេល៥ ឬ១០ឆ្នាំខាងមុខ ប្រសិនបើការចាត់ចែងពុំមានតម្លាភាព។
ដូច្នេះចំពោះភ្នាក់ងារជាអ្នកលក់ នាងខ្ញុំគិតថាវានឹងបង្កជាបញ្ហា ប្រសិនបើយើងមិនប្រាប់អតិថិជនថាមានការចំណាយផ្សេងៗដូចជា ថ្លៃគ្រប់គ្រងទាំងអស់នោះជាដើម។
តើអ្នកស្រីគិតថានឹងមានទំនោរជាវអចលនទ្រព្យពីប្រជាជនខ្មែរនៅជប៉ុនកើតឡើងដែរទេ?
នាងខ្ញុំគិតថានឹងមាន។ ក្រុមហ៊ុនយើងខ្ញុំក៏មានបំណងណែនាំពីអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនដែរ ប៉ុន្តែបច្ចុប្បន្នមានគម្រោងនៅកម្ពុជាច្រើនពេក នៅពុំទាន់អាចធ្វើការងារណែនេះនៅឡើយ។ នាងខ្ញុំក៏មានស្គាល់ក្រុមហ៊ុនអចលនទ្រព្យច្រើនដែលណែនាំអចលនទ្រព្យជប៉ុនទៅកាន់បរទេសដែរ។ ដោយសារបច្ចុប្បុន្នតម្លៃប្រាក់យ៉េនជប៉ុនក៏កំពុងថយចុះផង នាងខ្ញុំគិតថាតម្រូវការនេះនឹងកើនឡើង។
ជាចុងក្រោយ តើអ្នកនាងមានពាក្យពេជន៍អ្វីខ្លះទេ?
បច្ចុប្បន្ន ការមានជាកម្មសិទ្ធ និងការវិនិយោគលើវិស័យអចលនទ្រព្យនៅក្រៅប្រទេសកាន់តែមានចំនួនកើនឡើងបើប្រៀបធៀបជាមួយកាលពីមុន ដូច្នេះនាងខ្ញុំគិតថានឹងមានការចាប់អារម្មណ៍កាន់តែច្រើនឡើងថែមទៀតពីជប៉ុនមកកាន់ប្រទេសកម្ពុជា។ នាងខ្ញុំគិតថាប្រទេសកម្ពុជាមានភាពទាក់ទាញ ព្រោះជាប្រទេសដែលបើកចំហសម្រាប់ការវិនិយោគពីបរទេស ខណៈប្រជាជនជប៉ុនមានទ្រព្យជាសាច់ប្រាក់យ៉េនជប៉ុន កំពុងគិតអំពីការការពារហានិភ័យជាមួយនឹងរូបិយប័ណ្ណបរទេស។
មានមនុស្សមួយចំនួនប្រហែលជាគិតថានយោបាយកម្ពុជាអាចនឹងផ្លាស់ប្តូរនៅពេលអនាគត ហើយច្បាប់អាចនឹងផ្លាស់ប្តូរដែរ ប៉ុន្តែគួរចាំថាសេដ្ឋកិច្ចកម្ពុជានៅតូចនៅឡើយ ហើយដើមទុនបរទេសត្រូវបានទទួលយកសម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ដូច្នេះនាងខ្ញុំមិនគិតថានឹងមិនមានការផ្លាស់ប្តូរភ្លាមៗកើតឡើងនោះទេ។ ក្រុមហ៊ុនយើងខ្ញុំនឹងតាមដានស្ថានការណ៍នៅកម្ពុជា ហើយផ្សព្វផ្សាយពីភាពទាក់ទាញរបស់ប្រទេសកម្ពុជាទាក់ទងនឹងការវិនិយោគពីបរទេសបន្តទៀត៕
Anna Advisors Co.,Ltd
Unit No. FO-1025, Flatiron by Meridian, Street 102, Phnom Penh City Centre, Sangkat Srah Chok, Khan Daun Penh, Phnom Penh, Kingdom of Cambodia
info@annaadvisors.com
Tel: 023 97 2014 / 012 833 290
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer