អ្នកស្រី ផល នីវៀរ៉ា អាយុ ២៩ ឆ្នាំ ជាមន្រ្តីរាជការនៃសាលាខេត្តកំពង់ឆ្នាំង និងជានិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី ២ ផ្នែកគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យម៉ីជី (Meiji) ដែលស្ថិតនៅចំកណ្តាលទីក្រុងតូក្យូប្រទេសជប៉ុន ក្រោមរបបអាហារូបករណ៍ជំនួយពីរដ្ឋាភិបាលជប៉ុនឈ្មោះថា The Project for Human Resource DevelopmentScholarship by Japanese Grant Aid (JDS)។ អ្នកស្រីបានប្រាប់ទស្សនាវដ្តីញញឹមខ្មែរ អំពីការប្រលងយកអាហាររូបករណ៍ JDS នេះ និងជីវភាពជានិស្សិតស្រាវជ្រាវកំពុងរស់នៅទីក្រុងតូក្យូដូចតទៅ។
- ដំណើរការដាក់ពាក្យសុំអាហារូបកណ៍ JDS សិក្សានៅប្រទេសជប៉ុន
ជាបឋមបេក្ខជនត្រូវបំពេញពាក្យសុំអាហារូបករណ៍ឱ្យបានត្រឹមត្រូវ ហើយដាក់ពាក្យនៅ JICE JDS Project Office Cambodia។ អាហារូបករណ៍នេះ គឺតែងតែធ្វើការផ្សព្វផ្សាយនិងទទួលពាក្យចាប់ពីដើមខែសីហា រហូតដល់សប្តាហ៍ទីមួយនៃខែតុលាជារៀងរាល់ឆ្នាំ តាមរយៈវេបសាយ https://jdsscholarship.org/country/cambodia/ ឬអាចទៅកាន់ការិយាល័យរបស់ JICE JDS Project Office Cambodia ដោយផ្ទាល់។ ក្រោយមកនឹងមានការជូនដំណឹងអោយបេក្ខជនមកធ្វើតេស្តភាសាអង់គ្លេស និងគណិតវិទ្យា (ការធ្វើតេស្តមុខវិជ្ជាគណិតវិទ្យាគឺមានតាមសាលាមួយចំនួនដែលតម្រូវអោយធ្វើតែប៉ុណ្ណោះ)។ បន្ទាប់ពីធ្វើតេស្តភាសាអង់គ្លេស និងគណិតវិទ្យាជាប់ រាល់សំណុំឯកសាររបស់បេក្ខជន ត្រូវបានផ្ញើទៅកាន់សាកលវិទ្យាល័យប្រទេសជប៉ុន ដើម្បីធ្វើការសម្រិតសម្រាំងដោយផ្តោតលើគម្រោងស្រាវជ្រាវ (research proposal)ដែលបេក្ខជនបានដាក់ភ្ជាប់ជាមួយការដាក់ពាក្យស្នើសុំ។បន្ទាប់មក នឹងមានការណាត់ជួបបេក្ខជនដែលបានជាប់វគ្គដំបូង (basic check) ដើម្បីធ្វើតេស្តសុខភាពនៅមន្ទីរពេទ្យដែលបានរៀបចំដោយខាងអាហារូបករណ៍។ ពេលជាប់វគ្គពិនិត្យសុខភាពហើយ បេក្ខជនត្រូវបានណាត់អោយមកធ្វើការសម្ភាសន៍ (technical interview) ដោយផ្ទាល់ពីសំណាក់សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជប៉ុន ដើម្បីធ្វើការសិក្សាស្វែងយល់ស៊ីជម្រៅលើគម្រោងស្រាវជ្រាវរបស់បេក្ខជន។ បន្ទាប់ពីជាប់ក្នុងវគ្គនេះរួចមក បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសន៍កម្រិតយល់ដឹងទូទៅ (comprehensive interview) ជាមួយគណៈកម្មាធិការអាហារូបករណ៍។ ជាចុងក្រោយ នឹងមានការជូនដំណឹងដល់បេក្ខជនដែលបានជាប់ជាស្ថាពរ ដើម្បីត្រៀមទៅសិក្សានៅប្រទេសជប៉ុន។
- លក្ខណៈពិសេសរបស់សាកលវិទ្យាល័យ Meiji សម្រាប់និស្សិតស្រាវជ្រាវថ្នាក់អនុបណ្ឌិត
និស្សិតស្រាវជ្រាវអាចជ្រើសរើសមុខវិជ្ជាសិក្សារហូតដល់ ២០ មុខវិជ្ជាស្មើនឹង ៤០ ក្រេឌីត ឬអាចច្រើនជាងនេះពីក្នុងកម្មវិធីសិក្សា។ មុខវិជ្ជាដែលនាងខ្ញុំជ្រើសរើសគឺភាគច្រើនទាក់ទងនឹងការស្រាវជ្រាវផ្ទាល់ខ្លួន ដោយផ្តោតលើវិស័យរដ្ឋ។ ទន្ទឹមនឹងការសិក្សាស្រាវជ្រាវក្នុងថ្នាក់ ក៏មានការចុះធ្វើកម្មសិក្សានៅស្ថាប័នរដ្ឋរបស់ជប៉ុន និងទៅកាន់តំបន់មួយចំនួន ដើម្បីស្វែងយល់ពីវប្បធម៌និងការរស់នៅរបស់ជនជាតិជប៉ុនអោយបានកាន់តែស៊ីជម្រៅ។ លើសពីនេះទៀត មានការបង្រៀនថ្នាក់ពិសេស (special lectures) ដោយមន្រ្តីរាជការជាន់ខ្ពស់រដ្ឋាភិបាលសាស្រ្តាចារ្យនិងមន្រ្តីរាជការពីបរទេសដែលមានបទពិសោធន៍ដើម្បីធ្វើអោយនិស្សិតស្វែងយល់បានកាន់តែទូលំទូលាយលើមុខជំនាញដែលពាក់ព័ន្ធ។ នៅក្នុងកម្មវិធីសិក្សាក៏មានថ្នាក់ភាសាជប៉ុន សម្រាប់និស្សិតស្រាវជ្រាវជាជនបរទេស សិក្សាស្វែងយល់អំពីវប្បធម៌ ការរស់នៅ និងការប្រាស្រ័យទាក់ទងផ្សេងៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរនិងចែករំលែកនូវបទពិសោធន៏របស់ខ្លួនជាមួយសហគមន៍ជប៉ុន។ ជាមួយគ្នានេះ សាកលវិទ្យាល័យមានបំពាក់បរិក្ខាទំនើបៗ និងមានបន្ទប់សម្រាប់និស្សិតសិក្សាយ៉ាងងាយស្រួលស្អាត និងមានផាសុកភាពផងដែរ។
- ចំនុចប្រឈមមួយចំនួនចំពោះការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យជប៉ុន
ការសិក្សានៅក្នុងឆ្នាំទីមួយមានភាពលំបាកបន្តិច ព្រោះនាងខ្ញុំត្រូវជ្រើសរើសមុខវិជ្ជាសិក្សាច្រើន ដើម្បីទុកពេលអោយគ្រប់គ្រាន់នៅឆ្នាំទីពីរ សម្រាប់សរសេរនិក្ខេបបទស្រាវជ្រាវរបស់ខ្លួន។ ចំពោះថ្នាក់នីមួយៗ គឺតម្រូវអោយមានការធ្វើបទបង្ហាញទាក់ទងនឹងមេរៀនយ៉ាងតិចបំផុតមួយដង និងតម្រូវអោយមានការចូលរួមផ្តល់មតិយោបល់នៅក្នុងថ្នាក់ស្ទើរតែគ្រប់ពេល។ ដូច្នេះ នាងខ្ញុំត្រូវធ្វើការអានជាច្រើនមុនពេលថ្នាក់ចាប់ផ្តើមជារៀងរាល់ថ្ងៃដើម្បីធ្វើការស្វែងយល់ពីគំនិតខ្លះៗសម្រាប់វិភាគ និងចែករំលែកនៅក្នុងថ្នាក់។ នៅចុងបញ្ចប់នៃថ្នាក់នីមួយៗ និស្សិតត្រូវសរសេររបាយការណ៍មួយឆ្លើយតបនឹងសំណួរដែលសាស្រា្តចារ្យបានដាក់អោយ។
- ការប្រាស្រ័យទាក់ទងជាមួយនិស្សិតស្រាវជ្រាវដទៃទៀត
ពួកយើងមានទំនាក់ទំនងល្អជាមួយនិស្សិតដទៃ។ យើងខ្ញុំចូលចិត្តពិភាក្សាគ្នារាល់ពេលទំនេរពីថ្នាក់រៀន អំពីបញ្ហាផ្សេងៗទៀតផងដែរ។ នាងខ្ញុំក៏ធ្លាប់បានរៀនថ្នាក់ខ្លះជាមួយនិស្សិតជប៉ុនដែរឃើញថាពួកគាត់សុទ្ធតែមានចំណេះដឹងជ្រៅជ្រះ មានការវិភាគល្អ (critical thinking) ក៏ប៉ុន្តែពួកគាត់នៅមានភាពអៀនប្រៀនបន្តិចចំពោះនិស្សិតបរទេស។
- ការរស់នៅក្នុងប្រទេសជប៉ុន
ចំពោះការរស់នៅសព្វថ្ងៃវិញគឺពុំមានបញ្ហាអ្វីឡើយ ហើយមានសុវត្ថិភាពណាស់។ ការធ្វើដំណើរនៅតូក្យូគឺងាយស្រួល និងមានសុវត្ថិភាពទោះជានៅពេលយប់ក៏ដោយ។ បរិស្ថាននៅជុំវិញខ្លួនគឺស្អាតគ្រប់ពេល ហើយម្ហូបអាហារគឺមានអនាម័យ ងាយស្រួលក្នុងការរកទិញនិងចម្អិន។ បន្ទប់ទឹកមានស្ទើរតែគ្រប់ទីកន្លែងនិងមានអនាម័យស្អាតត្រឹមត្រូវ។ ចំពោះមន្រ្តីរាជការដែលធ្វើការនៅសាលាក្រុងវិញគឺមានភាពរួសរាយរាក់ទាក់ និងជួយសម្របសម្រួលដល់ជនបរទេសបានច្រើន ទាំងបញ្ហាការស្នាក់នៅនិងការចោលសម្រាមជាដើម។ ចំណែកប្រជាជនជប៉ុនវិញ ខ្ញុំគិតថាអ្នករស់នៅទីក្រុងតូក្យូ ពួកគាត់មិនសូវជារួសរាយរាក់ទាក់ជាមួយជនបរទេសទេ (not so friendly) ប៉ុន្តែអ្នកដែលរស់នៅជាយទីក្រុងឬតាមខេត្តផ្សេងៗវិញ ពិសេសមនុស្សចាស់ៗគឺរួសរាយរាក់ទាក់ណាស់។ ខ្ញុំសង្កេតឃើញថាជនជាតិជប៉ុនឧស្សាហ៍ព្យាយាម ធ្វើការប្រកបដោយភាពផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ខ្ពស់បំផុត គិតចាប់តាំងពីអ្នកបោសសម្អាតឡើងទៅ។ ខ្ញុំធ្លាប់បានទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ប៉ុន្តែប្រទេសជប៉ុនគឺជាប្រទេសមួយ ដែលគួរអោយចង់រស់នៅជាទីបំផុតបន្ទាប់ពីកម្ពុជា។ នាងខ្ញុំពិតជាស្រលាញ់ប្រទេសនេះខ្លាំងណាស់។
- គោលបំណងនៅថ្ងៃអនាគតនិងពាក្យពេជន៍ផ្តាំផ្ញើដល់និស្សិតខ្មែរ
នាងខ្ញុំសង្ឃឹមថាការស្រាវជ្រាវរបស់នាងខ្ញុំ អាចផ្តល់ជាការចែករំលែកមួយសម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីស្វែងយល់បន្ថែមនិងជ្រើសរើសឥរិយាបទដ៏ត្រឹមត្រូវ សម្រាប់ដឹកនាំមន្រ្តីរាជការអោយបំពេញការងារបានពេញលេញនិងអស់ពីសមត្ថភាពក្នុងគោលបំណងកាត់បន្ថយការទិតៀនចំពោះបុគ្គលិករដ្ឋពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេស នាងខ្ញុំសង្ឃឹមថា ការស្រាវជ្រាវនេះអាចជាការរួមចំណែកមួយ សម្រាប់ជួយបន្ថែមនូវគុណភាពក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។ ជាចុងបញ្ចប់ នាងខ្ញុំសំណូមពរអោយបងប្អូនសិស្សនិស្សិតយើងនៅប្រទេសកម្ពុជាទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រ និងអានសៀវភៅអោយបានច្រើន។ និស្សិតខ្មែរគួរតែព្យាយាមសាកល្បងស្វែងរកអាហារូបករណ៏ ហើយធ្វើតេស្តសមត្ថភាពរបស់ខ្លួនដើម្បីចាប់យកឱកាសមកសិក្សានៅប្រទេសជប៉ុន ឬនៅប្រទេសរីកចំរើនដ៏ទៃទៀត ក្នុងការអភិវឌ្ឍចំណេះដឹងបន្ថែម និងធ្វើអោយខ្លួនមើលឃើញពិភពលោកបានកាន់តែទូលំទូលាយ និងបង្កើតទំនាក់ទំនងច្រើន ព្រមទាំងមានការស្រលាញ់ជាតិខ្លួនកាន់តែខ្លាំង៕
សម្រាប់ពត៌មានបន្ថែម ៖
【NyoNyum Khmer No. 39】
この記事が気に入ったら
いいね!しよう
We will send you the latest information
“ការចែករំលែកបទពិសោធន៍សិក្សានិងការងារនៅក្រៅប្រទេសទៅកាន់យុវជនខ្មែរ គឺជាក្តីសុបិនរបស់ខ្ញុំ!”
2023.05.05 Report from Japan
“ជនជាតិជប៉ុនមានវប្បធម៌ការងារល្អៗជាច្រើន ដែលខ្មែរយើងគួរស្វែងយល់ និងរៀនសូត្រ”
2023.02.27 Report from Japan
“ការយល់ដឹងពីច្បាប់ទម្លាប់រស់នៅជាក់ស្តែងនៅប្រទេសជប៉ុន គឺជារឿងសំខាន់សម្រាប់យុវជនខ្មែរមានបំណងបម្រើការនៅជប៉ុន”
2022.10.25 Report from Japan
“អត្តចរិកល្អ ភាពស្មោះត្រង់ និងភាពហ្មត់ចត់ចំពោះការងារ ជាចំណុចសំខាន់ក្នុងការប្រកបការងារជាមួយជនជាតិជប៉ុន”
2022.06.13 NyoNyum KhmerReport from Japan
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22 Report from Japan未分類
ភាពជោគជ័យឋិតនៅលើការតាំងចិត្ត
2022.01.25 Report from Japan未分類
(ភាសាខ្មែរ) សេចក្តីរាយការពីប្រទេសជប៉ុន
2021.01.22 Report from Japan
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer