គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) “សូមរៀនភាសាជំនាញ និងវប្បធម៌ជប៉ុនអោយបានច្រើន មុនមកបំរើការងារនៅជប៉ុន”
no-image
2020.09.15

ជប៉ុនជាប្រទេសមួយដែលមានចំនួនមនុស្សចាស់កើនឡើងច្រើននៅក្នុងអាស៊ី ហើយចំនួនពលករដែលមានវ័យចូលនិវត្តិន៍ក្នុងវិស័យសាងសង់ក៏កើនឡើងច្រើនផងដែរ។ យោងតាមអត្ថបទចុះផ្សាយមួយអំពីប្រទេសជប៉ុនបានបង្ហាញថា មានចំនួនពលករជប៉ុនបំរើការនៅក្នុងឧស្សាហកម្មសំណង់ប្រមាណ ៣លាន ៣សែននាក់ ហើយក្នុងនោះពលករដែលមានអាយុប្រមាណ ៦០ឆ្នាំ ឬលើសនេះ មានចំនួនមួយភាគបួននៃចំនួនសរុប។ ក្រសួងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសជប៉ុន បានព្យាករណ៍ថា ប្រទេសជប៉ុននឹងខ្វះកម្លាំងពលករជំនាញក្នុងវិស័យសាងសង់ប្រមាណពី ៤៧ម៉ឺន ទៅ ៩៣ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៥។ ការស្រូបយកកម្លាំងពលករជំនាញពីបណ្តាប្រទេសកំពុងអភិវឌ្ឍ ត្រូវបានគេមើលឃើញថាជាតម្រូវការមួយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាខ្វះកម្លាំងពលករនៅក្នុងប្រទេសជប៉ុន។

ដោយមើលឃើញថាប្រទេសជប៉ុន មានការអភិវឌ្ឍខ្ពស់លើវិស័យសំណង់ និងដោយមានក្តីបំណងចង់ស្វែងយល់អំពីជំនាញសាងសង់នេះផង លោក សុខ ឈុន បានសម្រេចចិត្តមកបំរើការងារនៅក្នុងប្រទេសជប៉ុនកាលពី៦ឆ្នាំមុន។ លោកយល់ឃើញថាការងារសាងសង់ ទាមទារអោយមានការប្រើប្រាស់កម្លាំង និងការប្រុងប្រយ័ត្នខ្ពស់។ លើសពីនេះទៀត ការចេះភាសាជប៉ុនសម្រាប់ទំនាក់ទំនងក្នុងការងារក៏ជារឿងមួយដ៏សំខាន់ផងដែរ។ ដោយសារឧបករណ៍សំណង់ដែលត្រូវប្រើប្រាស់មានច្រើនប្រភេទ ដូច្នេះការចងចាំនូវឈ្មោះឧបករណ៍ទាំងនោះជាភាសាជប៉ុន ហាក់ដូចជារឿងមួយដ៏លំបាកសម្រាប់ជនបរទេស។លោកបានមានប្រសាសន៍ថា “នៅក្នុងការងារមួយៗ ដោយសារឧបករណ៍ប្រើប្រាស់ក្នុងការងារមានឈ្មោះ និងរបៀបប្រើប្រាស់ខុសៗគ្នា ដូច្នេះវាជារឿងមួយលំបាកសម្រាប់ខ្ញុំ”។
ពេលសួរថា តើការងារសាងសង់នៅប្រទេសជប៉ុន ខុសប្លែកពីប្រទេសកម្ពុជាយ៉ាងដូចម្តេចខ្លះ? លោកបានប្រាប់ទស្សនាវដ្តីញញឹមខ្មែរបែបនេះថា៖ “ចំពោះ លក្ខខណ្ឌការងារ ក៏ដូចជាបរិស្ថាននៅកន្លែងការងារវិញគឺ ពួកគាត់(ជប៉ុន) តែងតែទាមទារអោយយើងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើការ ហើយជាធម្មតានៅក្នុងផ្នែកសាងសង់ មានការប្រើប្រាស់កំលាំងភាគច្រើន និងមានបញ្ហាគ្រោះថ្នាក់ បើសិនជាយើងធ្វេសប្រហែសក្នុងពេលណាមួយនោះ”។
ជប៉ុនជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនមួយក្នុងបណ្តាប្រទេសនៅអាស៊ី ហើយមានរបបទ្រទ្រង់ពលករល្អផងដែរ។ នៅត្រង់ចំនុចនេះ លោក ឈុន បានបង្ហាញពីការយល់ឃើញរបស់លោកថា៖ “បាទ ចំណែកជីវភាពជាបុគ្គលិកបំរើការងារផ្នែកសំណង់ក្នុងប្រទេសជប៉ុនគឺល្អ ដោយសារមានការយកចិត្តទុកដាក់ពីខាងក្រុមហ៊ុន និងអ្នករួមការងារ។ ម្យ៉ាងវិញទៀត ពួកគាត់តែងតែបង្រៀនពីការងារ និងវប្បធម៌ការងាររបស់ពួកគាត់ (ជនជាតិជប៉ុន) មកដល់ពួកខ្ញុំ ដែលវាអាចជួយអោយយើងយល់ដឹងអំពីការងារ នឹងបទពិសោធន៍បន្ថែមពីលើអ្វីដែលយើងធ្លាប់ជួបនឹងធ្វើពីមុនមក…។ ចំណែក ករណីពិសេសរបស់ក្រុមហ៊ុនមួយនេះគឺមានដូចជា៖ ប្រាក់លើកទឹកចិត្តក្នុង ១ឆ្នាំ ២ដង… ហើយមានថ្ងៃសម្រាកប្រចាំឆ្នាំ ចំនួន ១២ថ្ងៃជាដើម”។ យ៉ាងណាមិញ ទោះបីជាលោកបានបំរើការងារក្នុងវិស័យសំណង់នៅប្រទេសជប៉ុនអស់រយៈពេលជាង ៦ឆ្នាំ មកហើយក្តីលោក ឈុន ក៏នៅតែមានផលលំបាកមួយចំនួននៅឡើយ។


ផលលំបាកមួយដែលលោកនៅតែជួបប្រទះនោះគឺភាសា។ លោក ឈុន៖ “រយៈពេលប៉ុន្មានឆ្នាំនេះរហូតមកគឺខ្ញុំផ្ដោតទៅលើភាសា ដូចដែលខ្ញុំបានប្រាប់អញ្ចឹង ចំពោះភាសាគឺខ្ញុំត្រូវរៀនតាមសៀវភៅផង និងនៅពេលធ្វើការផង ជាពិសេសគឺរៀនពីជនជាតិជប៉ុនជុំវិញខ្លួនយើង”។ លោកក៏បានរអ៊ូរទាំខ្លះៗអំពីការងារជាមួយជានជាតិជប៉ុនផងដែរ។ “សម្រាប់ការធ្វើការជាមួយជនជាតិជប៉ុនវិញគឺមានផលលំបាកច្រើនដែរ ព្រោះពួកគាត់ ភាគច្រើន ប្រើភាសាក្នុងពេលបំពេញការងារ ជាភាសាប្រចាំតំបន់ ដូចនៅ Kobe និង Osakaពួកគាត់និយមប្រើភាសានិយាយបែបតំបន់កាន់សៃ (Kansai) ដែលនាំអោយមានផលលំបាកក្នុងការធ្វើការ ជាមួយពួកគាត់ពេលខ្លះដែរ។ ម្យ៉ាងទៀត ពួកគាត់តែងតែប្រើសិទ្ធជាសិស្សច្បងដើម្បីធ្វើការបង្គាប់បញ្ជាច្រើនលើពួកយើង… ហើយពេលខ្លះក៏មានប្រើពាក្យគំរោះគំរើយដោយទៀមទារអោយពួកយើងធ្វើការរហ័ស ម៉ត់ចត់ នឹងត្រូវតែសម្អាតជានិច្ចនូវកន្លែងដែលពួកយើង
ធ្វើវារួច…ទាំងពួកយើងមិនដែលធ្លាប់ធ្វើបែបនេះពីមុនមក….”។ ប្រជាជនជប៉ុន ជាទូទៅត្រូវបានគេមើលឃើញថាជាជនជាតិមួយ ដែលគោរពក្រិតក្រមការងារម៉ត់ចត់ និងមានវប្បធម៌ការងារខុសប្លែកពីប្រទេសអាស៊ីដទៃ។ ក៏ប៉ុន្តែ ចំពោះលោក ឈុន ហាក់ដូចជាចូលចិត្តនូវភាពម៉ត់ចត់ក្នុងការងាររបស់ជនជាតិជប៉ុន។ លោកបានថ្លែងដូច្នេះថា៖ “បាទ ចំណុចដែលចូលចិត្តក្នុងការងារគឺពួកគាត់គោរពពេលវេលាម៉ឺងម៉ាត់ក្នុងពេលធ្វើការងារនីមួយៗ
ដែលទម្លាប់ទាំងនេះហើយនាំអោយការងារពួកយើងទទួលបានជោគជ័យរហូតមក”។
លោកមានក្តីសុបិនមួយ គឺនាំយកនូវបច្ចេកទេសជំនាញសាងសង់មួយចំនួន ដែលខ្លួនបានរៀនសូត្រតាមរយៈការងារធ្វើផ្ទាល់ជាមួយវិស្វករជប៉ុននៅក្នុងក្រុមហ៊ុនសាងសង់នេះ មកប្រើប្រាស់និងបង្រៀនដល់សិស្សប្អូននៅកម្ពុជាវិញ។ លោកបានផ្តាំផ្ញើដល់យុវជនកម្ពុជាមួយចំនួន ដែលមានបំណងទៅបំរើការងារជំនាញសាងសង់នៅប្រទេសជប៉ុនដូច្នេះថា៖ “សូមបងប្អូនខិតខំរៀនភាសា និងជំនាញដែលខ្លួនបានជ្រើសរើសអោយបានច្រើនជាមុន ដើម្បីមកធ្វើការក្នុងប្រទេសជប៉ុនបានស្រួល”៕
សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 41】








この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer