គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) Report from Japan ការសំរេចចិត្តទៅសិក្សានៅប្រទេសជប៉ុន
(ភាសាខ្មែរ) Report from Japan ការសំរេចចិត្តទៅសិក្សានៅប្រទេសជប៉ុន
2019.07.22

 

ខ្ញុំបាទឈ្មោះណុប វិសាលជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ផ្នែកសិក្សាអំពីប្រទេសជប៉ុននិងអន្តរជាតិ។ ក្នុងកំឡុងពេលសិក្សា៨ឆ្នាំនៅទីនោះ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើនជាមួយប្រទេសជប៉ុន តែពេលនេះ ខ្ញុំសុំណែនាំនូវអនុស្សាវរីយ៍មួយ ដែលទាក់ទងនិងការសំរេចចិត្តទៅសិក្សានៅប្រទេសនេះកាលពី៩ឆ្នាំមុន។

នៅឆ្នាំ២០០៥ ខ្ញុំត្រូវបានជ្រើសរើសជាតំណាងនៃយុវជនកម្ពុជា ពីសាលារៀនភាសាជប៉ុនមួយនៅខេត្តសៀមរាប ក្នុងកម្មវិធីទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុន។ នៅក្នុងកម្មវិធីទស្សនៈកិច្ចសិក្សានោះ ខ្ញុំបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពីប្រជាជនជប៉ុន និងបានធ្វើទស្សនៈកិច្ចសិក្សាជាច្រើនកន្លែងផងដែរ។ ខ្ញុំបានធ្វើទស្សនៈកិច្ចនៅសាលាអនុវិទ្យាល័យមួយកន្លែងនៅទីក្រុងតូក្យូ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងនាមជាយុវជន និងបានធ្វើទស្សនៈកិច្ចសិក្សានៅស្ថាប័នរដ្ឋមួយចំនួនដូចជា មន្ទីរដ្ឋសភាជាតិ ក្រសួងយុត្តិធម៌ និងក្រសួងការបរទេសជប៉ុន ក៏ដូចជាកម្មសិក្សានៅតំបន់មួយចំនួនទៀត ដើម្បីស្វែងយល់ពីការរីកចំរើនរបស់ប្រទេសនេះ។

តាមរយៈកម្មវិធីកម្មសិក្សាទាំងនោះ បានផ្តល់ឱកាសអោយខ្ញុំបានជួបប្រាស្រ័យទាក់ទង និងមើលឃើញនូវជីវភាពរស់នៅជាក់ស្ដែងរបស់ជនជាតិជប៉ុន ព្រមទាំងបានឃើញពីការអភិវឌ្ឍដ៏មានសណ្តាប់ធ្នាប់ក្នុងប្រទេសមួយនេះ។ ជាការពិតណាស់ ជនជាតិជប៉ុនឧស្សាហ៍ព្យាយាមធ្វើការ ម៉ត់ចត់ចំពោះការងារ និងមានសីលធម៍ល្អក្នុងការគោរពគ្នាទៅវិញទៅមក។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវសរសេររបាយការណ៍ និងបានធ្វើបទបង្ហាញពីចំណាប់អារម្មណ៍នានា ពីដំណើរទស្សនៈកិច្ចនោះយ៉ាងម៉ត់ចត់។

ភាពម៉ត់ចត់ច្បាស់លាស់នៅក្នុងការងារ ភាពទន់ភ្លន់រាក់ទាក់ និងភាពឧស្សាហ៍ព្យាយាមរបស់ជនជាតិជប៉ុន ក៏ដូចជាការរីកចំរើនដ៏មានសណ្តាប់ធ្នាប់ ដែលខ្ញុំបានឃើញ បានដិតជាប់នៅក្នុងដួងចិត្តរបស់ខ្ញុំតាមរយៈកម្មវិធីទស្សនៈកិច្ចសិក្សានោះ។ ឆ្លងតាមបទពិសោធន៍ដែលខ្ញុំបានជួបក្នុងវ័យនោះ (១៩ឆ្នាំ) បាននាំអោយខ្ញុំចាប់ផ្តើមស្រម៉ៃពីការសិក្សានៅប្រទេសដ៏ស្រស់ស្អាតមួយនេះ។

ត្រឡប់មកប្រទេសកម្ពុជាវិញ ខ្ញុំបានណែនាំដល់មិត្តរួមថ្នាក់ និងក្រុមគ្រួសារ អំពីបទពិសោធន៍ទាំងនោះ ព្រមទាំងក្តីសុបិន្តរបស់ខ្ញុំដល់ពួកគាត់។ ក៏ប៉ុន្តែកាលនោះ ចំពោះសិស្សសិក្សាភាសាជប៉ុនដែលរស់នៅខេត្ត ហើយគ្រួសារមានជីវភាពមិនសូវធូធារមួយនេះ ការស្រម៉ៃសិក្សានៅប្រទេសជប៉ុនដ៏ជឿនលឿននេះ ពុំមែនជារឿងងាយស្រួលឡើយ។ ជាការពិតណាស់ ថ្លៃសិក្សា ក៏ដូចជាថ្លៃចាយវាយលើជីវភាពរស់នៅក្នុងប្រទេសជប៉ុននាពេលនោះ ថ្លៃជាងស្រុកខ្មែរយើងច្រើនដងណាស់។ នេះជាកត្តាដែលធ្វើអោយក្តីសុបិន្តរបស់ខ្ញុំមួយនេះរាំងស្ទះរហូតមក។

ទោះជាយ៉ាងនេះក្តី ខ្ញុំពុំបានបោះបង់ចោលក្តីស្រម៉ៃមួយនេះឡើយ។ ដោយសាខ្ញុំរស់នៅខេត្តសៀមរាបដែលមានប្រាង្គប្រាសាទអង្គរដ៏ល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសជនជាតិជប៉ុនមកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់ផងនោះ ខ្ញុំបានសំរេចចិត្តធ្វើជាមគ្គុទេសទេសចរណ៍និយាយភាសាជប៉ុនដើម្បីធ្វើការសន្សំប្រាក់កាសខ្លះពីការងារនេះ។

៥ឆ្នាំបន្ទាប់ពីបំរើការជាមគ្គុទេសទេសចរណ៍នេះមក នៅឆ្នាំ២០១០ ដំណឹងពីការដាក់ពាក្យទៅសិក្សានៅប្រទេសជប៉ុនបានមកដល់។ ខ្ញុំក៏សម្រេចចិត្តយកប្រាក់សន្សំទាំងអស់របស់ខ្ញុំដើម្បីបង់ថ្លៃសាលា បើទោះបីជាមានការបដិសេធដំបូងពីក្រុមគ្រួសារក៏ដោយ។ ការចាកឆ្ងាយពីប្រទេសកំណើតទៅសិក្សានៅឯបរទេស ពុំមែនជារឿងងាយនឹងសម្រេចសំរាប់ក្រុមគ្រួសារខ្ញុំ  ដែលពុំដែលធ្លាប់មានសមាជិកគ្រួសារណាមួយធ្វើបែបនេះពីមុនមកនោះទេ។ ការបារម្មណ៍នានាចំពោះសុវត្ថិភាព សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្ញុំនៅឯបរទេសពីសំណាក់គ្រួសារ ហាក់ដូចជារឿងរំខានចិត្តមួយសំរាប់ខ្ញុំ ដែលតែងតែស្រម៉ៃពីការទៅសិក្សានៅប្រទេសជប៉ុន។ តែទោះជាយ៉ាងណាក្តី ការតស៊ូមតិជាមួយក្រុមគ្រួសារ ដោយបង្ហាញពីឆន្ទៈពិតប្រាកដរបស់ខ្ញុំចំពោះការសិក្សានៅប្រទេសជប៉ុនទៅកាន់ពួកគាត់ បានធ្វើឲ្យពួកគាត់យល់ស្របតាមបំណងរបស់ខ្ញុំនៅទីបំផុត។

ការដែលជំនះធ្វើរឿងអ្វីមួយ ដែលចាកឆ្ងាយពីការគិតធម្មតារបស់មនុស្សទូទៅ ពុំមែនជារឿងងាយស្រួលឡើយ។ ដោយខ្ញុំមើលឃើញថា ប្រទេសជប៉ុនជាប្រទេសដែលមានការអភិវឌ្ឍ និងមានការគោរពច្បាប់វិន័យខ្ពស់ ហើយយកចិត្តទុកដាក់ខ្លាំងលើការអប់រំយុវជន ដូច្នេះខ្ញុំគិតថា ការចាប់យកឱកាសទៅសិក្សានៅប្រទេសនេះ ជារឿងមួយដ៏សំខាន់។ ខ្ញុំត្រូវធ្វើការនិងចំណាយពេលរង់ចាំរហូតដល់ជាង៥ឆ្នាំ ទើបក្តីសុបិន្តមួយនេះកើតឡើង។

ខ្ញុំគិតថាការប្រឹងប្រែងរកឱកាស ចេញទៅសិក្សានៅប្រទេសជឿនលឿនណាមួយដែលខ្លួនប្រាថ្នា ជាប្រការសំខាន់មួយសំរាប់យុវជនខ្មែរ ដើម្បីសិក្សានិងធ្វើការស្វែងយល់ពីការរីកចំរើននៃប្រទេសនោះ ក្នុងការចូលរួមអភិវឌ្ឍប្រទេសរបស់ខ្លួននាពេលអនាគត។

 

 

Profile

សរសេរដោយ: ណុប វិសាល អាយុ ៣៤ឆ្នាំ

ស្រុកកំណើត ខេត្តសៀមរាប

សព្វថ្ងៃបំរើការនៅ NyoNyum និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព

(CICP)

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer