គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ចូរមានជំនឿចិត្តជាជាងទិតៀនខ្លួនឯង Report From Japan
(ភាសាខ្មែរ) ចូរមានជំនឿចិត្តជាជាងទិតៀនខ្លួនឯង Report From Japan
2020.03.14

កញ្ញា នឿន មុន្នីនាថ អាយុ ២១ ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី ៤​ នៃសាកលវិទ្យាល័យ Musashino ផ្នែកពានិជ្ជកម្មអន្តរជាតិ។ កញ្ញាបានមកសិក្សានៅប្រទេសជប៉ុនតាមរយៈកម្មវិធីអាហារូបករណ៍ ដែលមានឈ្មោះថា “Global Leader Scholarship” របស់មហាវិទ្យាល័យនេះនៅឆ្នាំ២០១៦។​ តើនៅក្នុងរយៈពេលសិក្សាប្រមាណ ៤ ឆ្នាំនៅក្នុងប្រទេសជប៉ុន កញ្ញាបានដកស្រង់បទពិសោធន៍ថ្មីអ្វីខ្លះ? ហើយកញ្ញាមានការយល់ឃើញយ៉ាងដូចម្តេច អំពីការសិក្សាក៏ដូចជាការរស់នៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល ៤ ឆ្នាំនេះ?​ ទស្សនាវដ្តីញញឹមខ្មែរ បានធ្វើបទសម្ភាសកញ្ញាអំពីរឿងរ៉ាវទាំងនេះមកផ្សាយជូនប្រិយមិត្តអ្នកអាន ដើម្បីស្វែងយល់ពីស្ថានភាពនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុនដូចតទៅ។

តើកញ្ញាអាចប្រាប់ពីប្រវត្តិសិក្សាខ្លះៗមុនកញ្ញាមកសិក្សានៅប្រទេសជប៉ុនបានទេ?

នាងខ្ញុំបានបញ្ចប់ការសិក្សានៅវិទ្យាល័យនៅខែសីហា ឆ្នាំ២០១៥ ហើយបានប្រលងជាប់ចូលសិក្សានៅផ្នែករដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយគ្នានោះ នាងខ្ញុំក៏បានទទួលអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកសិក្សាអន្តរជាតិផងដែរ។ នាងខ្ញុំបានសិក្សានៅសាកលវិទ្យាល័យទាំងពីរនេះរយៈពេល ៦ ខែមុននឹងនាងខ្ញុំបានមកប្រទេសជប៉ុន។

តើមូលហេតុអ្វីនាំឱ្យកញ្ញាសម្រេចចិត្តមកសិក្សានៅប្រទេសជប៉ុន?

នាងខ្ញុំមានក្តីប្រាថ្នាមកសិក្សានៅប្រទេសជប៉ុនកាលពីនៅរៀនវិទ្យាល័យថ្នាក់ទី ១២ មកម្លេះ ព្រោះវាមើលទៅហាក់ដូចជាការសាកល្បងថ្មីនិងទទួលបាននូវឯករាជ្យថ្មីមួយសម្រាប់ខ្លួន។ នាងខ្ញុំមានបំណងចង់ដកស្រង់បទពិសោធន៍ពីប្រព័ន្ធអប់រំ និងវប្បធម៌រស់នៅខុសពីប្រទេសកម្ពុជា។ លើសពីនេះទៀត នាងខ្ញុំក៏ចង់ចេញឱ្យផុតពីភាពសុខសាន្តក្នុងបច្ចុប្បន្នភាពរបស់នាងខ្ញុំកាលពីពេលនោះផងដែរ។ ដូច្នេះទើបនាងខ្ញុំចាប់ផ្តើមស្រាវជ្រាវរកមើលអាហារូបករណ៍ផ្សេងៗ ហើយទីបំផុតនាងខ្ញុំបានរកឃើញអាហារូបករណ៍មួយដែលសាកសមសម្រាប់នាងខ្ញុំនៅប្រទេសជប៉ុន។

កញ្ញា មុន្នីនាថ ជាមួយមិត្តរួមថ្នាក់

តើកញ្ញាទទួលបានអាហារូបករណ៍ Global Leader Scholarship” នេះ ដោយរបៀបណាដែរ?

អាហារូបករណ៍ “Global Leader Scholarship” នេះ ត្រូវបានផ្តល់ឱ្យដោយសាកលវិទ្យាល័យឯកជនមួយនៅក្នុងប្រទេសជប៉ុនឈ្មោះថា សាកលវិទ្យាល័យ Musashino ។ ដើម្បីទទួលបានអាហារូបករណ៍នេះ បេក្ខជនដាក់ពាក្យត្រូវមានសមត្ថភាពប្រើបា្រស់ភាសាអង់គ្លេសខ្ពស់ ហើយឆ្ឆងកាត់ការប្រលងវាស់កម្រិតសមត្ថភាពភាសាអង់គ្លេសដូចជា IELTS, TOEFL និង TOEIC ជាដើម។ ការដាក់ពាក្យត្រូវធ្វើឡើងជាភាសាអង់គ្លេស ហើយការសម្ភាសក៏ត្រូវបានធ្វើឡើងដោយសាស្រ្តាចារ្យជប៉ុនជាភាសាអង់គ្លេសដែរ។ បេក្ខជនដាក់ពាក្យក៏ត្រូវមានសមត្ថភាពបង់ប្រាក់សម្រាប់ការស្នាក់នៅផ្ទាល់ខ្លួនខ្លះ ព្រោះអាហារូបករណ៍ត្រូវបានបង់តែលើថ្លែសិក្សាប៉ុណ្ណោះ។ យ៉ាងណាមិញ សាកលវិទ្យាល័យនេះផ្តល់អាហាររូបករណ៍ជូនសម្រាប់តែមហាវិទ្យាល័យ ពានិជ្ជកម្មអន្តរជាតិតែប៉ុណ្ណោះ។

តើមហាវិទ្យាល័យដែលកញ្ញាកំពុងសិក្សារាល់ថ្ងៃមានចំនុចពិសេសបែបណាខ្លះ?

មូលហេតុដែលនាំឱ្យនាងខ្ញុំសម្រេចចិត្តជ្រើសរើសមកសិក្សានៅទីនេះ ព្រោះវាជាសាកលវិទ្យាល័យដែលបង្រៀនជាភាសាអង់គ្លេស ដែលហាក់ដូចជាកម្រ ខុសពីសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសជប៉ុន។ ខ្ញុំមានឱកាសបានប្រាស្រ័យទាក់ទងជាមួយសិស្សជប៉ុននិងបរទេសមកពីបណ្តារប្រទេសនានាជុំវិញពិភពលោកជាភាសាអង់គ្លេសផងដែរ។ ដោយមានកម្មវិធីសិក្សាល្អនៅក្នុងមហាវិទ្យាល័យនេះ ខ្ញុំបានពង្រីកនូវការយល់ដឹងច្រើន តាមរយៈមុខវិជ្ជាផ្សេងៗដូចជា៖ ទីផ្សារ សេវាកម្មហិរញ្ញវត្ថុ សេដ្ឋកិច្ចពានិជ្ជកម្ម ពានិជ្ជកម្មអន្តរជាតិ ការសិក្សាពីអង្គការនានា និងមុខវិជ្ជាសិក្សាពីសាជីវកម្មផ្សេងៗផងដែរ។

តើស្ថានភាពជានិស្សិតរស់នៅប្រទេសជប៉ុនសព្វថ្ងៃនេះយ៉ាងម៉េចដែរ?

ជីវិតរស់នៅក្នុងប្រទេសជប៉ុនរបស់នាងខ្ញុំដូចជាពិបាកខ្លះៗដែរ ព្រោះនាងខ្ញុំត្រូវប្រឈមមុខនឹងគំនាបការងារក្រៅម៉ោងមួយចំនួន។ ដើម្បីដោះស្រាយជីវភាព នាងខ្ញុំត្រូវប្រឹងប្រែងធ្វើការងារក្រៅម៉ោងមួយចំនួនស្របពេលនឹងការខិតខំសិក្សាផងដែរ។ ជាទូទៅ ទាំងការងារនឹងការសិក្សាច្រើនតែមានច្រើនគលើគ្នារាល់ពេលមានការប្រលងខិតជិតមកដល់ម្តងៗ ដូច្នេះនាងខ្ញុំត្រូវនៅរំលឹកមើលមេរៀនទល់យប់ជ្រៅ ព្រមទាំងនៅក្នុងរថភ្លើងខ្លះៗផងដែរ។ វាពិតជាធ្វើឱ្យអស់កម្លាំងខ្លាំងជាមួយនឹងការងារបែបនេះ ក៏ប៉ុន្តែនាងខ្ញុំគិតថាវាជាការបណ្តាក់ទុនមួយដ៏មានតម្លៃសម្រាប់នាងខ្ញុំ។ លើសពីនេះទៀត នាងខ្ញុំត្រូវសិក្សាថ្នាក់ភាសាជប៉ុនផងដែរ ស្របនឹងការសិក្សាមុខវិជ្ជាជំនាញរបស់នាងខ្ញុំ។ នាងខ្ញុំពិតជាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងក្នុងថ្នាក់ក៏ដូចជានៅក្នុងការរស់នៅ ជាពិសេសនៅក្នុងការស្វែងរកការងារក្រៅម៉ោង ដោយសារនាងខ្ញុំពុំអាចទំនាក់ទំនងជាភាសាជប៉ុនបាន ជាពិសេសកាលពីមកដល់ដំបូង។ ក៏ប៉ុន្តែសិស្សជប៉ុនសិក្សានៅក្នុងមហាវិទ្យល័យជាមួយនាងខ្ញុំពិតជារាក់ទាក់និងមានសណ្តានចិត្តល្អ និងមានការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងប្រសើរ ជាពិសេសពួកគាត់បានជួយនាងខ្ញុំជាមួយការបកប្រែនានាក្នុងកំឡុងពេលនាងខ្ញុំបានមកប្រទេសជប៉ុនដំបូងជាច្រើនផងដែរ។

តើកញ្ញាយល់ឃើញយ៉ាងដូចម្តេចដែរចំពោះការរស់នៅរបស់ជនជាតិជប៉ុន?

ជប៉ុនជាប្រទេសដែលមានរបៀបរបបរស់នៅល្អនិងមានសណ្តាប់ធ្នាប់ខ្ពង់។ នាងខ្ញុំពិតជាចាប់អារម្មណ៍នឹងការដឹកនាំនិងប្រព័ន្ធគ្រប់គ្រងនៅក្នុងស្ថាប័នប្រទេសជប៉ុន។ រាល់ការងារជាច្រើនត្រូវបានដំណើរការជាប្រព័ន្ធជាជាងការយោគយល់គ្នា។ នាងខ្ញុំចូលចិត្តជនជាតិជប៉ុនព្រោះ ពួកគាត់ទៀតទាត់នឹងពេលវេលា មានសណ្តានចិត្តល្អ រាបសារ និងនេះគិតពិចារណាពីអ្នកដ៏ទៃ។ ពួកគាត់មានវប្បធម៌ធ្វើការជាក្រុមនិងធ្វើការសម្រេចចិត្តដោយយកផលប្រយោជន៍រួមជាគោល ដែលធ្វើឱ្យនាងខ្ញុំគិតថាវាជាចំនុចដែលនាំឱ្យប្រទេសជប៉ុនមានការរីកចំរើនដូចបច្ចុប្បន្ន។

កញ្ញា មុន្នីនាថ ជាមួយមិត្តរួមថ្នាក់ជប៉ុន

ក្រោយពីបញ្ចប់ការសិក្សា តើកញ្ញាមានបំណងធ្វើអ្វី?    

បន្ទាប់ពីនាងខ្ញុំបញ្ចប់ការសិក្សាផ្នែកអាជីវកម្មអន្តរជាតិ នាងខ្ញុំមានបំណងចង់បើកហាងសាខានៃហាងអាជីវកម្មចំនីអាហារមួយនៅប្រទេសកម្ពុជា ដែលនាងខ្ញុំអាចធ្វើការវិនិយោគផ្ទាល់ខ្លួននិងជាមួយបរទេសបាន។ គោលដៅនៅថ្ងៃអនាគតរបស់នាងខ្ញុំ គឺពង្រីកនូវហាងនេះនៅបណ្តារខេត្តមួយចំនួនដូចជា សៀមរាប ក្រុងព្រះសីហនុ ជាដើមនៅទូទាំងប្រទេសកម្ពុជា។ ក្រោយមកទៀតនាងខ្ញុំក៏មានបំណងពង្រីកអាជីវកម្មនេះទៅបណ្តារប្រទេសក្នុងអាស៊ានផងដែរ។ ព្រមជាមួយគ្នានេះ នាងខ្ញុំក៏ចង់ក្លាយជាគ្រូបង្រៀនក្រៅម៉ោងនៅសាកលវិទ្យាល័យ ដើម្បីចែករំលែកនូវបទពិសោធន៍ដែលនាងខ្ញុំបានរៀននិងឆ្លងកាត់នានាជូនដល់សិស្សានុសិស្សខ្មែរវ័យក្មេងផងដែរ។

តើកញ្ញាមានអ្វីខ្លះផ្តាំផ្ញើរដល់ប្រិយមិត្តអ្នកអានទស្សនាវដ្តីញញឹមខ្មែរ?

នាងខ្ញុំសូមលើទឹកចិត្តដល់ប្រិយមិត្តអ្នកអានដែលជាសិស្សានុសិស្សទាំងអស់ សូមមានទំនុកចិត្តលើខ្លួនឯងឱ្យច្រើនទៅលើអ្វីដែលខ្លួនកំពុងស្រម៉ៃ ជាជាងមានការទិតៀនលើខ្លួនឯង។ ម្យ៉ាងទៀត ដើម្បីឱ្យក្តីស្រម៉ៃនេះក្លាយជាការពិត អ្នកត្រូវធ្វើការខិតខំប្រឹងប្រែងឱ្យបានច្រើននិងមានក្តីសង្ឃឹមចំពោះអ្វីដែលខ្លួនកំពុងធ្វើឱ្យបានច្រើន។ សូមកុំបោះបង់ចោលនូវក្តីប្រាថ្នារបស់ខ្លួនដោយងាយៗ ហើយចូរព្យាយាមធ្វើអោយបានច្រើននូវអ្វីដែលខ្លួនប៉ងប្រាថ្នាតាមដែរអាចធ្វើទៅបាន។ បើអ្នកទាំងអស់គ្នាមានបំណងមកសិក្សានៅប្រទេសជប៉ុន សូមស្វែងរកអាហារូបករណ៍មកសិក្សានៅប្រទេសជប៉ុនជាមុន និងធ្វើការត្រៀមខ្លួន ជាពិសេសជាមួយការសិក្សាភាសាជប៉ុនឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ទុកជាមុន។ សូមកុំឆាប់បោះបង់ចោលនូវឱ្យកាសស្វែងរកអាហារូបករណ៍មកសិក្សានៅប្រទេសជប៉ុន សូមព្យាយាមឱ្យបានច្រើនតាមលទ្ធភាពគ្រប់យ៉ាងដែលអ្នកមាន។
សម្រាប់ពត៌មានបន្ថែម ៖

 

【NyoNyum Khmer No.38】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer