មនុស្សម្នាក់ៗធ្វើការដើម្បីរកទទួលទាន។ នៅក្នុងទស្សនាវដ្តីញញឹមមានការលើកឡើងនូវស្ថានភាពរកស៊ីរបស់ជនជាតិខ្មែរមួយចំនួនមកផ្សព្វផ្សាយផងដែរ។ នៅក្នុងលេខនេះ យើងខ្ញុំបានចុះធ្វើបទសម្ភាស លោក ឡាយហួត ដែលកំពុងប្រកបអាជីវកម្មលក់ដូរម៉ូតូមួយទឹកនាំចូលមកពីប្រទេសជប៉ុន នៅទីក្រុងភ្នំពេញ។
ការរកស៊ីជាអ្វី?
ផ្ទាំងទំព័រណែនាំអំពី “ការរកស៊ី” នៅប្រទេសកម្ពុជា ជាទំព័រមួយដ៏មានប្រជាប្រិយភាពជាយូរនៅក្នុងទស្សនាវដ្តីញញឹម ស្តីពីព័ត៌មានទាក់ទងនឹងជីវភាពនៃសង្គមខ្មែរ។ តើមនុស្សធ្វើការដើម្បីអ្វី? ចម្លើយដែលងាយនោះគឺ “ធ្វើការដើម្បីរកទទួលទាន”។ យើងខ្ញុំនឹងធ្វើការណែនាំអំពី ការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាជនខ្មែរមួយចំនួន ដែលខិតខំធ្វើការរកស៊ីជាមួយអាជីវកម្មរបស់ពួកគាត់មកផ្សាយជូន។
ហាងលក់ម៉ូតូជប៉ុនដែលមានគុណភាពនិងទំនុកចិត្តខ្ពស់
លោក ទីន ឡាយហួត អាយុ ៣៤ឆ្នាំ ជាពានិជ្ជករខ្មែរមួយរូបដែលធ្វើអាជីវកម្មរវាងប្រទេសជប៉ុននិងកម្ពុជា ។ លោកកំពុងប្រកបអាជីវកម្មលក់ដូរម៉ូតូមួយទឹកនៅប្រទេសកម្ពុជានាំចូលពីប្រទេសជប៉ុន។ លោកមានប្រសាសន៍ថា “លោកចង់នាំរបស់ល្អៗនិងមានគុណភាពខ្ពស់មកប្រទេសកម្ពុជា”។ លោក ឡាយហួត បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ លោកកំពុងប្រកបអាជីវកម្មនិងរស់នៅជាមួយភរិយានិងកូនស្រីម្នាក់របស់លោកនៅក្នុងប្រទេសជប៉ុន ដោយធ្វើការចេញចូលប្រទេសកម្ពុជាជាញញឹកញាប់។
លោក ឡាយហួត មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយនៅឆ្នាំ២០០៦បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ លោកបានចូលបំរើការនៅក្រុមហ៊ុនព័ត៌មានវិទ្យានិងសណ្ឋាគារនៅប្រទេសកម្ពុជា។ នៅឆ្នាំ២០០៨ លោកក៏បានសម្រេចចិត្តទៅសិក្សានៅប្រទេសជប៉ុន។ បន្ទាប់ពីបានបញ្ចប់ការសិក្សាភាសាជប៉ុននៅសាលាភាសាជប៉ុនរួចមក លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យព័ត៌មានវិទ្យាមួយនៅទីក្រុងតូក្យូ ហើយបានបញ្ចប់ការសិក្សាដោយទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យានៅឆ្នាំ២០១៥។ នៅក្នុងកំឡុងពេលលោកបំរើការងារនៅក្នុងក្រុមហ៊ុនព័ត៌មានវិទ្យា ក្រោយបញ្ចប់ការសិក្សានៅប្រទេសជប៉ុនភ្លាម លោកបានចាប់ធ្វើការរកស៊ីអាជីវកម្មនាំចេញគ្រឿងសម្ភារៈអគ្គីសនី និងគ្រឿងម៉ាស៊ីនជាដើមទៅកាន់ប្រទេសចិននិងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការបបួលពីមិត្តភ័ក្ររបស់លោក។ នេះជាចំនុចចាប់ផ្តើមនៃអាជីវកម្មរបស់លោក។ នៅខែវិច្ឆិកា ឆ្នាំ២០១៦ លោកបានចាប់ផ្តើមបើកដំណើរការនូវក្រុមហ៊ុនលក់ម៉ូតូមួយទឹកនាំចូលពីប្រទេសជប៉ុននេះមក។
របរនាំចូលម៉ូតូជប៉ុនដែលមានគុណភាពខ្ពស់មកប្រទេសកម្ពុជា
បន្ទាប់ពីបង្កើតក្រុមហ៊ុននៅប្រទេសជប៉ុនរួចមក លោក ឡាយហួត បានដំណើរការរៀបចំបង្កើតក្រុមហ៊ុននៅប្រទេសកម្ពុជា ដោយចែកចាយនូវម៉ូតូមួយទឹកទៅបណ្តារហាងលក់ម៉ូតូនានាក្នុងប្រទេសកម្ពុជា ហើយនៅខែឧសភា ឆ្នាំមុន លោកបានបើកហាងលក់ម៉ូតូក្រុមហ៊ុនរបស់លោកនៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហាងលក់ម៉ូតូនាំចូលពីប្រទេសជប៉ុនរបស់លោក បានចាប់ផ្តើមលក់ជូនអតិថិជនខ្មែរចាប់ពីពេលនោះមក។ លោកបានថ្លែងថា “កាលពីដំបូងហាងរបស់លោកមានភាពលំបាកខ្លះៗមួយចំនួនដូចជា ការលក់បាននៅមានចំនួនតិចតួច ឬលក់ពុំបានសូម្បីមួយគ្រឿងក្នុងមួយថ្ងៃក៏មានជាដើម ក៏ប៉ុន្តែរហូតមកដល់សព្វថ្ងៃ ហាងរបស់លោកបានដំណើរការប្រក្រតីដោយមានអតិថិជនជាច្រើនស្គាល់”។
តែទោះជាយ៉ាងនេះក្តី ដោយសារហាងរបស់លោកនៅថ្មីនៅឡើយ ការប្រគួតប្រជែងទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាបញ្ហាប្រឈមមួយរបស់ក្រុមហ៊ុនលោក។ មានផលិតផលជប៉ុនជាច្រើនដែលប្រជាជនខ្មែរជឿជាក់លើគុណភាពនិងមានតម្រូវការខ្ពស់។ លោក ឡាយហួត បានលើកឡើងនូវពាក្យស្លោកមួយថា “ក្រុមហ៊ុននឹងនាំចូលនិងចែកចាយនូវម៉ូតូដែលមានគុណភាពខ្ពស់ ដែលឆ្លើយតបនឹងតម្រូវការនិងជំនឿទុកចិត្តរបស់អតិថិជនខ្មែរ” ។ លោកមានបំណងពង្រីកអាជីវកម្មនេះ ដោយបង្កើនអតិថិជនតាមរយៈការពង្រឹងទំនុកចិត្តពីហាងរបស់លោក។ លោកបានប្រាប់ទៀតថា “ដើម្បីទទួលនូវជោគជ័យនាថ្ងៃអនាគត ប្រការសំខាន់គឺត្រូវចេះគិតគូរនិងរៀបចំដោះស្រាយនូវបញ្ហានានាដែលជួបប្រទះប្រចាំថ្ងៃឲ្យបានប្រសើរជាមុនសិន”។
ការធ្វើអាជីវកម្មតែងតែមានហានិភ័យដែលនឹងអាចកើតឡើងដោយប្រការអ្វីមួយ។ ជំនួញលក់ដូរម៉ូតូនាំចូលពីប្រទេសជប៉ុននេះ ទាមទារឲ្យមានការបោះទុនវិនិយោគជាទំហំទឹកប្រាក់ធំជាមុនសិន ដូច្នេះបើហាងពុំលក់បានប្រសើរនោះទេ ផលចំណេញក៏នឹងត្រូវថយចុះឬអាចនាំឲ្យខាតច្រើនបានផងដែរ។ ម្យ៉ាងវិញទៀត លោកក៏ធ្លាប់ជួបប្រទះករណីទំនិញបញ្ជានាំចូលមានបញ្ហាហើយពុំអាចនាំចូលបាន ដែលនាំអោយក្រុមហ៊ុនមានការខាតបង់ដ៏ច្រើនផងដែរ។ ដោយផ្អែកលើបទពិសោធន៍ទាំងនេះ លោកតែងតែធ្វើការដោយប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ លើដំណើរការនានាតាំងពីការរៀបចំចាត់ចែងការទិញនៅប្រទេសជប៉ុន រហូតដល់ទំនិញបានលក់ជូនដល់ដៃអតិថិជននៅកម្ពុជា។
លោក ឡាយហួត ជឿជាក់នូវពាក្យស្លោកមួយដែលលើកឡើងថា “បរាជ័យជាប្រភពនៃភាពជោគជ័យ” ដូច្នេះសព្វថ្ងៃលោកកំពុងខិតខំប្រឹងប្រែងប្រកបអាជីវកម្មនេះដោយយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្នក៏ដូចជាថ្ងៃអនាគត តាមរយៈបទពិសោធន៍និងវិទ្យាសាស្រ្តព័ត៌មានវិទ្យាដែលលោកមាន លោក ឡាយហួត ក៏នឹងមានបំណងបើកហាងលក់ម៉ូតូជប៉ុនអនឡាញឆាប់ៗនេះផងដែរ។
ព័ត៌មានទំនាក់ទំនងហាង
ហាងលក់ម៉ូតូរបស់ លោក ទីន ឡាយហួត
ARIGATO CAMBODIA
Tel: 011-260-226, 098-260-226
https://web.facebook.com/arigatocambodia/
សម្ភាសដោយ៖ UON Chanra
បកប្រែដោយ៖ NOP Visal
ដកស្រង់ពីទស្សនាវដ្តីញញឹមខ្មែរចុះផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
この記事が気に入ったら
いいね!しよう
We will send you the latest information
Sorry, no posts matched your criteria.
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics