គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១២-២០១៤
2024.01.04

២០១២

in Cambodia

  • អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទិវង្គត
  • កម្ពុជាកាន់តំណែងជាប្រធានអាស៊ាន ហើយក៏មានកិច្ចប្រជុំកំពូលរវាងលោកនាយករដ្ឋមន្ត្រី ណូដា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញផងដែរ
  • ការបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោតឃុំសង្កាត់

in Japan

  • គណបក្សប្រជាធិបតេយ្យសេរី ទទួលបានជ័យជំនះលើសលប់នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត ដោយមានគណៈរដ្ឋមន្ត្រីលោក អាបេ ទីពីរ ចាប់ផ្តើម
  • សាស្រ្តាចារ្យសាកលវិទ្យាល័យក្យូតូ Shinya Yamanaka ឈ្នះរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្ត្រសម្រាប់កោសិកា iPS

World

  • លោកអូបាម៉ាបានជាប់ឆ្នោតជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក
  • អូឡាំពិកទីក្រុងឡុងដ៍បានប្រារព្ធឡើង

ការ​កាន់​ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត និង​ព្រឹត្តិការណ៍​នានា​នៅ​មុខ​ព្រះបរមរាជវាំង

លេខ៦២/ធ្នូ ២០១២-មករា ២០១៣

នៅថ្ងៃទី១៥ ខែតុលា អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានសោយទិវង្គតនៅទីក្រុងប៉េកាំងក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា។ ប្រជាពលរដ្ឋមានការគោរពយ៉ាងជ្រាលជ្រៅចំពោះអតីតព្រះមហាក្សត្រអង្គនេះ ដោយទ្រង់បានទាមទារឯករាជ្យពីប្រទេសបារាំង ឆ្លងកាត់ការតស៊ូក្នុងសង្រ្គាមស៊ីវិល និងការស្វែងរកសន្តិភាពថ្មីសម្រាប់កម្ពុជា។ នៅថ្ងៃទី១៧ ខែតុលា នៅពេលដែលព្រះសពរបស់ព្រះអង្គបានមកដល់ទីក្រុងភ្នំពេញ មានមនុស្សរាប់សែននាក់បានតម្រង់ជួរតាមវិថីដើម្បីទទួលស្វាគមន៍។ ទស្សនាវដ្ដីយើងខ្ញុំក៏បានចុះផ្សាយ​សាររំលែកទុកពីប្រជាពលរដ្ឋទ្រង់ផងដែរ។ លើសពីនេះទៀត នៅក្នុងផ្នែកចុះផ្សាយមានចំណងជើងថា “Photo Sanpo” ដែលមានជាកម្រងរូបថត + អត្ថបទរឿងនោះ យើងខ្ញុំបានចុះផ្សាយពីឧបទ្ទវហេតុដ៏អាថ៌កំបាំងមួយក្នុងអំឡុងពេលពិធីធ្វើឡើងនៅថ្ងៃទី២៣ ខែតុលានោះ។ ពោលគឺ ខណៈអតីតព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងព្រះបាទ នរោត្តម សីហមុនី និង​ព្រះសង្ឃ​ជិត​១​ម៉ឺន​អង្គ រួមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​​ចាប់ផ្តើមប្រារព្ធពិធី ស្រាប់តែមេឃមាន​ពពកខ្មៅ​ផ្តើមប្រែជា​ស្រឡះ​។ គេនិយាយថា ពពកដែលមើលទៅដូចជាព្រះភ័ក្ររបស់ព្រះបាទ នរោត្តម សីហនុ បានលេចឡើងមួយរយៈពេលខ្លីនៅលើមេឃពេលរាត្រីនោះ ហើយបានបាត់ទៅវិញភ្លាមៗ។

២០១៣

គម្រប់ខួប១០ឆ្នាំរបស់ទស្សនាវដ្តី “ញញឹម”!

in Cambodia

  • ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា
  • ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ មានគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេច ហ៊ុន សែន អាណត្តិទី៥

in Japan

  • គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ បានសម្រេចចុះបញ្ជីភ្នំហ្វូជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក
  • អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានសម្រេច

World

  • ភរិយាព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេសប្រសូតបុត្រាដំបូង
  • វិបត្តិចំណាប់ខ្មាំងនៅប្រទេសអាល់ហ្សេរីបានធ្វើឱ្យចំណាប់ខ្មាំងបរទេស ៣៧ នាក់បានស្លាប់ក្នុងនោះមានជនជាតិជប៉ុន ១០នាក់

ការទស្សនាកន្លែងនាងខ្ញុំចាប់អារម្មណ៍សារជាថ្មីម្តងទៀត!

លេខ ៦៧/តុលា-វិច្ឆិកា ២០១៣

នាងខ្ញុំគិតថា ពេល​នោះទស្សនាវដ្តី “ញញឹម” បាន​ធ្វើការចុះផ្សាយពី​ទិដ្ឋភាព​ផ្សេងៗ​ជាច្រើននៅ​​កម្ពុជា​អស់​រយៈកាល ១០ឆ្នាំ​មក​ហើយ។ ដោយមានចិត្តចង់ជួប និងចង់ឃើញនូវអ្វីដែលបានទស្សនាម្តងហើយ រួមទាំងចិត្តចង់ស្គាល់មនុស្ស និងកន្លែងដទៃផ្សេងទៀតផង ក្រុមការងារយើងខ្ញុំបានជ្រើសរើសប្រធានបទចំនួន៩ ពីការចុះផ្សាយរយៈពេល ១០ឆ្នាំកន្លងទៅ ហើយបានចុះទៅធ្វើបទសម្ភាសន៍សារជាថ្មី។ ៣​ឆ្នាំ​ក្រោយ​ការចុះផ្សាយដំបូង បុរស​ចំណាស់​លក់​ឆ្នាំង​ដីម្នាក់បានប្រែពីការលក់ដោយរទេះគោ មកជារឺម៉កម៉ូតូ។ ​នៅឯកោះដាច់ឯណោះវិញ ដោយសារតម្លៃវត្ថុធាតុដើមរបស់វាយនភណ្ឌឡើងថ្លៃខ្លាំង នាំឱ្យចំនួនអ្នកធ្វើការក្នុងរោងចក្រកើនឡើង ខណៈចំនួនប្រជាជនប្រកបរបរតម្បាញតាមផ្ទះថយចុះ។ តែទោះយ៉ាងនោះក្តី ក្រុមការងារយើងខ្ញុំបានជួបស្រ្តីម្នាក់ដែលនៅបន្តរបរតម្បាញរបស់ខ្លួន ដោយលើកឡើងថា៖ «នាងខ្ញុំចូលចិត្តត្បាញ!»។ ចំណែកឯតូបលក់​ចេក​ចៀន​ដ៏​ពេញ​និយម​មួយ​នោះវិញ បានបើកសាខាថ្មីបន្ថែមក្នុងអំឡុងពេល៤ឆ្នាំកន្លងទៅ។ វា​គឺ​ជា​ការចុះផ្សាយឡើង​​វិញ​នូវអ្វីដែលបានប្រែប្រួល ដែលនាង​ខ្ញុំ​បាន​ប្រទះផ្ទាល់ ទោះវាជារឿងល្អ ឬមិនល្អក្តី។

ពិធីជប់លៀងទស្សនាវដ្តី “ញញឹម” និងស្នាមញញឹមរបស់បុគ្គលិករាល់គ្នា

យើងបានប្រារព្ធខួបលើកទី ១០ របស់យើងដោយមានការគាំទ្រ និងការលើកទឹកចិត្តពីអ្នកអាន និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មរបស់យើង។ ដើម្បីបង្ហាញពី “ការថ្លែងអំណរគុណ”​ យើងបានបង្កើតគម្រោងចុះផ្សាយពិសេសមួយ ដើម្បីប្រមូលស្នាមញញឹមរបស់មនុស្សគ្រប់រូប ចុះផ្សាយនៅក្នុងទស្សនាវដ្តីញញឹម (លេខ ៦៧) ។ សម្រាប់ការចុះផ្សាយក្នុងខែតុលា និងវិច្ឆិកា យើងបានប្រារព្ធឡើងនូវ “ព្រឹត្តិការណ៍ញញឹម” នៅទីក្រុងភ្នំពេញ និងខេត្តខេត្តសៀមរាប ធ្វើជាប្រធានបទសម្រាប់ការចុះផ្សាយ។ នៅក្នុងទំព័រទស្សនាវដ្ដី “ញញឺម” លេខនោះគឺពោរពេញទៅដោយស្នាមញញឹមរបស់អ្នករាល់គ្នា!

២០១៤

in Cambodia

  • ផ្សារទំនើបអ៊ីអនបើកនៅភ្នំពេញ
  • កីឡាការិនី សៀវម៉ីយ បានឈ្នះមេដាយមាសដំបូងសម្រាប់កម្ពុជាលើវិញ្ញាសាកីឡាតេក្វាន់ដូក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម
  • នួន ជា និងខៀវ សំផន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយតុលាការខ្មែរក្រហម

in Japan

  • ការភ្ញាក់ផ្អើលពីព័ត៌មានមិនពិតអំពី “កោសិកា STAP”
  • ភ្នំភ្លើង Ontake ផ្ទុះ
  • ពន្ធលើការប្រើប្រាស់បានកើនឡើងដល់ ៨%

World

  • WHO ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារជំងឺគ្រុនឈាម Ebola
  • អ្នករាំស្គីលើទឹកកក លោក Yuzuru Hanyu ឈ្នះមេដាយមាសនៅ Sochi Winter Olympics

តើអ្នកណាត់ជួបគ្នាដោយរបៀបណា?

លេខ៧៣/តុលា-វិច្ឆិកា ២០១៤

ការចុះផ្សាយលេខពិសេសលើកទី២ អំពីការណាត់ជួបគ្នា។ នៅក្នុងលេខ​នេះ​ យើង​បាន​ស្នើ​សុំ​គូ​ស្នេហ៍​បានរៀបអាពាហ៍ពិពាហ៍រួច​ចំនួន ៥ គូដើម្បីសម្ភាសន៍ក្នុងការចុះផ្សាយយើងខ្ញុំ។ នៅក្នុងការចុះផ្សាយលេខពិសេស ឆ្នាំ២០១០ (លេខ៥០) ទីតាំងកោះពេជ្រ មានប្រជាប្រិយភាពសម្រាប់ការណាត់ជួបគ្នា ប៉ុន្តែកន្លែងពេញនិយមក្នុងឆ្នាំ២០១៤ គឺផ្សារទំនើប AEON ដែលទើបបើកថ្មី។ ផ្សារទំនើបថ្មីស្រឡាងមួយនេះ មានអ្វីគ្រប់យ៉ាង ដែលអ្នករាល់គ្នាត្រូវការមានដូចជា៖ ហាងសម្លៀកបំពាក់ ទំនិញផ្សេងៗ ភោជនីយដ្ឋាន មជ្ឈមណ្ឌលហ្គេម រោងកុន និងអ្វីៗជាច្រើនទៀត ដែលទាក់ទាញបេះដូងអ្នករស់នៅទីក្រុងភ្នំពេញ។ ក្នុងថ្ងៃវិស្សមកាល ផ្សារទំនើប AEON ពោរពេញដោយមនុស្សម្នារជាច្រើន រួមទាំងគូស្នេហ៍ ថែមទាំងមិត្តភក្តិ និងក្រុមគ្រួសារ នាំគ្នាដើរកម្សាន្ត។ ទន្ទឹមនឹងការបើកផ្សារទំនើប AEON ក៏មានក្រុមហ៊ុនជប៉ុនជាច្រើនចូលមកវិនិយោគនៅប្រទេសកម្ពុជា ហើយវាក៏ជាឆ្នាំដែលកំណើនសេដ្ឋកិច្ចខ្មែរ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ តែទោះ​បី​ជា​យ៉ាង​នោះក្តី នាងក៏ខ្ញុំ​ភ្ញាក់​ផ្អើលផងដែរ​ពេល​ដឹង​ថា​ ស្ថានភាព​ទំនាក់​ទំនងស្នេហា​រវាងមនុស្សប្រុសនិងស្រីមុនពេលរៀបអាពាហ៍ពិពាហ៍ គឺមិនត្រូវបានបើកចំហរ មិនខុសពីមុន។ ជាលទ្ធផល ចំពោះគម្រោងចុះផ្សាយពីការណាត់ជួបនេះ ក្រុមការងារយើងខ្ញុំមានផលលំបាកក្នុងការស្វែងរកអ្នកសម្ភាស ដែលតម្រូវឱ្យពួកគាត់បង្ហាញឈ្មោះ និងរូបភាពពិតព្រោះពួកគាត់នឹងប្រឈមនឹងបញ្ហាជាមួយឳពុកម្តាយខ្លួនប្រសិនបើរឿងនេះលេចឮជាសាធារណៈ។

ការបង្កើតទស្សនាវដ្តី “ញញឹមខ្មែរ” !

ទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ដែលចុះផ្សាយជាភាសាជប៉ុន និងអង់គ្លេសនេះ តាមពិតទៅ មានអ្នកអានជាជនជាតិខ្មែរកំពុងរៀនភាសាជប៉ុនមួយចំនួនធំផងដែរ។ នាងខ្ញុំបានទទួលមតិមួយចំនួនលើកឡើងដូច្នេះថា៖ «ហេតុ​អ្វី​បងស្រី​មិន​បោះពុម្ព​ជា​ភាសា​ខ្មែរដែរ? ខ្ញុំ​អាច​អាន​បាន​ព្រោះ​ខ្ញុំ​ចេះ​ភាសា​ជប៉ុន ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​ខ្មែរ​ផ្សេង​ទៀត​អាន​វា​ដែរ»។ ក្នុងឆ្នាំ២០១៣ ដែលជាខួបលើកទី១០ របស់ទស្សនាវដ្តី​ “ញញឹម” ក្រុមការងារយើងខ្ញុំបានធ្វើការសម្រេចចិត្ត និងបានរៀបចំសម្រាប់ការចុះផ្សាយជាភាសាខ្មែរ។ នៅខែមករា ឆ្នាំ២០១៤ ក្រុមការងារនាងខ្ញុំបានចេញនូវទស្សនាវដ្តី “ញញឹមខ្មែរ” ដែលជាទស្សនាវដ្តីជាភាសាខ្មែរបង្កើតឡើងក្នុងគោលបំណងជា “ស្ពានមេត្រីភាពតភ្ជាប់ប្រទេសជប៉ុននិងកម្ពុជា”។

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer