គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) អ្នកស្រី ឡៅ សុខិតា អនុប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវ ព៌ត៏មាន និងបណ្ណាល័យ និងអ្នកបកប្រែភាសាសញ្ញា
(ភាសាខ្មែរ) អ្នកស្រី ឡៅ សុខិតា អនុប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវ ព៌ត៏មាន និងបណ្ណាល័យ  និងអ្នកបកប្រែភាសាសញ្ញា
2020.07.14

ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) បានចាប់ផ្តើមផ្សព្វផ្សាយកម្មវិធីព័ត៌មានជាភាសាសញ្ញានៅឆ្នាំ២០០៤។ ក្រោយមកនៅឆ្នាំ២០១០ ស្ថានីយទូរទស្សន៍បាយ័ន (BTV) បានដំណើរការផ្សាយកម្មវិធីព័ត៌មានជាភាសាសញ្ញាផងដែរ។ នាពេលនោះ ការផ្សព្វផ្សាយជាភាសាសញ្ញាតាមរយៈប៉ុស្តិ៍ទូរទស្សន៍នៅមានកម្រិតនៅឡើយក្តី បន្ទាប់ពីមានការប្រកាសគាំទ្ររបស់រាជរដ្ឋាភិបាលកាលពីអំឡុងឆ្នាំ២០១៨ មកតម្រូវការបកប្រែភាសាសញ្ញានៅតាមកញ្ចក់ទូរទស្សន៍បានកើនឡើងបន្តបន្ទាប់។

អ្នកស្រី ឡៅ សុខិតា អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅក្នុងទីក្រុងភ្នំពេញ។ ដើមឡើយ អ្នកស្រីជាគ្រូបង្រៀនសិស្សវិទ្យាល័យ ក៏ប៉ុន្តែក្រោយមកអ្នកស្រីបានផ្លាស់មកបំរើការជាគ្រូបង្រៀននៅសាលាកុមារថ្លង់ច្បារអំពៅ (គ្រួសារថ្មី)។ នៅឆ្នាំ២០០៤ នៅពេលមានការផ្សព្វផ្សាយភាសាសញ្ញាលើប៉ុស្តិ៍ទូរទស្សន៍ដំបូង អ្នកស្រីបានចាប់អារម្មណ៍ចំពោះភាសានេះហើយដោយមានការជួយជម្រុញពីប្រធានរបស់អ្នកស្រីផងនោះ អ្នកស្រីក៏បានចាប់ផ្តើមធ្វើការងារជាអ្នកបកប្រែភាសាសញ្ញានេះរហូតមក។
ក្រោយពីមានការបង្កើតឡើងនូវគណៈកម្មការភាសាសញ្ញានៅក្នុងអង្គការគ្រួសារថ្មីនៅឆ្នាំ២០០៤រួចមក អ្នកស្រីត្រូវបានជ្រើសរើសជាសមាជិកម្នាក់នៃគណៈកម្មការនេះ ហើយបានបំរើការងារជាគ្រូបង្រៀន និងជាអ្នកបកប្រែភាសាសញ្ញានេះតមក។ គណៈកម្មការនេះ ត្រូវបានចាត់ជាគណៈកម្មការភាសាសញ្ញាថ្នាក់ជាតិនៅឆ្នាំ២០១០ ដូច្នេះក្នុងនាមជាសមាជិកម្នាក់នៃគណៈកម្មការនេះ អ្នកស្រី សុខិតា កំពុងខិតខំប្រឹងប្រែងជាមួយនឹងការងារស្រាវជ្រាវ និងបោះពុម្ពផ្សាយសៀវភៅភាសាសញ្ញាកម្ពុជា។


បច្ចុប្បន្ន អ្នកស្រី សុខិតា មានក្រុមអ្នកបកប្រែភាសាសញ្ញាចំនួន ៥នាក់ ហើយអ្នកស្រី ក៏កំពុងតែមមាញឹកនឹងការងារជាអ្នកបកប្រែនៅតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍នានាផងដែរ។ អ្នកស្រី សុខិតា បានមានប្រសាសន៍ថា៖ “នាងខ្ញុំបានធ្វើការសិក្សាភាសាសញ្ញានេះតាំងពីចំនុចសូន្យមក រហូតដល់បានក្លាយជាគ្រូបង្រៀននិងអ្នកបកប្រែ។ ពេលនោះកុមារនិងបុគ្គលិកថ្លង់ ក៏ដូចជាមនុស្សថ្លង់នៅក្នុងសហគមន៍ទាំងអស់ជាគ្រូបង្រៀនផ្ទាល់របស់នាងខ្ញុំ។ ដោយសារតែភាសាសញ្ញា ក៏ដូចជាភាសាដទៃទៀតដែរ គឺមានពាក្យនិងបំណិនថ្មីៗជាច្រើនកើតឡើង ដូច្នេះការសិក្សាស្រាវជ្រាវគឺត្រូវតែធ្វើឡើងជាប់រហូត”។ រឿងដែលពិបាកសម្រាប់ការងារបកប្រែភាសាសញ្ញានេះគឺការបកប្រែនូវរឿងរ៉ាវបែបអរូបីយ។ អ្នកស្រី សុខិតា បានអោយដឹងថា៖ “ការបកប្រែភាសាសញ្ញាគឺមានភាពងាយស្រួលចំពោះរឿងរ៉ាវដែលយើងអាចមើលឃើញនឹងភ្នែក ក៏ប៉ុន្តែវាពិបាកសម្រាប់ការធ្វើការពន្យល់នូវរឿងរ៉ាវទាំងឡាយណាដែលមានលក្ខណៈជាអរូបីយ។ ចំពោះពាក្យអរូបីយ យើងចាំបាច់ត្រូវធ្វើការពន្យល់បកស្រាយ ជាពាក្យសំរាយ ហើយក៏មានពាក្យខ្លះពិបាកពន្យល់ផងដែរ”។
យ៉ាងណាមិញ ទោះជាមមាញឹកនឹងការងារជាអ្នកស្រាវជ្រាវភាសាសញ្ញានៅវិទ្យាស្ថានជាតិអប់រំពិសេស និងជាអ្នកបកប្រែយ៉ាងណាក្តីអ្នកស្រី សុខិតា បានបង្ហាញពីការយល់ឃើញវិជ្ជមានចំពោះការងាររបស់ខ្លួនបច្ចុប្បន្ននេះផងដែរ។ “ឥឡូវ នាងខ្ញុំសង្កេតឃើញថា ទាំងរាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា បានយល់ដឹងច្រើនពីជនដែលមានពិការរភាពថ្លង់ ហើយពួកគាត់ក៏ជួយគាំទ្រដល់មនុស្សថ្លង់ផងដែរ។ តាមរយៈការងារនេះនាងខ្ញុំមានលទ្ធភាពអាចជួយផ្សព្វផ្សាយនូវព័ត៌មានជូនទៅដល់ជនពិការភាពថ្លង់នៅកម្ពុជាជាទូទៅបាន ដូច្នេះនាងខ្ញុំពិតជាមានមោទនភាពនឹង
ការងារនេះណាស់”។


បច្ចុប្បន្ន ដោយសារឥទ្ធិពលនៃជម្ងឺឆ្លងកូវីដ១៩ ក្រៅពីការផ្សព្វផ្សាយព័ត៌មានតាមប៉ុស្តិ៍ទូរទស្សន៍ ក៏មានការផ្សព្វផ្សាយជាភាសាសញ្ញានៅក្នុង
កម្មវិធីអប់រំពីចម្ងាយរបស់ក្រសួងអប់រំផងដែរ។ អ្នកស្រីក៏បានកត់សម្គាល់ដែរថា មានប្រជាជនមួយចំនួនស្គាល់អ្នកស្រីថាជាអ្នកបកប្រែភាសាសញ្ញានៅប៉ុស្តិ៍ទូរទស្សន៍ នៅពេលដែលអ្នកស្រីដើរនៅតាមដងផ្លូវ។ “ចាប់តាំងពីបានបំរើការងារជាអ្នកបកប្រែភាសាសញ្ញានេះមក ឃើញថាមានការរើស
អើងចំពោះជនពិការថ្លង់ហាក់បីដូចជាធ្លាក់ចុះ”។ អ្នកស្រី សុខិតា ក៏បានបន្ថែមទៀតថា៖ “នាងខ្ញុំចង់ឃើញឪពុកម្តាយឬអាណាព្យាបាលដែល
មានកូនជាកុមារថ្លង់ សូមកុំអស់សង្ឃឹម ហើយសូមយកពួកគាត់មកអោយសិក្សានៅសាលា។ ដោយសារ បច្ចុប្បន្ននេះ កុមារពិការដោយថ្លង់
អាចសិក្សាបានដូចកុមារធម្មតា ដូច្នេះសូមកុំបារម្ភ ហើយនាងខ្ញុំក៏សូមលើកទឹកចិត្ត និងសូមអោយពួកគាត់ជួយជម្រុញកុមារថ្លង់អោយបាន
ចូលរៀនដល់កម្រិតថ្នាក់មធ្យមសិក្សាទាំងអស់គ្នា”។ មានសិស្សថ្លង់មួយចំនួនក៏បានបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផង
ដែរ។ យ៉ាងណាមិញ ក្នុងនោះក៏មានសិស្សដែលបានរៀនចប់ ហើយចូលបំរើការងារក្នុងសង្គមមួយចំនួនផងដែរ។ អ្នកស្រី សុខិតា បាននិយាយ
ដោយទឹកមុខញញឹមទៀតថា៖ «អ្នកពិការថ្លង់គឺមានសមត្ថភាពដូចមនុស្សធម្មតា។ បើយល់ពីពួកគាត់ ហើយបង្រៀននូវអ្វីដែលពួកគាត់ត្រូវធ្វើបាន
ត្រឹមត្រូវនោះ ពួកគាត់នឹងខិតខំធ្វើការបានយ៉ាងល្អដូចអ្នកដទៃទៀតដែរ។នាងខ្ញុំក៏បានឮខ្លះៗពីអ្នកដែលទទួលពួកគាត់ធ្វើការដែរថា៖ “ពួកគាត់ចង់
បានបុគ្គលិកថ្លង់មកធ្វើការទៀត ព្រោះពួកគេឧស្សាហ៍់ព្យាយាមចំពោះការងារច្រើនជាងអ្នកធម្មតា”»។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 40】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer