គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សិល្បករខ្មែរក្នុងពិភពរបាំសហសម័យ
សិល្បករខ្មែរក្នុងពិភពរបាំសហសម័យ
2021.11.23

កញ្ញា ជុំវណ្ណ សូដាជីវី (ប៊ែល) អាយុ ៣៦ឆ្នាំ គឺជានាដកា ជាអ្នកដំឡើងរបាំ និងសាស្រ្ដាចារ្យផ្នែកនាដសាស្រ្ដ (របាំបុរាណ និងរបាំសហសម័យ) នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងជាស្ថាបនិកនៃក្រុមរបាំស៊ីលវ័រប៊ែល (SilverBell Dance Group of Performing Artists)។

នៅឆ្នាំ២០១៦ កញ្ញាបានទៅចូលរួមសម្តែងជាតួអង្គសំខាន់ម្នាក់នៅក្នុងស្នាដៃរឿង “ទីលានស្ដេចគម្លង់”
នៅប្រទេសជប៉ុន។ ក្រោយមកទៀត កញ្ញាបានចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្តឈ្មោះ“Beyond The Bridge” ដឹកនាំសម្តែងដោយ លោកស្រី សុទ្ធោ គុល្លិកា ដែលត្រូវបានដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិតូក្យូ។ នៅខែកញ្ញាកន្លងទៅថ្មីៗនេះ ក្នុងនាមជានាដកា និងអ្នកដំឡើងរបាំម្នាក់ កញ្ញា ប៊ែល បានចូលរួមនៅក្នុងមហោស្រពសិល្បៈអន្តរជាតិសាន់រីគូ ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងជប៉ុន នៅក្នុងការសម្តែងរឿងព្រេងនិទានប្រជាប្រិយជប៉ុនមួយក្នុងតំបន់សានរីគូ ដែលមានឈ្មោះថា “ព្រះនាងកេសាវែង”។
យើងខ្ញុំបានធ្វើបទសម្ភាសន៍ កញ្ញា ប៊ែល អំពីសកម្មភាពផ្ទាល់ខ្លួន និងការយល់ឃើញនានារបស់កញ្ញា ចំពោះការងារសិល្បៈនៅលើឆាកអន្តរជាតិដែលកញ្ញាបានឆ្លងកាត់កន្លងមកដូចខាងក្រោម៖

 

សំណួរៈ តើមូលហេតុអ្វីនាំឱ្យកញ្ញាប្តូរការចាប់អារម្មណ៍ពីរការសម្តែងរបាំបុរាណខ្មែរមករបាំសហសម័យ?

នាងខ្ញុំបានចាប់ផ្តើមរៀនរបាំដំបូងដោយសារម្តាយរបស់នាងខ្ញុំបានណែនាំ។ ម្តាយរបស់នាងខ្ញុំ ចង់ឃើញរូបនាងខ្ញុំរៀនពីវប្បធម៌ខ្មែរនិងមានអត្តចរិតជាស្ត្រីខ្មែរតាមរយៈរបាំបុរាណ។នាងខ្ញុំចាប់ផ្តើមរៀនរបាំដំបូងនៅអាយុ ៩ ឆ្នាំនាងខ្ញុំបានទទួលយកនូវវប្បធម៌ខ្មែរតាមរយៈរបាំទាំងនោះបន្តិចម្តងៗ។ ពោលគឺរបាំបុរាណ
ខ្មែរបានកំណត់នូវអត្តសញ្ញាណខ្មែរដល់រូបនាងខ្ញុំតាមរយៈវិន័យដែលចេញមកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។
នៅឆ្នាំ២០០១ នាងខ្ញុំបានជួបនឹងជនជាតិឥណ្ឌាម្នាក់រស់នៅប្រទេសបារាំងតាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌មួយ។ ពេលនោះមានគម្រោងបង្កើតរបាំថ្មីមួយ តាមរយៈកិច្ចសហការរួមគ្នារវាងប្រពៃណីខ្មែរ និងឥណ្ឌា។ ដំបូងឡើយនាងខ្ញុំហាក់ដូចជាមានអារម្មណ៍ខ្លាចក្នុងការធ្វើអ្វីថ្មី ដែលប្រាសចាកពីប្រពៃណីរបស់ខ្លួន។
ប៉ុន្តែនៅពេលនាងខ្ញុំទទួលបានការណែនាំថ្មីទាំងនោះ វាបានធ្វើឱ្យនាងខ្ញុំមានអារម្មណ៍រីករាយក្នុងកាបង្ហាញពីអ្វីដែលនៅក្នុងខ្លួននាងខ្ញុំ។
ដោយសារភាពវ័យក្មេងផង នាងខ្ញុំក៏ចាប់អារម្មណ៍នឹងអ្វីដែលថ្មីនោះដែរ។ ចាប់ពីពេលនោះមក នាងខ្ញុំបានចូលទៅក្នុងពិភពសហសម័យនេះតែម្តង។ ប៉ុន្តែ វាពុំមែនមានន័យថានាងខ្ញុំបានបោះបង់ចោលអ្វីៗដែល
មានពីមុននោះទេ។ នាងខ្ញុំមានគំនិតបង្កើតអ្វីថ្មីដោយយករបាំប្រពៃណីខ្មែរជាគោល។

សំណួរៈ តើរបាំសហសម័យរបស់ កញ្ញា ប៊ែលមានលក្ខណៈពិសេសអ្វីខ្លះ?
របាំសហសម័យប្រទេសលោកខាងលិច (មួយចំនួន) គឺយករបាំបាឡេជាគោលជាដើម។ ម៉្យាងវិញទៀត នាងខ្ញុំគិតថានៅប្រទេសឥណ្ឌាវិញ គឺមានធាតុយូហ្កាជាមូលដ្ឋានគ្រឹះ។ នាងខ្ញុំគិតថារបាំសហសម័យ គឺមិនចាំបាច់ត្រូវតែមានលក្ខណៈជាសកលនោះទេ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​វាជាពិភពមួយដែលលាតត្រដាងពីលើអ្វីដែលបានចាក់ឬសនៅក្នុងវប្បធម៌របស់ប្រទេសមួយនោះ។ ដូច្នេះ របាំបុរាណ គឺជាឬសគល់មួយសម្រាប់រូបនាងខ្ញុំ។ នៅក្នុងពិភពនៃសិល្បៈរបាំសហសម័យ គឺគេមិនអាចយកលំនាំនៃរបាំបុរាណទាំងស្រុងមករាំបានឡើយ។ របាំក្បាច់ខ្មែរបុរាណគឺជា
របាំបែបបួងសួងដល់ព្រះអាទិទេព ឬបង្ហាញពីពិភពនៃទីសក្ការៈអ្វីមួយ។ យ៉ាងណាមិញ របាំសហសម័យដែលនាងខ្ញុំបង្កើតឡើងគឺបង្ហាញពីព្រឹត្តិការណ៍ និងអារម្មណ៍របស់មនុស្សរស់នៅជុំវិញខ្លួនយើងទាំងអស់គ្នា។

របាំសហសម័យ “លោតបាវ” សម្តែងនៅវិទ្យាស្ថានភាសាបារាំង

សំណួរៈ របាំសហសម័យមានការពេញនិយមច្រើននៅបរទេស ចុះនៅកម្ពុជាវិញមានការគាំទ្រយ៉ាងម៉េចដែរ?

ពីឆ្នាំ២០១១ រហូតដល់ ឆ្នាំ២០១៣ នាងខ្ញុំមានឱកាសបានសម្តែងក្រោមការដឹកនាំរបស់អ្នកដំឡើងរបាំជនជាតិអាល្លឺម៉ង់ម្នាក់។ ការសម្តែងបានធ្វើឡើងនៅប្រទេសស្វីស សិង្ហបុរី និងនៅប្រទេសកម្ពុជា។ ការសម្តែងនៅប្រទេសស្វីសគឺទទួលបានជោគជ័យ នឹងមានការស្ងើចសរសើរជាច្រើនពីអ្នកទស្សនា។ រីឯការសម្តែង
ក្នុងប្រទេសសិង្ហបុរីវិញ មានអ្នកទស្សនាជាជនជាតិខ្មែរម្នាក់រស់នៅសិង្ហបុរីបាននិយាយថា៖ “គាត់មិនយល់ពីអ្វីដែលនាងខ្ញុំបានសម្តែងនោះទេ”។ យ៉ាងណាមិញ សម្រាប់ប្រតិកម្មរបស់ជនបរទេសដែលបានទស្សនាវិញ គឺបានសម្តែងការយល់ឃើញរបស់គាត់ថា៖ “អ្វីៗដែលខ្ញុំបានគិតមកលើកម្ពុជាត្រូវបានផ្លាស់ប្តូរ។ ខ្ញុំមិនដែលនឹកគិតសោះថា កម្ពុជាអាចសម្តែងបានបែបនេះទេ”។ នាងខ្ញុំគិតថា ៩០% នៃអ្នកទស្សនាដែលជាជនជាតិខ្មែរគឺបាននិយាយថាពួកគាត់មិនយល់ពីខ្លឹមសារនៃការសម្តែងរបាំសហសម័យនោះទេ។
សម្រាប់ជនជាតិខ្មែរ ជាទូទៅ គិតថា របាំ គឺជាអ្វីដែលដូចគ្នានឹងរបាំប្រពៃណី ឬរបាំបុរាណខ្មែរ ហើយមានប្រជាជនខ្មែរចំនួនតិចតួចណាស់ដែលធ្លាប់បានមើលប្រភេទរបាំសហសម័យនេះក្នុងឆាកជីវិតរបស់គាត់។ បច្ចុប្បន្ន មានយុវជនជាច្រើនកំពុងចាប់អារម្មណ៍ និងធ្វើការស្វែងយល់ដឹងអំពីរបាំសហសម័យនេះ ហើយក៏មានចំនួនអ្នកដែលចូលចិត្តទស្សនា និងចូលរួមសម្តែងរបាំសហសម័យនេះមានការកើនឡើងដែរ។

សំណួរៈ តើមានកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីធ្វើឱ្យទស្សនិកជនទូទៅចាប់អារម្មណ៍ពីរបាំសហសម័យនេះដែរទេ?

កាលពីមុន មានគេនិយាយថា របាំសហសម័យគឺជា “របាំឆ្កួត” ។ ប៉ុន្តែ ក៏មានមនុស្សមួយចំនួនតូចយល់ថាវាជារបាំ ដែលល្អ និងប្លែកពីគេផងដែរ។ អ្វីដែលនាងខ្ញុំអាចធ្វើបាននោះគឺការបន្តធ្វើនូវរបាំនេះ។ តាមរយៈការបន្តនូវការសម្តែងទោះនៅក្នុងរោងល្ខោនតូចណាមួយក្តី នាងខ្ញុំគិតថារបាំនេះនឹងត្រូវបានផ្សព្វផ្សាយបន្តិចម្តងៗ
ថែមទៀតនៅក្នុងសង្គមខ្មែរ។ ដូច្នេះ ទាំងរូបនាងខ្ញុំក្តី គឺត្រូវការការខិតខំប្រឹងប្រែង និងការគាំទ្រ។ ប្រសិនបើគ្មានកន្លែងសម្រាប់រាំ និងថវិកាទេ គឺយើងពុំអាចបន្តធ្វើវាបានឡើយ។ យើងខ្ញុំបានជួបនូវផលលំបាកខ្លាំងនៅពេលខ្លះ។ ទោះយ៉ាងនេះក្តី ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថា របាំសហសម័យពុំមែនជារបាំដែលធ្វើឱ្យខូចប្រពៃណី និងទំនៀមទម្លាប់ខ្មែរនោះទេ ប៉ុន្តែវាជារបាំដែលផ្សារភ្ជាប់នូវអ្វីដែលមាននៅអតីតកាលទៅនឹងអនាគត។

ហេតុដូច្នេះហើយ ចាប់ពីឆ្នាំ២០១៨មក របាំសហសម័យនេះត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាងខ្ញុំជឿជាក់ថាការយល់ដឹងអំពីរបាំនេះនឹងជ្រាបទៅដល់ស្រទាប់យុវវ័យជំនាន់
ក្រោយ នាពេលអនាគតជាមិនខាន។ កាលពីខែកញ្ញាថ្មីៗនេះ មានការបង្កើតឡើងនូវស្នាដៃសម្តែងមួយអំពីរឿងនិទានប្រជាប្រិយជប៉ុនឈ្មោះថា “ព្រះនាងកេសាវែង” ដោយមានសិល្បករកម្ពុជា ឥណ្ឌូនេស៊ី និងជប៉ុនបានចូលរួមសម្តែងរួមគ្នាធ្វើឡើងតាមអនឡាញ ក្រោមកិច្ចផ្តួចផ្តើមឡើងដោយ មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងគណៈកម្មាធិការលើកកម្ពស់សិល្បៈអន្តរជាតិសាន់រីគូ។

សំណួរៈ តើកញ្ញាយល់ឃើញយ៉ាងដូចម្តេចចំពោះដំណើរការនោះ?

ជាទូទៅ ការជួបធ្វើការដោយផ្ទាល់ គឺសំខាន់ណាស់សម្រាប់ការងារសិល្បៈ។ ការផ្លាស់ប្តូរគំនិតយោបល់តាមការជជែកគ្នា គឺពិតជារឿងសំខាន់។ ដោយសារតាមរយៈអនឡាញយើងមិនអាចធ្វើបាននូវរឿងបែបនោះ នាងខ្ញុំមាន
អារម្មណ៍ថាវាពិតជាពិបាកក្នុងការធ្វើការយល់ដឹង និងរៀនពីគ្នាទៅវិញទៅមក។ បរិយាកាសអ៊ីនធឺណិតក៏ជាបញ្ហាមួយសម្រាប់នាងខ្ញុំផងដែរ ព្រោះពេលប្រជុំខ្លះមានការរអាក់រអួលពាក់កណ្តាលទីជាដើម។ ម្យ៉ាងទៀត នាងខ្ញុំគិតថាការទស្សនាតាមអ៊ីនធឺណិតនឹងមិនផ្តល់ឱ្យអ្នកទស្សនានូវអារម្មណ៍ពិតដូចការសម្តែងផ្ទាល់នោះទេ។ ថាមពលដែលអ្នកទស្សនាទទួលបានគឺខុសគ្នាពីការមើលផ្ទាល់នៅក្នុងរោងសម្តែង។នាងខ្ញុំបានដឹងពីផលលំបាកបែបនេះ។ តែយ៉ាងណាក្តី ក្រោមកិច្ចសហការជាមួយប្រទេសទាំង ៣ លើកនេះ នាងខ្ញុំបានទទួលនូវការសាកល្បង
ថ្មី ហើយបានចាប់ផ្តើមដោយការស្វែងយល់អំពីវប្បធម៌របស់ប្រទេសនោះ។
នៅចុងបញ្ចប់នៃការសម្តែង យើងអាចរៀនពីវប្បធម៌របស់គ្នាទៅវិញទៅមក និងទទួលបាននូវការឆ្លើយតបពីអ្នកទស្សនា ដែលបាននិយាយអំពីក្តីសង្ឃឹម ដូច្នេះ វាជាសមិទ្ធផលមួយដ៏ធំសម្រាប់រូបនាងខ្ញុំ។

រូបថតអនុស្សាវរីយក្រោយឆាកជាមួយ លោក មីយ៉ាមូតូ​ អាម៉ុន នៅក្នុងរឿង “ទីលានស្តេចគម្លង់”

សំណួរៈ តើកញ្ញាគិតថាកត្តាអ្វីខ្លះដែលនាំឱ្យជោគជ័យសម្រាប់គម្រោងបង្កើតស្នាដៃសិល្បៈរួម ជាមួយសិល្បករដែលមានវប្បធម៌និងមានដើមកំណើតពីប្រទេសផ្សេងៗគ្នា?

វាមិនមែនជារឿងងាយស្រួលទេក្នុងការធ្វើការជាមួយអ្នកដែលមានវប្បធម៌ផ្សេងពីយើង។ ដូច្នេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែង ក្នុងការនិយាយពិភាក្សាគ្នា និងធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក។ ជាការពិតណាស់ វាតែងតែ
មានផ្នែកដែលត្រូវរ៉ូវគ្នា និងផ្នែកដែលមិនត្រូវរូវគ្នា។ ដូច្នេះ នាងខ្ញុំគិតថាការស្វែងរកចំណុចកណ្តាលគឺសំខាន់។ ក្នុងនោះ យើងត្រូវចេះបត់បែនតាមកាលៈទេសៈផងដែរ។ស្នាដៃសិល្បៈរបស់កញ្ញា ប៊ែល គឺភាគច្រើនទាក់ទងនឹងស្ថានភាព (រូបភាព) សាមញ្ញៗទូទៅដែលកើតឡើងជុំវិញខ្លួន។ ជម្រើសរបស់នាងខ្ញុំ នៅក្នុងការសម្តែងរបាំ
សហសម័យ គឺផ្តោតលើអ្វីដែលនៅជុំវិញខ្លួនរបស់នាងខ្ញុំ ដែលវាទាំងនោះជាសង្គម និងជាប្រជាជនខ្មែរ។ ម្យ៉ាងទៀត របាំសហសម័យរបស់នាងខ្ញុំមិនមែនគ្រាន់តែសម្រាប់ជាការកំសាន្តប៉ុណ្ណោះទេ វាមានបង្កប់នូវមេរៀនជីវិត
ផងដែរ។ ប៉ុន្តែនោះក៏មិនបានន័យថា គំនិតរបស់នាងខ្ញុំគឺត្រឹមត្រូវរហូត ហើយគួរតែធ្វើតាមនោះទេ។ វាគ្រាន់តែជាការផ្តល់ឱកាសឱ្យអ្នកមើលយកទៅគិតពិចារណាតែប៉ុណ្ណោះ។ ហេតុអ្វីបានជាមានការបង្កើតបែបហ្នឹង តើមានអ្វី
នៅពីក្រោយរឿងទាំងអស់ហ្នឹងជាដើម។ នៅក្នុងការសម្តែងនីមួយៗ អ្នកទស្សនាអាចយំ ឬសើចចំពោះអ្វីដែលគាត់បានមើលឃើញទាំងនោះ។ រឿងទាំងនេះកើតឡើងដោយផ្អែកលើបទពិសោធរបស់បុគ្គលនោះ។ នាងខ្ញុំគិតថាអ្នកទស្សនាម្នាក់ៗនឹងទទួល ហើយយល់ដឹងពីអ្វីដែលពួកគាត់បានមើលផ្សេងៗគ្នា។ ដូច្នេះ នាងខ្ញុំគឺគ្រាន់តែជាអ្នកផ្តល់ឱកាសសម្រាប់ពួកគាត់យកទៅត្រិះរិះពិចារណាតែប៉ុណ្ណោះ។

សំណួរៈ សូមប្រាប់យើងខ្ញុំអំពីសកម្មភាពនាពេលអនាគតរបស់កញ្ញា។

នៅខែតុលាខាងមុខនេះ នាងខ្ញុំនឹងធ្វើបាឋកថាអំពីសិល្បៈរបាំសហសម័យកម្ពុជា សម្រាប់សិស្សវិទ្យាល័យនៅសិង្ហបុរី។ នាងខ្ញុំពិតជាមានអារម្មណ៍រំភើប ដែលអាចណែនាំអំពីរបាំបុរាណ និងរបាំសហសម័យខ្មែរជូនទៅកាន់
ជនបរទេស។ម្យ៉ាងទៀត ដោយសារនាងខ្ញុំមានពេលច្រើននៅក្នុងអំឡុងពេលកូវីដ១៩នេះ ដូច្នេះ នាងខ្ញុំ
កំពុងគិតអំពីគម្រោងថត និងផ្សព្វផ្សាយជាឃ្លីបវីដេអូខ្លីៗនូវរឿងនិទាន ពាក្យស្លោកខ្មែរ និងពាក្យសម្តីអ្នកប្រាជ្ញល្បីៗមួយចំនួននៅលើពិភពលោក មកបង្ហាញជាទម្រង់របាំសហសម័យ។ នាងខ្ញុំគិតថា នៅពេលដែលអ្នកអានតួអក្សរ និងពេលដែលអ្នកទស្សនាការសម្តែងគឺអ្នកនឹងទទួលបាននូវអារម្មណ៍ផ្សេងគ្នា។ ដូច្នេះតាមរយៈគម្រោងនេះ នាងខ្ញុំចង់ស្វែងយល់ថា តើវានឹងខុសគ្នាយ៉ាងដូចម្តេច។

សំណួរៈ តើកញ្ញាគិតយ៉ាងណាចំពោះការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ?
ដូចដែលនាងខ្ញុំបានរៀបរាប់ពីដើម សិល្បៈរបាំសហសម័យត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ តាមរយៈរបាំបុរាណខ្មែរ នាងខ្ញុំចង់ផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្មែរដល់យុវជនជំនាន់ក្រោយហើយបណ្តុះសមត្ថភាពក្នុងការបង្កើតអ្វីដែលថ្មី។ គឺមានន័យថា ម្នាក់ៗមិនត្រូវចេះតែធ្វើតាមអ្វីដែលគេប្រាប់នោះទេ គឺត្រូវចេះធ្វើអ្វីមួយដោយកើតពីការគិតពិចារណាដោយខ្លួនឯង។ រឿងនេះមិនមែនសម្រាប់តែក្នុងវិស័យសិល្បៈរបាំបុរាណនេះតែប៉ុណ្ណោះទេ សម្រាប់និស្សិតទូទៅ គឺត្រូវធ្វើនូវរឿងនេះនៅពេលពួកគេចូលក្នុងសង្គម។

សំណួរៈ តើមានសិល្បករជប៉ុនរូបណាដែលកញ្ញាចូលចិត្តឬទេ? ម្យ៉ាងទៀត តើកញ្ញាគិតថា តើគួរធ្វើដូចម្តេចដើម្បីជំរុញការផ្លាស់ប្តូរសិល្បៈរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែប្រសើរ?

នៅពេលនាងខ្ញុំបានចូលរួមសម្តែងជានាដកាជាមួយលោក មីយ៉ាមូតូ អាម៉ុន នៅក្នុងរឿង“ទីលានស្ដេចគម្លង់” នាងខ្ញុំបានសម្តែងរួមគ្នាជាមួយតារាសម្តែងជប៉ុនគឺលោក ស៊ូហ្ស៊ូគិ រីយ៉ូហេ។ គាត់បានដើរតួជាព្រះបាទជ័យវរ្ម័នទី ៧ ប៉ុន្តែគាត់ពិតជាមានវិជ្ជាជីវៈខ្ពស់ ទាំងការគ្រប់គ្រងសុខភាព ការសម្តែងតួ និងសមត្ថភាពសម្តែងនៅលើឆាក … ជាដើម។ ជាធម្មតា គាត់មានសុជីវធម៌ល្អ ហើយតែងតែនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយស្មើភាព។
នាងខ្ញុំក៏ចង់ឃើញការផ្លាស់ប្តូរសិល្បៈជាមួយប្រទេសជប៉ុនមានច្រើនទៀតនាពេលអនាគតដែរ។ ដូច្នេះ នាងខ្ញុំចង់បន្តបង្កើតគម្រោងជាបន្តបន្ទាប់ទៀត សម្រាប់គោលបំណងនោះ។ ការជួយគាំទ្រជាថវិការសម្រាប់កម្មវិធីសម្តែងសិល្បៈដូចបានធ្វើឡើងកន្លងទៅនៅក្នុងការសម្តែងរឿង “ព្រះនាងកេសាវែង” គឺមិនអាចខ្វះបានសម្រាប់
សិល្បករខ្មែរបច្ចុប្បន្ន។ លើសពីនេះទៀតនាងខ្ញុំចង់ឱ្យមានការសម្តែងរួមគ្នាកើតមានកាន់តែច្រើនរវាងសិល្បករកម្ពុជា និងជប៉ុន៕
សម្រាប់ពត៌មានបន្ថែម

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer