គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កិច្ចសម្ភាសន៍ជាមួយលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិក ឯកឧត្តម វ៉ាត់ ចំរើន
កិច្ចសម្ភាសន៍ជាមួយលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិក ឯកឧត្តម វ៉ាត់ ចំរើន
2021.11.23

ឯកឧត្ដម វ៉ាត់ ចំរើន ជាអតីតកីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាចំបាប់។ លោកបានចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅនាទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៦។ បច្ចុប្បន្ន ឯកឧត្ដមគឺជាអគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ កាលពីពេលថ្មីៗនេះ ឯកឧត្ដមបានដឹកនាំអត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូចំនួនពីរវិញ្ញាសា គឺ កីឡាហែលទឹក និងកីឡាអត្តពលកម្ម។ ទស្សនាវដ្តីញញឹម បានសុំការអនុញ្ញាតិធ្វើកិច្ចសម្ភាសន៍អំពីចំណាប់អារម្មណ៍របស់ឯកឧត្តម ចំពោះកិច្ចដឹកនាំកីឡាករកម្ពុជាចូលរួមនៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០ ដែលបានបញ្ចប់ទៅថ្មីៗកន្លងទៅនេះ។

១. តើគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូនាពេលថ្មីៗនេះ?

ខ្ញុំសូមជម្រាបថា មុននឹងទៅចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើ ជប៉ុនបានបញ្ជ្រាបលើការផ្សព្វផ្សាយតាមរយៈស្ថានទូត តាមរយៈភ្នាក់ងារផ្សេងៗរាល់ជំនួបជាមួយរដ្ឋាភិបាល ថ្នាក់ដឹកនាំធំៗរបស់ជប៉ុនមកកាន់កម្ពុជា។ ភាគីជប៉ុនក៏តែងតែលើកឡើងពីការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ និងសំណូមពរឱ្យមានការគាំទ្រ ព្រមទាំងការចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូផងដែរ។ ដោយឡែក កម្ពុជាយើងវិញ បានជំរុញលើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនេះ តាមរយៈបណ្ដាញសារព័ត៌មានផ្សេងៗ និងនៅលើបណ្ដាញសង្គមហ្វេកប៊ុកជាដើម។ លើសពីនេះទៅទៀត គណៈកម្មការជាតិអូឡាំពិកកម្ពុជា បានជំរុញឱ្យអត្តពលិកត្រៀមលក្ខណៈពង្រឹងសមត្ថភាព បំពាក់បំប៉នស្មារតី និងគ្រូបង្វឹកដាក់ទិសដៅឆ្ពោះទៅកាន់ទីក្រុងតូក្យូ។ យើងក៏បានជំរុញឱ្យកីឡាករ កីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់តាមជំនាញរៀងៗខ្លួន ដើម្បីត្រៀមលក្ខណៈចេញទៅប្រកួតជម្រុះជើងឯកថ្នាក់តំបន់ និងកម្រិតពិភពលោកឱ្យបានច្រើន ដើម្បីទទួលបានកៅអីទៅទីក្រុងតូក្យូ ដែលជាការផ្ដល់សិទ្ធអនុគ្រោះ និងគាំទ្រពីគណៈកម្មការអូឡាំពិកអន្តរជាតិ ឱ្យកម្ពុជាមានលទ្ធភាពបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ យ៉ាងណាមិញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏មានរៀបចំជាកញ្ចប់សុវត្ថិភាព សម្រាប់អត្តពលិក និងក្រុមគ្រូបង្វឹក ដើម្បីឱ្យពួកគាត់មានទំនុកចិត្តក្នុងការទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងបរិបទនៃជម្ងឺឆ្លងកូវីដ-១៩នេះ។ ជាពិសេស យើងទទួលបានទំនុកចិត្តពីការរៀបចំស្វាគមន៍ពីគណៈកម្មការអូឡាំពិកជប៉ុន ក៏ដូចជាម្ចាស់ផ្ទះជប៉ុន លើការរឹតបន្តឹងសុវត្ថិភាពផងដែរ។

២. តើឯកឧត្តមយល់ឃើញបែបណា ចំពោះការទទួលស្វាគមន៍រាក់ទាក់ពីភាគីម្ចាស់ផ្ទះ ក្នុងអំឡុងពេលដែល ឯកឧត្ដម និងអត្តពលិកកម្ពុជាបានស្នាក់នៅក្នុងទីក្រុងតូក្យូ?

អ្វីដែលយើងសង្កេតឃើញពីទង្វើររបស់ម្ចាស់ផ្ទះសម្រាប់ការទទួលស្វាគមន៍ក្រុមប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជានោះ គឺវិធានការការពារកូវីដ-១៩ យ៉ាងម៉ត់ចត់ ធ្វើឱ្យក្រុមកីឡាមានភាពកក់ក្ដៅ។ នៅក្នុងអាកាសយាន្តដ្ឋានមានការរៀបចំទុកដាក់ឱ្យពួកយើងនៅដាច់ដោយឡែកពីមហាជន ពីអ្នកដំណើរផ្សេងៗ និងការធ្វើតេស្ដសុខភាពជាដើម។ ជាពិសេស មានអ្នកចាំទទួលស្វាគមន៍រួសរាយរាក់ទាក់នៅព្រលានយន្តហោះ ពួកគាត់បានជួយក្នុងការរៀបចំធ្វើដំណើររបស់ពួកយើងចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារ។ ចំណែកឯនៅតាមដងផ្លូវវិញ ឃើញមានការតុបតែងលម្អរហូតទៅដល់ភូមិកីឡា (Olympic village) និងកន្លែងស្នាក់នៅ។ តាមពិតទៅ មុននឹងទៅចូលរួមព្រឹត្តិការណ៍នេះ យើងមានការព្រួយបារម្ភពីសុវត្ថិភាព និងភាពកក់ក្ដៅ ដោយសារមានដំណឹងថា អ្នកចូលរួមខ្លះ ក៏ដូចជាអ្នកស្ម័គ្រចិត្តខ្លះបានដកខ្លួនចេញពីព្រឹត្តិការណ៍នេះ ប៉ុន្ដែផ្ទុយមកវិញ គឺខុសគ្នាស្រឡះ។ ពេលយើងទៅដល់ប្រទេសជប៉ុន ឃើញមានប្រជាជនជប៉ុនចែកការងារជាក្រុមៗបានយ៉ាងល្អ និងតម្រង់ទិសឱ្យយើងបានត្រឹមត្រូវ។ ភូមិកីឡាមានសណ្ដាប់ធ្នាប់ និងការតុបតែងរៀបចំបានល្អ បូករួមទាំងបច្ចេកទេសស្នាក់នៅ ការហូបចុកមាន ផាសុកភាព។ អ្វីដែលកាន់តែជាការចាប់អារម្មណ៍ជាងគេនោះ គឺប្រជាជនជប៉ុនគ្រាន់តែឃើញប្រតិភូកីឡា ពួកគាត់បានចេញមកលើកបដាស្វាគមន៍ដូចជា៖ “តូក្យូ២០២០ សូមស្វាគមន៍” និងបដាលើកទឹកចិត្តដែលសរសេរថា “ឈ្នះចាញ់ជារឿងធម្មតាទេ ប៉ុន្ដែការមកដល់ទីនេះ គឺអ្នកទទួលបានជោគជ័យទាំងអស់គ្នារួចហើយ” ដែលធ្វើឱ្យយើងមានភាពរំភើបរីករាយ។ ទាំងអស់នេះ បានធ្វើឱ្យយើងមានភាពកក់ក្ដៅ ពេលឃើញពួកគាត់បក់ដៃ និងលើកបដាស្វាគមន៍ទាំងនេះនៅពេលទៅដល់ទីក្រុងតូក្យូ។ នេះគឺជាការធ្វើបដិសណ្ឋារកិច្ច និងភាវរកិច្ចចំពោះយើង ហើយវាក៏ជាការបង្ហាញពីសាមគ្គីភាព មិត្តភាព នៅក្នុងចលនាអូឡាំពិកផងដែរ។

មួយវិញទៀត នៅក្នុងពីធីបើកសម្ពោធព្រឹត្តិការណ៍អូឡាំពិកតូក្យូ ២០២០ នេះ គេបានប្រើប្រាស់ទស្សនៈមួយចំនួន ដើម្បីជាការលើកទឹកចិត្តអត្តពលិក និងមនុស្សជាតិនៅលើពិភពលោកទាំងអស់ តាមរយៈពាក្យស្លោកដែលមានដូចជា៖ “យើងនាំគ្នារស់នៅឱ្យមានសុវត្ថិភាព ឱ្យខ្លាំង យើងស្វែងរកការរីកចម្រើនទាំងអស់គ្នា ដើម្បីកសាងពិភពលោកមួយ ឱ្យល្អប្រសើរ” និង “កីឡានាំឱ្យមានពិភពលោកមួយដែលល្អប្រសើរ” ជាដើម។ ទស្សនៈនេះ គេជំរុញឱ្យមានការរួមប្រឆាំងនឹងជំងឺ ការរើសអើង ជាពិសេសប្រយុទ្ធប្រឆាំងនឹងសង្គ្រាម ដែលជប៉ុនបានលើកតម្កើងអំពីសន្តិភាពដូចកម្ពុជាដែរ។ ដូច្នេះ បានន័យថា ព្រឹត្តិការណ៍អូឡាំពិកមិនមែនគ្រាន់តែជាការប្រកួតប្រជែងកីឡាប៉ុណ្ណោះទេ តែវាមានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជន និងពិភពលោកទាំងមូល ដែលបានមកជួបជុំគ្នា ឯកភាពគ្នា កសាងពិភពលោកមួយដ៏ល្អប្រសើរ។

៣. តើ ឯកឧត្ដម និងប្រតិភូ​ រួមទាំងអត្តពលិកមានបញ្ហាក្នុងការសម្របខ្លួនទៅនឹងបរិស្ថានជុំវិញក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុនដែរឬទេ?

ក្រោយពីមានការទទួលស្វាគមន៍រាក់ទាក់ពីសំណាក់ម្ចាស់ផ្ទះ បានធ្វើឱ្យពួកយើងមានអារម្មណ៍កក់ក្ដៅ។ មុនពេលទៅចូលរួមប្រកួត ពួកយើងមានការព្រួយបារម្ភពីបងប្អូន មិត្តភក្តិ អំពីសុវត្ថិភាពក្នុងស្ថានភាពកូវីដ១៩នេះ  ប៉ុន្ដែវាជាកាតព្វកិច្ច​ ដែលត្រូវតែទៅចូលរួម​ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះ ដែលបានដុតដៃដុតជើងធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍អូឡាំពិកនេះកើតឡើង។ យើងមិនមានជួបការលំបាកអ្វីនោះទេក្នុងការចូលរួមកីឡាអូឡាំពិកលើកនេះ ដ្បិតនៅទីក្រុងតូក្យូមានអាកាសធាតុរាងត្រជាក់ ទោះបីមេឃមានពន្លឺថ្ងៃក៏ដោយ ប៉ុន្ដែអ្វីដែលសំខាន់ជាងគេនោះ គឺភាពស្រស់ស្អាតរបស់ទីក្រុងនៅគ្រប់ទីកន្លែងទាំងអស់ ដែលនាំឱ្យមានខ្យល់អាកាសបរិសុទ្ធល្អ និងមានផាសុកភាព។ ភាពស្រស់ស្អាតនៅទីនោះធ្វើឱ្យយើងស្រឡះមុខស្រឡះមាត់ មានអារម្មណ៍ល្អប្រសើរ និងមានកម្លាំងសម្រាប់ហ្វឹកហាត់។

ចំពោះការហ្វឹកហាត់វិញ ក្រុមអត្តពលិកមិនមានជួបការលំបាកទេ ហើយពួកគាត់អាចសម្របខ្លួនទៅនឹងបរិយាកាសបានល្អ។ ចំណែកឯរបបអាហារ គឺឥតខ្ចោះ។ ខ្ញុំសូមសរសើរដល់ម្ចាស់ផ្ទះជប៉ុន ដែលបានរៀបចំជាអាហារដ្ឋានដ៏ធំនៅក្នុងភូមិកីឡា ដោយមានដាក់ឱ្យកីឡាករ កីឡាការិនី ប្រតិភូ ដែលចូលរួម អាចបរិភោគម្ហូបអាហារបានគ្រប់ពេល ពោលគឺ ២៤ម៉ោងតែម្ដង។ ម្ហូបអាហារមានគ្រប់រសជាតិ មានអាហារអឺរ៉ុប អាស៊ី អារ៉ាប់ អាហារហាលឡាល (អាហារបួស) អាហារក្រុមអ្នកដែលញុំាតែបន្លែសុទ្ធ។ យើងឃើញថា ការរៀបចំអូឡាំពិកលើកនេះ ថ្វីដ្បិតតែមានសម្ពាធពីជំងឺកូវីដក្ដី ប៉ុន្ដែវាមិនប៉ះពាល់ដល់ពួកយើង ហើយវាបានធ្វើទៅដោយភាពកក់ក្ដៅបំផុត ធ្វើឱ្យកីឡាករ កីឡាការិនីរបស់យើងទទួលបានសុខភាពល្អ។

៤. តើឯកឧត្ដមមានការយល់ឃើញយ៉ាងណាចំពោះ​បច្ចេកទេសរបស់អត្តពលិកកម្ពុជានៅក្នុងការប្រកួតពីរវិញ្ញាសានេះ?

យើងដឹងហើយថា កីឡាករ កីឡាការិនីយើងទាំង​ ៣រូបនេះ បានទៅចូលរួមក៏ដោយសារតែភាពអនុគ្រោះ ហើយពួកគាត់មិនបានជាប់ពេញសិទ្ធនៅក្នុងការប្រកួតជម្រុះទេ ដូច្នេះ សមត្ថភាព និងបច្ចេកទេសរបស់ពួកគាត់នៅឆ្ងាយពីអត្តពលិកដទៃ​​ដែលឆ្លងកាត់ការជម្រុះ បូករួមនឹងកម្រិតបច្ចេកទេសពួកគេក៏ខ្ពស់ជាងយើងឆ្ងាយដែរ។ យ៉ាងណាក៏ដោយ យើងក៏ឃើញថា អត្តពលិករបស់យើងបានបំបែក ឯកទគ្គកម្មខ្លួនឯង ដែលជាគោលដៅរបស់សហព័ន្ធកីឡាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារំពឹងទុកមុនទៅចូលរួមការប្រកួត។ ការដឹកនាំអត្តពលិកទៅចូលរួមលើកនេះ គឺយើងបានដឹងរួចទៅហើយ យើងទៅនេះមិនទាន់មានក្ដីសង្ឃឹមឈានទៅរកមេដាយក៏ពិតមែន ប៉ុន្តែយើងទៅលើកនេះ គឺទៅរកភាពរីកចម្រើននៃបច្ចេកទេស ធ្វើយ៉ាងណាឱ្យគុណផលកីឡារបស់ពួកគាត់មានការកើនឡើងលើកំណត់ត្រាចាស់​ដែលធ្លាប់មានពីមុន។ បានសេចក្ដីថា មិនបំបែកឯ​កទគ្គកម្មគេទេ ប៉ុន្ដែត្រូវបំបែកឯកទគ្គកម្មខ្លួនឯង ហើយយើងមើលឃើញថា ពួកគាត់មានចិត្តក្លៀវក្លាក្នុងការប្រកួត ពួកគាត់ទទួលបានបទពិសោធន៍ល្អៗពីការប្រកួត ដែលប្រមូលផ្ដុំដោយជើងខ្លាំងទូទាំងពិភពលោក។ ដូច្នេះហើយបានគេថា​ កីឡាមិនមែនមកប្រកួតដើម្បីតែរឿងឈ្នះចាញ់ប៉ុណ្ណោះទេ ព្រោះមុនការប្រកួតមួយសប្ដាហ៍ ក្រុមកីឡាទាំងអស់បានហ្វឹកហាត់ចូលគ្នា ហើយការហាត់ចូលគ្នានេះ គឺជាការផ្លាស់ប្ដូរបច្ចេកទេស ការផ្លាស់ប្ដូរដំបូន្មាន ដែលគេហៅថា​ “វិទ្យាសាស្ត្រកីឡា”។ យ៉ាងណាមិញ មិនត្រឹមតែការផ្លាស់ប្ដូរផ្នែកជំនាញ​ ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្ដែក៏មានការផ្លាស់ប្ដូរខាងផ្នែកទស្សនៈ ផ្នែកគំនិត ការជជែកគ្នាលេងពីវប្បធម៌ ការរស់នៅ ការហ្វឹកហាត់ រវាងប្រទេសមួយទៅប្រទេសមួយ ជនជាតិមួយទៅជនជាតិមួយបែបនេះ គឺជាអត្ថន័យពិតរបស់កីឡាក្រៅតែពីការចាញ់ឈុ្នះ។

៥. បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងតូក្យូ តើឯកឧត្ដមគិតថា អត្តពលិករបស់យើងទទួលបានបទពិសោធន៍ថ្មីអ្វីខ្លះ?

ក្រោយពីបញ្ចប់បេសកកម្មនៅទីក្រុងតូក្យូ អត្តពលិកយើងធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះ គឺទី១ លទ្ធផលដែលជាទីគាប់ចិត្ត ដោយគាត់អាចបំបែកឯកទគ្គកម្មខ្លួនឯង និងទទួលបានបទពិសោធន៍ថ្មីៗជាច្រើន។ ទី២ ពួកគាត់បានគោរពនូវវិន័យ និងមានក្រមសីលធម៌ ក៏ដូចជាគោលការណ៍ fair play (លេងដោយយុត្តិធម៌ មិនច្រងេងច្រងាង) រក្សាសេចក្ដីថ្លៃថ្នូររបស់ជនជាតិយើង របស់ប្រទេសជាតិយើង ព្រោះនៅលើអាវដែលពួកគាត់ពាក់ចូលរួមប្រកួតមានទង់ជាតិកម្ពុជា ​តំណាងឱ្យប្រជាជនកម្ពុជាជាង ១៦លាននាក់។ ពួកគាត់បានរក្សានូវវិន័យ​ សេចក្ដីថ្លៃថ្នូរ និងគុណធម៌ខ្ពស់​ ដើម្បីបង្ហាញគេថា ខ្មែរមានការគោរពប្រណិប័តន៍ទៅលើសីលធម៌កីឡាពិភពលោកបានល្អប្រសើរ ធ្វើឱ្យទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស រួមទាំងនៅជប៉ុន ថ្លែងនូវអំណរគុណ អំពីអត្តចរិតនៃការងារចូលរួមគោរពបទបញ្ជាការប្រកួតបានយ៉ាងល្អ។ ទី៣ មិនត្រឹមតែទទួលបានបច្ចេកទេសថ្មី និងបទពិសោធន៍ផ្សេងៗជាច្រើនប៉ុណ្ណោះនោះទេ ប៉ុន្ដែអ្វីដែលកាន់តែពិសេសមួយទៀតនោះ គឺយើងមានកិត្តិយសប្រពៃណាស់ ដែលបានឃើញទង់ជាតិរបស់ខ្មែរបក់រវិចៗនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

៦.​ ក្រោយពីបានចូលរួម និងសង្កេតផ្ទាល់អំពីការរៀបចំព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូនេះ តើគណៈកម្មាធិការអូឡាំពិកកម្ពុជា នឹងមានយុទ្ធសាស្រ្តបែបណាសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ?

នេះជាចំណុចសំខាន់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានទៅចូលរួមដើម្បីធ្វើការសង្កេត និងសិក្សាអំពីរបៀបរបបការងារ ការពិនិត្យទៅលើការគ្រប់គ្រង និងការដឹកនាំព្រឹត្តិការណ៍កីឡាទាំងមូល ដើម្បីយកមកធ្វើជាបទពិសោធន៍លើចំណុចណាដែលគេបានយកមកអនុវត្ត ហើយទទួលបានប្រសិទ្ធភាពល្អ ដើម្បីយកមកកសាងផែនការឱ្យមានប្រសិទ្ធភាពក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ ខ្ញុំបានសង្កេតឃើញមានចំណុចល្អៗជាច្រើន គឺទី១ ការត្រៀមលក្ខណៈ និងយកវិធានការនានាដែលគេបានដាក់អនុវត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ មកធ្វើជាបន្ទាត់នៃវិធានការសម្រាប់កម្ពុជានៅឆ្នាំ២០២៣។ ដូច្នេះយើងត្រូវតែរៀបចំឱ្យដូចនឹងជប៉ុន ដែលរួមមានដូចជា៖ ការទទួលស្វាគមន៍ដោយភាពកក់ក្ដៅ ការរក្សាសុវត្ថិភាពរបស់ភាគីចូលរួម កន្លែងស្នាក់នៅមានផាសុកភាព កន្លែងហ្វឹកហាត់ស្តង់ដារ កន្លែងអាហារដ្ឋានមានម្ហូបអាហារសម្បូរបែបជាដើម។ ទី២ គឺការតុបតែង​ ការរៀបចំ ការផ្សព្វផ្សាយឱ្យដូចទៅនឹងប្រទេសជប៉ុន ដោយបញ្ជា្របឱ្យមានការយល់ដឹងអំពីព្រឹត្តិការណ៍របស់ខ្លួនទៅក្នុងសហគមន៍ ទៅក្នុងសង្គម ទៅកាន់យុវជន កុមារ រួមទាំងការយកចិត្តទុកដាក់ទៅដល់ក្រុមជនរងគ្រោះក្នុងសង្គមដូចជាជនពិការ និងជនបញ្ញាខ្សោយជាដើម។ នៅប្រទេសជប៉ុន ពេលប្រកួតពួកគាត់ប្រមូលផ្ដុំជនពិការ ជនបញ្ញាខ្សោយ មកទស្សនាព្រឹត្តិការណ៍របស់ខ្លួនដែលរៀបចំបានយ៉ាងត្រឹមត្រូវ។ ទី៣ ខាងផ្នែកបច្ចេកទេស​ គឺទីលានប្រកួតដែលមានការរៀបចំតុបតែងរចនាយ៉ាងវិចិត្រ តាមស្ដង់ដារបែបអន្តរជាតិ។ បានសេចក្ដីថា ទីលាននីមួយៗ មានការតុបតែង ការរចនា ទាំងខាងក្នុងនិងខាងក្រៅ គឺមានសណ្ដាប់ធ្នាប់ សោភណ្ឌភាព និងភាពល្អប្រណីត ជាពិសេស កន្លែងប្រកួតតែម្ដង ដោយទីលាននីមួយៗសុទ្ធតែមានស្ដង់ដារទំនើបទាំងអស់ ធ្វើឱ្យកីឡាករ កីឡាការិនីប្រកួត មានទឹកចិត្ត និងមានអារម្មណ៍ល្អ ព្រមទាំងមានសុវត្ថិភាពក្នុងការប្រកួតក្នុងបរិយាកាសមួយដែលមានទីលានស្អាត ឧបករណ៍ថ្មី និងសម្ភារៈថ្មីជាដើម។ ទី៤ គឺការផ្សព្វផ្សាយអំពីការប្រកួត អំពីកីឡាករល្បីៗ អំពីទិដ្ឋភាពនៃការប្រកួតទាំងស្រុងគឺមានលក្ខណៈទូលំទូលាយប្រកបដោយវិជ្ជាជីវៈនៃកីឡាឱ្យមានគុណតម្លៃប្រកបដោយភាពទាក់ទាញ។

៧. តើឯកឧត្ដមនឹងមានយុទ្ធសាស្រ្តយ៉ាងណាបន្តទៀត ដើម្បីពង្រឹងលើវិស័យកីឡារបស់កម្ពុជាយើង សម្រាប់ត្រៀមប្រកួតប្រជែងជាមួយបណ្ដាប្រទេសដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម២០២៣ នាពេលខាងមុខ?

រាជរដ្ឋាភិបាលបានអនុម័តទៅលើផែនការមេ គឺជាផែនការយុទ្ធសាស្រ្តក្នុងការរៀបចំកីឡាស៊ីហ្គេម២០២៣ ប្រកបដោយប្រសិទ្ធភាពចំនួន២ គឺទី១ ប្រសិទ្ធភាពខាងផ្នែកនយោបាយនៃការរៀបចំ​ និងទី២ គឺប្រសិទ្ធភាពខាងផ្នែកបច្ចេកទេស ដែលបានធ្វើរួចរាល់ហើយ ក្នុងសម័យ​ប្រជុំ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។​ យុទ្ធសាស្រ្តនៃការរៀបចំ គឺមិនមែនគ្រាន់តែជារឿងឈ្នះចាញ់ស្វែងរកមេដាយប៉ុណ្ណោះទេ សំខាន់ក្នុងនាមជាម្ចាស់ផ្ទះ គឺធ្វើយ៉ាងណាឱ្យមានសេចក្ដីថ្លៃថ្នូរ និងមានកិត្តិយស។ យុទ្ធសាស្ត្ររបស់យើងគឺការស្វែងរកទាំងភាពជោគជ័យក្នុងផ្នែកបច្ចេកទេស ផ្នែកកិត្តិយស សេក្ដីថ្លៃថ្នូរ និងបដិសណ្ឋារកិច្ចល្អ។ ដោយហេតុថា ខ្មែរយើងជាជនជាតិមានចរិតរួសរាយរាក់ទាក់ ញញឹមញញែម មានបដិសណ្ឋារកិច្ចល្អ ដែលធ្លាប់ជាប់ឈ្មោះរួចមកហើយ ដូច្នេះយើងបន្ដធ្វើវានៅពេលនោះទៀត។ ទី២ ខាងផ្នែករៀបចំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់។​ ដូច្នេះហើយបានជារាជរដ្ឋាភិបាលរៀបចំឱ្យមានការបង្កើតគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម២០២៣ ដែលមានសម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិជាប្រធាន​ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ ជាអនុប្រធានអចិន្ត្រៃយ៍ ក្រៅពីនោះមានឧបនាយករដ្ឋមន្ត្រីជាច្រើនទៀតជាអនុប្រធាន។ ដូច្នេះហើយបានជាយើង​ច្របាច់បញ្ចូលគ្នាអំពីកម្លាំងជាតិមួយ ដែលត្រូវបំពេញបេសកកម្មមួយក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឱ្យទទួលបានជោគជ័យ​។​

ចំណែកឯផ្នែកបច្ចេកទេសវិញ​ យើងមានការដាក់យុទ្ធសាស្ត្រជាច្រើន ដែលយុទ្ធសាស្ត្រទី១ គឺពង្រឹងលើការហ្វឹកហាត់ទាំងក្នុងនិងក្រៅប្រទេស ​សមត្ថភាពកីឡាករ កីឡាការីនី​ បូករួមជាមួយសមត្ថភាពគ្រូបង្វឹក ពីព្រោះគ្រូនិងកីឡាករ កីឡាការីនីជាកម្លាំងចលក​រសំខាន់ផ្គុំចូលគ្នាទើបទទួលបានជោគជ័យខាងផ្នែកបច្ចេកទេស។ ចំពោះគ្រូបង្វឹកវិញ គឺមានយុទ្ធសាស្រ្ត២ គឺទី១ យកគ្រូបង្វឹកបរទេស (ឥឡូវនេះ មានគ្រូបង្វឹកបរទេស ៥ទៅ៦​ប្រភេទកីឡារួចហើយ)​ ដែលបានមកបង្ហាត់អត្តពលិកកម្ពុជាសព្វថ្ងៃ។ ទី២ បង្កើតកម្មវិធីហ្វឹកហាត់ក្រៅប្រទេស ដែលយើងកំពុងត្រៀមបញ្ជូនទៅជាង ១០០នាក់នៅពេលឆាប់ៗដូចជា ទៅខាងប៉ែកអឺរ៉ុប ប៉ែកអាស៊ី និងអាមេរិកជាដើម។​ យុទ្ធសាស្រ្តយកប្រៀបមួយទៀតនោះ គឺប្រមែប្រមូលកីឡាករ កីឡាការីនី មានសមត្ថភាពខ្ពស់ដែលមានឈាមជ័រជាកូនខ្មែរនៅលើពិភពលោកមកជួយ ដើម្បីធ្វើឱ្យកីឡាកម្ពុជាកាន់តែមានធនធាន និងសមត្ថភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ។ ជាក់ស្ដែងដូចជា​ កីឡាការិនីខាន់ ជេសា (កូនខ្មែរកាត់មិចស៊ីកូ) ខាងផ្នែកជឺជីតស៊ូជាដើម។ ដូច្នេះយើងប្រមូលកូនខ្មែរទាំងអស់ដែលមានសមត្ថភាពនៅលើពិភពលោក មកបញ្ចូលជាមួយខ្មែរក្នុងប្រទេស ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំមួយសម្រាប់ស៊ីហ្គេម២០២៣ខាងមុខនេះ។

៨. តើមានហេតុផលអ្វីខ្លះនៅពីក្រោយការរៀបចំឱ្យក្រុមអត្តពលិកកម្ពុជាពាក់អាវពណ៌ស្វាយក្នុងថ្ងៃបើកសម្ពោធព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០?

ជាទូទៅការដង្ហែរក្បួនកីឡាអូឡាំពិកគេត្រូវឱ្យកីឡាករ កីឡាការនីតាមប្រទេសស្លៀកពាក់ឈុតតំណាងជាតិស្របតាមគំនិតនៃវប្បធម៌​ប្រទេសនីមួយៗ។ ដូចនេះគណៈកម្មាធិការកម្ពុជាជ្រើសរើសពណ៌ស្វាយដែលជាក្រណាត់សូត្រកាត់តាមបែបខ្មែរ ធ្វើជានិមិត្តរូប ហើយ​ពីមុនខ្មែរយើងក៏ធ្លាប់ទទួលបានលិខិតសរសើរ​ផ្នែកសម្លៀកបំពាក់លេចធ្លោក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ២០១៦ប្រទេសប្រេស៊ីល ហើយយើងក៏បានយកឈុតនោះមកបង្ហាញជាបន្តបន្ទាប់រហូតដល់កីឡាអូឡាំពិកលើកនេះ។ នៅក្នុងកីឡាស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខនេះ កម្ពុជាក៏នឹងយកឈុតនោះមកធ្វើជាឈុតតំណាងជាតិពេលដង្ហែរក្បួនដែរ៕

 
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer