គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ចំណាប់អារម្មណ៍របស់កីឡាករ កីឡាការិនី នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០ កីឡាករ វ៉ាន់ វ៉ុន
ចំណាប់អារម្មណ៍របស់កីឡាករ កីឡាការិនី នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ២០២០ កីឡាករ វ៉ាន់ វ៉ុន
2021.11.22

កីឡាករ​ វ៉ាន់ វ៉ុន

អត្តពលិកជនពិការផ្នែកប្រណាំងរទេះប្រភេទ T54

ថេរវេលា៖១៤.២១ ចំណាត់ថ្នាក់លេខ៧ ក្នុងវគ្គផ្តាច់ព្រ័ត្រ

លោក វ៉ាន់ វ៉ុន និងជំនួយការថតរូបអនុស្សាវរីយនៅភូមិកីឡា

លោក វ៉ាន វ៉ុន (៣៥ឆ្នាំ) ជាអត្តពលិកជនពិការមួយរូបគត់របស់ប្រទេសកម្ពុជា ដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ ប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ផ្នែកប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉េត្រ។ លោក វ៉ុន បានចូលហាត់កីឡាជនពិការនៅឆ្នាំ២០០៦ ដោយផ្ដើមចេញពីចិត្តស្រឡាញ់វិស័យកីឡា។ លោកបានខិតខំប្រឹងប្រែងហ្វឹកហាត់រហូតបានជាប់ឈ្មោះចេញទៅប្រកួតនៅក្រៅប្រទេសជាលើកដំបូងនៅឆ្នាំ២០១១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមប្រទេសឥណ្ឌូនេស៊ីដោយទទួលបានមេដាយប្រាក់។ ក្រោយមកទៀត លោកត្រូវបានជ្រើសរើសចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ ដោយក្នុងនោះរួមមាន៖ កីឡាអាស៊ានប៉ារ៉ាហ្គេមចំនួន ៤លើក ក្នុងឆ្នាំ២០១១ ឆ្នាំ២០១៣ ឆ្នាំ២០១៥ និងឆ្នាំ២០១៧ ហើយអាស៊ីប៉ារ៉ាហ្គេមចំនួន ២លើក ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៨។ ជាពិសេស លោកបានចួលរួមប្រកតួតកីឡាប៉ារ៉ាឡាំពិកចំនួន ២លើក ដែលលើកទីមួយ គឺឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល និងលើកទីពីរនៅក្នុងព្រឹត្តិការណ៍ ប៉ារ៉ាឡាំពិកតូក្យូ២០២០នេះ។ ក្នុងនោះលោកធ្លាប់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម២០១៣ នៅប្រទេសមីយ៉ានម៉ា មេដាយសំរិទ្ធពីកីឡាអាស៊ានប៉ារ៉ាហ្គេម២០១៥ នៅសាំងហ្គាពួ និងមេដាយសំរិទ្ធពីកីឡាអាស៊ីប៉ារ៉ាហ្គេម២០១៧ នៅម៉ាឡេស៊ី (មេដាយសំរិទ្ធទាំងពីរនេះលោកឈ្នះលើវិញ្ញាសា T54) ។

ថ្មីៗនេះ លោក វ៉ុន ទើបតែបញ្ចប់បេសសកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០ ដោយទទួលបានសមិទ្ធផលថ្មីមួយដែលមិនធ្លាប់មានពីមុន។ លោក វុន គឺជាកីឡាកប្រណាំងរទេះរុញ T54 ក្នុងរយៈចម្ងាយ ១០០ម៉ែត្រ តែមួយរូបគត់របស់កម្ពុជា ដែលអាចឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ ។

លោក រ៉ុន បានរៀបរាប់ប្រាប់អំពីការត្រៀមខ្លួនមុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកតូក្យូ២០២០ នេះដូច្នេះថា៖ “ដោយសារស្រុកទេសមានអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើន ហើយគេបានយកស្តាតអូឡាំពិកដែលជាកន្លែងហ្វឹកហាត់ស្តង់ដារកន្លងមក សម្រាប់ដាក់ព្យាបាលអ្នកជំងឺ ស្របពេលដែលមានការប្រកាសមិនឱ្យមានការជួបជុំជាលក្ខណៈប្រមូលផ្ដុំផងនោះ ដូច្នេះ ខ្ញុំមិនបានទៅហ្វឹកហាត់តាមទម្លាប់ចាស់ទេ។ ប៉ុន្ដែខ្ញុំក៏មិនបណ្ដែតបណ្ដោយខ្លួនទៅតាមពេលវេលានោះដែរ ពោលគឺ ខ្ញុំបានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីអាចមានទីលានហ្វឹកហាត់មួយសមស្រប។ ពេលនោះ ខ្ញុំបានសុំដីគេមួយកន្លែងក្បែរដងផ្លូវសម្រាប់ហ្វឹកហាត់ជារៀងរាល់ព្រឹកមុនទៅចូលព្រឹត្តិការណ៍នេះ”។ លោកបានបន្ដទៀតថា៖ “ពីមុនៗមក ខ្ញុំធ្លាប់បានចេញទៅហ្វឹកហាត់វគ្គខ្លីៗនៅប្រទេសជប៉ុនផងដែរ តាមរយៈអង្គការបេះដូងមាស (Heart of Gold) ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានៅអំឡុងឆ្នាំ២០១៨”។

ទិដ្ឋភាពការប្រកួតប្រណាំងរទេះ T54 ចម្ងាយ ១០០ ម៉ែត្រវគ្គផ្តាច់ព្រ័ត្រ

ទាក់ទងនឹងចំណាប់អារម្មណ៍អំពីការទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះលោកបានមានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍រំភើបរីករាយចំពោះខ្លួនឯងដែលទទួលបានឱកាសទៅប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកបែបនេះជាលើកទី២។ ខ្ញុំមានអារម្មណ៍កក់ក្ដៅចំពោះកិច្ចស្វាគមន៍របស់ម្ចាស់ផ្ទះជប៉ុន ចំពោះការស្នាក់ និងការហូបចុកជាដើម។ ខ្ញុំពិតជា ស្ងើចសរសើរខ្លាំងណាស់ ចំពោះការរៀបចំរបស់ជប៉ុនក្នុងបរិបទជំងឺកូវីដបែបនេះ ដែលបានធ្វើឡើង និងបានបញ្ចប់ទៅវិញដោយរលូន”។ លោកបានបន្ដប្រាប់ពីការយល់ឃើញរបស់គាត់អំពីការប្រកួតក្នុងព្រឹត្តិការណ៍នេះយ៉ាងដូច្នេះទៀតថា៖ “ខ្ញុំមិននឹកស្មានថាខ្លួនខ្ញុំអាចឈានឡើងទៅដល់វគ្គផ្ដាច់ព័្រត្រនោះទេ។ ពោលគឺ មុនពេលទៅ ខ្ញុំសង្ឃឹមត្រឹមថាខ្លួនឯងអាចជាប់ត្រឹមលេខ៤ ក្នុងពូល (Group) ក៏អស់ចិត្តដែរ។ ដូចបានជម្រាប់ខាងលើ មួយរយៈពេលចុងក្រោយមុនទៅចូលរួម ខ្ញុំមិនបានហ្វឹកហាត់នៅលើទីលានដែលត្រូវតាមស្តងដារនោះទេ រួមទាំងខ្វះខាតសម្ភារៈជំនួយមួយចំនួនទៀតផងនោះ ដូច្នេះ ចំពោះលទ្ធផលដែលសម្រេចបានក្នុងចំណោមកីឡាករមកពីបណ្ដាប្រទេសខ្លាំងៗនៅលើពិភពលោកនេះ ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលខ្លួនឯងបានបង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជាយើង”។

យ៉ាងណាមិញ លោកបានលើកឡើងពីផលលំបាកក្នុងវិស័យកីឡាជនពិការផ្នែកប្រណាំងរទេះនេះថា៖ “បច្ចុប្បន្ន មានអ្នកចាប់អារម្មណ៍លើកីឡាប្រភេទនេះតិចតូចខ្លាំងណាស់ សូម្បីតែសម្ភារៈសម្រាប់ហ្វឹកហាត់ក៏នៅមានការខ្វះខាតច្រើនដែរ។ ខ្ញុំយល់ថា ប្រសិនបើប្រភេទកីឡានេះមានសម្ភារៈគ្រប់គ្រាន់ដើម្បីឱ្យកីឡាករហ្វឹកហាត់នោះ ច្បាស់ណាស់ វិស័យនេះនឹងអាចរីកចម្រើនទៅមុខបានលឿន”។ យ៉ាងណាក៏ដោយ លោកបានប្រាប់ថា លោកនឹងនៅតែបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានប្រសើរជាងមុនទៀត ដើម្បីពង្រឹងសមត្ថភាព ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗនាពេលខាងមុខ ជាពិសេសនោះគឺ ព្រឹត្តិការណ៍ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ លោកបានបង្ហាញពីការតាំងចិត្តថានឹងយកមេដាយជូនជាតិមាតុភូមិឱ្យបាននៅក្នុងការប្រកួតនោះ។
សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer