ប្រជាជនខ្មែរទូទៅតែងតែគិតថាវត្តអារាមជាទីជម្រកសម្រាប់ជនទូទៅ។ ក្រៅពីព្រះសង្ឃ និងពុទ្ធបរិស័ទដែលជ្រះថ្លានឹងព្រះពុទ្ធសាសនា វត្តអារាមក៏ត្រូវបានគេស្គាល់ជាទូទៅដែរថាជាទីស្នាក់អាស្រ័យរបស់សិស្សនិស្សិតមានស្រុកកំណើតនៅទីជនបទ សំដៅមកទីប្រជុំជនដើម្បីបន្តការសិក្សា។ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន យើងសង្កេតឃើញថាមានចំនួននិស្សិតមានជីវភាពគ្រួសារពុំសូវធូរធារជាច្រើនរស់នៅតាមទីជនបទតាមបណ្តាខេត្តនានា នៅតែបន្តស្វែងរកការស្នាក់អាស្រ័យនៅតាមវត្តអារាម ដើម្បីបន្តការសិក្សារបស់ខ្លួននៅទីក្រុង។
លោក ថាយ សុផុន (២៣ឆ្នាំ) ជាកូនសិស្សលោកស្នាក់នៅត្តឧណ្ណាលោម រយៈពេល ៤ឆ្នាំមកហើយ។ លោកមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ លោក សុផុន បានទាក់ទងសុំកន្លែងស្នាក់នៅក្នុងកុដិលេខ៣០ តាមរយៈការណែនាំពីបងប្អូនជីជូនមួយរបស់ខ្លួនដែលធ្លាប់ស្នាក់នៅក្នុងកុដិលេខ៣០នេះពីមុន។ លោក សុផុន បានលើកឡើងពីការសុំចូលស្នាក់នៅជាសិស្សលោកដូច្នេះថា៖ «ដើម្បីចូលស្នាក់នៅក្នុងកុដិ វត្តបាន សិស្សនិស្សិតរូបនោះជាសាម៉ីខ្លួន ឬជាមួយអាណាព្យាបាលត្រូវមកសុំមេកុដិផ្ទាល់ ហើយត្រូវបំពេញនូវកិច្ចសន្យាស្នាក់នៅ ដើម្បីបង្ការពីការប្រព្រឹត្តនូវរឿង ឬទង្វើរមិនគប្បីដែលខុសពីវិន័យរបស់ព្រះសង្ឃ និងច្បាប់ក្នុងសង្គម ព្រោះមេកុដិអាចមានសិទ្ធបណ្តេញបុគ្គលណាម្នាក់ដែលប្រព្រឹត្តអំពើមិនល្អ»។ បច្ចុប្បន្ន មាននិស្សិតមកពីតាមបណ្តាខេត្តនានាចំនួន ១១នាក់ កំពុងស្នាក់នៅរួមគ្នានៅលើកុដិលេខ៣០ ក្នុងវត្តឧណ្ណាលោម។ លោក សុផុន បានបន្តប្រាប់ពីស្ថានភាពស្នាក់នៅរបស់ខ្លួនដូច្នេះថា៖ «ពួកយើងពុំមានជា បន្ទប់ផ្ទាល់ខ្លួននោះទេ គឺយើងត្រូវគេងគ្រែម្នាក់មួយៗជុំគ្នានៅទីនេះ។ បន្ទប់មានតុនិងកៅអីសម្រាប់អង្គុយសិក្សា ឬធ្វើការងារសាលារួម គឺមានតែ២ បន្ទប់តែប៉ុណ្ណោះក្នុងកុដិនេះ ក្រៅពីនោះ យប់ឡើងគឺយើងត្រូវចងមុងគេងតាមគ្រែរៀងៗខ្លួននៅទីធ្លានេះ»។
ការស្នាក់នៅក្នុងកុដិរបស់វត្ត បានជួយសម្រួលបន្ទុកលើថ្លៃចំណាយស្នាក់នៅ និងថ្លៃអាហារមួយចំនួនសម្រាប់និស្សិតដែលមានជីវភាពពុំធូរធារស់នៅតាមទីជនបទមកសិក្សានៅទីក្រុងភ្នំពេញ។ លោក សុផុន៖ «ក្រៅតែពីបានកន្លែងស្នាក់នៅពុំគិតថ្លៃ វាក៏បានជួយកាត់បន្ថយថ្លៃអាហារប្រចាំថ្ងៃមួយចំនួនដែរតាមរយៈការជួយការងារព្រះសង្ឃ ព្រោះយើងអាចហូបអាហារជាមួយព្រះសង្ឃក្រោយព្រះសង្ឃឆាន់រួច។ តែយើងត្រូវចូលរួមបង់ថ្លៃទឹក ភ្លើង និងពេលខ្លះត្រូវទិញស្បៀងសម្រាប់ទុកហូបរួមជាមួយព្រះសង្ឃ និងអ្នកស្នាក់នៅរួមដទៃទៀតក្នុងកុដិនេះ»។ លោក សុផុន បានលើកឡើងពីចំណុចវិជ្ជមាននៃការស្នាក់នៅក្នុងកុដិ យ៉ាងដូច្នេះទៀតថា៖ «ក្រៅពីជួយកាត់បន្ថយថ្លៃចំណាយស្នាក់នៅ និងហូបចុក ការស្នាក់នៅក្នុងកុដិនេះក៏បានជួយឱ្យរូបខ្ញុំមានឱកាស់រៀនសូត្រពីការទូន្មានរបស់ព្រះសង្ឃ និងសិស្សច្បងរស់នៅជាមួយគ្នាពីការចេះជួយគ្នាទៅវិញទៅមក ដោយមិនមើលបំណាំគ្នាផងដែរ។ ជាឧទាហរណ៍ ពេលធ្វើម្ហូបគឺយើងធ្វើជុំគ្នា យើងតែងតែជួយគ្នារៀបចំទុកដាក់ និងសម្អាតក្រោយពេលធ្វើម្ហូបនិងញុំាអាហាររួច ហើយក៏មានការបង្ហាត់បង្ហាញពីសិស្សច្បងនូវអ្វីដែលខ្ញុំមិនចេះដឹងជាដើមផងដែរ»។
នៅពេលមានពិធីបុណ្យធំៗនៅវត្តម្តងៗ ជាទូទៅ កូនសិស្សលោកតែងតែស្ម័គ្រចិត្តជួយបំពេញការងារក្នុងពិធី ឆ្លើយតបទៅតាមសំណើររបស់ព្រះសង្ឃមេកុដិ។ ការរស់នៅរួមគ្នាក្នុងកុដិវត្ត គឺជាទំនៀមរបស់ខ្មែរតាំងពីដើមមក។ មានយុវជនជាច្រើនរស់នៅតាមបណ្តាខេត្តនានា ស្វែងរកទីស្នាក់អាស្រ័យតាមវត្តអារាមនៅក្នុងទីក្រុងភ្នំពេញ ដែលជាមជ្ឈមណ្ឌលកណ្តាលមានស្ថាប័នអប់រំជាតិ និងឯកជនធំៗ និងល្អៗជាច្រើនផ្តុំគ្នា ដើម្បីមកសិក្សារៀនសូត្រ។ ទោះបច្ចុប្បន្ននេះ សេដ្ឋកិច្ចនៅកម្ពុជារីកចម្រើនខ្លាំងយ៉ាងណាក្តី ក៏ចំនួនសិស្សនិស្សិតរស់នៅតាមទីជនបទស្វែងរកវត្តអារាមនៅទីក្រុងដើម្បីស្នាក់នៅ គឺនៅតែមានចំនួនច្រើននៅឡើយ។ ជាចុងក្រោយ លោក សុផុន បានបង្ហើបប្រាប់ពីក្តីស្រមៃនាពេលអនាគតរបស់ខ្លួនដូច្នេះថា៖ «បន្ទាប់ពីរៀនចប់ ខ្ញុំក៏ត្រូវតែចាកចេញពីទីនេះតាមកិច្ចសន្យា ដើម្បីទុកឱកាសឱ្យសិស្សប្អូនដទៃមកស្នាក់នៅវិញម្តង។ បន្ទាប់ពីនោះ ខ្ញុំនឹងដាក់ពាក្យស្វែងរកការងារជាមន្រ្តីរាជការបម្រើការទាក់ទងនឹងជំនាញផ្នែកសេដ្ឋកិច្ចដែលខ្ញុំកំពុងរៀន។ ទោះត្រូវត្រឡប់ទៅខេត្តវិញ ដើម្បីបំពេញការងារជាមន្រ្តីនៅមន្ទីរសេដ្ឋកិច្ចខេត្តក៏ដោយ ក៏ខ្ញុំត្រូវត្រឡប់ទៅវិញដែរ»។
“ប្រសិនបើយើងមានជីវភាពខ្វះខាត ត្រូវរត់រកវត្ត” នេះជាការលើក ឡើងរបស់លោក ឃុន សំណាង (៣០ឆ្នាំ) មានស្រុកកំណើតនៅ ស្រុកបវេល ខេត្តបាត់តំបង ដែលបានមករស់នៅជាកូនសិស្សលោក ក្នុងវត្តបទុមវតីរយៈពេលជាង ៦ខែមកហើយ។ លោក សំណាង បានប្រាប់ពីជីវភាពជាកូនសិស្សលោក ដែលត្រូវរស់នៅបម្រើព្រះសង្ឃជាមួយនឹងការងារចាំបាច់ខ្លះៗមួយចំនួន ខណៈខ្លួនកំពុងសិក្សានៅទីក្រុងភ្នំពេញដូច្នេះថា ៖ «ជាទូទៅ សម្រាប់កូនសិស្សលោក គឺត្រូវស្តាប់ការទូន្មានប្រៀនប្រដៅរបស់ព្រះសង្ឃដែលខ្លួនរស់នៅជាមួយ និងគោរពវិន័យរបស់កុដិ។ ក្រៅពីនោះ សិស្សនីមួយៗត្រូវចេះជួយការងារព្រះសង្ឃផ្សេងៗដូចជា៖ ការដាំស្លរ ដាក់វេនគ្នាលាងចាន និងរៀបចំកន្លែងទទួលទានអាហារ ព្រោះយើងអាចញុំាអាហារក្រោយពីព្រះសង្ឃឆាន់រួច និងសម្អាតទីកន្លែងស្នាក់នៅជាដើម។ ម្យ៉ាងទៀត ជាគោលការណ៍ ព្រះសង្ឃតែងតែប្រៀនប្រដៅឱ្យយើងចេះក្រែងចិត្តអ្នកដទៃ ចេះជួយទុក្ខធុរៈ និងអធ្យាស្រ័យចំពោះអ្នកជិតខាងដើម្បីឱ្យការរស់នៅរួមគ្នាប្រព្រឹត្តឡើងដោយរលូនទាំងនៅក្នុងវត្ត និងក្រៅវត្ត ពោលគឺព្រះសង្ឃប្រៀនប្រដៅឱ្យសិស្សលោកជាទូទៅមានសីលធម៌ ក្នុងការប្រាស្រ័យរស់នៅក្នុងសង្គម»។ លោក សំណាង បានប្រឡង ជាប់ជាគរុនិស្សិត នៅឆ្នាំ២០២១ បច្ចុប្បន្ន កំពុងសិក្សាផ្នែកគរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ។ លោក បានមកស្នាក់នៅក្នុងកុដិលេខ៣៣ ក្នុងវត្តបទុមវតី តាមរយៈការណែនាំ ពីមិត្តភក្តិរស់នៅក្នុងខេត្តបាត់ដំបង។ លោក សំណាង បានប្រាប់ឱ្យដឹងថាក្រោយពីបញ្ចប់វគ្គសិក្សានោះ លោកនឹងក្លាយជាគ្រូបង្រៀនថ្នាក់វិទ្យាល័យម្នាក់នៅស្រុកកំណើតរបស់ខ្លួន៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer