នៅក្នុងជំនឿ ទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីរបស់ជនជាតិខ្មែរ គេតែងសង្កេតឃើញមានពិធីបុណ្យទានជាច្រើនដែលប្រជាពលរដ្ឋតែងតែនាំគ្នាប្រារព្ធធ្វើតាំងពីបុរាណ ទៅតាមរដូវកាលនីមួយៗ ដោយពិធីបុណ្យខ្លះជាពិធីបុណ្យបែបសាសនា ខ្លះជាបែបប្រពៃណី និងខ្លះជាពិធីបុណ្យសាសនាលាយបញ្ចូលគ្នាជាមួយប្រពៃណីជាដើម។ ពិធីពូនភ្នំខ្សាច់ និង ពិធីស្រង់ព្រះ (ស្រង់ទឹកព្រះ) ជាកិច្ចពិធីមួយដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជាតែងតែនាំគ្នាធ្វើពិធីនេះឡើងមិនដែលអាក់ខានឡើយ នៅតាមគ្រប់វត្តអារាមក្នុងពិធីបុណ្យទានធំដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជំបិណ្ឌ។ល។ ចំពោះប្រវត្តិកំណើត អត្ថន័យ និង គោលបំណងដែលគេប្រារព្ធពិធីពូនភ្នំខ្សាច់ និងស្រង់ព្រះនេះហាក់មានការយល់ឃើញនិងពន្យល់បកស្រាយដោយហេតុផលខុសៗគ្នាគួរឱ្យចាប់អារម្មណ៍។
ការយល់ឃើញរបស់ព្រះសង្ឃ
ព្រះគ្រូចៅអធិការវត្តបុទុមសាគរ ហៅវត្តតាក្របៅ ព្រះនាម ស្ងើន សុកោសល មានព្រះជន្ម៣០ព្រះវស្សាមានសង្ឃដីកាថា៖ «ពិធីពូនភ្នំខ្សាច់នេះគេធ្វើឡើងដោយ មានចិត្តជ្រះថ្លាដើម្បីរំឭកនឹកគុណនិងឧទ្ទិសកុសលដល់ព្រះចូឡាមណីចេតិយ នៅឯឋានតាវត្តិង្ស ពោលគឺមិនមែនធ្វើឡើងក្នុងគោលបំណងផ្ដាច់កម្មផ្ដាច់ពៀរទេ ផ្ដាច់កម្មពៀរលុះត្រាតែសុំអភ័យទោសកំហុសនិងអហោសិកម្មឱ្យគ្នាលើកលែងឱ្យ គ្នាទើបហៅថាផ្ដាច់កម្មពៀរមិនឱ្យជាប់កម្មពៀរវេរានឹងគ្នាតទៅទៀត»។ ព្រះអង្គមាន សង្ឃដីកាបន្តទៀតថា៖ «ព្រះពុទ្ធសាសនាទូន្មានមនុស្សឱ្យនាំគ្នាប្រណិប័តន៍ក្នុង ព្រះធម៌ ដើម្បីចូលទៅកាន់ទីរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ជាពិសេស នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃព្រះពុទ្ធជាម្ចាស់តែងទូន្មានអប់រំឱ្យមនុស្សរស់នៅប្រកបដោយភាពវៃឆ្លាត ដើម្បីទទួលបានសេចក្ដីសុខនិងរីកចម្រើននៅក្នុងសង្គមជាតិ»។
ទន្ទឹមនឹងនេះទាក់ទងនឹងពិធីស្រង់ព្រះដែលប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី៣ ឬថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ, ព្រះគ្រូចៅអធិការ ស្ងើន សុកោសល មានសង្ឃដីការពន្យល់អំពីពិធីនេះយ៉ាងដូច្នេះថា៖ «ពិធីស្រង់ព្រះគ្រាន់តែជាពិធី កម្មមួយនៅក្នុងសាសនា ដែលគេធ្វើឡើងក្រោយមកទេ តាមពិតទៅ នៅសម័យ ព្រះសម្មាសម្ពុទ្ធព្រះដ៏មានព្រះភាគ អ្នកណាទៅហ៊ានងូតទឹកឱ្យព្រះ មិនមានអ្នក ណាហ៊ានទៅងូតទឹកឱ្យព្រះទេ កុំថាឡើយព្រះសូម្បីតែព្រះសង្ឃក៏មិនអាចប៉ះពាល់ស្ត្រីផ្ទាល់ដែរ ដូចនេះពិធីស្រង់ព្រះគ្រាន់តែជាទំនៀមទម្លាប់ប្រពៃណីដែលធ្វើមកតៗគ្នា ពោលគឺមិនមែនជាធម៌វិន័យដែលមានចែងនៅក្នុងព្រះពុទ្ធសាសនាទេ»។
ការយល់ឃើញរបស់លោកតាអាចារ្យ
លោកតា ព្រាប សារឿន មានព្រះជន្ម៧៧ឆ្នាំ សព្វថ្ងៃជាតាអាចារ្យប្រចាំវត្តស្អំនាខេត្តត្បូងឃ្មុំ មានប្រសាសន៍រៀបរាប់អំពីពិធីពូនភ្នំខ្សាច់និងពិធីស្រង់ព្រះថា៖ «ពិធីពូនភ្នំខ្សាច់នេះគឺជាទំនៀម ចាស់តាំងពីបុរាណយូរមកហើយ ដែលធ្វើតៗគ្នាដោយសន្មត់ ភ្នំខ្សាច់ដែលពូននោះជាតំណាងឱ្យព្រះចូឡាមណីចេតិយ និងរឿងមួយទៀតគឺដើម្បីផ្ដាច់កម្មផ្ដាច់ពៀរ»។ លោកតាមានប្រសាសន៍ បន្តថា៖ «ជាទូទៅ ពិធីពូនភ្នំខ្សាច់នេះគេច្រើនប្រារព្ធក្នុងពិធីបុណ្យធំ និងសំខាន់ៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជំបិណ្ឌ ក្រៅពីនេះគេអាចធ្វើពិធីនេះទៅតាមកម្មវិធីបុណ្យផ្សេងៗអាស្រ័យលើម្ចាស់កម្មវិធីបុណ្យដូចជា៖ បុណ្យគម្រប់ខួប១០០ថ្ងៃ បុណ្យ ទក្ខិណានុប្បទាន បុណ្យបច្ច័យបួន បុណ្យឆាកបង្សុកូលជាដើម»។ បើយោងតាមប្រសាសន៍របស់លោកតាអាចារ្យ ព្រាប សារឿន បានឱ្យដឹងទៀតថា មុនពេលឱ្យពុទ្ធបរិស័ទ ចាប់ផ្ដើមពូនភ្នំខ្សាច់ ដំបូង តាអាចារ្យដែលជាអ្នកដឹកនាំកម្មវិធី និងលោកយាយ លោកតា ឧបាសក ឧបាសិកា និមន្តព្រះសង្ឃដើម្បីថ្វាយបង្គំ នមស្ការព្រះរតនត្រ័យ បន្ទាប់មកចម្រើនព្រះបរិត្ត រួចទើបធ្វើពិធី បំបួសភ្នំខ្សាច់នោះដែលជាតំណាងឱ្យព្រះចូឡាមណីចេតិយ។ ក្រៅអំពីខ្សាច់គេក៏អាចយករបស់ផ្សេងដូចជា៖ ស្រូវ អង្ករ ជាដើមមកពូនធ្វើជាភ្នំបានផងដែរ។ ក្រោយកម្មវិធីបុណ្យបញ្ចប់ តាអាចារ្យ ត្រូវដឹកនាំធ្វើពិធីផ្សឹកភ្នំខ្សាច់នោះ ទើបភ្នំខ្សាច់នោះអាចត្រូវបាន រំលាយ ហើយវត្តអាចយកខ្សាច់ទៅប្រើការតាមសេចក្ដីត្រូវការបាន។ ប្រសិនបើភ្នំខ្សាច់នោះមិនទាន់ផ្សឹកទេ គេមិនអាចយកខ្សាច់នោះ ទៅប្រើការបានទេ ឬសូម្បីតែដើរកន្លងក៏មិនបានដែរ ព្រោះគេជឿថានឹងនាំឱ្យមាន អំពើបាបកើតឡើង ដ្បិតភ្នំខ្សាច់នោះជាតំណាងឱ្យព្រះចូឡាមណីចេតិយ។
ប្រជាជនខ្មែរទូទៅដឹងពីរឿងតំណាលទាក់ទងនឹងពិធីពូនភ្នំខ្សាច់ ដែលបាន ឆ្លុះបញ្ជាំងពីការធ្វើបុណ្យកុសលពេលខ្លួននៅរស់រានមានជីវិត ដែលនឹងនាំឱ្យខ្លួនបានរួចផុតពីការធ្លាក់នរក ក្រោយពេលស្លាប់ដោយអនុសង្ឃ (ផលបុណ្យ) ដែល បានធ្វើទាំងនោះ ពោល គឺដើម្បីផ្តាច់កម្មពៀរដែលខ្លួនបានសាងកាលនៅមានជីវិត។ រឿងព្រេងខ្មែរនោះបានតំណាលដូច្នេះថា៖ “ដើមឡើយ មានព្រានម្នាក់បានសាងតែអំពើបាប ដោយសម្លាប់ សត្វដើម្បីបរិភោគតាំងពីកុមារភាពរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យម្តងណាឡើយ។ មានថ្ងៃមួយ ភិក្ខុសង្ឃមួយអង្គបានដឹងរឿងនោះ កើតក្តីនឹកអាណិតព្រាននោះជាខ្លាំង ហើយបានគ្រងចីវរជាមួយ នឹងបាត្រមួយដើរសំដៅទៅផ្ទះបុរសព្រានព្រៃនោះទៅ។ នៅថ្ងៃនោះ បុរសជាព្រានបានវិចបាយមួយកញ្ចប់ ដើម្បីចេញទៅព្រៃប្រម៉ាញ់ សត្វដូចសព្វដង ក៏ស្រាប់តែឃើញសង្ឃអង្គនោះ នៅបិណ្ឌបាតពីមុខផ្ទះខ្លួន ក៏សុខចិត្តចែកបាយរបស់ខ្លួនខ្លះឱ្យទៅសង្ឃនោះ រួចក៏ចេញទៅបរបាញ់សត្វដូចរាល់ដងបាត់ទៅ។ បន្ទាប់ពីបុរសព្រាននោះស្លាប់ទៅ ដោយអំពើបាបដែលព្រាននោះបានសាង ពួកយមបាលបានយក បុរសព្រាននោះបោះចូលក្នុងរណ្តៅភ្លើងនរក តែដុតមិនឆេះ។ ឃើញ ដូច្នោះ យមបាលបានសួរទៅកាន់បុរសព្រាននោះថា៖ «កាលនៅរស់ ជាមនុស្ស តើលោកបានធ្វើបុណ្យខ្លះឬ?»
បុរសព្រានឮដូច្នោះក៏នឹកឃើញដល់ការបានសាងបុណ្យកុសលម្តងជាមួយព្រះសង្ឃមួយអង្គពេលខ្លួននៅរស់ ហើយក៏ប្រាប់រឿងនោះទៅយមបាលទៅ។ ឮដូច្នោះពួកយមបាល បានអនុញ្ញាតឱ្យព្រាននោះកើតឯឋានសួគ៌មួយអាទិត្យ តែដល់ថ្ងៃទី៨ ត្រូវត្រឡប់មកឋាននរក វិញ។ ដោយហេតុនេះ ព្រាននោះបានក្លាយជាបុរសម្នាក់មាន ទ្រព្យសម្បត្តិស្តុកស្តម្ភរស់នៅយ៉ាងក្សេមក្សាន្តជាមួយប្រពន្ធនៅឯឋាន មនុស្ស។ តែដល់ថ្ងៃទី៦ បុរសនោះក៏នឹកស្រមៃដល់ពេលខ្លួនត្រូវយមបាលយកទៅឋាននរកវិញ ហើយក៏កើតទុក្ខយ៉ាងក្រៀមក្រំ។ ដោយបានឃើញ និងយល់ពីរឿងរ៉ាវរបស់ប្តីខ្លួនដូច្នោះ ប្រពន្ធបុរស នោះក៏ធ្វើពិធីបុណ្យសាងចេតិយ នឹកគុណដល់ព្រះសម្មាសម្ពុទ្ធ ដើម្បីសុំឱ្យប្តីខ្លួនឆ្លងរួចពីកម្មពៀរនោះនៅថ្ងៃទី៧។
លុះដល់ព្រឹកថ្ងៃទី៨ ពួកយមបាលបានមកហៅយកបុរសព្រាននោះត្រឡប់ទៅឋាននរកវិញ។ ឮដូច្នោះប្រពន្ធព្រាននោះចេញមកពន្យល់ថា ស្វាមីខ្លួនបានធ្វើបុណ្យរំដោះកម្មពាររួចហើយ តែបើនៅតែមិនអស់ចិត្ត សូមយមបាលរាប់ខ្សាច់មួយពែងដែលខ្លួនមាននោះឱ្យអស់ទើបយកប្តីខ្លួនទៅឋាននរកវិញបាន។ យមបាលសុខចិត្តរាប់ខ្សាច់មួយពែងនោះ តែទោះជាចំណាយពេលប៉ុណ្ណាក៏រាប់ពុំចេះអស់សោះ ហើយក៏សម្រេចចិត្តត្រឡប់ទៅឋានយមលោកវិញបាត់ទៅ។ ដោយកុសលផលបុណ្យដែលអតីតបុរសព្រានបានសាង នាំឱ្យបុរសនោះបានរួចផុតពីផលកម្មទាំងពួងដែលខ្លួនបានសាង ហើយនៅរស់សោយសុខតរៀងមក។
នៅក្នុងពិធីពូនភ្នំខ្សាច់គេសង្កេតឃើញមានការចូលជាបច្ច័យផងដែរ។ ចំពោះចំណុចនេះ លោកតា ព្រាប សារឿន
លើកឡើងបែបនេះថា៖ «ពុទ្ធបរិស័ទដែលធ្វើពិធីពូនភ្នំខ្សាច់តែងតែចូលជាបច្ច័យ នៅតាមភ្នំខ្សាច់នីមួយៗទៅតាមសទ្ធា ហើយបច្ច័យទាំងនោះគឺខាងវត្តប្រមូលរៀបចំទុកដាក់ដើម្បីទុកផ្គត់ផ្គង់ការចំណាយផ្សេងៗក្នុងវត្ត។ ដូច្នេះពុទ្ធបរិស័ទទទួលបានអានិសង្សច្រើនណាស់ពីការចូលបច្ច័យទាំងនោះ»។
យ៉ាងណាមិញ នៅក្នុងពិធីស្រង់ព្រះដែលគេធ្វើក្នុងថ្ងៃទី៣ ឬថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ, លោកតា ព្រាប សារឿន មានប្រសាសន៍ប្រាប់ពីទំនៀមនៃពិធីនេះយ៉ាងដូច្នេះថា៖ «ពិធីស្រង់ព្រះនេះ ជាទំនៀមទម្លាប់ គឺត្រូវបានធ្វើឡើងតៗគ្នាតាំងពីបុរាណមកម្ល៉េះ ក្នុងគោលបំណងលាងបាប និង
លុបលាងសម្អាត បាញ់ទឹកអប់ ដល់ព្រះពុទ្ធរូបដើម្បីសម្អាតដី និងធូលីកខ្វក់ដែលនៅជាប់នឹងព្រះពុទ្ធរូប ហើយអានិសង្សគឺអាស្រ័យទៅលើបុគ្គលនោះមានចិត្ត និងសទ្ធាជ្រះថ្លាហើយប្រាថ្នាបែបបណាកុសលផលបុណ្យនឹងបានបែបនោះ»៕
សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 54】
តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាព្រះសង្ឃ ហើយព្រះសង្ឃមានការអប់រំយ៉ាងដូចម្តេចខ្លះ?
この記事が気に入ったら
いいね!しよう
We will send you the latest information
កម្រងរូបភាពនៃពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.02.07 NyoNyum KhmerNyoNyum Khmer Special Topics
ការយល់ឃើញទូទៅរបស់ប្រជាជនខ្មែរចូលរួមពិធីបុណ្យអុំទូក
2024.02.05 NyoNyum KhmerNyoNyum Khmer Special Topics
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីប្រណាំងទូកង
2024.02.01 NyoNyum KhmerNyoNyum Khmer Special Topics
តើបុណ្យអុំទូកមានប្រភពពីណា?
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
ពីនេះពីនោះអំពីពិធីបុណ្យអុំទូកឆ្នាំ២០២៣
2024.01.31 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០២១-២០២៣
2024.01.09 NyoNyum KhmerNyoNyum Khmer Special Topics
កំណត់ត្រាសង្ខេបព្រឹត្តការណ៍ចុះផ្សាយក្នុងទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន ពីឆ្នាំ២០១៨-២០២០
2024.01.08 NyoNyum KhmerNyoNyum Khmer Special Topics
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer