គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

កិច្ចសម្ភាសន៍មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការអប់រំបែបឌីជីថលនៅកម្ពុជា
កិច្ចសម្ភាសន៍មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អំពីការអប់រំបែបឌីជីថលនៅកម្ពុជា
2021.07.28

ការអប់រំឌីជីថល ឬការអប់រំពីចម្ងាយកំពុងមានការអភិវឌ្ឍ និងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់សិស្សានុសិស្ស
និងអាណាព្យាបាលសិស្សមួយចំនួន។ ក្រសួងអប់រំ យុវជន និងកីឡា មានតួនាទីសំខាន់ក្នុងការបង្កើតកម្មវិធីមេរៀន ដើម្បី
ធ្វើការចាក់ផ្សាយនូវកម្មវិធីអប់រំពីចម្ងាយទាំងនោះ។ ថ្មីៗនេះទស្សនាវដ្តីញញឹមបានធ្វើកិច្ចសម្ភាសន៍មន្រ្តីនាំពាក្យរបស់ក្រសួង
អប់រំ យុវជន និងកីឡា លោក រស់ សុវាចា ដើម្បីសាកសួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការជម្រុញការអប់រំតាមបែបឌីជីថលដែលកំពុងធ្វើបច្ចុប្បន្ន។

លោក រស់ សុវាចា

សំណួរ ៖ ដូចដែលក្រសួងបានលើកឡើងអំពី វេទិកាឌីជីថលសម្រាប់ការអប់រំ តាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតលើការរៀបចំបង្កើត App និង Website សម្រាប់ការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក គឺជាតម្រូវការបន្តរបស់ក្រសួង។ តើបច្ចុប្បន្នវាបានដំណើរការកម្រិតណាហើយ?

ឆ្លើយតបនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅក្រោយព្រឹត្តិការណ៍ឆ្លងជាសហគមន៍ថ្ងៃទី២០ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡាបានបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេសសារជាថ្មី។ ក៏ប៉ុន្តែក្រសួងនៅតែជម្រុញឱ្យមានការផ្សព្វផ្សាយនូវវេទិកាឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈ៖
១. មជ្ឈមណ្ឌលសិក្សាតាមរយ:អេឡិចត្រូនិក elearning.moeys.gov.kh
២. បណ្តាញ YouTube ផ្លូវការ youtube.com/moeyscambodia
៣. ហ្វេសប៊ុកផ្លូវការ facebook.com/moeys.gov.kh
៤. ការអប់រំកុមារតូច youtube.com/eccdcambodia
បច្ចុបប្បន្ន ក្រសួងនៅតែជម្រុញឱ្យមានការបង្កើតការបង្រៀនមេរៀនថ្មីៗ និងបន្តធ្វើការចាក់ផ្សាយនូវវីដេអូទាំងនោះ តាមរយៈឆាណែលរបស់ក្រសួងខាងលើ និងបន្តស្វាគមន៍ការចូលរួមសហការពីស្ថាប័ននានាផងដែរ។ ជាឧទាហរណ៍
ថ្មីៗនេះ ដោយមានការគាំទ្រពីគណ:កម្មការទី៧នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន E-School Cambodia បានផលិតកម្មវិធីស្វ័យសិក្សា MoEYS E-Learning សម្រាប់រៀនតាមទូរស័ព្ទដៃ ជូនដល់សិស្សសិក្សា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអប់រំឌីជីថល បរិបទឧស្សាហកម្ម ៤.០ និងក្នុងស្ថានភាពកូវីដ-១៩។ ក្រៅពីនេះ សិស្សានុសិស្សក៏អាចរៀនសូត្រតាមរយ:៖
១.ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី “ទទក២” របស់ក្រសួងព័ត៌មាន
២.Appក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
៣.កម្មវិធីអប់រំតាមវិទ្យុជួយសិស្សជនជាតិដើមបន្តរៀនសូត្រ
៤.Appវិស័យឯកជននានា ដូចជា E-School Cambodia ជាដើម។

សំណួរ ៖តើក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្ន កំពុងផ្តោតសំខាន់លើការងារអ្វីខ្លះ សម្រាប់ការពង្រឹងកម្មវិធីអប់រំពីចម្ងាយរបស់ខ្លួនដែលបាននិងកំពុងធ្វើកន្លងមកនេះ?

ដោយសារក្រោយព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការកើនឡើងនូវចំនួនអ្នកឆ្លងកូវីដ១៩ យ៉ាងគំហុក និងនាំឱ្យមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងមានចំនួនអ្នកឆ្លងថ្មីនៅតែកើនឡើងខ្លាំង រហូតដល់បច្ចុប្បន្ននេះ ទើបក្រសួងអប់រំ យុវជន និងកីឡា ធ្វើការអំពាវនាវដល់មាតាបិតាសិស្សឱ្យបន្តជួយដំណើរការរៀនសូត្ររបស់កូនៗខ្លួន តាមរយៈអនឡាញ ការស្តាប់វិទ្យុការអានជាដើម និងគ្រប់ទម្រង់នៃការអប់រំតាមគន្លងថ្មីនៃវិស័យអប់រំដែលយើងបានធ្វើកន្លងមក។ ជាក់ស្តែង ក្រសួងបានបន្តលើកទឹកចិត្តមាតាបិតាសិស្ស ឱ្យចំណាយពេលនៅផ្ទះក្បែរកូនដើម្បីអានឱ្យ
កូនស្តាប់ និងឱ្យកូនអានឱ្យស្តាប់វិញ ដោយជ្រើសរើសសៀវភៅអាន ឬខ្លឹមសារឌីជីថលដែលកូនចូលចិត្តអាន បន្ថែមពីសៀវភៅមេរៀនជាដើម។ លើសពីនេះ ក្រសួងក៏កំពុងធ្វើការអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ សូមឱ្យបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ទៅកាន់កុមារជាចម្បង។

សកម្មភាពថតវីដេអូបង្រៀនអនឡាញ
ក្រុមបច្ចេកទេសនៃជំនួយការថត

សំណួរ ៖ក្នុងការជម្រុញកម្មវិធីអប់រំពីចម្ងាយរបស់ខ្លួននេះ តើក្រសួងកំពុងជួបនូវបញ្ហាប្រឈមអ្វីខ្លះ?

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា៖ អាទិភាពរបស់យើងក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ គឺការពារសុវត្ថិភាព សិស្សនិស្សិត រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ តាមវិធីសាស្រ្តឌីជីថលដែលយើងបាននិងកំពុងដំណើរការរួចមកហើយនេះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងធ្វើការបង្វែបញ្ហាប្រឈមបច្ចុប្បន្ន ឱ្យក្លាយជាឱកាសស្វែងរកវិធីសិក្សាទំនើបថ្មីមកជំនួស និងធ្វើជាជំនួយការសិក្សាស្រាវជ្រាវដល់សិស្សានុសិស្ស។ ដូច្នេះក្នុងបរិបទកូវីដ-១៩ នេះ ក្រសួង បង្វែរបញ្ហាប្រឈម ឱ្យក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថល ដូចជា ការរៀន និងបង្រៀនអនឡាញជាដើម ដែលជាផ្នែកមួយនៃចក្ខុវិស័យការអប់រំបែបឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែល
បានចងក្រងក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣។

ការបង្រៀនមុខវិជ្ជាពិសោធន៍តាមវីដេអូមេរៀន

សំណួរ ៖តើក្រសួងអប់រំ យុវជន និងកីឡា មានទស្សនវិស័យដូចម្តេច ក្នុងការជម្រុញបន្ថែមនូវការអភិវឌ្ឍការអប់រំបែបឌីជីថល ដែលខ្លួនបាននិងកំពុងធ្វើនាពេលបច្ចុប្បន្ននេះឱ្យកាន់តែប្រសើរឡើងថែមទៀត?

យុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់លើកកម្ពស់ការអប់រំបែបឌីជីថលគឺ៖
• បញ្ជ្រាបបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ប.ព.ស)ឱ្យក្លាយជាឧបករណ៍សម្រាប់បង្រៀន និងរៀន និងចែករំលែកចំណេះដឹងក្នុងវិស័យអប់រំទាំងមូល សំដៅឱ្យសិស្សនិស្សិតនូវចំណេះដឹង និងបំណិន ប.ព.ស ដើម្បីធ្វើអន្តរកាលទៅរកពិភពការងារក្នុងសតវត្សរ៍ទី២១។
• ប្រើប្រាស់ដំណើរការគ្រប់គ្រង និងបែបបទការងារថ្មី ដើម្បីធ្វើទំនើបកម្មការអនុវត្តការងារ និងបង្កើនប្រសិទ្ធភាព តម្លាភាព និងភាពស័ក្តិសិទ្ធិ នៃអភិបាលកិច្ច និងការពិនិត្យតាមដានលទ្ធផលការងារក្នុងវិស័យអប់រំ។
• ធានាឱ្យសិស្សនិស្សិតកម្ពុជាគ្រប់រូប បញ្ចប់ការសិក្សាក្នុងប្រព័ន្ធមានចំណេះដឹង និងបំណិន ប.ព.ស. ដើម្បីមានលទ្ធភាពបន្តការសិក្សា និងបំពេញការងារវិជ្ជាជីវៈ។
• បង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ នៃការបង្រៀន និងរៀននៅតាមសាលាគរុកោសល្យ សាលារៀន និងគ្រឹះស្ថានសិក្សាដទៃទៀតតាមរយៈការប្រើប្រាស់ឧបករណ៍ ប.ព.ស និងធនធានអប់រំអេឡិចត្រូនិក។
• ប្រើប្រាស់ការរៀនសូត្រតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគាំទ្រឱ្យមានការផ្តល់សេវាអប់រំដល់គ្រប់អនុវិស័យ (រួមទាំងអនុវិស័យឧត្តមសិក្សា) នៃវិស័យអប់រំសម្រាប់សិស្សនិស្សិត និងការអភិវឌ្ឍសមត្ថ-ភាពស្ថាប័ន ក៏ដូចជាការរៀនពេញមួយជីវិត។
• បង្កើនប្រសិទ្ធភាពក៏ដូចជាសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើសេចក្ដីសម្រេចចិត្តផ្អែកតាមភស្តុតាង និងការចែករំលែកចំណេះដឹង តាមរយៈការប្រើប្រាស់ព័ត៌មានក្នុងលក្ខណៈជាប្រព័ន្ធ ក្នុងពេលតែមួយជាមួយគ្នាដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការងាររដ្ឋបាលអប់រំប្រតិបត្តិការ និងការប្រមូលទិន្នន័យតាមប្រព័ន្ធឌីជីថល។
• បង្កើតស្តង់ដាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ការភ្ជាប់ទំនាក់ទំនងបណ្ដាញអង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ទៅក្នុងប្រព័ន្ធតភ្ជាប់ផ្ទៃក្នុង។
• ផ្ដល់ធនធានហិរញ្ញវត្ថុចាំបាច់ ដើម្បីគាំទ្រដល់ការប្រើប្រាស់ ប.ព.ស. ក្នុងវិស័យអប់រំ ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាល
និងធ្វើការសម្របសម្រួលភាពជាដៃគូរវាងវិស័យឯកជន និងវិស័យសាធារណៈ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍនានាសម្រាប់រ៉ាប់រងចំណាយមូលធន និងចំណាយចរន្ត៕

សកម្មភាពសិស្សសិក្សាមុខវិជ្ជា IT

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 46】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer