គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

របរទិញនិងរើសអេតចាយ
របរទិញនិងរើសអេតចាយ
2022.03.22

ជាទូទៅ គេក៏សង្កេតឃើញជារឿយៗនូវការបែងចែកសំរាមដែលអាចកែច្នៃបាន ធ្វើឡើងនៅតាមគេហដ្ឋាននីមួយៗផងដែរ។ អ្នករើសនិងប្រមូលទិញអេតចាយ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រមូលសំរាមកែច្នៃទាំងនោះ។ គេតែងតែប្រទះឃើញនូវវត្តមានអ្នករើសនិងទិញអេតចាយ នៅតាមទីចោលសំរាមសាធារណៈ ឬនៅតាមគេហដ្ឋាន និងតាមហាងអាជីវកម្មនានានៅក្នុងទីក្រុង។ អ្នករើសនិងប្រមូលទិញអេតចាយ ជាទូទៅ គឺជាប្រជាជនក្រខ្សត់ដែលគ្មានរបរ និងប្រាក់ចំណូលច្បាស់លាស់មកពីតាមខេត្ត មកតាំងទីលំនៅរស់នៅជាយទីក្រុងភ្នំពេញ ឬនៅក្បែរទីលានចោលសំរាមផ្ទាល់ ដើម្បីប្រកបរបរនេះចិញ្ចឹមជីវិត។ ទស្សនាវដ្តីញញឹមខ្មែរ បានសាកសួរលោកអ៊ំ អិន​ ធី ដែលប្រកបរបររើសនិងទិញអេតចាយនេះរយៈពេលប្រមាណ២០ឆ្នាំ។

តើមូលហេតុអ្វីនាំឱ្យលោកអ៊ំចាប់ផ្តើមប្រកបរបរនេះឡើង?
កាលដើមឡើយ ខ្ញុំធ្លាប់បានរស់នៅជាមួយជនជាតិវៀតណាម ដែលជាអ្នករើសនិងទិញអេតចាយ ទើបខ្ញុំបានដឹងពីរបរនេះ។ កាលនោះ ខ្ញុំមិនមានមុខរបរអ្វីច្បាស់លាស់ទេ ហើយក៏ពុំមានជំនាញការងារអ្វីដែរ ដូច្នេះខ្ញុំក៏ផ្តើមរករបរនេះបន្តិចម្តងៗ រហូតមកដល់ពេលនេះទៅ។

តើត្រូវទិញអេតចាយដោយរបៀបណាដែរ?
អ្នកទិញនិងរើសអេចចាយ គឺជាទូទៅ ត្រូវអូសរទេះដើររកប្រមូល ឬទិញអេតចាយនៅតាមផ្ទះរបស់បងប្អូនប្រជាជនក្នុងស្រុកភូមិ។ នៅពេលឃើញរទេះអេតចាយ ជាធម្មតា បងប្អូនម្ចាស់ផ្ទះដែលមានអេតចាយ តែងតែហៅដើម្បីលក់អេតចាយដែលគាត់បានសន្សំទុកទាំងនោះ។ តាមពិតទៅ ប្រជាជនខ្មែរមានទម្លាប់បែងចែកសំរាម ដែលអាចកែច្នៃបាន (អេតចាយ) យូរមកហើយ។ ខ្ញុំប្រកបរបរនេះជាង ២០ឆ្នាំហើយសង្កេតឃើញថាបរិមាណអេតចាយ ដែលទិញបានគឺនៅតែមានច្រើនរហូតដែរ។

ជាធម្មតា លោកអ៊ំប្រមូលទិញបានវត្ថុអ្វីច្រើនជាងគេ?
របរដើរទិញអេតចាយ គឺយើងដើរទិញចល័តរហូត ដូច្នេះអេតចាយដែលប្រមូលទិញបានវាខុសគ្នាខ្លះៗដែរទៅតាមតំបន់។ ឧទាហរណ៍ នៅតំបន់សែនសុខនេះ គឺសំបូររង្គសាល និងបៀរហ្គាឌិនច្រើន ដូច្នេះអេតចាយប្រមូលទិញបានច្រើនពីតំបន់នេះ គឺជាប្រភេទដបនិងកំប៉ុងស្រាបៀរ។ សម្រាប់អេតចាយតាមផ្ទះវិញ គឺភាគច្រើនមានជាប្រភេទដែក កង់ ឬម៉ូតូចាស់ ឬឧបករណ៍អេឡិចត្រូនិកចាស់ៗដែលគេឈប់ប្រើ និងសំបកកេសក្រដាសជាដើម។

តើចំណូលប្រចាំថ្ងៃវិញយ៉ាងម៉េចដែរ?
អ្នករើសនិងប្រមូលទិញអេតចាយ គឺមិនមានចំណូលទៀតទាត់ទេ។ ថ្ងៃណាទិញបានច្រើនទៅ ចំណូលក៏បានច្រើនទៅតាមហ្នឹងដែរ។ ហើយក៏មានថ្ងៃខ្លះរកទិញពុំបានសោះក៏មានដែរ។ ដោយសាររបរនេះខ្ញុំរកយូរហើយ ដូច្នេះធម្មតា ខ្ញុំអាចរកបានពី ៤ ទៅ ៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។

តើរបរនេះមានផលលំបាកអ្វីខ្លះដែរទេ?
ខ្ញុំគ្មានបញ្ហាអ្វីជាមួយនឹងការងារអេតចាយនេះទេ។ ក៏ប៉ុន្តែ ឥឡូវសំបូរអ្នកដើរទិញអេតចាយផ្សេងទៀតដែរ ដូច្នេះវាពិបាករកទិញជាងមុន ហើយចំណូលក៏វាថយចុះទៅតាមហ្នឹងដែរ។

តើមូលហេតុអ្វីដែលនាំឱ្យលោកអ៊ំនៅតែបន្តរបរអេតចាយនេះរហូតមក?
(សើច) របរអេតចាយនេះ គឺមិនសូវមានគេធ្វើនោះទេ ព្រោះវាគគ្រេច។ ក៏ប៉ុន្តែ ដោយសារខ្ញុំរករបរនេះយូរមកហើយ មានម៉ូយអេតចាយតាមផ្ទះ និងហាងខ្លះតែងតែទូរស័ព្ទមកខ្ញុំឱ្យទៅប្រមូលទិញអេតចាយរបស់គាត់។ ហើយពេលខ្លះ ពេលគេឃើញរទេះខ្ញុំអូសកាត់មុខផ្ទះគាត់ គាត់ហៅឱ្យចូលទិញអេតចាយគាត់ ក៏មានញឹកញាប់ដែរ ព្រោះគេស្គាល់ទុកចិត្ត។ ដូច្នេះ ខ្ញុំសប្បាយចិត្តនៅពេលឃើញមានភ្ញៀវជឿទុកចិត្ត និងទូរស័ព្ទហៅរកដើម្បីឱ្យមកទិញអេតចាយរបស់ពួកគាត់៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article
Recommend Articles