ដំណើរកម្សាន្តនៅប្រទេសជប៉ុន
ជប៉ុនជាប្រទេសដែលមានប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីដ៏ចំណាស់មួយក្នុងចំណោមប្រទេសនានាក្នុងទ្វីបអាស៊ី។ ឆ្លងកាត់ដំណើរទំនើបកម្មផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាចាប់ពីចុងសតវត្សទី១៩ មក ជប៉ុនបានក្លាយជាប្រទេសមានការអភិវឌ្ឍន៍ទំនើប និងជឿនលឿនជាងគេបង្អស់មួយ។ ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន នឹងបន្សល់នូវអនុស្សាវរីយ៍ និងឱកាសស្វែងយល់ពីលក្ខណៈពិសេសនៃប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីរបស់ជនជាតិជប៉ុនក្នុងយុគសម័យទំនើប ដែលអ្នកពុំធ្លាប់ជួប! បុគ្គលិកទស្សនាវដ្តីញញឹមបានធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី២១ ដល់ទី៣១ ខែមីនា ឆ្នាំ២០២៣ អំឡុងពេលផ្កាសាគូរ៉ារីក កន្លងទៅថ្មីៗនេះ។ យើងខ្ញុំសូមចែករំលែកនូវបទពិសោធន៍ដំណើរកម្សាន្តរយៈពេល ១០ថ្ងៃនេះ ជូនប្រិយមិត្តអានកម្សាន្ត ក៏ដូចជាស្វែងយល់អំពីស្ថានភាពទេសចរណ៍នៅក្នុងប្រទេសជប៉ុន ជាវគ្គៗដូចតទៅ។
គម្រោងដំណើរកម្សាន្តថ្ងៃទី១៖
- ១២៖៣០ យប់ ចេញពីភ្នំពេញតាមជើងហោះហើរ Asiana
- ១២៖០០ ថ្ងៃត្រង់ មកដល់ Narita
- ១៤៖០០ មកដល់សណ្ឋាគារ Shizutetsu prezio Tokyo Tamachi
- ១៤៖៣០ ញុំាអាហារថ្ងៃត្រង់
- ១៥៖៣០ ថ្មើរជើងទៅទស្សនា Tokyo Tower ពីស្ថានីយ៍ Tamachi ចំណាយពេលជិត ៣០ នាទី
- ១៧៖២០ ឡើង Tokyo Tower (ជាន់លើបង្អស់) តម្លៃសំបុត្រ៖ ២១០០¥
- ១៩៖០០ អាហារល្ងាច
ជើងហោះហើរនៅពាក់កណ្តាលអធ្រាត្រ ក៏ជាជម្រើសដ៏ល្អ!
មានទស្សនៈមួយលើកឡើងថា៖ “បើអ្នកទៅលេងបរទេសជាលើកដំបូង សូមទៅដល់មុនថ្ងៃលិច”។ ក្រោយចាកចេញពីអាកាសយាន្តដ្ឋានភ្នំពេញនៅម៉ោង ១២ និង ៣០នាទីអធ្រាត្រ ខ្ញុំនឹងមិត្តភក្តិបានមកដល់ព្រលានយន្តហោះ Narita នៅវេលាម៉ោង ១២ ថ្ងៃត្រង់តាមកាលកំណត់។ មានសីតុណ្ហភាពត្រជាក់ល្មមប្រមាណ ២០ អង្សាសេ ហើយទោះជាមេឃមានសភាពស្រទំបន្តិចក្តី យើងអាចមើលឃើញទេសភាពនៅខាងក្រៅយ៉ាងច្បាស់ពីបង្អួចរថភ្លើងល្បឿនលឿន Skyliner ចេញពីចំណតព្រលានយន្តហោះ Narita ឆ្ពោះទៅទីក្រុងតូក្យូ ដែលមានចម្ងាយប្រមាណ ៧៥គីឡូមែត្រ។ តាមជើងរថភ្លើង Skyliner យើងបានចំណាយពេលប្រមាណ ៤០នាទីគយគន់ទេសភាពតាមដងផ្លូវនៃខេត្ត Chiba ដែលស្ថិតនៅជាប់នឹងទីក្រុងតូក្យូបណ្តើរ ឆ្ពោះទៅកាន់សង្កាត់មួយនៅចំកណ្តាលទីក្រុងតូក្យូ គឺស្ថានីយ៍រថភ្លើង Tamachi ជិតសណ្ឋាគារយើងស្នាក់នៅ។
ផ្ទះមានទំហំតូចៗគឺជាចំណាប់អារម្មណ៍របស់ពួកយើង!
ខណៈពេលយើងកំពុងរីករាយនឹងទេសភាពវាលស្រែនិងចំការបន្លែខ្លះៗរបស់កសិករជប៉ុន (មានរប៉ះរប៉ោះពុំមានច្រើនទេ) និងទិដ្ឋភាពគម្ពោធព្រៃតូចៗតាមដងផ្លូវរថភ្លើងប្រហែល ៣០នាទីក្រោយមក យើងចាប់ផ្តើមឃើញសំណង់ផ្ទះពលរដ្ឋជប៉ុនមានទំហំតូចៗ តម្រៀបគ្នាជាជួរតាមបណ្តោយផ្លូវរថភ្លើងឆ្លងកាត់។ ភាគច្រើនវាជាសំណង់ផ្ទះ២ជាន់ប្រក់ដំបូលសាងសងគៀកៗ និងដាច់ៗពីគ្នាមានទំហំតូចៗ ដែលមានសភាពសាងសង់ខុសពីសំណង់ស្រុកខ្មែរយើង។ គួរបញ្ជាក់ដែរថា ជប៉ុនជាប្រទេសដែលគេស្គាល់ជាទូទៅថាមានគ្រោះរញ្ជួយដីញឹកញាប់ជាងគេមួយក្នុងពិភពលោក។ រួមជាមួយនឹងលក្ខខណ្ឌអាកាសធាតុ និងតង់ស៊ីតេប្រជាជនរស់នៅខ្ពស់ផងនោះ ជាទូទៅ សំណងផ្ទះរបស់ពលរដ្ឋជប៉ុន គឺពុំមានទំហំធំទូលាយពេកនោះទេ។ ម្យ៉ាងទៀត ដោយសារប្រទេសជប៉ុនមានប្រវត្តិរញ្ជួយដីញឹកញាប់ ដូច្នេះរាល់សំណង់អគារត្រូវបានសាងសង់ឡើងជាមួយនឹងប្រព័ន្ធសុវត្ថិភាពការពារពីការរញ្ជួយដី ដែលមានស្តង់ដារកំណត់ឡើងដោយច្បាប់សាងសង់ជប៉ុន។
ដោយហៀបនឹងលង់លក់នៅលើកៅអីរថភ្លើងដ៏មានផាសុកភាព និងមានរបៀបរៀបរយ គ្មានសំឡេងរំខានពីអ្នកអង្គុយជិតខាងផងនោះ បន្តិចម្តងៗ រថភ្លើងរបស់យើងបានធ្វើដំណើរចូលគៀកក្នុងទីក្រុងតូក្យូ។ មិនយូរប៉ុន្មានយើងក៏ដល់ពេលដូរខ្សែរថភ្លើងល្បឿនលឿន Skyliner ទៅខ្សែរថភ្លើងធម្មតាឈ្មោះ JR Line នៅស្ថានីយ៍ឈ្មោះ Nippori ។ នៅទីនេះមានសភាពអ៊ូអរ និងមមាញឹក។
ទីក្រុងមមាញឹកខ្លាំងជាងគេមួយក្នុងចំណោមទីក្រុងមមាញឹកជាងគេបង្អស់លើលោក!
ក្រោយប្តូរខ្សែរថភ្លើងទៅកាន់ខ្សែ JR Line (ឆ្ពោះទៅទិសដៅស្ថានីយ៍ Tamachi) យើងឃើញទិដ្ឋភាពមមាញឹករបស់ពលរដ្ឋជប៉ុនរស់នៅទីក្រុងតូក្យូកាន់តែច្បាស់។ ខណៈរថភ្លើងធ្វើដំណើរខិតចូលកាន់តែជិតសង្កាត់ទីប្រជុំជនមួយនៅម្តុំកណ្តាលទីក្រុងតូក្យូ យើងឃើញមានវត្តមានអ្នកប្រើប្រាស់(ឡើងចុះ)រថភ្លើងកាន់តែច្រើនឡើងៗ។ ពួកគាត់ចេញចូល និងប្តូរខ្សែរថភ្លើងពីរថភ្លើងមួយទៅរថភ្លើងមួយដើម្បីឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន ដែលយើងមិនដឹង។ ប៉ុន្តែ យើងប្រាកដថាភាគច្រើនពួគគាត់សុទ្ធតែជាអ្នកបម្រើការងារ ឬរស់នៅក្នុងទីក្រុងតូក្យូនេះ។ នៅក្នុងរថភ្លើង យើងឃើញបុរសៗ ស្លៀកពាក់ខោអាវឈុត (Suits) យ៉ាងសមរម្យ យួរកាបូបយួរដៃធ្វើពីស្បែកពណ៌ខ្មៅ ហើយអ្នកខ្លះមានជាកាបូបស្ពាយផង សំដៅចុះ និងខ្លះឡើងលើរថភ្លើងនៅតាមស្ថានីយ៍ដែលឈប់នីមួយៗ។ ជាមួយគ្នានោះ យើងក៏ឃើញមានវត្តមានស្រ្តីមានវ័យចំណាស់ធ្វើដំណើរតែឯង មានការបូបស្ពាយពីក្រោយ ឡើងជិះរថភ្លើង ឆ្ពោះទៅរកកៅអីអាទិភាព។ អ្នកដំណើរដទៃភាគច្រើនអង្គុយមើលទូរសព្ទស្មាតហ្វូនរបស់ខ្លួន ខ្លះអានសៀវភៅក្នុងសភាពស្ងៀមស្ងាត់។ ដោយសារទីក្រុងតូក្យូត្រូវបានគេស្គាល់ថាជាទីក្រុងដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដូច្នេះពលរដ្ឋរស់នៅក្នុងក្រុងធ្វើដំណើរថ្មើរជើងមានសភាពលឿនៗ ហើយការឡើងជិះរថភ្លើងមានសភាពមមាញឹកខ្លាំងនៅអំឡុងពេលព្រឹកព្រលឹម (ម៉ោងចេញទៅធ្វើការ) និងពេលល្ងាច (ម៉ោងចេញពីធ្វើការ) ជាដើម។ នៅក្នុងរថភ្លើង គេរក្សាភាពស្ងៀមស្ងាត់ ដោយមិនជជែកគ្នាដូចជាតិសាសន៍អាស៊ីដទៃទេ។
រថភ្លើង គឺជាមធ្យោបាយធ្វើដំណើរពេញនិយមបំផុត!
ប្រព័ន្ធដំណើរការរថភ្លើងក្នុងប្រទេសជប៉ុន ត្រូវបានគេស្គាល់ជាទូទៅពីភាពមានអនាម័យល្អ ភាពងាយស្រួល និងភាពទៀងទាត់ពេលរបស់វា។ ជាទូទៅ អ្នកដំណើរក្នុងរថភ្លើងតែងតែរក្សាភាពស្ងៀមស្ងាត់ ពុំទទួលទានកាហ្វេ ឬចំណីអាហារក្នុងរថភ្លើង ដែលនាំឱ្យមានសំឡេងនិងក្លិនមិនល្អនៅក្នុងរថភ្លើង បង្ករផលលំបាកដល់អ្នកក្បែរខាងឡើយ។ សីតុណ្ហភាពក្នុងទូរថភ្លើងគឺត្រូវបានសម្របសម្រួលយ៉ាងត្រឹមត្រូវ និងមានផាសុកភាពសម្រាប់អ្នកដំណើរគ្រប់គ្នា (បើកម៉ាស៊ីនកំដៅខណៈរដូវរងារ)។ នៅក្នុងទីក្រុងតូក្យូមានស្ថានីយ៍រថភ្លើង និងខ្សែរថភ្លើងជាច្រើនស្អេកស្កះតភ្ជាប់គ្នាពីកន្លែងមួយទៅកន្លែងមួយ។ ពលរដ្ឋរស់នៅក្នុងទីក្រុងតូក្យូ ជាទូទៅ ធ្វើដំណើរដោយប្រើប្រាស់រថភ្លើង។ រាល់ខ្សែរថភ្លើងគឺមកដល់តាមការកំណត់ ហើយចេញដំណើរជារៀងរាល់២ទៅ៣នាទីម្តង។ រាល់ម៉ោងចេញដំណើរគឺទៀងទាត់ណាស់! ដូច្នេះប្រសិនបើអ្នកខកខានពុំអាចឡើងជិះរថភ្លើងចេញមុនទេ សូមកុំបារម្ភ អ្នកគ្រាន់តែរង់ចាំ២ ឬ៣នាទីក្រោយ នឹងមានរថភ្លើងបន្ទាប់មកជាមិនខាន។
សម្រាប់ប្រជាជនអាស៊ី តម្លៃសំបុត្រគឺហាក់មានតម្លៃថ្លៃបន្តិច ក៏ប៉ុន្តែការធ្វើដំណើរតាមរថភ្លើងក្នុងប្រទេសជប៉ុន គឺពិតជាមានផាសុកភាព ភាពងាយស្រួល ( ទាំងការដូររថភ្លើងជិះទៅគ្រប់គោលដៅក្នុងនិងក្រៅក្រុងតូក្យូ ព្រោះមានស្ថានីយ៍ និងចំណុចតភ្ជាប់ច្រើន ហើយលើសពីនេះនៅគ្រប់ស្ថានីយ៍មានហាងអាហារ ហាងកាហ្វេ និងហាងលក់ទំនិញ២៤ម៉ោង។ល។ ជាច្រើនដែលបម្រើនូវតម្រូវការអ្នករស់នៅ និងភ្ញៀវទេសចរ)។
ទិញកាតបញ្ចូលប្រាក់(Suica ឬ Pasmo)សម្រាប់ទូទាត់ថ្លៃជិះរថភ្លើង និងទិញអីវ៉ាន់
យើងបានប្តូរខ្សែរថភ្លើងនៅស្ថានីយ៍ Nippori ។ នៅទីនោះ យើងបានសម្រេចចិត្តទិញកាត Pasmo (ឬកាត Suica) ដោយបង់ប្រាក់តម្លៃ ៥០០¥ និងបញ្ចូលប្រាក់ចំនួន ៥ ០០០¥ ទុកជាមុនសម្រាប់ម្នាក់ៗ។ ជាទូទៅ គេប្រើកាត Pasmo និង Suica ក្នុងការទូទាត់ប្រាក់ថ្លៃជិះរថភ្លើង ឬទិញទំនិញនៅតាមហាងម៉ាតជាដើម។ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចគឺពេញនិយមផងដែរនៅប្រទេសជប៉ុន។ (រូបថតម៉ាស៊ីនបញ្ចូលប្រាក់នៅស្ថានីយ៍)
ខណៈយើងឆ្លងកាត់សង្កាត់កណ្តាលក្រុងតូក្យូ យើងឃើញអគារខ្ពស់ៗ និងប្រណីតៗជាច្រើន។ មិនយូរប៉ុន្មាន យើងបានមកដល់ស្ថានីយ៍ Tamachi ដែលនៅក្បែរសណ្ឋាគារយើងស្នាក់នៅ នៅប្រមាណម៉ោង ១៣ និង ៣០នាទីថ្ងៃត្រង់។
កន្លែងទេសចរណ៍ដំបូងនៃដំណើរកម្សាន្តថ្ងៃទីមួយ~ទស្សនាទិដ្ឋភាពពេលរាត្រីដ៏អស្ចារ្យពីតួប៉មតូក្យូ (Tokyo Tower)!
ក្រោយចូលចុះឈ្មោះស្នាក់នៅឯសណ្ឋាគាររួចភ្លាម យើងបានចេញទៅញុំាអាហារថ្ងៃត្រង់នៅប្រមាណម៉ោង ១៤ និង ៣០នាទីរសៀល នៅឯហាងសាច់អាំងមួយកន្លែងស្ថិតនៅពាក់កណ្តាលផ្លូវពីស្ថានីយ៍ Tamachi និងសណ្ឋាគារ(ដើរប្រមាណ៣នាទី)។ ក្រោមអាកាសធាតុត្រជាក់បង្គួរ (យើងគ្រាន់តែសាគួរអាវក្រាស់បន្តិចសម្រាប់ពាក់ក្រៅ) យើងបានសម្រេចចិត្តញុំាបាយថ្ងៃត្រង់នៅហាងសាច់ស្តេកជប៉ុន។ ខុសពីពួកបស្ចឹមលោក ជនជាតិជប៉ុនមានទម្លាប់ញុំាសាច់ស្តេកជាមួយបាយស និងទឹកស៊ុប។ វប្បធម៌ទទួលទានសាច់គោ (សាច់ស្តេក) គឺត្រូវបានពលរដ្ឋជប៉ុនពេញនិយមទទួលទានជាទូទៅក្រោយអំឡុងទសវត្សឆ្នាំ១៩៧០។ ជាទូទៅ ជនជាតិជប៉ុនទទួលទានសាច់ត្រី ជាពិសេសត្រីឆៅ និងបាយជាចម្បង។ ក្រោយសង្រ្គាមលោកលើកទី២ ខណៈមានការបើកទទួលនូវវប្បធម៌ និងពានិជ្ជកម្មពីបស្ចឹមប្រទេសមក ពលរដ្ឋជប៉ុនផ្តើមពេញនិយមអាហារបែបបស្ចឹមប្រទេស ហើយកែច្នៃវាជាបែបជប៉ុនដែលមានរសជាតិពិសេស ខុសប្លែកពីអាហារដើមរបស់អ៊ឺរ៉ុប។ បន្ទាប់ពីញុំាឈុតបាយសាច់អាំងដ៏មានឱជារសឈ្ងុយឆ្ងាញរួចមក យើងបានសម្រេចចិត្តដើរទៅទស្សនា Tokyo Tower ដែលមានចម្ងាយមិនឆ្ងាយពេកពីសណ្ឋាគារយើងស្នាក់នៅ (យើងអាចមើលឃើញពីបន្ទប់សណ្ឋាគារ)។
យើងបានធ្វើដំណើរដោយថ្មើរជើងពីស្ថានីយ៍ Tamachi ទៅកាន់ Tokyo Tower ដែលត្រូវចំណាយពេលប្រមាណ ៣០នាទី។ នៅតាមដងផ្លូវ (មហាវិថី Mita Dori) រួមជាមួយអាកាសធាតុត្រជាក់ល្មមផងនោះ យើងរីករាយនឹងដើរទស្សនានូវហាងអាហារនានា (ដោយសារស្ថានីយ៍នេះធំ មានហាងអាហារចម្រុះច្រើនប្រភេទនៅជុំវិញ) រួមទាំងហាងកាហ្វេទំនើបៗបែបជប៉ុន នៅតាមបណ្តោយមហាវិថី ខណៈមានដើមផ្កាសាគូរ៉ាខ្លះកំពុងផ្តើមរីកយ៉ាងស្គុះស្គាយ និងស្រស់ស្អាតនៅតាមដងផ្លូវ។ លើសពីនេះ អ្វីដែលពុំអាចមើលរំលងបានដែរនោះ គឺសាកលវិទ្យាល័យ Keio ដែលជាគ្រឹះស្ថានអប់រំឯកជនដ៏ល្បីល្បាញបំផុតមួយនៅប្រទេសជប៉ុន។ ស្ថាបនិកសាកលវិទ្យាល័យនេះ គឺលោក Fukusawa Yukiji (រូបលោកត្រូវបានបោះពុម្ពលើក្រដាសប្រាក់ ១០ ០០០យ៉េនចាស់) ដែលជាទស្សនវិទូជប៉ុនមួយរូបមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងប្រវត្តិសាស្រ្តសម័យទំនើបជប៉ុន។ ទស្សនៈវិជ្ជារបស់លោក Fukusawa Yukiji ត្រូវបានគេនិយាយថាជាមូលដ្ឋាននៃការធ្វើទំនើបកម្មរដ្ឋរបស់ប្រទេសជប៉ុន ដែលនាំឱ្យមានការរីកចម្រើននាពេលបច្ចុប្បន្ន។ ក្រោយថតរូបអនុស្សាវរីយ៍នៅមុខក្លោងទ្វារខាងកើតនៃសាកលវិទ្យាល័យ Keio នេះរួច យើងបានបន្តដំណើរទៅមុខបន្តទៀតឆ្ពោះទៅកាន់ Tokyo Tower ។
Tokyo Tower គឺជានិមិត្តរូបមួយរបស់ទីក្រុងតូក្យូ។ សាងសង់នៅឆ្នាំ១៩៥៨ និងស្ថិតនៅចំកណ្តាលទីក្រុងតូក្យូ មានកម្ពស់ ៣៣៣ម៉ែត្រ វាគឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងពេញនិយមបំផុតមួយសម្រាប់ទាំងភ្ញៀវទេសចរជប៉ុន និងបរទេស។ ការសម្រេចចិត្តមកទស្សនាក្នុងអំឡុងពេល ប្រមាណជាម៉ោង ៥ ល្ងាច គឺជាជម្រើសដ៏ប្រសើរមួយ។ ក្រោយពីដើរទស្សនាហាងលក់វត្ថុអនុស្សាវរីយ៍ហាងកាហ្វេ និងញុំាអាហារសម្រន់បន្តិចបន្តួចរួចមក យើងបានទិញសំបុត្រសម្រាប់ឡើងទស្សនាពីជាន់ខ្ពស់បំផុតនៃតួប៉មតូក្យូនេះ (តម្លៃ២១០០យ៉េន/ម្នាក់)។ ការទស្សនាទិដ្ឋភាពទីក្រុងតូក្យូពីលើអាកាស គឺពិតជាធ្វើឱ្យអ្នកមានអារម្មណ៍រំភើប! ទិដ្ឋភាពប្រែពណ៌ពីព្រលប់ទៅពេលរាត្រី ខណៈទីក្រុងទាំងមូលត្រូវបានបំភ្លឺដោយភ្លើងពណ៌នៃអគារនីមួយៗលាតសន្ធឹងពេញផ្ទៃដីទីក្រុងតូក្យូ គឺពិតជាអស្ចារ្យ និងពុំអាចបំភ្លេចបាននូវភាពទំនើបទាន់ស័យនៃទីក្រុងមួយនេះ។
អាហារត្រីឆៅដ៏ស្រស់មានរសជាតិពុំអាចបំភ្លេចបាន! (Sushi restaurant)
មានភោជនីយដ្ឋានច្រើនប្រភទនៅម្តុំសណ្ឋាគារយើងស្នាក់នៅ។ ដូច្នេះសម្រាប់អាហារពេលល្ងាច ក្រោយពីការឡើងទស្សនាទេសភាពនាពេលរាត្រីនៅកណ្តាលក្រុងតូក្យូ គួរត្រូវបានអបអរដោយអាហារពិសេសរបស់ជប៉ុន។ អាហារ Sushi (ត្រីឆៅបន្តុបលើដុំបាយ) គឺជាជម្រើសសម្រាប់អាហារពេលល្ងាចរបស់យើង។ Sushi ត្រី Tuna (Otoro និង Chutoro) គឺស្រស់ និងមានរសជាតិឆ្ងាញ់ពុំអាចបំភ្លេចបាន ជាមួយនឹងស្រាសាកេ (ក្តៅ) ឬស្រាបៀរត្រជាក់! យើងខ្ញុំសូមណែនាំនូវឈុតម្ហូបត្រីឆៅ ប្រសិនបើប្រិយមិត្តមានឱកាសមកទស្សនាប្រទេសជប៉ុន ជាពិសេស ទីក្រុងតូក្យូ (ចំណាយ ៤០០០¥ ទៅ ៦០០០¥/ ម្នាក់)
この記事が気に入ったら
いいね!しよう
We will send you the latest information
គោលដៅទេសចរដ៏ទាក់ទាញពីក្រុង Nikkō
2022.12.28 Japan ViewNyoNyum Khmer
សួនឧទ្យាន Hitachi Seaside Park
2022.10.17 Japan ViewNyoNyum Khmer
តំបន់ទេសចរណ៍ពេញនិយមពីខេត្ត Saitama
2022.08.16 Japan View
ទស្សនាអតីតរាជធានីបុរាណជប៉ុន នាសម័យ កាម៉ាគូរ៉ា (Kamakura)
2022.06.13 Japan ViewNyoNyum Khmer未分類
(ភាសាខ្មែរ) ស្លឹកឈើពណ៌ក្រហមសរទរដូវដែលគេគយគន់ពី Ropeway 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) កម្រាលព្រំពណ៌ក្រហម ~ ផ្កា Red spider lily ~ 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) បំណងប្រាថ្នាដែលផ្ញើតាមទៀន (គោម) 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ទេសភាពភ្នំហ្វុជីមើលពីឈូងសមុទ្រ Suruga 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ទង់សម្បូរផលនេសាទ ដែលនាំមកនូវសុភមង្គលដល់មនុស្សម្នា 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ការបួងសួងសុំអោយកូនមាន សុខភាពល្អមាំមួន “KOI-NOBORI” 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ជិះសេះបាញ់ធ្នូសរ “Yabusame” នៅស្រុក Takeo ខេត្ត Saga 【Japan view】
2019.12.06 Japan View
(ភាសាខ្មែរ) ពិធីបុណ្យបាញ់កាំជ្រួចនៅស្រុក Ichikawa ខេត្ត Chiba
2019.11.29 Japan View
(ភាសាខ្មែរ) ចុះសង្កេតមើល និងទិញអីវ៉ាន់នៅក្នុងហាង【ដំណើរកំសាន្តរបស់ផល្លី】
2019.11.29 Japan View
(ភាសាខ្មែរ) 【Japan View】ពិធីបុណ្យដែលមានឥទ្ធិពលខ្លាំងក្លាស្នងពីសម័យកាលមួយទៅសម័យកាលមួយ
2019.09.18 Japan View
ហោរាសាស្ត្រប្រចាំខែ កុម្ភះ ២០២៤
2024.02.05 Fortune Teller
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP3
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
បងស្រី យូគី និទានពីប្រវតិ្តនៃការបង្កើតទស្សនាវដ្តី “ញញឹម” ភាសាជប៉ុន EP2
2023.12.25 NyoNyum KhmerNyoNyum Khmer Special Topics
ការរីកចម្រើននៃរាជធានីភ្នំពេញបច្ចុប្បន្ន
2023.09.13 NyoNyum Khmer
ស្ថានភាពការងារ និងជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ
2023.07.11 NyoNyum Khmer
ប្រវត្តិកម្ពុជាក្នុងកីឡាស៊ីហ្គេម
2023.05.16 NyoNyum Khmer Special Topics
ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា
2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics
SEA Games 2023 in Cambodia
2023.05.11 NyoNyum Khmer
(ភាសាខ្មែរ) ជំនួយសម្រាប់ការថែទាំសុខភាពពីរដ្ឋាភិបាលជប៉ុន
2021.06.01 Special Topics