គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
បទសម្ភាសន៍ប្រធានសមាគមនិស្សិតខ្មែរ អំពីការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសជប៉ុន
2022.03.22

លោក ហែម ស៊ីថៃ (២៦ឆ្នាំ) ត្រូវបានជ្រើសរើសជាតំណាងនៃសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន សម្រាប់អណត្តិឆ្នាំ២០២២ ហើយលោកក៏ជានិស្សិតស្រាវជ្រាវថ្នាក់បណ្ឌិតផ្នែកអភិវឌ្ឍសង្គម មួយរូបផងដែរ។ ជាអតីតនិស្សិតសិក្សាជំនាញភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ស៊ីថៃ បានសិក្សាស្វែងយល់អំពីសង្គម និងវប្បធម៌ជប៉ុនជាច្រើន ព្រមទាំងចេះនិយាយភាសាជប៉ុនយ៉ាងស្ទាត់ជំនាញមុននឹងលោកទៅសិក្សានៅប្រទេសជប៉ុននៅឆ្នាំ២០១៨។ ក្នុងអំឡុងពេលរស់នៅ និងសិក្សាស្រាវជ្រាវក្នុងប្រទេសជប៉ុនរយៈពេលជាង ៤ ឆ្នាំកន្លងមកនេះ ក្រៅពីកិច្ចការស្រាវជ្រាវនៅសាកលវិទ្យាល័យលោក ស៊ីថៃបានបំពេញការងារស្ម័គ្រចិត្ត និងការងារក្រៅម៉ោងសិក្សាផងដែរ ដើម្បីផ្សាភ្ជាប់នូវអ្វីដែលខ្លួនបានសិក្សាទៅនឹងសង្គមពិត ក្នុងគោលបំណង
ស្វែងយល់ឱ្យស៊ីជម្រៅអំពីប្រជាជន និងសង្គមជប៉ុន។ ទស្សនាវដ្តីញញឹមខ្មែរ បានធ្វើបទសម្ភាសន៍ដើម្បីសាកសួររូបលោក អំពីការយល់ឃើញផ្ទាល់ខ្លួន ចំពោះជីវភាពរស់នៅ ការសិក្សា និងការងារស្ម័គ្រចិត្តជាប្រធាននិស្សិតខ្មែរអណត្តិឆ្នាំ២០២២នេះ ដូចតទៅ។

ប្រវត្តិសិក្សាមុនពេលមកប្រទេសជប៉ុនមុនពេលមកសិក្សានៅប្រទេសជប៉ុន

ខ្ញុំគឺជានិស្សិតដែលរៀនជំនាញភាសាជប៉ុន (អក្សរសាស្រ្តជប៉ុន) នៅ វិទ្យាស្ថានភាសាបរទេស (IFL) ដោយពេលនោះខ្ញុំបន្តរៀនរហូតដល់បញ្ចប់ការសិក្សាឆ្នាំទី៣។ តាមពិតទៅខ្ញុំបានមកប្រទេសជប៉ុនជាលើកដំបូង គឺក្នុងឆ្នាំ២០១៦ ក្នុងនាមជានិស្សិតផ្លាស់ប្ដូរការសិក្សា (Exchange Student) រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Utsunomiya។ មូលហេតុដែលនាំឱ្យខ្ញុំបានមករៀននៅជប៉ុនតាមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងពេលនោះ គឺដោយសារកម្មវិធីផ្ដល់អាហារូបករណ៍សម្រាប់និស្សិតឆ្នើម ដែលខ្ញុំបានដាក់ពាក្យស្នើសុំនៅសាកលវិទ្យាល័យ។ ដោយមានពិន្ទុសិក្សាខ្ពស់ និងបានបំពេញនូវលក្ខខណ្ឌត្រឹមត្រូវ ខ្ញុំបានជាប់អាហារូបករណ៍ នោះរយៈពេល១ឆ្នាំ គឺចាប់ផ្ដើមពីឆ្នាំសិក្សា២០១៦ ដល់ឆ្នាំ២០១៧។

ការបន្តសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន

នៅឆ្នាំ២០១៧ ក្រោយពេលដែលខ្ញុំបញ្ចប់កម្មវិធីផ្លាស់ប្ដូរការសិក្សានៅជប៉ុន ខ្ញុំបានត្រឡប់មករៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាជប៉ុន នៅវិទ្យាស្ថានភាសាបរទេសរយៈពេលមួយឆ្នាំទៀត។ នៅក្នុងអំឡុងពេលនោះខ្ញុំក៏បានដាក់ពាក្យសុំអាហារូបករណ៍មួយផ្សេងទៀត ដែលផ្ដល់ឱកាសឱ្យនិស្សិតខ្មែរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន។ ឆ្លងកាត់តាមលក្ខខណ្ឌដាក់ពាក្យ និងសម្ភាសន៍រួចមក ខ្ញុំត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍មួយសម្រាប់ថ្នាក់អនុបណ្ឌិតនេះស្របពេលខ្ញុំរៀនជិតចប់ឆ្នាំទី៤។ ដូច្នេះ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាជប៉ុនភ្លាម ខ្ញុំបានបន្តមកសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន ក្នុងខែកញ្ញាឆ្នាំ២០១៨ តែម្ដង។ ការមកសិក្សានៅប្រទេសជប៉ុនជាលើកទី២នេះ គឺជាបំណងប្រាថ្នាធំរបស់ខ្ញុំ ក្នុងផ្នែកសិក្សាអន្តរជាតិ។នៅក្នុងដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ ដែលខ្ញុំបានសិក្សាសម្រាប់ថ្នាក់អនុបណ្ឌិតកន្លងទៅនេះ គឺសិក្សាលើមុខជំនាញ អភិវឌ្ឍសង្គម (Social Design)។ ជំនាញនេះ គឺសិក្សាទៅលើផ្នែកអភិវឌ្ឍសង្គម ដោយផ្ដោតសំខាន់ទៅលើសុខមាលភាពសាធារណៈរបស់ជនអន្តោប្រវេសន៍ ដែលមករស់នៅក្នុងប្រទេសជប៉ុន។ ជាឧទាហរណ៍ យើងធ្វើការសិក្សាលើជនអន្តោប្រវេសន៍ ថាតើពួកគាត់នឹងជួបប្រទះនូវបញ្ហាអ្វីខ្លះប្រសិនបើមករស់នៅបរទេស ហើយប្រសិនបើតំបន់មួយបើកទទួលឱ្យជនបរទេសមករស់នៅ ថាតើសេវាសាធារណៈបែបណា(ដូចជានៅមន្ទីរពេទ្យ សាលារៀន បុស្តិ៍ប៉ូលិសជាដើម) គួរត្រូវបានគិត និងត្រៀមរៀបចំសម្រាប់អ្នកទាំងនោះ រួមទាំង ការបង្កើតឡើងនូវក្រុមភាសាចម្រុះ ដើម្បីជួយសម្រួលដល់ពួកគាត់ពេលជួបបញ្ហា។ល។ និយាយជារួម ជំនាញអភិវឌ្ឍសង្គមនេះ គឺយកចិត្តទុកដាក់ និងគាំពារទៅលើផ្នែក សុខមាលភាពការអប់រំ សុវត្ថិភាព និងបញ្ហាវិបតិ្តផ្លូវចិត្តរបស់ជនបរទេស ដែលមករស់នៅក្នុងប្រទេសជប៉ុន។ សម្រាប់ថ្នាក់បណ្ឌិតបច្ចុប្បន្ននេះ ខ្ញុំបន្តស្រាវជ្រាវលម្អិតនៅលើមុខជំនាញអភិវឌ្ឍសង្គមដដែល ដោយផ្តោតសំខាន់ឱ្យស៊ីជម្រៅលើវិស័យគាំពារ និងសុខមាលភាពរបស់ជនអន្តោប្រវេសន៍។

អំពីជវភាពរស់នៅក្នុងប្រទេសជប៉ុន

ការចេះភាសាជប៉ុន គឺជាទុនមួយដែលបានជួយដល់ការសិក្សារបស់ខ្ញុំជាច្រើន ក្នុងការទំនាក់ទំនងជាមួយសាលា មិត្តភក្ដិ និងជនជាតិជប៉ុនរស់នៅជុំវិញខ្លួន។ មួយវិញទៀត វាបានជួយឱ្យខ្លួនខ្ញុំមានភាពក្លាហានក្នុងការប្រកួតប្រជែងជាមួយនិស្សិតជប៉ុនទៀតផង។ យ៉ាងណាមិញប្រសិនបើយើងមករៀននៅជប៉ុន ហើយចេះត្រឹមតែភាសាជប៉ុនមួយនោះ គឺយើងមិនមានអ្វីលើសពីនិស្សិតជប៉ុននោះទេ គឺយើងប្រៀបដូចជានិស្សិតជប៉ុនធម្មតាអញ្ចឹង។ ប៉ុន្តែ ប្រសិនបើយើងចេះភាសាជប៉ុន និងអង់គ្លេសផងនោះ រួមទាំងជំនាញអ្វីផ្សេងបន្ថែមទៀត ទើបយើងមើលទៅអាចលើសនិស្សិតជប៉ុនបាន។ ទោះជាយ៉ាងណាក៏ដោយ ការចេះភាសាជប៉ុន គឺអាចជួយយើងបានច្រើនក្នុងការស្វែងយល់ពីវប្បធម៌ និងអត្តចរិតរបស់ជនជាតិជប៉ុន តាមរយៈការប្រាស្រ័យទាក់ទងផ្ទាល់ និង
តាមការអាននានា ដែលធ្វើឱ្យយើងងាយបន្សាំខ្លួនក្នុងការរស់នៅក្នុងប្រទេសជប៉ុន។

ក្រៅពីនេះ ផលលំបាកខ្លះដែលខ្ញុំជួបប្រទះនោះ គឺភាពឯកកោរ។ ខ្ញុំគិតថា ជាទូទៅ នៅពេលយើងមករស់នៅក្នុងប្រទេសដទៃ ដែលជាសង្គមមួយថ្មី វានឹងធ្វើឱ្យយើងមានអារម្មណ៍ថាឯកា។ ម្យ៉ាងទៀត ពេលមានបញ្ហា ការដែលមិនដឹងថាត្រូវទៅរកអ្នកណាឱ្យជួយ គ្មានអ្នកប្រឹក្សាយោបល់ពេលជួបបញ្ហាជាដើម គឺជាផលលំបាកដែលខ្ញុំធ្លាប់បានជួបប្រទេះនាពេលកន្លងមក។

សកម្មភាពក្រៅពីការសិក្សាស្រាវជ្រាវ

ទាំងថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតនេះ គឺខ្ញុំពុំមានបញ្ហាប្រាក់កាសសម្រាប់ជីវភាពរស់នៅនោះទេ ព្រោះតម្លៃអាហារូបករណ៍ដែលផ្ដល់ឱ្យ គឺគ្រប់គ្រាន់សម្រាប់ការចាយវាយ និងធ្វើកិច្ចការស្រាវជ្រាវផ្សេងៗ។ ដូច្នេះ ក្រៅពីការស្រាវជ្រាវនៅសាលា ខ្ញុំអាចទៅធ្វើការងារស្ម័គ្រចិត្តនិងការងារក្រៅម៉ោងមួយចំនួន។ ខ្ញុំតែងតែឆ្លៀតពេលទំនេរមួយចំនួនដើម្បីធ្វើការងារស្ម័គ្រចិត្តជាអ្នកបកប្រែនៅសាលាស្រុក បុស្តិ៍ប៉ូលិស និងមន្ទីរពេទ្យ ហើយការបកប្រែនេះពេលខ្លះជួយឱ្យខ្ញុំទទួលបានកម្រៃខ្លះៗដែរ។ ខ្ញុំធ្វើការងារស្ម័គ្រចិត្តនេះ គឺមិនមែនដើម្បីផ្ដោតទៅលើការរកប្រាក់នោះទេ គឺខ្ញុំធ្វើដើម្បីជួយសម្រួលដល់បងប្អូនខ្មែរ ដែលគាត់មកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ហើយមួយទៀតនោះ គឺដើម្បីជាការថ្លែងអំណគុណចំពោះជនជាតិជប៉ុន ដែលជួយផ្ដល់អាហារូបករណ៍ដល់រូបខ្ញុំ និងនិស្សិតខ្មែរដទៃទៀត ជាការតបស្នងត្រឡប់ទៅវិញ។

ការយល់ឃើញអំពីវប្បធម៌ និងការរស់នៅរបស់ជនជាតិជប៉ុន

ដំបូងខ្ញុំមានអារម្មណ៍ថាប្រជាជនជប៉ុនប្រៀបដូចជាមនុស្សយន្តអញ្ចឹងព្រោះពួកគាត់ខិតខំផ្ដោតលើការងារនិងមានភាពហ្មត់ចត់ ម៉ឺងម៉ាត់ជាមួយការងារខ្លាំងពេក។ វប្បធម៌ធ្វើការងារច្រើនពេកបែបនេះ មើលទៅហាក់មិនសូវមានក្ដីសុខក្នុងជីវិតឡើយ ដោយសារពួកគាត់យកពេលវេលាស្ទើរតែទាំងស្រុងរបស់ខ្លួន ទៅបំពេញតែការងាររបស់ពួកគាត់។ ម្យ៉ាងទៀតខ្ញុំសង្កេតឃើញញថា ប្រជាជនជប៉ុនមានការកំណត់ច្បាស់លាស់អំពីគម្រោងធ្វើអ្វីមួយ ឬផែនការសម្រាប់ជីវិតរស់នៅរបស់ពួកគាត់នាពេលខាងមុខ។ ប៉ុន្តែ ពេលខ្ញុំរស់នៅក្នុងប្រទេសនេះយូរៗទៅ ខ្ញុំក៏យល់ថាទំនៀមទម្លាប់បែបនេះ គឺជារឿងល្អទៅវិញ។ តាមពិតទៅ ជនជាតិជប៉ុនមិនមែនគ្មានក្ដីសុខទេ តែអ្វីដែលជាក្ដីសុខរបស់ជនជាតិនេះ គឺការធ្វើការងារអស់ពីចិត្ត និងប្រឹងប្រែងធ្វើការឱ្យបានល្អ រួមទាំងការបំពេញការងារបានច្រើនទៅវិញ។

ក្រោយបញ្ចប់ការស្រាវជ្រាវថ្នាក់បណ្ឌិត

បន្ទាប់ពីបញ្ចប់ថ្នាក់បណ្ឌិតនេះ ខ្ញុំចង់បន្តធ្វើការងារដែលខ្ញុំកំពុងធ្វើសព្វថ្ងៃនេះ ពោលគឺ ការងារជាមន្ត្រីកិច្ចសន្យាសម្របសម្រួលជនបរទេសក្នុងប្រទេសជប៉ុន រយៈពេលមួយឆ្នាំ ឬពីរឆ្នាំ បន្តទៀតដើម្បីបន្តដកស្រង់យកបទពិសោធន៍ពីការងារនេះ។ នៅថ្ងៃអនាគត ខ្ញុំមានបំណងចង់ក្លាយជាមន្រ្ដីមួយរូបផ្នែកសម្របសម្រួលជនបរទេសនៅសាលាក្រុង ឬនៅក្រសួងណាមួយ ដែលទាក់ទង់នឹងជំនាញរបស់ខ្ញុំ ដើម្បីចូលរួមបម្រើការស្រុកទេសរបស់យើង។ ខ្ញុំចង់ឃើញប្រទេសយើងមានការអភិវឌ្ឍន៍ដូចប្រទេសជប៉ុន ដែលមានការរៀបចំ និងចាត់ចែងទីក្រុងមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ និងមានលក្ខណៈជាប្រព័ន្ធហើយមានភាពជឿនលឿនដូចជាប្រទេសដទៃ។

ពាក្យផ្ដាំផ្ញើដល់និស្សិតខ្មែរដែលមានបំណងទៅសិក្សានៅប្រទេសជប៉ុន

ខ្ញុំគិតថាការយល់ដឹងពីវប្បធម៌ ការរស់នៅ និងភាសារបស់ជាតិសាសន៍មួយ គឺជារឿងសំខាន់ ដើម្បីបន្សាំខ្លួនមុននឹងទៅរស់នៅទីនោះផ្ទាល់។ ការរស់នៅក្រៅប្រទេស គឺមានការលំបាកច្រើន ដូច្នេះសូមកុំមានគំនិតគិតថាទៅរៀននៅបរទេសដើម្បីសប្បាយនោះឡើយ។ ដូច្នេះ បើអ្នកចង់មកសិក្សានៅបរទេស គឺត្រូវរៀនភាសាប្រទេសនោះ និងធ្វើការយល់ដឹងឱ្យបានច្រើនអំពីវប្បធម៌នៃជាតិសាន៍នោះជាមុន។ ម្យ៉ាងទៀត ការដឹងពីទីតាំងដែលងាយស្រួលក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗដែលនិស្សិតអាចនឹងជួបប្រទះ ដូចជា សមាគមនិស្សិតជាដើម ក៏ជាប្រការសំខាន់
មួយផងដែរ។ មួយវិញទៀត ការទៅរៀននៅស្រុកក្រៅ និស្សិតត្រូវប្រឹងចាប់យកនូវចំណេះដឹងល្អៗឱ្យបានច្រើនពីប្រទេសនោះ ដែលនឹងធ្វើឱ្យសង្គមរីកចម្រើន និងត្រូវដឹងថាយើងមកទីនេះដើម្បីអ្វី ហើយនឹងនាំយកអ្វីត្រឡប់ទៅវិញ ដើម្បីអភិវឌ្ឍសង្គមជាតិយើងវិញ។

បេសកកម្មក្នុងនាមជាប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន

ក្នុងនាមជាប្រធានសមាគមនិស្សិត ខ្ញុំមានបំណងធ្វើការកៀរគរនិស្សិតខ្មែរទាំងអស់ឱ្យបានយល់ពីគោលគំនិតដំបូងនៃការបង្កើតសមាគមនិស្សិតនេះឡើង។ នៅក្រោមពាក្យស្លោកខ្មែរបុរាណមួយដែលពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ” ខ្ញុំចង់ឃើញនិស្សិតខ្មែរលះបង់គំនិតបក្សពួកនិយមចេញ និងមិនមានគំនិតអវិជ្ជមានលើគ្នាទៅវិញទៅមក ឬការគិតតែពីផលប្រយោជន៍សម្រាប់ខ្លួន ឬបក្សពួកខ្លួន បែរមកគិតពីផលប្រយោជន៍រួមវិញ។ មួយវិញទៀត ខ្ញុំចង់ឃើញសមាគមមានជំហរអព្យាក្រឹតរឹងមាំ សម្រាប់ជាទីប្រាស្រ័យរបស់និស្សិតគ្រប់រូប និងគ្រប់និន្នាការ។ ការស្វែងរកទីតាំងការិយាល័យកណ្តាលសម្រាប់សមាគមនិស្សិតខ្មែរធ្វើការ ក៏ជាគោលដៅមួយដែលសមាគមយើងខ្ញុំចង់បានដែរ៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យជំនួញ

2022.07.22 NyoNyum Khmer Special Topics未分類

មន្ទីរពេទ្យសត្វជប៉ុន

2022.05.30 NyoNyum Khmer Special Topics未分類

ឆ្មាកាហ្វេ (CHHMA Catfé )

2022.05.27 NyoNyum Khmer Special Topics未分類

របរទិញនិងរើសអេតចាយ

2022.03.22 NyoNyum Khmer Special Topics未分類

សាលាដូង សាលាច្នៃពីសំរាម?!

2022.03.22 NyoNyum Khmer Special Topics未分類

土器作り 60 年

2015.12.29 未分類

土と生きる

2015.09.01 未分類

ケーマ

2015.06.28 未分類

男性陶工

2015.03.02 未分類

2014.12.23 未分類

ハガーレストラン

2014.11.04 未分類

村の新しい選択

2014.11.02 未分類

アレーバー

2014.08.27 未分類

ワンモア

2014.06.29 未分類

ドレ

2014.04.30 未分類

休業日のお知らせ

2014.04.12 未分類

クィタペナス

2014.04.02 未分類

キャバレー

2013.12.23 未分類

麺屋がち

2013.10.30 未分類

フレンズ

2013.08.28 未分類

男の子が生まれた

2013.08.27 未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer