គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ការជួយជ្រោមជ្រែងអត្តពលិកខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០
ការជួយជ្រោមជ្រែងអត្តពលិកខ្មែរក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ២០២០
2021.11.23

អត្តពលិកគឺជាតួអង្គសំខាន់នៅក្នុងការប្រកួត។ យ៉ាងណាមិញ នៅជុំវិញអត្តពលិកនីមួយៗមានគ្រូបង្វឹក និងជំនួយការជាដើម ជាអ្នកទំនុកបម្រុង និងមានអ្នកគាំទ្រដោយផ្ទាល់ និងដោយប្រយោលជាច្រើនផងដែរ។ ញញឹមខ្មែរ បានធ្វើការសាកសួរគ្រូបង្វឹក និង អ្នកគាំទ្រខ្មែរមួយចំនួនដែលបានទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិក ​និងរ៉ាឡាំពិកតូក្យូ២០២០ កន្លងទៅនេះ។

គ្រូបង្វឹកកីឡាហែលទឹក លោក ហែម ថុនពន្លឺ

លោក ហែម ថុនពន្លឺ ជាអតីតកីឡាករហែលទឹកជម្រើសជាតិកម្ពុជាចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៧។ ដោយមានឪពុកជាកីឡាករហែលទឹកជម្រើសជាតិដ៏ល្បីឈ្មោះស្រាប់ផងនោះ ទើបធ្វើឱ្យលោកមានឱកាសបានចូលហ្វឹកហាត់តាំងពីខ្លួនមានអាយុ ៨ឆ្នាំ។ ក្រោយពីបានប្រលូកក្នុងវិស័យនេះអស់រយៈពេលប្រមាណ ២០ឆ្នាំ លោកបានកសាងកេរ្តិ៍ឈ្មោះ តាមរយៈការទៅចូលរួមប្រកួតតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗដូចជា៖ កីឡាស៊ីហ្គេម អាស៊ានហ្គេម និងកីឡាអូឡាំពិក ព្រមទាំងបានចូលរួមប្រកួតនៅបណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុបមួយចំនួនដូចជា៖ ប្រទេស អង់គ្លេស អាហ្សង់ទីន អ៊ីតាលី កាណាដា រ៉ុស្សីជាដើម។ នៅឆ្នាំ២០១៧ លោកបានប្រកាសលាឈប់ពីជម្រើសជាតិ ហើយមួយឆ្នាំក្រោយមកលោកត្រូវបានសហព័ន្ធកីឡាហែលទឹកកម្ពុជាជ្រើសរើសជាគ្រូបង្វឹករហូតមកទល់បច្ចុប្បន្ន។

សំណួរៈ តើលោកគ្រូបានត្រៀមយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដឹកនាំកីឡាករហែលទឹកកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ២០២០?

មុនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូនេះ សហព័ន្ធកីឡាហែលទឹកកម្ពុជាក្រោមការដឹកនាំបង្វឹកដោយរូបខ្ញុំផ្ទាល់ បានត្រៀមយុទ្ធសាស្ត្រហ្វឹកហាត់បំពាក់បំប៉នស្មារតីដល់កីឡាករ កីឡាការិនីហែលទឹកយើង ទៅលើបច្ចេកទេសជាពិសេសដូចជា៖ កម្លាំង ល្បឿន ការអំណត់ និងការលោតជាដើម ដើម្បីតម្រូវទៅតាមវិញ្ញាសារបស់កីឡាអូឡាំពិកលើកនេះ។ ជាធម្មតា ខ្ញុំបង្ហាត់ពួកគាត់រយៈពេល ៦ថ្ងៃក្នុងមួយសប្ដាហ៍ ដោយក្នុង១ថ្ងៃហាត់រយៈពេល ៦ម៉ោង។ មួយវិញទៀត ខាងសហព័ន្ធក៏បានបញ្ជួនពួកគាត់ឱ្យចេញទៅហ្វឹកហាត់នៅក្រៅស្រុក ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសថ្មីៗបន្ថែមផងដែរ។

សំណួរៈ តើលោកគ្រូយល់ឃើញបែបណាពីកិច្ចស្វាគមន៍របស់ប្រទេសម្ចាស់ផ្ទះជប៉ុន ចំពោះកម្ពុជា?

ការទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកលើកនេះ ក្នុងនាមជាគ្រូបង្វឹកផ្នែកកីឡាហែលទឹក ខ្ញុំសង្កេតឃើញថា ប្រទេសម្ចាស់ផ្ទះជប៉ុនបានទទួលស្វាគមន៍រាក់ទាក់យ៉ាងល្អបំផុត ចាប់តាំងពីក្រុមកីឡាកម្ពុជាទៅដល់ព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ។ កន្លែងស្នាក់នៅមានផាសុកភាព ហើយកន្លែងហ្វឹកហាត់ទៀតសោតក៏ទំនើបមានសម្ភារៈថ្មីៗសម្បូរបែប ដែលងាយស្រួលសម្រាប់អត្តពលិកហ្វឹកហាត់។ មួយវិញទៀត ម្ចាស់ផ្ទះជប៉ុនបានយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ក្រុមកីឡាទាំងអស់ ដោយមានការយកសំណាកជារៀងរាល់ព្រឹក និងហាមមិនឱ្យចេញទៅណាក្រៅពីបរិវេណភូមិកីឡានោះឡើយ ដ្បិតចង់រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩។

សំណួរៈ តើលោកគ្រូយល់ឃើញបែបណាចំពោះការប្រកួតរបស់អត្តពលិកហែលទឹកកម្ពុជា?

យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថាសមត្ថភាពកីឡាករហែលទឹកកម្ពុជាយើងគឺនៅមានកម្រិត បើធៀបជាមួយកីឡាករហែលទឹកជម្រើជាតិប្រទេសគេ ដែលធ្លាប់មានបទពិសោធន៍ បូករួមនឹងបច្ចេកទេសខ្ពស់ផងនោះ។ យ៉ាងណាក៏ដោយ ក្នុងនាមខ្ញុំជាគ្រូបង្វឹកផ្ទាល់ ខ្ញុំ ពិតជាមានអារម្មណ៍រំភើប និងស្ងើចសរសើរយ៉ាងខ្លាំងនៅពេលឃើញទឹកចិត្តដ៏អង់អាចរបស់កីឡាករ និងកីឡាការិនីខ្មែរយើង នៅក្នុងការប្រកួត ទោះបីយើងមិនទាន់អាចឈានទៅដណ្ដើមមេដាយក៏ពិតមែន ប៉ុន្ដែកីឡាករកីឡាការិនីយើង សុទ្ធតែបានបំបែកថិរវេលាចាស់របស់ពួកគាត់រៀងៗខ្លួន។ ក្នុងនាមជាគ្រូបង្វឹក ខ្ញុំមានមោទនភាពដែលឃើញពួកគាត់រីកចម្រើនបែបនេះ។

សំណួរៈ តើលោកគ្រូនឹងត្រៀមយុទ្ធសាស្ត្របែបណាបន្តទៀត ក្នុងការដឹកនាំបង្ហាត់កីឡាករ កីឡាការិនី ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសគឺកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣នេះ?

បទពិសោធន៍ពីការចូលរួមព្រឹត្តិការណ៍ធំៗពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅទីនោះជាកន្លែងប្រជុំទៅដោយអ្នកខ្លាំង និងមានបច្ចេកទេសខ្ពស់ ដូច្នេះយើងត្រូវបន្តរៀនពីគេដើម្បីយកទៅអភិវឌ្ឍខ្លួន។ ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ខ្ញុំនឹងយកបទពិសោធន៍ និងបច្ចេកទេសដែលខ្ញុំធ្លាប់មានកាលពីនៅជាកីឡាករ ព្រមទាំងបទពិសោធន៍គ្រូបង្វឹកដែលបានចេញទៅរៀននៅក្រៅស្រុក ជាពិសេស បទពិសោធន៍ដែលទទួលបាននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូកាលពីពេលថ្មីៗនេះ មកបង្ហាត់បង្ហាញដល់កីឡាករ កីឡាការិនីកម្ពុជា។ យុទ្ធសាស្រ្តផ្សេងពីនេះទៀតគឺ ការបញ្ជូនកីឡាករ កីឡាការិនី ចេញទៅហ្វឹកហាត់នៅក្រៅស្រុក ព្រោះថាការហាត់នៅក្រៅប្រទេសនឹងនាំឱ្យពួកគាត់ជួប កីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្លាំងៗ ជាជាងហាត់តែនៅក្នុងស្រុកដោយពុំសូវមានការប្រកួតប្រជែងខ្លាំង។ មួយផ្នែកទៀតគឺ ខ្ញុំនឹងខិតខំស្រាវជ្រាវបច្ចេកទេសហែលទឹកថ្មីៗបន្ថែមនៅលើប្រព័ន្ធអ៊ីនធឺណិត។

សំណួរៈ ចាប់តាំងពីលោកបានក្លាយជាគ្រូបង្វឹកកីឡាហែលទឹកមក តើលោកធ្លាប់ចេញទៅរៀនបច្ចេកទេសនៅជប៉ុនដែរ ឬទេ?

ខ្ញុំធ្លាប់ចេញទៅរៀនវគ្គបច្ចេកទេសហែលទឹកនៅប្រទេសជប៉ុនចំនួន២លើក។ លើកទី១ នៅទីក្រុងតូកៃ (Tokai) ដែលមានរយៈពេល៦ខែ។ ពេលនោះ ខ្ញុំទៅក្នុងនាមជាអ្នកជួយសម្របសម្រួលភាសាដល់កីឡាកររបស់យើងចំនួន៤នាក់ក្នុងការហ្វឹកហាត់ជាមួយជនបរទេស ហើយខ្ញុំក៏ទទួលបានឱកាសឱ្យបង្ហាត់កូនសិស្សរបស់គ្រូជប៉ុនផងដែរ។ លើកទី២ គឺទៅហ្វឹកហាត់នៅទីក្រុងកូគូស៊ីម៉ា (Tokushima) រយៈពេល១ខែ។

បុគ្គលិកស្ម័គ្រចិត្ត កញ្ញា ថុល ពេជ្រហ៊ុយ

កញ្ញា ពេជ្រហ៊ុយ (២៧ឆ្នាំ) ជាយុវតីខ្មែរម្នាក់ដែលកំពុងសិក្សា និងរស់នៅប្រទេសជប៉ុន បានចូលរួមជាបុគ្គលិកស្ម័គ្រចិត្តមួយរូបនៅក្នុងព្រឹត្តិការណ៍តូក្យូអូឡាំពិក។ កញ្ញាមានក្តីរំភើបខណៈខ្លួនបានចូលទៅក្នុងភូមិកីឡាក្នុងនាមជាបុគ្គលិកស្ម័គ្រចិត្ត ដែលបានជួប និងធ្វើការសម្រាប់អត្តពលិកខ្មែរ ព្រមទាំងបានលើកទឹកចិត្តពួកគាត់ផ្ទាល់។ កញ្ញាបានទស្សនាការប្រកួតតាមកញ្ចក់ទូរទស្សន៍ ហើយបានប្រាប់ពីទិដ្ឋភាពនៃការទស្សនាវិញ្ញាសាហែលទឹកដូច្នេះថា៖ “ការទស្សនាការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ គឺពិតជាពិសេសខ្លាំងណាស់ ណាមួយអត្តពលិករបស់យើងមានសមត្ថភាពក៏មិនអន់នោះដែរ បើធៀបជាមួយកីឡាករទទួលបានជ័យលាភី គឺកីឡាករយើងខ្វះតែបន្តិចតែប៉ុណ្ណោះនឹងបានស្មើគេ។  វាមិនខុសគ្នារហូតដល់ច្រើនវិនាទីទេ ពោលគឺកីឡាការិនីយើងកៀកៗនឹងជាប់ទៅវគ្គបន្ត។ ដូច្នេះនៅពេល ឃើញគាត់ហែលល្អអ៊ីចឹង ខ្ញុំក៏កាន់តែចូលអារម្មណ៍ជាមួយគាត់”។

កញ្ញាបានបង្ហាញនូវចំណាប់អារម្មណ៍ខ្លួនចំពោះការប្រសើរឡើងនៃវិស័យកីឡាហែលទឹកកម្ពុជាបច្ចុប្បន្នដូច្នេះថា៖ “ខ្ញុំឃើញសន្ទុះនៃកីឡាហែលទឹកមានការរីកចម្រើនខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ។ នេះបើយើងមើលទៅលើការខិតខំប្រឹងប្រែងរបស់ កីឡាករ ហែម ប៉ុច ដែលធ្វើបានល្អនៅក្នុង Heat របស់ខ្លួន គឺគាត់នៅលេខរៀងទី៤ ដែរ ដូច្នេះមានន័យថា គាត់មិនមែនអន់ជាងគេក្នុងក្រុមប្រកួតនេះទេ។ ដូចគ្នានេះដែរ ចំពោះប្អូនស្រី ប៊ុនពេជ្រមរកត ខ្ញុំមានមោទនភាពចំពោះគាត់មែនទែនដែលទទួលបានចំណាត់ថ្នាក់លេខ៣ ហើយប្រសិនបើគាត់ធ្វើបានល្អជាងនេះបន្តិចទៀតនោះ គាត់នឹងអាចឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គផ្ដាច់ព្រ័ត្រក៏ថាបាន។ ខ្ញុំគិតថាអាយុរបស់គាត់នៅក្មេង ហើយអាចធ្វើបានប៉ុណ្ណឹង គឺពិតជាឆ្នើមមែនទែន”។

អំពីទឹកចិត្តគាំទ្ររបស់មហាជនចំពោះព្រឹត្តិការណ៍នេះ កញ្ញាបានលើកឡើងថា៖ “សម្រាប់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ប្រសិនបើមិនមានជំងឺកូវីដទេ នៅទីក្រុងតូក្យូប្រាកដជាសប្បាយ និងអធិកអធមជាមិនខាន ព្រោះយើងដឹងស្រាប់ហើយថា ជប៉ុនជាប្រទេសគោលដៅទេសចរណ៍មួយដ៏ពេញនិយម និងមានការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅបំផុត ដូច្នេះការរៀបចំរបស់គេគឺនឹងល្អឥតខ្ចោះ។ ជាពិសេសនោះ ដោយសារប្រជាជនជប៉ុនស្រឡាញ់វិស័យកីឡា ដូច្នេះទោះមានជំងឺកូវីដនេះក៏ដោយ ពួកគាត់នៅតែបង្ហាញពីការគាំទ្រច្រើនដូចជា ការដាក់បដាស្វាគមន៍កីឡាអូឡាំពិកតូក្យូតាមផ្លូវជាជួរៗ តាមឡានក្រុង និងតាមផ្ទះក៏គេបិតដែរ។ ក្នុងបរិបទជំងឺកូវីដបែបនេះ ការគាំទ្រកីឡាករប្រកួត គឺគេធ្វើឡើងតាមប្រព័ន្ធវេបសាយយ៉ាងកុះករ។ ឧទាហរណ៍ ក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូនេះ នៅពេលចង់អបអរក្រុមណាមួយ គឺគេមានកន្លែងចុចផ្ញើរូបបេះដូង ឬរូបអ្វីផ្សេងតាមតែចិត្តអ្នកគាំទ្រ យើងអាចចុចម្ដង ពីរដង ឬដប់ដងក៏បាន។ ទាំងនេះហើយ វាក៏ជាការបញ្ជាក់អំពីការគាំទ្រ និងការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅរបស់អ្នកទស្សនានៅក្នុងបរិបទកូវីដបែបនេះ”៕

រូបថតអនុស្សាវរីជាមួយក្រុមកីឡាករហែលទឹកកម្ពុជា

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 48】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer