គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ស្រ្តីក្នុងវិស័យជំនួញ
ស្រ្តីក្នុងវិស័យជំនួញ
2022.07.22

អាជីពនិងស្ថានភាព ការងារស្រ្តីខ្មែរ បច្ចុប្បន្ន

សព្វថ្ងៃ វត្តមានស្ត្រីនៅក្នុងអាជីពការងារកាន់តែមានចំនួនកើនឡើងច្រើន។ យ៉ាងណាមិញ រហូតដល់អំឡុងពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ២០០០ ការដាក់បម្រាមគោចរ (ការកំណត់ម៉ោងចូលផ្ទះពេល យប់ ឬការមិនអនុញ្ញាតឱ្យដើរហើរឆ្ងាយពីផ្ទះជាដើម) លើកូនស្រីទោះបីកូនស្រីនោះបម្រើការងារហើយក្តី គឺនៅមានចំនួនច្រើននៅឡើយ ជាពិសេស ចំពោះក្រុមគ្រួសាររស់នៅតាមបណ្តាខេត្ត។ ពោលគឺ ការអនុញ្ញាតឱ្យធ្វើការដល់យប់ជ្រៅ ឬចេញទៅធ្វើការឆ្ងាយពីផ្ទះឆ្ងាយពីឪពុកម្តាយដូចបុរស គឺនៅមានចំនួនតិចតួចបំផុត។ ក្រោយពីមានស្ថិរភាពនយោបាយពេញលេញ និងកំណើនសេដ្ឋកិច្ចប្រមាណជាង១០ឆ្នាំកន្លងទៅនេះ បានជម្រុញឱ្យស្រ្តីវ័យក្មេងមានចំនួនកាន់តែច្រើនឡើងជ្រើសរើស សិក្សាមុខជំនាញ និងប្រឡូកក្នុងអាជីពការងារដូចបុរស។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្ត្រីខ្មែរដែលមានគោលបំណងប្រកបអាជីពដូចបុរសបែបនេះ? យើងខ្ញុំបានសួរយុវតីខ្មែរអំពីការសម្រេច ចិត្ត និងស្ថានភាពការងាររបស់ពួកគាត់ដូចខាងក្រោម។

កញ្ញា លីម ហ៊ួង

វត្តមានស្រ្តីជាអ្នកដឹកនាំនៅក្នុងវិស័យឯកជននៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងបុរស។ យ៉ាងណាមិញ កញ្ញា លីម ហ៊ួង (សាគូរ៉ា) អាយុ ៣៣ឆ្នាំ សព្វថ្ងៃគឺជាម្ចាស់ក្រុមហ៊ុន First Solutions ឋិតនៅកណ្តាលទីក្រុងភ្នំពេញ ជាក្រុមហ៊ុនប្រឹក្សាពាណិជ្ជកម្ម និងមុខជំនួញមានដៃគូអាជីវកម្មច្រើននៅក្រៅប្រទេស និងក្នុងស្រុក។ កញ្ញា សាគូរ៉ា គឺជាអតីតសិស្សខ្មែរមួយរូបដែលបានទៅសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យក្នុងប្រទេសជប៉ុនរយៈពេល៦ឆ្នាំ (ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៨) និងធ្លាប់មានបទពិសោធន៍ច្រើនបម្រើការងារជាមួយសហគ្រិនជប៉ុនផងដែរ។ កញ្ញាបានចែករំលែកនូវបទពិសោធន៍ការងារគ្រប់គ្រងក្រុមហ៊ុនខ្លួនដូចខាងក្រោម។

“បើយើងស្រលាញ់និងចូលចិត្តធ្វើអ្វីមួយយើងមិនគួរគិតថាវាជារឿងពិបាកនោះទេ ព្រោះអ្វីដែលស្រួលគេធ្វើអស់ហើយ!” នេះគឺជា ការលើកឡើងរបស់កញ្ញា សាគូរ៉ា ក្នុងន័យមួយដាស់ស្មារតីដល់ស្ត្រី ជាពិសេសគឺស្ត្រីក្នុងសង្គមខ្មែរឱ្យមានក្តីជម្នះតស៊ូនឹងរនាំងសង្គមដែលមានលើខ្លួន ដើម្បីសម្រេចគោលដៅ និងបំណងប្រាថ្នារបស់ខ្លួន។ ឆ្លើយតបទៅនឹងបទពិសោធន៍ការងារ កញ្ញា សាគូរ៉ា បានប្រាប់ទស្សនាវដ្ដីញញឹមខ្មែរដូច្នេះថា៖ «នៅឆ្នាំ២០០៩ នាងខ្ញុំធ្លាប់ជាប់ជាមន្ត្រីកិច្ចសន្យាដែលទទួលបន្ទុកលើផ្នែកស្រាវជ្រាវពាណិជ្ជកម្មរបស់មន្ទីរពេទ្យឯកជន ដែលភាគច្រើនជាគម្រោងរបស់ក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសជប៉ុន។ លុះក្រោយមកទៀត នៅក្នុងឆ្នាំ២០១៥ នាងខ្ញុំបានចាប់ផ្ដើមបើកដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា “First Solutions” ដែលយើងធ្វើកិច្ចការងារ សហការច្រើនជាមួយបណ្ដាក្រុមហ៊ុននៅក្រៅប្រទេស ជាពិសេសគឺបណ្ដាក្រុមហ៊ុនមកពីប្រទេសដែលជាដៃគូអាស៊ាន ដោយផ្ដោតសំខាន់ទៅលើសេវាកម្មដូចជា គំរូអាជីវកម្ម (Model Business) ការប្រឹក្សាយោបល់ និងស្វែងរកបុគ្គលិកសម្រាប់បម្រើការជាដើម»។

ដោយមានវិធីសាស្ត្រគ្រប់គ្រងច្បាស់លាស់ និងត្រឹមត្រូវក្នុងក្រុមហ៊ុន កញ្ញា សាគូរ៉ា មិនសូវជួបប្រទះនូវបញ្ហា ឬឧបសគ្គណា ជាធំដុំទេនៅអំឡុងពេលចាប់ផ្ដើមដំណើរការក្រុមហ៊ុនដំបូង និងរហូតតមកដល់សព្វថ្ងៃនេះ។ កញ្ញា សាគូរ៉ា៖ «តាំងពីចាប់ផ្ដើមបើកដំបូងនៅឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននាងខ្ញុំមិនសូវជួបបញ្ហាអ្វីច្រើននោះទេ ទោះក្នុងវិបត្តិកូវីដ១៩ រាតត្បាតខ្លាំងក្តី ក្រុមហ៊ុននាងខ្ញុំឋិតនៅក្នុងកម្រិតមួយដែលរងផលប៉ះពាល់តិចតួច ព្រោះយើងបានត្រៀមនូវកញ្ចប់ថវិកា និងបង្កើនដៃគូជាមួយភ្ញៀវក្នុងស្រុកបន្ថែមទៀតនាអំឡុងពេលនោះរហូតមក»។

ក្រុមហ៊ុនកញ្ញា សាគូរ៉ា បានងាកមកចាប់អារម្មណ៍ និងសហការជាមួយក្រុមហ៊ុនក្នុងស្រុកច្រើនជាងមុន ចាប់តាំងពីឆ្នាំ២០១៨ មក។ កញ្ញាយល់ថាដៃគូក្នុងស្រុកក៏ជាផ្នែកមួយសំខាន់អាចជួយឱ្យក្រុមហ៊ុន របស់កញ្ញាមានស្ថិរភាព និងរីកចម្រើនទៅមុខ។ ជាពិសេស កញ្ញាចង់ឱ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុនឯកជនក្នុងស្រុកយល់ដឹងកាន់ តែច្បាស់អំពីការរៀបចំអាជីវកម្មឱ្យមានលក្ខណៈស្តង់ដារត្រឹមត្រូវ និងរីកចម្រើន។ កញ្ញារៀបរាប់ថា៖ «ដំបូងឡើយ ក្រុមហ៊ុនយើងខ្ញុំបើកសម្រាប់ទទួលជាពិសេសនូវអតិថិជន ឬដៃគូក្រៅស្រុក ប៉ុន្តែក្រោយមក យើងខ្ញុំក៏សម្រេចចិត្តងាកមកទំនាក់ទំនងជាមួយដៃគូក្នុងស្រុកបន្ថែមទៀតច្រើនជាងមុន ព្រោះនាងខ្ញុំយល់ថាអតិថិជនក្នុងស្រុកក៏សំខាន់មិនអាចខ្វះបានផងដែរ»។ កញ្ញាលើកឡើងបន្តទៀតថា៖ «សេវាកម្មដែលក្រុមហ៊ុននាងខ្ញុំផ្ដល់ជូនទៅកាន់អតិថិជន ឬក្រុមហ៊ុនក្នុងស្រុកភាគច្រើនគឺផ្ដោតទៅលើការប្រឹក្សាយោបល់ទាក់ទងការយល់ដឹង និងរៀបចំអាជីវកម្មមួយឱ្យមានលក្ខណៈត្រឹមត្រូវទៅតាមស្តង់ដារ ដូចជាការគ្រប់គ្រងសេវាកម្ម ធនធានមនុស្ស និង ស្វែងរកបុគ្គលិកជាដើម»។

បុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់កញ្ញាភាគច្រើនគឺជាបុគ្គលិកស្រី្ត ដោយបុគ្គលិកជាបុរសគឺមានចំនួនតែ១០ភាគរយប៉ុណ្ណោះ។ ភាគច្រើនបុគ្គលិកស្រីទាំងនោះមានវ័យក្មេង និងអាយុតិចជាងកញ្ញា។ កញ្ញា៖ «មូល ហេតុដែលនាងខ្ញុំទទួលបុគ្គលិកជាស្ត្រីវ័យក្មេងមកធ្វើការក្នុងក្រុមហ៊ុនរបស់នាងខ្ញុំ ព្រោះនាងខ្ញុំចង់ផ្ដល់ឱកាសការងារ និងពង្រឹងសមត្ថភាពស្ត្រីក្នុងប្រទេសយើង ដោយសារតែជាទូទៅ បុរសគាត់មានឱកាសការងារជាងស្រ្តីស្រាប់ទៅហើយ »។

ក្រៅពីរវល់ជាមួយការងារគ្រប់គ្រងអាជីវកម្មរបស់ខ្លួន កញ្ញា សាគូរ៉ា បានឆ្លៀតពេលវេលាទំនេរមួយចំនួនមកចូលរួមជួយការងារសង្គមផងដែរ។ កញ្ញាបានចូលជាសមាជិករបស់អង្គការ J.C.I ដែលជាអង្គការមួយមានសមាជិកជាង១០០ប្រទេសនៅលើពិភពលោក។ ការងារស្ម័គ្រចិត្តដែលកញ្ញាកំពុងធ្វើជាមួយអង្គការមួយនេះ គឺទទួលបន្ទុកលើគម្រោងមួយដែលមានឈ្មោះថា “កំពតស្អាត”។ នៅក្នុងគម្រោងមួយនេះ កញ្ញាត្រូវចុះទៅកាន់ខេត្តកំពត ដើម្បីធ្វើការជាមួយប្រជាជនក្នុងសហគមន៍ និងមន្ទីរដែលពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយ និងបណ្ដុះការយល់ដឹងទៅដល់ក្មេងៗ និងប្រជាពលរដ្ឋនៅខេត្តកំពតអំពីបញ្ហាអនាម័យ និងការថែរក្សាបរិស្ថាននៅតាមតំបន់ទេចរណ៍ក្នុងខេត្តមួយនេះឱ្យមានភាពកាន់តែស្អាត និងទាក់ទាញ។ កញ្ញារៀបរាប់ពីការងារស្ម័គ្រចិត្តមួយនេះថា៖ «ដោយសារខេត្តកំពតមានភ្ញៀវទេសចរទៅកំសាន្តច្រើន ដូចនេះក្រៅពីទេសភាពធម្មជាតិស្រស់ស្អាត នាងខ្ញុំចង់ឱ្យប្រជាជនក្នុងសហគមន៍ និងភ្ញៀវទេសចរងាកមកចាប់អារម្មណ៍ និងគិតគូពីបញ្ហាអនាម័យ ព្រមទាំងការថែរក្សាបរិស្ថាន ដោយយើងចាប់ផ្ដើមបណ្ដុះបណ្តាលក្មេងៗរហូត ទៅដល់មនុស្សធំឱ្យពួកគាត់ស្រឡាញ់ និងចេះថែរក្សាបរិស្ថាននៅតាមតំបន់ទេសចរណ៍ទាំងនោះ»។ កញ្ញាបានបង្ហាញពីក្តីពេញចិត្តខ្លាំងចំពោះការងារដែលខ្លួនកំពុងបំពេញនៅក្នុងខេត្តកំពតនេះ ព្រោះវាមានការចូលរួមច្រើនពីប្រជាជនក្នុងមូលដ្ឋាន តាំងពីពេលដែលខ្លួនចាប់ផ្ដើមដំបូងរហូតមកដល់បច្ចុប្បន្ន។ នៅពីក្រោយភាពជោគជ័យរបស់ខ្លួនទាំងនេះ កញ្ញា សាគូរ៉ា បាន បង្ហាញពីចំណុចសំខាន់មួយចំនួនដែលកញ្ញាគិតថាអាចធ្វើឱ្យខ្លួនមានភាពឯករាជ្យដូចសព្វថ្ងៃ។ កញ្ញាក៏មានបំណងមួយចង់ឃើញស្ត្រីខ្មែរគ្រប់រូបមានឯករាជ្យដូចរូបកញ្ញាផងដែរ។ កញ្ញា៖ «កត្តាដែល ធ្វើឱ្យនាងខ្ញុំក្លាយជារូបនាងខ្ញុំដូចបច្ចុប្បន្ននេះ គឺការមានទំនួលខុសត្រូវលើខ្លួនឯង ចំពោះការរៀនសូត្រ និងការរស់នៅប្រចាំថ្ងៃជាដើម។ ការរៀនទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើនឹងនាំឱ្យយើងចេះរៀន និងស្វែងយល់ពីរឿងរ៉ាវ និងបញ្ហាដែលកើតមានឡើងទាំងនោះ ដោយយើងអាចបង្កើនសមត្ថភាពថ្មីៗសម្រាប់ខ្លួន។ សម្រាប់នាងខ្ញុំ ក្នុងអំឡុងវ័យពី២០ឆ្នាំ ទៅ ៣០ឆ្នាំ គឺនាងខ្ញុំអាចជួយខ្លួនឯងនិង ក្រុមគ្រួសារបានច្រើនតាមរយៈសកម្មភាពក្រុមហ៊ុនរបស់នាងខ្ញុំនេះ។ ដូច្នេះ ក្នុងវ័យចាប់ពី៣០ឆ្នាំនេះឡើងទៅ នាងខ្ញុំនឹងព្យាយាមបែរមករកការងារចែករំលែកបទពិសោធន៍របស់ខ្លួន ដើម្បីជួយទៅដល់សង្គមវិញឱ្យបានច្រើនតាមដែលអាចទៅរួចវិញម្តង»។ ជាចុងក្រោយ កញ្ញា សាគូរ៉ា ក៏បានផ្ដាំផ្ញើទៅដល់ស្ត្រីខ្មែរគ្រប់រូប ត្រូវមានការតស៊ូកុំរាថយ និងចុះចាញ់នូវអ្វីដែលខ្លួនចង់ធ្វើ ហើយត្រូវហ៊ានជម្នះរាល់ស្ថានការណ៍លំបាកទាំងនោះដើម្បីបំពេញបំណង និងក្ដីស្រមៃរបស់ខ្លួន៕

សម្រាប់ពត៌មានបន្ថែម
【NyoNyum Khmer No. 51】

តម្លៃស្រ្តីក្នុងសង្គមខ្មែរ

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer