គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ស្រ្តីខ្មែរដែលបូជាអាយុជីវិតដើម្បីស្តាឡើងវិញនូវរបាំបុរាណខ្មែរ 【Special2】
(ភាសាខ្មែរ) ស្រ្តីខ្មែរដែលបូជាអាយុជីវិតដើម្បីស្តាឡើងវិញនូវរបាំបុរាណខ្មែរ 【Special2】
2020.03.14

របាំក្បាច់បុរាណខ្មែរត្រូវបានអភិវឌ្ឍនិងថែរក្សាដោយរាជវង្សានុវង្សខ្មែរដ៏យកចិត្តទុកដាក់ ក៏ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញដោយសារភ្នក់ភ្លើងនៃសង្រ្គាម។ ទោះបីជាត្រូវស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនិងមានឧបសគ្គយ៉ាងណាក្តី ក៏នៅមានស្រ្តីមួយចំនួនបានខិតខំប្រឹងប្រែងស្តាឡើងវិញ ក៏ដូចជាអភិរក្ស និងអភិវឌ្ឍនូវរបាំបុរាណខ្មែរ ដែលជាស្នាដៃសិល្បៈដ៏វិចិត្រមួយនេះសម្រាប់ខ្មែរជំនាន់ក្រោយផងដែរ។

ការឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាម  

សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានទទួលការណែនាំនិងហ្វឹកហាត់ពីសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្តិមុន្នីវង្ស កុសុមៈនារីរតន៍សិរីវឌ្ឍនា តាំងពីទ្រង់មានព្រះជន្ម ៥ ព្រះវស្សា ហើយបានក្លាយជា “នាដការរីឯក” នៃរបាំអប្សរានៃក្រុមរបាំព្រះរាជទ្រព្យនៅក្នុងព្រះជន្ម ១៨ ព្រះវស្សា។ នៅឆ្នាំ១៩៦៤ ព្រះអង្គបានរាំសម្តែងដើម្បីសា្វគមន៍ភ្ញៀវការទូតកិត្តិយសថ្នាក់ជាតិជាច្រើនផងដែរ។ ក្នុងនាមជានាដការរីឯកនៃរបាំព្រះរាជទ្រព្យ ព្រះអង្គក៏ជាអ្នកបង្ហាត់របាំនៅក្នុងស្ថាប័នសិក្សាក្នុងប្រទេសផងដែរ ក៏ប៉ុន្តែនៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហាពីសេនាប្រមុខ លន់ នល់ មក ព្រះអង្គត្រូវបានភៀសខ្លួនយាងទៅរស់នៅក្រៅប្រទេសមួយរយៈ។ ទោះបីជាព្រះអង្គត្រូវបានភៀសខ្លួនទៅក្រៅប្រទេសក្តី ព្រះអង្គពុំបានបោះបង់ចោលនូវរបាំព្រះរាជទ្រព្យ ដែលទ្រង់បានស្រលាញ់តាំងពីវ័យកុមារភាពនោះឡើយ។ ដោយក្តីស្រលាញ់ចំពោះរបាំព្រះរាជទ្រព្យនេះ ព្រះអង្គបានបន្តផ្សព្វផ្សាយនូវវប្បធម៌ខ្មែរពីខាងក្រៅប្រទេសផងដែរ តាមរយៈការបង្កើតនូវក្រុមរបាំព្រះរាជទ្រព្យនៅទីក្រុងប៉ារី ប្រទេសបារាំង និងបានបង្ហាត់បង្រៀនរបាំនៅឯជាយដែនប្រទេសកម្ពុជា ថៃជាដើម។ ក្រោយពីទទួលបាននូវកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ មក ព្រះអង្គបានយាងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចូលបំរើជាអនុរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅឆ្នាំ១៩៩៣។ ក្នុងនាមព្រះអង្គជាអនុរដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមអភិរក្សវប្បធម៌និងផ្សព្វផ្សាយនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ព្រះអង្គដល់កូនខ្មែរជំនាន់ក្រោយផង ព្រះអង្គបានប្រម៉ែប្រមូលអតីតអ្នករបាំដែលរស់រានមានជីវិតក្រោយពីរបប ប៉ុល ពត ហើយបានខិតខំប្រឹងប្រែងធ្វើសកម្មភាពនានា ដើម្បីផ្សព្វផ្សាយនិងស្តាឡើងវិញនូវរបាំបុរាណខ្មែររហូតតមក។

アプサラのプリマとして舞台に立つボッパーテヴィ王女
នាដការីឯក សម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី សម្តែងនៅលើឆាក

ការពលីដើម្បីសង្រ្គោះជីវិតរបាំក្បាច់បុរាណខ្មែរ

មានស្រ្តីខ្មែរមួយចំនួនដែលបានពលីទាំងកម្លាំងកាយនិងកម្លាំងចិត្ត​របស់ខ្លួន ដើម្បីថែរក្សានូវរបាំក្បាច់បុរាណខ្មែរ រួមជាមួយនឹងសម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី ផងដែរ។ ក្នុងចំណោមស្រ្តីទាំងនោះ ក៏មានលោកយាយ ឯម ធាយ អាយុ ៨៨ឆ្នាំម្នាក់ដែរ។ លោកយាយបានមានប្រសាសន៍ថា៖ ដោយសារលោកយាយមានឪពុកដែលជាទាហានវាំង និងម្តាយរបស់លោកយាយដែលជាអ្នកបំរើព្រះក្រយ៉ាថ្វាយសម្តេចព្រះមហាក្សត្រីយានី កុសុមៈនារីរតន៍សិរីវឌ្ឍនាផ្ទាល់ផងនោះ លោកយាយបានចូលមករស់នៅបំរើក្នុងព្រះបរមរាជវាំងតាំងពីពេលដែលលោកយាយនៅកុមារភាពមកម្លេះ ។ ដោយសេចក្តីមេត្តាពីសម្តេចព្រះមហាក្សត្រីយានី លោកយាយត្រូវបានអនុញ្ញាតិឱ្យចូលរៀនរាំនៅក្នុងក្រុមរបាំព្រះរាជទ្រព្យ។ កាលនោះ លោកយាយបានហ្វឹកហាត់រៀនរាំរបាំជាមួយក្រុមរបាំនៅក្នុងព្រះបរមរាជវាំង ហើយក៏បានចូលរួមសម្តែងរបាំនៅក្នុងពិធីផ្លូវការជាតិមួយចំនួន និងក្នុងពិធីទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិផ្សេងៗទៀតផងដែរ។ លោកយាយបានឆ្លងកាត់ការសម្តែងជាតួអង្គផ្សេងៗ ហើយក្នុងនោះ លោកយាយបានសម្តែងពិសេសជាតួអង្គយក្ស។

ក៏ប៉ុន្តែ ដោយសារតែភ្នក់ភ្លើងសង្រ្គាម មានអ្នករបាំរាំថ្វាយនៅក្នុងព្រះបរមរាជវាំងជាច្រើនរូប ត្រូវបានជម្លៀសឱ្យទៅរស់នៅឯទីជនបទ។ ពេលនោះលោកយាយ ធាយ ក៏ត្រូវបានជម្លៀសដោយបង្ខំទៅរស់នៅក្នុងខេត្តបាត់តំបងផងដែរ។ នៅពេលដឹងថា លោកយាយជាអ្នករបាំធ្លាប់រាំនៅក្នុងព្រះបរមរាជវាំង លោកយាយត្រូវបានក្រុម ប៉ុល ពត បង្ខំឱ្យធ្វើការយ៉ាងខ្លាំងជាពិសេស។ ក៏ប៉ុន្តែមានថ្ងៃមួយ អង្គការបានបញ្ជាឱ្យលោកយាយរាំនិងច្រៀង ដើម្បីកម្សាន្តអ្នករាល់គ្នាពីភាពនឿយហត់ក្នុងការងារ។ ដោយឃើញថា លោកយាយចេះរាំហើយអាចកម្សាន្តអ្នកជុំវិញខ្លួនបានដូច្នោះ អង្គការបានឱ្យលោកយាយទៅរាំនៅកន្លែងផ្សេងៗ ដើម្បីកម្សាន្តពួកពលករនៅតាមសហករណ៍។ អាស្រ័យហេតុដូចនេះ លោកយាយយល់ឃើញថា របាំបានជួយស្រោចស្រង់អាយុជីវិតរបស់ខ្លួន ពីរបបកាប់សម្លាប់នៃបន ប៉ុល​ ពត។

បន្ទាប់ពីរបប​ ប៉ុល ពត បានបញ្ចប់ លោកយាយ ធាយ បានធ្វើដំណើរត្រឡប់មកទីក្រុងភ្នំពេញវិញ។ លោកយាយបានមានប្រសាសន៍ថា នៅតាមផ្លូវត្រឡប់មកភ្នំពេញវិញ លោកយាយបានរាំនៅកន្លែងផ្សេងៗនៅតាមផ្លូវផងដែរ ទន្រាំតែលោកយាយបានមកដល់ព្រះបរមរាជវាំង ដែលជាទីដែលលោកយាយត្រូវបានគាំពារ។ ក្រោយពីរបប ប៉ុល ពត មានស្រ្តីដែលជាអតីតអ្នករបាំមួយចំនួនភាគច្រើនបានបោះបង់ចោលនូវអាជីពជាអ្នករបាំ មានតែមួយចំនួនតិចតួចបំផុត ដែលបានបន្តបង្ហាត់បង្រៀននូវក្បាច់របាំបុរាណដែលខ្លួនបានចងចាំដល់ក្មេងជំនាន់ក្រោយ។ ដោយសារឯកសារជាច្រើនត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យ ប៉ុល ពត លោកយាយ ធាយ បានបង្ហាត់នូវអ្វីដែលលោកយាយបានរៀនចេះចាំដោយផ្ទាល់ តាមរយៈកាយវិការផ្សេងៗដែលលោកយាយចេះចាំ។ ចាប់តាំងពីទស្សវត្សឆ្នាំ១៩៩០ មក ក្នុងនាមជាអ្នកបង្ហាត់របាំបុរាណខ្មែរ លោកយាយ ធាយ បានបង្ហាត់បង្រៀនដល់សិល្បៈករខ្មែរជំនាន់ក្រោយជាច្រើន។

身体の中にある「記憶」を伝えるティエイさん
ការបង្ហាត់របាំតាមការចងចាំរបស់លោកយាយ ធាយ

ស្រ្តីនិងការជួយស្រោចស្រង់របាំបុរាណខ្មែរ

សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គជាតួអង្គដ៏សំខាន់ដែលបានជម្រុញនូវសកម្មភាពស្តាឡើងវិញនូវរបាំបុរាណខ្មែរ។ ក្នុងនាមព្រះអង្គជាអនុរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងកំឡុងឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ ហើយជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋាភិបាលក្នុងកំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងអំឡុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ ព្រះអង្គទ្រង់បានខិតខំប្រឹងប្រែងស្តាឡើងវិញនូវរបាំបុរាណខ្មែរយ៉ាងយកចិត្តទុកដាក់។

លោកយាយ ធាយ បានបន្តមានប្រសាសន៍អំពីស្នាព្រះហស្ថរបស់សម្តេចព្រះរាជបុត្រីព្រះរៀមដូចនេះថា៖ ខ្ញុំបានបម្រើព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី តាមគ្រប់លទ្ធភាពដែលនាងខ្ញុំអាចធ្វើបាន។ នាងខ្ញុំបានចូលរួមក្នុងការជជែកពិភាក្សាជាមួយទ្រង់អំពីរបាំបុរាណខ្មែរដែលខ្លួនបានចងចាំ ទាំងចលនាជើង និងដៃ ចលនាក ក្រសែភ្នែក និងចលនាដងខ្លួននានា ក៏ដូចជារបៀបសម្តែងក្នុងការតម្រូវគ្នាជាមួយនឹងអ្នកសម្តែងដទៃជាដើម។ នាងខ្ញុំបាននិយាយនិងរំលឹកនូវការចងចាំដែលមានគ្រប់បែបយ៉ាងជូនទ្រង់ ក្នុងការស្តាឡើងវិញនូវរបាំក្បាច់បុរាណខ្មែរដែលនាងខ្ញុំបានរៀននិងចេះចាំទាំងនោះ។ ព្រះរាជបុត្រីទ្រង់ពិតជាមានឆន្ទៈនិងការយកចិត្តទុកដាក់ខ្ពស់នៅក្នុងសកម្មភាពនេះ។ ដោយមានការជម្រុញនិងលើកទឹកចិត្តពីព្រះអង្គផ្ទាល់ ទើបពួកយើងខ្ញុំអាចមានលទ្ធភាពប្រឹងប្រែងដើម្បីជួយដល់ទ្រង់បាន។

ជាលទ្ធផលនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ របាំព្រះរាជទ្រព្យខ្មែរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

王女は生前、時間があれば若い舞踊家の指導・育成に積極的に取り組んだ
សកម្មភាពបង្ហាត់របាំរបស់សម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី កាលព្រះអង្គមានព្រះជន្ម

មានស្ត្រីខ្មែរជាច្រើនស្រលាញ់នូវរបាំបុរាណខ្មែរដែលជាមោទនភាពនៃជាតិខ្មែរជំនាន់ក្រោយ ដោយបានខិតខំប្រឹងប្រែងបន្តធ្វើការថែរក្សា និងផ្សព្វផ្សាយនូវមរតកប្រពៃណីជាតិខ្មែរមួយនេះ ទៅមនុស្សជំនាន់ក្រោយនៅក្នុងនិងក្រៅប្រទេស។ ទោះបីជាសម្តេចព្រះរាជបុត្រីព្រះរៀម បុប្ផាទេវី ទ្រង់បានយាងសោយព្រះពិរាល័យនៅខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ពិតមែន ព្រះអង្គទ្រង់បានលះបង់ពេលវេលាស្ទើពេញមួយជីវិតរបស់ទ្រង់ ដើម្បីការស្តាឡើងវិញ និងការអភិរក្ស ក៏ដូចជាបានបន្តអភិវឌ្ឍរបាំបុរាណខ្មែរសម្រាប់ប្រជារាស្រ្តខ្មែរជំនាន់ក្រោយទុកជាកេរ្តិ៍តំណែលជាតិ។ សេចក្តីស្រលាញ់និងស្នាព្រះហស្ថរបស់ទ្រង់ចំពោះរបាំបុរាណខ្មែរ នឹងស្ថិតនៅជាប់ក្នុងដួងចិត្តនៃប្រជារាស្រ្តខ្មែរជំនាន់ក្រោយជារៀងរហូត។

クメール古典舞踊界の「生き字引」、エム・ティエイさん

ប្រវត្តិរូបសង្ខេប

លោយយាយ ឯម ធាយ

អាយុ ៨៨ឆ្នាំ ស្រុកកំណើត ភ្នំពេញ

លោយយាយបានរស់នៅបំរើក្នុងព្រះបរមរាជវាំងតាំងពីក្មេង។​ បន្ទាប់ពីបានចូលរួមក្នុងក្រុមរបាំព្រះរាជទ្រព្យមក លោកយាយបានរៀនពីរបាំក្បាច់បុរាណខ្មែរពីក្រុមអ្នករបាំក្នុងរាជវាំង ហើយបានសម្តែងនៅលើឆាកជាច្រើន។ លោកយាយអាចសម្តែងជាតួអង្គផ្សេងៗជាច្រើន ប៉ុន្តែលោកយាយភាគច្រើនសម្តែងពិសេសជាតួអង្គយក្ស។ លោកយាយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងនិងក្រៅប្រទេសជាច្រើនបានសម្ភាសនិងអញ្ជើញឱ្យសម្តែងនៅតាមប៉ុស្តិ៍ទូរទស្សន៍នានាផងដែរ។ លោកយាយជាតួអង្គម្នាក់ដ៏សំខាន់នៅក្នុងរបាំក្បាច់បុរាណខ្មែរ។
សម្រាប់ពត៌មានបន្ថែម ៖

 

【NyoNyum Khmer No.38】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer