គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
(ភាសាខ្មែរ) សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម
2021.05.28

ការស្វែងយល់ពីជ្រុងមួយអំពី “វប្បធម៌” ជប៉ុន-កម្ពុជា!

សិល្បៈដែលឆ្លុះបញ្ចាំងពីសង្គម

FONKi (អាយុ ៣១ ឆ្នាំ) ជាសិល្បករគំនូរលើជញ្ជាំងតាមដងផ្លូវ ម្នាក់ដែលបានកើតនៅប្រទេសបារាំង ប៉ុន្តែធំធាត់ និងទទួលការអប់រំនៅប្រទេសកាណាដា។

យើងបានសាកសួរលោកខ្លះៗ អំពីការចាប់ផ្តើមដំបូងនូវអាជីពសិល្បៈរបស់លោក និងដំណើរការមួយចំនួនអំពីកិច្ចសហប្រតិបត្តិការជាមួយសិល្បករជប៉ុន នៅក្នុងកម្មវិធីសប្តាហ៍គីហ្សូណាជប៉ុន កម្ពុជា ដែលបានប្រព្រឹត្តឡើងកន្លងទៅថ្មីៗនេះ។

រឿងរ៉ាវផ្ទាល់ខ្លួន និងការងារបច្ចុប្បន្ន

លោក FONKi បានកើតនៅឆ្នាំ១៩៩០។ ដោយសារសង្គ្រាមស៊ីវិល បា​នបង្ខំឱ្យឪពុកម្តាយរបស់លោកសម្រេចចិត្តធ្វើចំណាកស្រុកពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំង។ បច្ចុប្បន្ន លោកគឺជាវិចិត្រករម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ។

នៅអាយុ ៤ ឆ្នាំ លោក FONKi បានផ្លាស់ទៅរស់នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ជាទីក្រុងដែលលោកបានធំធាត់ និងសិក្សាអំពីវប្បធម៌ផ្សេងៗ ពីជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍នានារស់នៅទីនោះ។ នៅសាកលវិទ្យាល័យ លោកបានសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីចំណេះដឹង វប្បធម៌ ប្រវត្តិសាស្រ្តទូទៅ រួមផ្សំនឹងប្រវត្តិផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ដែលជម្រុញឱ្យរូបលោកជ្រើសរើសយកជំនាញក្នុងវិស័យខ្សែភាពយន្ត និងរូបភាព។ ជាមួយគ្នានេះដែរ លោកក៏បានចាប់អារម្មណ៍លើសិល្បៈតាមដងផ្លូវផងដែរ និងក្រោយមកបានចាប់ផ្តើមគូររូបដោយខ្លួនឯង។ តែទោះជាយ៉ាងនោះក្តី សហគមន៍ខ្មែរក្នុងស្រុក គឺជាចំណុចចាប់ផ្តើមនៃការងារសិល្បៈរបស់លោក។

ចាប់ពីឆ្នាំ២០១២មក តាមរយៈការសម្ភាសន៍ថតជាឯកសារ និងការស្នើសុំជារូបគំនូររបស់ខ្លួនផង រូបលោកបានចាប់ផ្តើមធ្វើដំណើរទៅមកប្រទេសកម្ពុជាមួយរយៈ បន្ទាប់មក នៅឆ្នាំ២០១៧ លោកក៏បានសម្រចចិត្តផ្លាស់មករស់នៅបំពេញការងារនៅក្រុងភ្នំពេញរហូតមក។

 

គំនូរគឺជាសិល្បៈនៃការផ្ចង់អារម្មណ៍

ស្នាដៃសិល្បៈរបស់លោកភាគច្រើន គឺជារូបចម្លាក់លោត និងចម្លាក់ថ្មលិប ដែលយកគំរូតាមចម្លាក់នានានៅក្នុងប្រាង្គប្រាសាទតំបន់អង្គរ។

ក្នុងវ័យអាយុ ២០ ឆ្នាំ លោកបានមកលេងប្រទេសកម្ពុជាជាញឹកញាប់ ហើយបានជួប និងធ្វើការសាកសួរមនុស្សជាច្រើនរស់នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ តាមរយៈការសាកសួរ​ និងស្តាប់រឿងរ៉ាវនានារបស់បងប្អូនប្រជាជន ដែលរស់នៅតាមទីជនបទទាំងនោះ លោកបានស្វែងយល់កាន់តែច្រើនអំពីប្រវត្តិសាស្រ្តដ៏សោកសៅផ្សេងៗ ដែលបានកើតឡើងកន្លងមក នៅតាមតំបន់ទាំងនោះ។ ដូច្នេះរាល់ពេលលោកគូរគំនូរម្តងៗ មនោសញ្ចេតនាដ៏វិលវល់ រួមនឹងការរំជួលចិត្តនានា បានស្តែងចេញតាមរយៈរូបគំនូរទាំងនោះ។

ក្នុងអំឡុងពេលដែលរូបលោកបានធ្វើការស្វែងយល់ពីឬសគល់របស់ខ្លួន លោកបានអានសៀវភៅជាច្រើនអំពីកម្ពុជា និងបានទៅទស្សនា រូបចម្លាក់នានានៅក្នុងប្រាង្គប្រាសាទ ក្នុងប្រទេសកម្ពុជា ដែលបានកសាងឡើងដោយស្នាដៃបុព្វបុរសខ្មែរ។

លោកបានថ្លែងប្រាប់ដូច្នេះថា៖ “ការគូរគំនូរគឺដូចជាការផ្ចង់អារម្មណ៍ចម្អិនម្ហូបអីចឹង”។ ក្នុងន័យនេះ ប្រៀបធៀបនឹងពេលដែលលោកបានរស់នៅប្រទេសកាណាដា គឺលោកពុំបានយល់នូវអារម្មណ៍ និងរឿងរ៉ាវនានាដែលលោកបានដឹងឮដូចថ្មីៗនេះក្រោយមកកម្ពុជានោះទេ  ដូច្នេះលោកពុំអាចប្រើនូវចំណេះដឹង និងបទពិសោធន៍ទទួលបានថ្មីៗទាំងនោះ ធ្វើជាវត្ថុធាតុដើម និងកំណត់រសជាតិ ដោយប្រើវាជាគ្រឿងទេសដូចពេលអ្នកចម្អិនម្ហូបអាហារ តាមរយៈការធ្វើឱ្យលេចឡើងនៅលើផ្ទាំងក្រណាត់គំនូរបានឡើយ។ គាត់ក៏បានថ្លែងដូច្នេះថា៖ “ខ្ញុំគូរនូវអ្វីដែលខ្ញុំចង់គូរទៅតាមអារម្មណ៍របស់ខ្ញុំផ្ទាល់ ជាជាងប្រើការគិតនៅក្នុងក្បាលរបស់ខ្លួននូវអ្វីដែលត្រូវគូរ” ។ រាល់គំនូរដែលលោកគូរ គឺតែងតែបង្កប់នូវសារអ្វីមួយពីអារម្មណ៍របស់លោក។

ផ្ទាំងគំនូររបស់លោក FONKI នៅភ្នំបូកគោឆ្នាំ ២០១៧

ចំណង់ចំណូលចិត្តលើសិល្បៈគំនូរតាមដងផ្លូវ

ក្រឡេកទៅមើលរាល់គំនូរលើផ្ទាំងជញ្ជាំងនៅតាមដីឡូតិ៍ទំនេរៗ តាមដងផ្លូវ នៅតាមតំបន់ដែលលោកបានគូរ គឺមានប្រជាជនជាច្រើនគាំទ្រ និងរីករាយជាមួយផ្ទាំងគំនូរទាំងនោះ។ “មានមនុស្សជាច្រើនចាប់អារម្មណ៍លើការគូរគំនូរលើជញ្ជាំង នៅពេលពួកគាត់បានឃើញវាជាលើកដំបូង។ នៅពេលខ្ញុំកំពុងគូរម្តងៗ មានមនុស្សនៅតាមឈរមើលដោយទឹកមុខឆ្ងល់ថា តើខ្ញុំនេះកំពុងគូរអ្វី? ហើយមានអ្នកខ្លះបានមកជួយយកអាសារផ្សេងៗ និងខ្លះទៀតមកជជែកលេងនៅពេលឈប់សម្រាកជាដើម”។

ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យសាងសង់សំណង់ថ្មីៗ ហើយការវាយកម្ទេចចោលនូវសំណង់ចាស់ៗក៏ឃើញមានច្រើនដែរ។ គំនូរតាមជញ្ជាំងភាគច្រើនដែលលោក FONKi ​បានគូរ គឺត្រូវគេវាយចោលផងដែរ។  ទោះជាយ៉ាងនេះក្តី លោកបានថ្លែងថា៖ “សិល្បៈតាមដងផ្លូវគឺជាអ្វីដែលឆ្លុះបញ្ចាំងពីបរិយាកាស និងសម័យកាលនៃសង្គមមួយ ដូច្នេះទីកន្លែង និងការចងចាំរាល់មនុស្សដែលខ្ញុំបានជួប គឺតែងតែនៅដក់ក្នុងដួងចិត្តរបស់ខ្ញុំជានិច្ច”។

 

រលកនៃការរស់ឡើងវិញនៃសិល្បៈ

លោក FONKi បានសម្តែងការយល់ឃើញពីស្ថានភាពនៅប្រទេសកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះថា “វានឹងនាំឱ្យសិល្បៈខ្មែររស់ឡើងវិញ”។ នៅពេលធ្វើការជាមួយសិល្បករក្នុងស្រុកវ័យក្មេងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ធ្វើឱ្យគាត់មានអារម្មណ៍រំភើប និងរីករាយចំពោះ “ភាពស្ងៀមស្ងាត់ប្រកបដោយថាមពល” របស់យុវជនវ័យក្មេងទាំងនោះ ដែលនាំឱ្យលោកគិតថា វាជាសញ្ញាមួយនៃការផ្តើមរស់ឡើងវិញនៃសិល្បៈខ្មែរ។ លោកបានមានប្រសាសន៍ថា៖ “ស្ថានភាពនេះបង្ហាញពីរបត់វិជ្ជមានថ្មីមួយសម្រាប់សិល្បៈក្នុងសង្គមងខ្មែរបច្ចុប្បន្ន”។ ទោះមានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសដោយសារជម្ងឺឆ្លងកូវីដ១៩នេះក៏ដោយ ក៏មានវិចិត្រករជាច្រើនប្រមូលផ្តុំគ្នាក្នុងរាជធានីភ្នំពេញ ដែលអាចនឹងជម្រុញពួកគេឱ្យសហការសម្រាប់ស្នាដៃថ្មីៗបន្តទៀត។

 

វិចិត្រសាល FT Gallery និងមជ្ឈមណ្ឌលអាស៊ីនៃមូនិធិជប៉ុន

ផ្ទាំងគំនូរអនុស្សាវរីយ៍នៃកម្មវិធី “សប្តាហ៍គីហ្សូណាជប៉ុន កម្ពុជា”

ជាផ្នែកមួយនៃការប្រារព្ធកម្មវិធី “សប្តាហ៍គីហ្សូណាជប៉ុន កម្ពុជា” ប្រារព្ធឡើងដោយមជ្ឈមណ្ឌលអាស៊ីនៃមូនិធិជប៉ុន នៅខែកុម្ភៈកន្លងទៅនេះ ផ្ទាំងគំនូររំលឹកខួបអនុស្សាវរីយនៃកិច្ចសហប្រតិបត្តិការជាមួយ វិចិត្រសាល FT ត្រូវបានបង្កើតឡើង។

ផ្ទាំងគំនូរលើជញ្ជាំងនៅក្នុងកម្មវិធី សប្តាហ៍គីហ្សូណា ។

សូមប្រាប់យើងខ្ញុំបានទេថាតើវាជាស្នាដៃសិល្បៈអ្វី?

នេះជាស្នាដៃសិល្បៈថ្មីមួយ មិនធ្លាប់ឃើញមានពីមុនមក ដែលបានប្រើបច្ចេកវិទ្យា AR (Augmented Reality) ដោយសហការជាមួយសិល្បករ ៣រូប។

នៅពេលខ្ញុំមើលរូបភាពដែលខ្ញុំបានគូរនៅលើជញ្ជាំងក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីកាមេរ៉ានៅលើស្មាតហ្វូនរបស់ខ្ញុំ រូបភាពនេះមានចលនានៅលើអេក្រង់ ដោយភ្ជាប់ជាមួយរូបភាពជាក់ស្តែង ហើយរូបភាពដែលគូរដោយ TWOONE (លោក Hiroyasu Tsuri) ដែលរស់នៅប្រទេសអូស្ត្រាលី ក៏មានចលនាដែរ ដូច្នេះស្នាដៃសិល្បៈនេះកើតឡើងដោយការមើលលើអេក្រង់ទូរស័ព្ទរបស់អ្នកមើលនីមួយៗ។ ការបង្កើតតម្រងដោយប្រើបច្ចេកវិទ្យា AR គឺបង្កើតឡើងដោយ Kenxxxooo (លោក Kenichiro Takamatsu) នៅប្រទេសជប៉ុន។

តើលោក FONKi បានស្នើឱ្យមានការសហការជាមួយសិល្បករជប៉ុនឬ?

យោងទៅលើអន្ថន័យនៃពាក្យ “គីហ្សូណា” ដែលមានន័យថា មិត្តភាព ដែលពន្យល់ដោយមូលនិធិជប៉ុន ទើបធ្វើឱ្យខ្ញុំនឹកឃើញនូវគំនិតនេះឡើង ដោយការសហការជាមួយវិចិត្រករជនជាតិជប៉ុន។ ប៉ុន្តែ ទោះវាពិបាកក្នុងការជួបនិងសហការគ្នាដោយផ្ទាល់ក្នុងស្ថានភាពរឹតបន្តឹងដោយសារជម្ងឺកូវីដ១៩ នេះក្តី នៅពេលខ្ញុំបានសម្រេចធ្វើការពិគ្រោះយោបល់ជាមួយគាត់ ស្រាប់តែគំនិតនេះបានលេចចេញជារូបរាងមកយ៉ាងឆាប់រហ័ស។

 

តើគំនូររូបភាពនោះគឺបង្ហាញពីអ្វី?

គំនូររូបសត្វតោសើចគឺសំខាន់ជាងគេ។ ទាំងរូបសត្វតោ និងស្នាមញញឹមគឺទាក់ទងនឹងប្រទេសកម្ពុជា ហើយតោគឺជាសត្វដែលមនុស្សគ្រប់គ្នាស្គាល់ជាទូទៅ ហើយស្នាមញញឹមក៏មានលក្ខណៈជាសកលសម្រាប់មនុស្សគ្រប់គ្នាផងដែរ ដូច្នេះយើងខ្ញុំគិតថារឿងទាំងពីរនេះ គឺជារឿងទូទៅមួយសម្រាប់ប្រជាជននៃប្រទេសទាំងពីរស្គាល់។

ដូចការស្រមើស្រមៃ និងថាមពលដែលមានពាសពេញនៅក្នុងខួរក្បាលរបស់យើងម្នាក់ៗដែរ ខាងលើនៃផ្នែកក្បាល គឺមានជាពណ៌ផ្សេងៗគ្នា ហើយនៅពេលយើងដាក់តម្រងមើលទៅ គឺមានឃើញជារូបផ្កាដែលគូរដោយ TWOONE រីកស្គុះស្គាយនៅក្នុងផ្នែកក្បាលនោះ ហើយនៅជុំវិញនោះ គេអាចមើលឃើញមានសត្វស្លាបហោះហើរដោយសេរី។ ក្នុងការគូររូបចម្លាក់ថ្មដែលមានពណ៌ផ្កាឈូកបែបនោះ គឺវាហាក់ដូចជាចម្លែកសម្រាប់ខ្ញុំ ក៏ប៉ុន្តែដោយយល់ឃើញថាសម័យបច្ចុប្បន្ន មានការធ្លាក់ចុះនូវភាពរាក់ទាក់ និងភាពកក់ក្តៅ ក៏ដូចជាសេចក្តីស្រឡាញ់ផងនោះ ទើបយើងសម្រេចចិត្តយកវា ដើម្បីឱ្យអ្នកមើលបានឃើញទិដ្ឋភាពនោះក្នុងស្នាដៃសិល្បៈរបស់យើងនេះ។

តើមានប្រតិកម្មយ៉ាងណាដែរពីអ្នកទស្សនា?

ដោយសារវាជាផ្ទាំងគំនូរដំបូងបង្អស់ដែលប្រើបច្ចេកវិទ្យា AR  នៅកម្ពុជា ដូច្នេះវាពិតជារឿងល្អ ដែលយើងបានឃើញមានប្រតិកម្មគួរឱ្យភ្ញាក់ផ្អើលជាច្រើនពីអ្នកទស្សនា។ នេះគឺជាប្រតិកម្មពីការមើលស្នាដៃសិល្បៈតាមបែបឌីជីថលក៏ពិតមែន មានមនុស្សជាច្រើនក៏បានចូលមើល និងរីករាយកម្សាន្តជាមួយការមើលស្នាដៃនោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម SNS ផងដែរ។ ដូច្នេះខ្ញុំគិតថាតម្រងសម្រាប់មើលស្នាដៃសិល្បៈនេះ បានតភ្ជាប់សិល្បករខ្មែរ និងជប៉ុន ហើយវាជាស្នាដៃដែលបានបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈប្រព័ន្ធអ៊ិនធឺរណែតផងដែរ។

 

តើលោកយល់ឃើញដូចម្តេចចំពោះការសហការដំបូងនេះ?

នេះគឺជាគម្រោងដំបូងរបស់ខ្ញុំជាមួយមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន ប៉ុន្តែតាមរយៈគម្រោងនេះខ្ញុំយល់ថា វានឹងនាំឱ្យមានសក្តានុពលសម្រាប់ការច្នៃប្រឌិត ដែលខ្ញុំអាចសហការពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាឌីជីថលដូចជា AR នេះជាដើម។  ដូចគ្នានេះផងដែរ តាមរយៈ TWOONE ខ្ញុំបានអនុវត្តវិធីគូរគំនូរមួយនេះឡើង ដែលខ្ញុំមិនធ្លាប់បានធ្វើពីមុន ដូច្នេះវាបានជួយបន្ថែមរសជាតិថ្មីមួយបន្ថែមទៀតទៅក្នុងផ្ទាំងគំនូរ (ម្ហូប) របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាស្នាដៃសិល្បៈរបស់ខ្ញុំនឹងត្រូវបានមើលច្រើនថែមទៀតពីពិភពលោកខាងក្រៅ។

នៅក្រោយការសម្ភាសន៍អ្នកម៉ៅការជួសជុលអគារបានច្រឡំលាបពណ៌សលើផ្ទាំងគំនូរអនុស្សាវរីយ៍នោះ។ វាពិតជារឿងមួយដ៏គួរឱ្យសោកស្តាយ និងនឹកស្មានពុំដល់។ ទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាសង្ឍឹមថា ស្នាមញញឹមរបស់សត្វតោ ដែលបាត់បង់នោះច្បាស់ជានឹងត្រឡប់មកវិញជាមិនខាន។ ហើយចំណងមិត្តភាព និងស្នាមញញឹមនោះ នឹងនៅជាប់នៅក្នុងដួងចិត្តពលរដ្ឋនៃប្រទេសទាំងពីរជារៀងរហូត។

គម្រោងជាវីដេអូ។

(របៀបប្រើតម្រងមើលរូបភាព)

១៖ អានលេខកូដ QR នៅលើក្តារព័ត៌មាននៅជាប់នឹងរូប

២៖ ជ្រើសរើសយកកម្មវិធីត្រូវគ្នាមកប្រើដើម្បីមើល

* កម្មវិធី Facebook ឬ Instagram គឺចាំបាច់។

FT gallery

ស្ថិតនៅក្នុង Factory Phnom Penh ដែលជាក្រុមហ៊ុនបង្កើតស្នាដៃសិល្បៈសម័យ និងមានផ្ទាំងគំនូរលើជញ្ជាំង ឬផ្ទាំងគំនូរលើដងផ្លូវ។ បង្កើតឡើងដោយលោក FONKi និងការសហការពីវិចិត្រករវ័យក្មេង។

Add:  #1159, National Rd.2, Mean Chey, Phnom Penh

Facebook Page:  @FTGalleryPhnomPenh

TEL:  092-741-513 ។

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 45】










この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

Trend in Japan-Henn na Hotel

2018.05.11 trend&culture

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer