គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

ជម្រើសជាតិកីឡាសម្តែងយូដូកម្ពុជាចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ខែ
ជម្រើសជាតិកីឡាសម្តែងយូដូកម្ពុជាចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល៣ខែ
2023.06.08

កញ្ញា រើន ម៉ាលី (អាយុ) គឺជាបក្ខនារីជម្រើសជាតិកម្ពុជាផ្នែកសម្តែងកីឡាយូដូ ត្រៀមចូលរួមប្រកួតសម្ដែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កញ្ញា ម៉ាលី បានចូលរួមកម្មវិធីហ្វឹកហាត់នៅប្រទេសជប៉ុនកាលពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ។ កញ្ញាលើកឡើងថា៖ “ ការហ្វឹកហាត់នៅប្រទេសជប៉ុនគឺខុសគ្នាច្រើនណាស់ពីកម្មវិធីហ្វឹកហាតដែលកញ្ញាបានឆ្លងកាត់កន្លងមកនៅកម្ពុជា។” តើកញ្ញាបានទទួលការហ្វឹកហាត់នៅប្រទេសជប៉ុនបែបណាខ្លះ?

កញ្ញា ម៉ាលី បានចាប់យកអាជីពជាកីឡាការនីយូដូ ព្រោះខ្លួនមានបងប្រុសជាអ្នកហាត់ការ៉ាត់តេ ហើយបានណែនាំឱ្យខ្លួនសាកល្បងហ្វឹកហាត់នៅពេលទំនេរពីការសិក្សា។ ក្រោយមកកញ្ញាក៏ចូលចិត្ត និងចាប់អារម្មណ៍ហាត់នូវកីឡាប្រភេទនេះ ព្រោះជួយឱ្យមានសុខភាពរាងកាយមាំមួន និងជាពិសេសវាក៏ទុកសម្រាប់ការពារខ្លួនផងដែរ។ អំឡុងពេលហាត់ការ៉ាត់តេកញ្ញាក៏បានឆ្លៀតពេលរៀនភាសាជប៉ុនខ្លះៗ ហើយនៅពេលនោះក៏បានជួបជាមួយអ្នកគ្រូជនជាតិជប៉ុនម្នាក់ណែនាំឱ្យខ្លួនប្ដូរមកហាត់កីឡាយូដូវិញ ព្រោះវាមានលក្ខណៈស្រដៀងគ្នា និងអាចហាត់ទុកការពារខ្លួនបានល្អជាង។ កញ្ញាបានចូលហាត់កីឡាយូដូនៅឆ្នាំ២០១៩ ក្រោយមកក៏មានឱកាសចូលរួមប្រកួតជើងឯកថ្នាក់ជាតិជាមួយនឹងការឈ្នះមេដាយប្រាក់មួយ និងសំរឹទ្ធចំនួន ៣គ្រឿង។ លុះនៅឆ្នាំ២០២២ កញ្ញាបានចេញទៅប្រកួតនៅប្រទេសថៃ ដោយទទួលបានមេដាយសំរឹទ្ធក្នុងវិញ្ញាសាសម្ដែងយូដូ។ ក្រោយមើលឃើញពីសមត្ថភាពដ៏អស្ចារ្យនេះ សហព័ន្ធកីឡាកម្ពុជាបានទាក់ទងទៅកញ្ញា ដើម្បីពិភាក្សាអំពីការចូលរួមប្រកួតតំណាងឱ្យជាតិ។ នៅខែមិថុនា ឆ្នាំ២០២២ កញ្ញាត្រូវបានជ្រើសរើសជាកីឡាការនីជម្រើសជាតិយូដូតែម្ដង សម្រាប់ត្រៀមចូលរួមប្រកួតសម្ដែងកាតានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ។

អំពីការហ្វឹកនៅប្រទេសជប៉ុន

ការហ្វឹកហាត់នៅជប៉ុនដំបូង កញ្ញាបានប្រាប់ថាខ្លួនបានជួបផលលំបាកច្រើន ដោយតម្រូវឱ្យហ្វឹកហាត់ធ្វើខ្លួនប្រាណឱ្យរឹងមាំ។ កញ្ញា “កាលវិភាគហ្វឹកហាត់នៅទីនេះ គឺតឹងតែងណាស់ ដែលខ្ញុំមិនធ្លាប់ជួបនៅស្រុកខ្មែរ។ ជាឧទាហរណ៍ ខ្ញុំត្រូវឡើងនិងចុះជណ្តើរនៅព្រះវិហាររាល់ពេលព្រឹក ដើម្បីឱ្យរាងកាយរឹងមាំ។ ដំបូងឡើយ ខ្ញុំមានផលពិបាកនឹងឈឺសាច់ដុំ ព្រោះត្រូវប្រើសាច់ដុំមិនធ្លាប់ប្រើពីមុនមក ប៉ុន្តែក្រោយមកទើបខ្ញុំស៊ាំនឹងវាបន្តិចម្តងៗ។ ហើយច្បាប់កំឡុងពេលហ្វឹកហាត់គឺតឹងរ៉ឹង កីឡាករជប៉ុនដែលលេងជាគូប្រកួតគឺខ្លាំងណាស់ ហើយយើងហ្វឹកហាត់ប្រមាណ ៣០ដងក្នុងមួយថ្ងៃ។ តាមការហ្វឹកហ្វឺនដ៏លំបាកបែបនេះ ខ្ញុំបានរៀនបច្ចេកទេសប្រកួតដោយខ្លួនឯង និងស្វែងរកបច្ចេកទេសផ្ទាល់ខ្លួន ដើម្បីផ្តួលគូប្រកួតក្នុងពេលប្រកួត។ នៅភ្នំពេញ ខ្ញុំហាត់បានតែតិចជាង ១០ គូក្នុងមួយថ្ងៃប៉ុណ្ណោះ ដូច្នេះដំបូងឡើយ ខ្ញុំឈឺសាច់ដុំ និងមានរបួសស្រាលខ្លះៗលើរាងកាយ។ ខ្ញុំធ្លាប់យំពេលហាត់ជាមួយកីឡាករជប៉ុន តែទោះយ៉ាងណាក៏ដោយ ខ្ញុំពុំបានបោះបង់ចោលការប្រឹងប្រែងនេះទេ។

ចំពោះការរស់នៅជប៉ុន កញ្ញាបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះនៅទីនេះរបស់គ្រប់យ៉ាងសុទ្ធតែមានផាសុកភាព ហើយរបបអារហារក៏អាចសម្របបានដូចគ្នា ជាពិសេសចាប់តាំងពីកញ្ញាទៅដល់ទីនោះគឺពុំដែរមានបញ្ហាឈឺថ្កាត់អ្វីឡើយ ខណៈដែលបញ្ហាត្រជាក់គឺជារឿងដែលក្រុមកីឡាកម្ពុជារៀងពិបាកសម្របបន្ដិច។

ការត្រៀមខ្លួនចូលប្រកួតសម្ដែងកាតាក្នុងកីឡាស៊ីហ្គេម

ការហ្វឹកហាត់នៅជប៉ុន គឺមានច្បាប់តឹងរឹងខ្លាំង ដោយអំឡុងពេលហាត់ទាំងកញ្ញា និងក្រុមកីឡាកម្ពុជាផ្សេងទៀតមានការលំបាកទៅនឹងច្បាប់ហ្វឹកហាត់ ក៏ដូចជាបរិយាកាសហាត់ថ្មី ហើយមានពេលខ្លះយំក្នុងពេលដែលកំពុងប្រកួតវាយជាមួយដៃគូរទៀតផង។ ភាពខុសគ្នាដែលហាត់នៅខ្មែរនោះគឺ ហាត់នៅទីនេះក្នុងមួយថ្ងៃគេតម្រូវឱ្យមានការប្រកួតសាកល្បងគ្នារហូតដល់ ៣០គូរ ឬលើសនេះក៏មាន ដើម្បីស្វែងរកបច្ចេកទេស និងគន្លិះបែងចែងស្នៀតខ្លួនឯងក្នុងការយកឈ្នះដៃគូរជាដើម ខណៈពេលដែលការហ្វឹកហាត់នៅភ្នំពេញក្នុងមួយថ្ងៃគឺមិនលើសពី ១០គូរនោះទេ។ យ៉ាងណាក៏ដោយ ក្រុមកីឡាយូដូកម្ពុជាមិនបានបោះបង់និងរួញរាក្នុងការហ្វឹកហាត់នោះទេ បើទោះបីមានការបង្ករបួសស្នាមក៏ដោយ ហើយផ្ទុយមកវិញគឺមានតែខិតខំ និងព្យាយាមសម្របខ្លួនបន្ដិចៗម្ដង ដើម្បីសម្រួចគោលដៅដណ្ដើមមេដាយជូនជាតិនៅពេលខាងមុខ។

ការរៀនសូត្រថ្មីៗនៅប្រទេសជប៉ុន

ក្រោយចូលរួមហ្វឹកហាត់នៅទីនេះបានរយៈពេលមួយខែជាងមក កញ្ញាបានប្រាប់អំពីអ្វីដែលខ្លួនបានរៀនសូត្រថ្មីដូចជា៖ ការពង្រឹងរាងកាយបានល្អជាងមុន ស្មារតីមោះមុត គឺមានន័យថា ខិតខំហ្វឹកហាត់ពីអ្វីដែលកើតឡើងថ្មីៗ មិនបានរួញរាក្នុងការសាកល្បងនូវដែលថ្មី ទោះបីខ្លួនស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ការតាំងចិត្តប្រកួតក្នុងកីឡាស៊ីហ្គេមលើកទី៣២

កញ្ញាបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមោទកភាពចំពោះខ្លួនឯង បន្ទាប់ពីមានឈ្មោះប្រកួតតំណាងឱ្យជាតិ ព្រោះវាជាលើកដំបូងដែលខ្លួនត្រូវមានតួនាទីដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ធំបែបនេះ។ កីឡាការនី ម៉ាលី៖ “ខ្ញុំនឹងយកបទពិសោធន៍ពីទីនេះ [ជប៉ុន] ដើម្បីបង្ហាញនៅពេលប្រកួតសម្ដែងកីឡាស៊ីហ្គេម ជាពិសេសខ្ញុំនឹងតាំងចិត្តធ្វើយ៉ាងណាដណ្ដើមមេដាយជូនជាតិឱ្យទាល់តែបាន ព្រោះខ្ញុំមិនដឹងថាពេលណាទើបខ្លួនមានឱកាសតំណាងឱ្យជាតិទៀតនោះទេ ដូច្នេះហើយខ្ញុំនឹងខិតខំប្រឹងប្រឹងឱ្យអស់ពីសមត្ថភាព”។

 

ការថ្លែងអំណរគុណចំពោះទឹកចិត្តជប៉ុន

ក្រុមកីឡាយូដូកម្ពុជា ពិតជាសូមអរគុណយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់ក្រុមកីឡាជប៉ុន ដែលតែងតែចែករំលែកបទពិសោធន៍ បច្ចេកទេសថ្មីៗ ក៏ដូចជាការឧបត្ថម្ភផ្សេងៗដល់ពួកយើង។ វាជាកក្តាមួយដែលជម្រុញឱ្យពួកយើងមិនចុះចាញ់ ឬរួញរាក្នុងការហ្វឹកហាត់ឡើយ ដោយសារតែមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្លាំងពីក្រុមកីឡានៅទីនេះរហូត មិនថាមានរឿងអ្វីក៏ដោយពួកគាត់តែងតែប្រាប់ឱ្យយើងប្រឹងប្រែងខិតខំទៅមុខជានិច្ច។ អ្វីដែលក្រុមកីឡាជប៉ុនធ្វើនៅទីនេះ គឺបានបង្ហាញឱ្យយើងឃើញថា ការលើកទឹកចិត្តគឺពិតជាសំខាន់ណាស់ក្នុងការបន្តធ្វើអ្វីមួយទៅមុខទៀត៕

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer