គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើហាងនិងកន្លែងលក់ដូរបែបណាដែលកម្មកររោងចក្រចូលចិត្ត?
តើហាងនិងកន្លែងលក់ដូរបែបណាដែលកម្មកររោងចក្រចូលចិត្ត?
2023.07.25

តើអ្នកធ្លាប់បានឃើញទិដ្ឋភាពកន្លែងលក់ចំណីអាហារនៅតំបន់រោងចក្រដែរ ឬទេ? តើអ្នកធ្លាប់បានសាកល្បងបរិភោគចំណីអាហារទាំងនោះ ឬទេ? ដោយសារមានការលើកឡើងពីការកង្វះអនាម័យចំពោះចំណីអាហារទាំងនោះ ជាមួយនឹងតម្លៃធូរថ្លៃខុសពីចំណីអាហារនៅតាមតូប ឬហាងផ្សេងៗ ទស្សនាវដ្ដីញញឹម បានចុះទៅសង្កេត និងសម្ភាសអ្នកលក់ពីបញ្ហាទាំងនេះ ថាតើគាត់មានការយល់ឃើញបែបណាចំពោះរឿងទាំងនេះ? ស្ថិតនៅតំបន់រោងចក្រ… យើងបានឃើញបងស្រីមួយរូបក្នុងចំណោមអ្នកលក់បាយម្ហូបផ្សេងទៀត កំពុងអង្គុយរង់ចាំពលកររោងចក្រចេញមកទិញអាហាររបស់ខ្លួន ហើយយើងក៏បានចូលទៅសាកសួរគាត់ខ្លះៗអំពីសំណួរដែលបានចោតសួរដូចខាងលើ។

អ្នកលក់បាយ

បងស្រី ស៊ាង ហួយ ២៥ឆ្នាំ ជាអ្នកលក់បាយម្ហូប និងម្ជួរ នៅមុខរោងចក្រ…រយៈពេលបីឆ្នាំមកហើយ។ ពេលថ្ងៃត្រង់បងស្រីលក់បាយម្ហូបសម្រាប់ពលកររោងចក្រ… និងពេលរសៀលប្ដូរមកលក់ម្ជូរនៅមុខរោងចក្រ…។ បច្ចុប្បន្ន ម្ហូបនៅតំបន់រោងចក្រ គឺមានតម្លៃខ្ទង់២០០០រៀល និងបាយមានតម្លៃ៥០០រៀល។ ដើម្បីដឹងថា ហេតុអ្វីក៏បាយម្ហូបមានតម្លៃធូរថ្លៃបែបនេះ យើងបានសួរបងស្រីដែលជាអ្នកលក់ផ្ទាល់ដូចតទៅ។ បងស្រីបានប្រាប់ឱ្យដឹងថា៖ ភាគច្រើននៅតំបន់រោងចក្រមិនថាបាយម្ហូប ឬក៏ចំណីអាហារផ្សេងទេ គឺសុទ្ធតែមានតម្លៃធូរថ្លៃទាំងអស់ ប្រសិនបើអ្នកលក់លក់ក្នុងតម្លៃថ្លៃពួកគាត់គ្មានលិទ្ធភាពទិញទេ ពោលគឺអ្វីៗនៅទីនេះសុទ្ធតែលក់ក្នុងតម្លៃដូចគ្នាទាំងអស់។ ទន្ទឹមនឹងការលក់ក្នុងតម្លៃធូរថ្លៃបែបនេះ យើងចង់ដឹងថា តើពួកគាត់អាចលក់ដោយរបៀបណា? មានន័យថា ពួកគាត់លក់ក្នុងតម្លៃបែបនឹង តើចំណេញបានប៉ុន្មាន? ត្រង់ចំណុចនេះបងស្រីហួយបានប្រាប់ថា៖ “ជាទៅគេលក់តែប៉ុណ្ណឹងឯង បើយើងលក់ថ្លៃពួកគាត់ម៉េចមានលុយទិញ។ កម្មកររោងចក្រមិនសូវហ៊ានចំណាយច្រើនទេ ពួកគាត់ហូបតែមួយពេលអស់ ២ ទៅ ៣ពាន់អីហ្នឹង។ ចំពោះខ្ញុំ បន្លែស្រីសាច់ទាំងអស់ហ្នឹង គឺយកតែអាល្អៗមកធ្វើទេ គ្រាន់តែខ្ញុំយកមកបានធូរក៏លក់ក្នុងតម្លៃធូរដែរទៅ។ ណាមួយ ម្ហូបក្នុងមួយមុខតម្លៃ ២០០០រៀល ក៏មិនបានច្រើនអីណាស់ណាដែរ គ្រាន់តែពេលខ្លះពួកគាត់ចង់ហូបច្រើនជាងនេះគាត់ទិញដូចជា ត្រសក់ត្រាំ មាំល្ហុង ស្ពៃជ្រក់ បន្ថែម ៥០០រៀល អីទៅ រួចហើយមួយពេលនោះ។ ខ្ញុំមិនសូវជាចំណេញអីប៉ុន្មានទេ ខ្ញុំលក់នៅទីនេះជាងបីឆ្នាំ ខ្ញុំដឹងពីតម្រូវការរបស់ពួកគាត់។ ពួកគាត់ចង់បានច្រើនតែធូរថ្លៃ ដូច្នេះដើម្បីចំណេញបានខ្លះ ម្ហូបនៅរោងចក្រគេមិនសូវប្រើគ្រឿងដិតដូចនៅតាមហាងទេ ប៉ុន្តែរសជាតិអាចទទួលយកបាន ហើយធ្វើយ៉ាងណាឱ្យតែមានអនាម័យត្រឹមត្រូវទៅគឺពួកជួយទិញហើយ”។

យ៉ាងណាមិញ បងស្រីបានឆ្លើយតបនឹងការលើកឡើងអំពីបញ្ហាកង្វះអនាម័យរបស់អ្នកលក់បាយម្ហូបនៅតំបន់រោងចក្រថា​ ជាទូទៅអ្នកលក់នៅទីនេះគ្មានកន្លែងសម្រាប់រៀបចំលក់ឱ្យបានត្រឹមត្រូវដូចនៅតាមហាងនោះទេ ដូច្នេះបញ្ហានេះតែងតែកើតមានជាធម្មតា។ បងស្រីហួយ៖ “យើងគ្មានកន្លែងសម្រាប់រៀបចំទេ! គេលក់តែចឹងឯង (នៅលើដងផ្លូវក្នុងរោងចក្រ) ពេលខ្លះវាហុយអ៊ីចឹងទៅ ណាមួយអ្នករោងចក្រច្រើនផង ហើយគាត់មកទិញយើងមិនទៅបានគ្របអីឱ្យត្រឹមត្រូវ”។

ដោយឡែកការលក់គ្រឿងម្ជូររបស់បងស្រី គឺជាមុខរបរបន្ទាប់បន្សំពីការទំនេរលក់បាយម្ហូប។ បងស្រីបានប្រាប់ថា នៅពេលរសៀលគាត់មកលក់គ្រឿងម្ជូរដូចជា៖ កំពីងរាជ ស្វាយខ្ចី ប៊ិកួៈ ម្កាក និងឆឺរ៊ីជាដើម នៅមុខរោងចក្រ…។ បងស្រីបន្តប្រាប់ថា បងប្អូនកម្មរោងចក្រតែងតែទិញម្ជូរបន្តិចបន្តួចញុំាជាច្រាំ ដោយខ្លះទិញ ១០០០ ២០០០រៀល អ៊ីចឹងទៅ។

ជាចុងក្រោយ បងស្រីបានលើកឡើងថា ចំណីអាហារនៅរោងចក្រលក់តម្លៃធូរថ្លៃក៏ពិតមែន ប៉ុន្ដែចំពោះបងស្រីផ្ទាល់គឺគិតពីបញ្ហាសុខភាពរបស់អ្នកទិញជាចម្បង ហើយសុខចិត្តចំណេញបន្តិចបន្តួច និងធ្វើយ៉ាងណារក្សាឱ្យបានរសជាតិសមល្មម ជាពិសេសមានម៉ូយជាប្រចាំ៕

បទសម្ភាសអ្នកលក់បន្លែ

ក្រឡែកមកមើលការលក់បន្លែវិញម្ដង បន្ទាប់ពីបានដឹងពីការលក់បាយម្ហូបនៅមុខរោងចក្ររួចហើយ ពេលនេះយើងចង់ដឹងថា តើការលក់បន្លែបន្លុកនៅតំបន់រោងចក្រមានតម្លៃនិងគុណភាពបែបណាខ្លះ? ឬក៏បន្លែទាំងនោះមានលក្ខខណៈដូចតែនៅកន្លែងលក់ទូទៅដែរ? ដូច្នេះ យើងបាន ចុះទៅដល់ទីតាំងផ្ទាល់ម្ដងទៀត ដើម្បីសង្កេត និងសាកសួរអាជីវករលក់បន្លែនៅក្នុងផ្សារ…ក្បែរតំបន់រោងចក្រ…។

យើងបានប្រទះឃើញ លោកពូម្នាក់កំពុងអង្គុយចុចទូរសព្ទអំឡុងម៉ោង ៣រៀល ខណៈពេលដែលមិនទាន់មានម៉ូយមកទិញនៅឡើយ យើងក៏បានចូលទៅសាក់សួរលោកពូភ្លាម។ លោកពូ ហ៊ុន ណារិទ្ធ (៤១ឆ្នាំ) ជាអាជីវករលក់ក្នុងផ្សារនេះរយៈពេល ១៥ឆ្នាំ និងមានទីតាំងលក់ផ្ទាល់ខ្លួនតែម្ដង។ លោកពូបានប្រាប់ថា ភ្ញៀវមកទិញទីនេះភាគច្រើនជាពលកររោងចក្រ និស្សិតខ្លះៗ និងអ្នកស្នាក់នៅផ្ទះល្វែងតំបន់នេះ។ ដោយភ្ញៀវ នៅពេលព្រឹកភាគច្រើនជាពលរដ្ឋរស់នៅតំបន់នេះ ហើយពេលល្ងាចសម្បូរកម្មកររោងចក្រ និងនិស្សិត។ ទាក់ទងនឹងសំណួរដែលចោតថា តើបន្លែលក់នៅតំបន់រោងចក្របែបនេះ អាចនឹងមានតម្លៃធូរថ្លៃដូចទៅនឹងការលក់បាយម្ហូប ឬក៏យ៉ាងណានោះ? លោកពូបានប្រាប់ថា ជាទូទៅបន្លែមិនថានៅតំបន់ណាទេគឺមានតម្លៃដូចតែគ្នាទេ ហើយតំបន់ខ្លះគេលក់ចំណេញតិចឬច្រើនក៏មិនដឹង ប៉ុន្តែចំពោះលោកពូគឺលក់តម្លៃទូទៅ ពោលគឺមិនមែនអ្នករោងចក្រលក់ប៉ុណ្ណេះ និស្សិត ឬក៏អ្នកភូមិលក់ប៉ុណ្ណោះទេ។ លោកពូ ណារិទ្ធ៖ “និយាយទៅ ខ្ញុំលក់តម្លៃទូទៅ អ្នករោងចក្រក៏ប៉ុណ្ណឹង និស្សិត និងពលរដ្ឋរស់នៅតំបន់នេះក៏ដូចគ្នា។ គ្រាន់តែថា អ្នករោងចក្រពួកគាត់ទិញតិចៗ ជូនកាលមួយពេលគាត់ហូបអស់ ១០០០ ទៅ ៣០០០រៀល អីហ្នឹង។ ឧទាហរណ៍ថា គាត់ចង់ស្លម្ជូរ ចឹងគាត់ទិញត្រកួនមួយដុំ ១០០០រៀល ត្រី ៣០០០រៀល អីទៅរួចមួយពេលបាត់។ ហើយបើគាត់មានកម្មពិធីជួបជុំគ្នា គាត់ទិញរៀងច្រើនទៅ ភាគច្រើនគាត់ធ្វើគោឡើងភ្នំ ហើយចំណាយថ្លៃបន្លែខ្ទង់ ១ម៉ឺន ទៅ ១ម៉ឺនប្រាំ ប៉ុណ្ណឹងឯង”។ យ៉ាងណាមិញ លោកពូបានបន្តប្រាប់ឱ្យដឹងទៀតថា “ផ្ទុយពីពលរដ្ឋរស់នៅផ្ទះល្វែងទីនេះ ភាគច្រើនពួកគាត់ទិញម្ដងៗច្រើន ដោយសារពួកគាត់មានទូទឹកកកសម្រាប់យកទៅស្តុកទុក។ ដោយឡែកនិស្សិតក៏មិនខុសអីពីអ្នករោងចក្រប៉ុន្មានដែរ ពួកគាត់ទិញតែមួយពេលៗយកទៅធ្វើ ហើយបើកូនគេអ្នកខេត្តខ្លះរៀងធូរធាក៏ទិញច្រើនយកទៅទុកទូទឹកកកដូចគ្នាដែរ”។ ក្រោយពីបានសាកសួរលោកពូមួយប្រាវមក យើងក៏បានដឹងខ្លះៗពីការលក់បន្លែនៅតំបន់នេះ ប៉ុន្តែយកចង់ដឹងថា តើបន្លែទាំងនោះលោកពូបានយកពីកន្លែបោះដុំណា និងជាប្រភេទយ៉ាងម៉េចនោះ? លោកពូបានប្រាប់ថា បន្លែទាំងអស់នេះ គឺយកមកពីផ្សារដើមគ ហើយតម្លៃលក់បន្តក៏អាស្រ័យទៅតាមអតិផរណា ហើយបន្លែទាំងលោកពូប្រាប់ថាសុទ្ធតែជាប្រភេទស្រស់ៗ និងដូចតែកន្លែងដទៃលក់ដូចគ្នា។ លោកពូ ណារិទ្ធ “ខ្ញុំយកមកពីផ្សារដើមគ ហើយបន្លែល្អៗធម្មតា មិនបានយកបន្លែខូចគុណភាពមកលក់នៅតំបន់រោងចក្រទេ។ និយាយរួមទៅ អ្នកទិញក៏គាត់ចង់បានបន្លែស្រស់ៗ និងតម្លៃដូចទីផ្សារទូទៅ។ បើខ្ញុំយកបន្លែកំប៊ិតកំពាតសួរថាពីណាទិញ? ជារួមខ្ញុំចង់និយាយថា បន្លែលក់ទាំងអស់នេះដូចតែនៅផ្សារដទៃផ្សេងទៀតអ៊ីចឹងដែរ”។

ដោយសារនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា វត្តមានផ្សារទំនើបចាប់ផ្ដើមរីកសុះសាយ ខណៈដែលនៅក្នុងនោះក៏មានលក់ជាប្រភេទបន្លែស្រស់ៗដូចគ្នា និងរបស់របរយ៉ាងច្រើនសម្បូរបែប។ ដូច្នេះហើយ យើងបានសួរលោកពូថា បច្ចុប្បន្នប្រជាពលរដ្ឋពួកគាត់មានទំនោលទៅបែបណា ឬក៏នៅតែរក្សាវប្បធម៌ដូចកាលពីមុនដដែល? ត្រង់ចំណុចនេះ លោកពូបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន កម្រឃើញអ្នកដែលរស់នៅតំបន់ផ្សារ ហើយទៅទិញបន្លែនៅផ្សារទំនើបណាស់ ភាគច្រើនលោកពូសង្កេតឃើញថាទាល់តែអ្នកដែលរស់នៅឆ្ងាយពីផ្សារទើបទៅទិញនៅផ្សារទំនើប។ លោកពូ ណារិទ្ធ៖ “មានន័យដូចអ្នករស់នៅក្នុងភូមិខ្ញុំអ៊ីចឹង គាត់ទិញតែនៅហ្នឹង គាត់គ្មានពេលទៅទិញនៅផ្សារទំនើបទេ។ ចុះបើផ្សារនៅជិតពួកគាត់មានសព្វបែបយ៉ាងហើយ គាត់ទៅទិញអីនៅផ្សារទំនើបនុង។ ប៉ុន្តែបើករណីក្បែរផ្ទះគេមិននៅជិតផ្សារ ហ្នឹងគេអាចទៅទិញនៅផ្សារទំនើបអ៊ីចឹងទៅ។ ឬក៏គេទៅដើរអី គេអាចនឹងទិញហើយយួរមួយថងពីរថងអីទៅ”៕

បទសម្ភាសអ្នកលក់បង្អែម

បងស្រី សុខ ចាន់ណាឡែន (៣៣ឆ្នាំ) គឺជាអ្នកលក់បង្អែមនៅក្នុងផ្សារ… ក្បែតំបន់រោងចក្រ…។ បងស្រីបានចាប់របរជាអ្នកលក់បង្អែមនេះតពីម្ដាយរបស់ខ្លួន ដែលគិតមកដល់ពេលបច្ចុប្បន្នមានរយៈពេលជាង ១០ឆ្នាំមកហើយ។ ដំបូងឡើយ ម្ដាយរបស់ស្រីបានចាប់ផ្ដើមរបរជាអ្នកលក់បង្អែមនេះតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ រហូតដល់ឆ្នាំ២០១៣ ទើបបងស្រីបានចាប់យករបរនេះតពីម្ដាយរបស់ខ្លួនរហូតមកទល់បច្ចុប្បន្ន។ នៅម៉ោង ២រៀល បងស្រីបានផ្ដើមរៀបចំដួសខ្ចប់បង្អែមដាក់ថង់ និងប្រអប់ជ័រសម្រាប់តៀមលក់នៅពេលដែលពលកររោងចក្រ និស្សិត ក៏ដូចជាអ្នកធ្វើការជាដើម ដែលពួកគាត់ទាំងនោះនឹងមកទិញនាពេលចេញពីធ្វើការ។ បង្អែមរបស់បងស្រីមានលក់ចាប់ពីតម្លៃ ១០០០រៀល ឡើងទៅ ដោយបង្អែមខ្ចប់ថង់មានតម្លៃ ១០០០រៀល និងដាក់ប្រអប់ជ័រមានតម្លៃ ១៥០០ ទៅ ៣០០០រៀល អាស្រ័យទៅតាមភ្ញៀវកម្ម៉ង់។ ដោយសារបងស្រីលក់បង្អែមក្បែរតំបន់រោងចក្រ និងមាននិស្សិតរស់នៅច្រើនបែបនេះ ទើបធ្វើឱ្យបងស្រីលក់ក្នុងតម្លៃធូរថ្លៃ ដោយមានត្រឹមតែ ១០០០រៀល គឺអាចញុំាបង្អែមដ៏មានឱរសជាតិឆ្ងុយឆ្ងាញ់បានហើយ។ ត្រង់ចំណុចនេះ បងស្រីបានប្រាប់ឱ្យដឹងថា៖ “ខ្ញុំលក់ធូរថ្លៃបែបនេះ ដោយសារឃើញពីសម្ទុះគាំទ្ររបស់អ្នករោងចក្រ និងនិស្សិតជាដើម។ ខ្ញុំយល់ថាបើយើងលក់ថ្លៃពេក ឬក៏លើសនេះតែ ៥០០រៀល អីក៏ពួកគាត់គ្មានលុយទិញហូបរាល់ថ្ងៃដែរ។ ថ្វីត្បិតតែតម្លៃធូរអ៊ីចឹងមែន ប៉ុន្តែខ្ញុំដាក់ខ្ចប់បង្អែមរៀងច្រើនគួរសមដែរ ដើម្បីឱ្យពួកគាត់ចំណាយតិចហើយ តែបានញុំាឆ្ងាញ់ និងឆ្អែតផងដែរ”។  យ៉ាងណាមិញដោយសារទទួលបានការគាំត្រច្រើន បងស្រីបានប្រាប់ថា បង្អែមរបស់ខ្លួនបានលក់អស់ៗស្ទើរតែជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃណាមេឃភ្លៀង ក៏លក់នៅសល់ខ្លះដែរ ប៉ុន្តែបងស្រីបានយកបង្អែមនេះចែកអ្នកនៅទីនោះញុំា ដោយមិនបានយកទុកលក់សម្រាប់ថ្ងៃស្អែកនោះទេ។

គួរបញ្ជាក់ថា បង្អែមនៅកន្លែងបងស្រីមានលក់ដូចជា៖ បាញ់ចានឿក សណ្ដែកខៀវ ចេកខ្ទិះ គ្រាប់ត្នោត ចាហួយខ្មៅ សណ្ដែកក្រហម បបរពោត បបរដូង បបរត្នោត បបរល្ពៅ សង់ខ្យា ត្រសក់ស្រូវ និងចាហួយដូងជាដើម។ ហើយតម្លៃអាស្រ័យទៅតាមការខ្ចប់ថង់ ឬដាក់ប្រអប់ជ័រដូចបានជម្រាប់ជូននៅខាងលើ៕

ផ្សារទំនើបស្ទឹងមានជ័យថ្មីទាក់ទាញពលកររោងចក្រ

ផ្សារទំនើបស្ទឹងមានជ័យថ្មី ជាកន្លែងមួយដែលមានការលក់អ៊ីវ៉ាន់ច្រើនសម្បូរបែបតម្រូវតាមភ្ញៀវគ្រប់ស្រទាប់វណ្ណៈ។ គេតែងសង្កេតឃើញវត្តមានរបស់ពលកររោងចក្រ និងប្រជាពលរដ្ឋរស់នៅតំបន់ក្បែរៗនោះ មកទិញអ៊ីវ៉ាន់នៅថ្ងៃចុងសប្ដាហ៍ ជាពិសេសនៅពេលមានបុណ្យទានតែម្ដង។ មានទីតាំងស្ថិតនៅជាប់តំបន់រោងចក្រ ផ្សារទំនើបស្ទឹងមានជ័យថ្មីបានទាក់ទាញប្រជាពលរដ្ឋទូទៅ ជាពិសេសពលកររោងចក្រមកកម្សាន្តនៅកន្លែងនេះ ដោយហេតុថានៅខាងក្នុងផ្សារមានលក់អ៊ីវ៉ាន់ចម្រុះនិងច្រើនជម្រើសក្នុងតម្លៃសមរម្យ ហើយអាចរីករាយជាមួយនឹងការញុំាអាហារឆ្ងាញ់ៗ និងមើលភាពយន្តជាដើម។ តើផ្សារទំនើបស្ទឹងមានជ័យថ្មី មានលក្ខខណៈពិសេសខុសប្លែកពីផ្សារដ៏ទៃអ្វីខ្លះ ទើបអាចទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋទូទៅ ជាពិសេសពលកររោងចក្រឱ្យមកកម្សាន្តនៅទីនេះបានបែបនេះ? យើងបានសាក់សួរអ្នកលក់សម្លៀកបំពាក់ និងអ្នកលក់ស្បែកជើងក្នុងផ្សារទំនើបនេះ ដោយចង់ដឹងពីប្រភេទភ្ញៀវដែលមកទិញនៅទីនេះ ហើយមូលហេតុអ្វីដែលទាក់ទាញឱ្យពួកគាត់និយមមកទិញអ៊ីវ៉ាន់ក្នុងផ្សារនេះ តើវាមានលក្ខណៈពិសេសអ្វីខ្លះទៅ? ខាងក្រោមនេះ ជាព័ត៌មានដែលទទួលបានពីការសាក់សួររបស់អ្នកលក់ចំនួនពីរនាក់ តើពួកគាត់បានឆ្លើយដូចម្ដេចខ្លះ? នៅពេលដែលយើងបានចោទសួរដូចសំណួរនៅខាងលើ។

  • ឈ្មោះ ស៊ុន ស្រីនាង អាយុ ៣៥ឆ្នាំ
  • អាជីវករ៖ លក់សម្លៀកបំពាក់
  • ទីតាំង៖ ផ្សារទំនើបស្ទឹងមានជ័យ រយៈពេល ១ឆ្នាំ
  • តូបលេខ៖ ២៣

បងស្រីបានប្រាប់ឱ្យដឹងថាអតិថិជនរបស់គាត់ភាគច្រើនជាពលកររោងចក្រ ហើយអ្នករស់នៅក្បែរផ្សារ និងនិស្សិតក៏មានខ្លះៗដែរ។ ពលកររោងចក្រតែងតែមកទិញនៅផ្សារនេះដោយសារមានតម្លៃធូរថ្លៃ និងទីធ្លារដើរធំទូលាយ ជាពិសេសសម្លៀកបំពាក់ភាគច្រើនត្រូវនឹងវ័យរបស់ពួកគាត់។ ជាទូទៅពលកររោងចក្រពួកគាត់និយមដើរផ្សារនាថ្ងៃចុងសប្ដាហ៍ ឬពេលបើកប្រាក់ខែ និងនៅថ្ងៃបុណ្យទាន ខណៈដែលនៅថ្ងៃធម្មតាផ្សារនេះពុំសូវមានមនុស្សដើរកោះករនោះទេ ហើយអ្នកលក់ភាគច្រើនក៏លក់អ៊ីវ៉ាន់មិនសូវដាច់ដែរ។

ការយល់ឃើញ “សម្រាប់ខ្ញុំគិតថា មូលហេតុពួកគាត់និយមមកផ្សារនេះ គឺដោយសារមានអ៊ីវ៉ាន់ច្រើនពួកគាត់អាចដើរមើលសម្លៀកបំពាក់តាមរយៈផ្លាកដែលសរសេរដាក់ថា ១០០០០រៀលគ្រប់មុខ ដែលធ្វើឱ្យគាត់ហ៊ានចូលមើល និងមិនមានអារម្មណ៍ថាថ្លៃ ព្រោះមានផ្សារខ្លះមិនបានដាក់តម្លៃ ហើយនៅពេលដែលពួកគាត់ចូលទៅមើលខោអាវ (រើសមើលច្រើន) ប៉ុន្តែមិនបានទិញគឺគេអាចនឹងស្ដីឱ្យដែរ។ ផ្សារនេះ មិនស្ដីឱ្យភ្ញៀវទេទិញឬមិនទិញក៏មិនអីដែរ។ មួយវិញទៀត ផ្សារនេះនៅជិតនឹងកន្លែងពួកគាត់រស់នៅតែម្ដង”។


  • ឈ្មោះ ប៉េង ហ៊ុយ អាយុ ៦០ឆ្នាំ
  • អាជីវករ៖ លក់ស្បែកជើង
  • ទីតាំង៖ ផ្សារទំនើបស្ទឹងមានជ័យ រយៈពេល ៥ឆ្នាំ
  • តូបលេខ៖ ៧

លោកអុំបានប្រាប់ឱ្យដឹងថា ភ្ញៀវដែលមកទិញនៅក្នុងផ្សានេះភាគច្រើនគឺសម្បូរអ្នកធ្វើការងាររោងចក្រ ដោយសារអ៊ីវ៉ាន់នៅទីនេះលក់មិនសូវកាត់ថ្លៃដូចផ្សារដ៏ទៃ និងមានច្រើនសម្បូរបែបមិនថាសម្ភារៈផ្ទះបាយ សម្លៀកបំពាក់ គ្រឿងអលង្ការ ស្បែកជើង និងកន្លែងកម្សាន្តផ្សេងៗ។ លោកអុំលក់ស្បែកជើងនៅផ្សារនេះបានរយៈជាង ៥ឆ្នាំ មកបានសង្កេតឃើញថា ពលកររោងចក្រនិយមដើរផ្សារនេះនាថ្ងៃចុងសប្ដាហ៍ និងនៅពេលបុណ្យទានដូចជា ចូលឆ្នាំខ្មែរ និងភ្ជុំបិណ្យជាដើម។ ដោយសារលោកអុំជាអ្នកលក់ស្បែកជើងដែលមានតម្លៃធម្យម ពោលគឺចាប់ពី ៨ ទៅ ២៥ដុល្លារ ហើយបានប្រាប់ថា ពលកររោងចក្រក៏ឧស្សាហ៍មកទិញនៅកន្លែងគាត់ដែរ ដោយគាត់ទិញសម្រាប់ខ្លួនឯងទុកពាក់ទៅកម្មវិធី និងទិញជូនឪពុកម្ដាយយូរៗម្ដង ព្រោះវាមានតម្លៃថ្លៃគួរសមនិងមានតម្លៃសម្រាប់ពួកគាត់។ យ៉ាងណាមិញ ក្រៅពីពលកររោងចក្រ កន្លែងលក់លោកអុំក៏មានអតិថិជនផ្សេងទៀតដែរដូចជា អ្នកធ្វើការងារ បុគ្គលិកអង្គការ និងនិស្សិតជាដើម។

ការយល់ឃើញរបស់លោកអុំ “សម្រាប់ខ្ញុំ គិតថាផ្សារនេះ លក់អ៊ីវ៉ាន់មិនសូវកាត់ថ្លៃ មិនបង្ខំភ្ញៀវឱ្យទិញ អាចដើរមើលបានតាមចិត្ត ជាពិសេសមានរបស់របរទូទៅច្រើនសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់មនុស្សប្រចាំថ្ងៃបាន”។

 

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

ស្រ្តីក្នុងវិស័យយោធា

2022.08.04 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer