គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

(ភាសាខ្មែរ) ១២ ឆ្នាំក្នុងអាជីពជាសិប្បករផលិត នៃសិប្បកម្មប្រហុក
(ភាសាខ្មែរ) ១២ ឆ្នាំក្នុងអាជីពជាសិប្បករផលិត នៃសិប្បកម្មប្រហុក
2021.03.29

លោក តាន់ មេសា (អាយុ ៣៨ ឆ្នាំ) និងភរិយាឈ្មោះ ថា ស្រីម៉ាប់ (អាយុ ៣០ ឆ្នាំ) បានចាប់ផ្តើមរបរផលិត និងជួញដូរប្រហុកកាលពី១២ឆ្នាំមុន។ អ្នកទាំងពីរ រស់នៅក្នុងស្រុកសូទ្រនិគម ឃុំដំដែក ដែលនៅជាប់នឹងឃុំឃ្លាំង ស្ថិតនៅជាប់បឹងទន្លេសាបដែលជាជម្រកត្រីទឹកសាប ត្រូវបានគេស្គាល់ជាទូទៅថាជាតំបន់ផលិតប្រហុកដ៏ធំមួយក្នុងខេត្តសៀមរាប។

សំណួរទី ១៖ តើមូលហេតុអ្វីដែលធ្វើឱ្យអ្នកទាំងពីរចាប់ផ្តើមអាជីពនេះឡើង?

តាមពិតទៅ យើងខ្ញុំទាំងពីរបានចាប់ផ្តើមរបរនេះពីបងថ្លៃរបស់ខ្ញុំ។ ដោយសារបងស្រីរបស់ខ្ញុំបានរៀបការជាមួយគ្រួសារគាត់ដែលជាអ្នក​ប្រកបរបរផលិត និងជួញដូរប្រហុកជាយូរមកហើយ កាលនោះ ខ្ញុំជាសិស្ស ហើយបន្តិចម្តងៗបានជួយការងាររបស់បងស្រីខ្ញុំ ដែលមានអាជីពនេះ។ បន្ទាប់ពីបានជួយធ្វើផ្ទាល់ និងធ្វើការស្វែងយល់ពីរបរនេះអស់មួយរយៈពេលមក ខ្ញុំក៏ចាប់ផ្តើមចាប់អារម្មណ៍ពីរបរនេះ ហើយបានយល់នូវតម្លៃនៃការផលិតប្រហុក ដែលមានលក្ខណៈជាប្រពៃណីរបស់ខ្មែរយើងនេះ ហើយក៏បានសម្រេចចិត្តចាប់ផ្តើមមុខរបរនេះក្រោយពីបានរៀបការ។ ប្រហុកដែលយើងផលិតបានគឺមានបរិមាណច្រើន ដូច្នេះយើងធ្វើការលក់បោះដុំដល់ទីផ្សារនានាទៅតាមបណ្តាខេត្ត និងធ្វើការលក់រាយនៅក្នុងផ្សារដំដែកក្នុងឃុំយើងផងដែរ។ ជាមធ្យមយើងលក់ប្រហុកបានប្រហែល ១ តោនក្នុងមួយថ្ងៃដោយការលក់បោះដុំ និងរាយ។

 

សំណួរទី ២៖ វាមានរយៈពេលប្រមាណ ១២ ឆ្នាំហើយចាប់តាំងពីលោកបានចាប់ផ្តើមរបរនេះឡើង។ តើរបរនេះមានចំណុចទាក់ទាញដូចម្តេចខ្លះ?

ដំបូងយើងត្រូវដឹងថាប្រហុកនេះ គឺជាម្ហូបប្រពៃណីរបស់ខ្មែរយើងបន្សល់ទុកមកតាំងពីជីដូនជីតារបស់យើងមក ជាច្រើនជំនាន់មកហើយ។ ខ្ញុំគិតថាតាំងតែសម័យកាលសាងសង់ប្រាសាទអង្គរវត្តដ៏រុងរឿង ហើយខ្មែរយើងមានវប្បធម៌រីកចម្រើនតាំងពីបុរាណកាល ក៏ដោយសារប្រហុកនេះដែរ។ បច្ចុប្បន្ននេះ មានយុវជនជាច្រើនដែលមិនចូលចិត្តប្រហុក ដោយសារតែក្លិនរបស់វា ហើយបែរជាមកនិយមចូលចិត្តម្ហូបបរទេសដូចជា ភីហ្សា និងហាំប៊ឺហ្គឺទៅវិញ។ ត្រង់ចំណុចនេះ ហើយដែល ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាគិតពិចារណាសារជាថ្មីឡើងវិញ ព្រោះថាប្រហុកគឺជាផ្នែកមួយនៃគ្រឿងផ្សំដែលមិនអាចខ្វះបានសម្រាប់ម្ហូបខ្មែររបស់យើង។ វាពិតជាជាគ្រឿងផ្សំមួយប្រភេទដែលល្អអាចរក្សាទុកបានយូរ និងអាចប្រើប្រាស់បានជាមុខម្ហូបផ្សេងៗ។

សំណួរទី ៣៖ តើស្ថានភាពនៃអាជីវកម្មប្រហុកបច្ចុប្បន្ននេះវិញយ៉ាងម៉េចដែរ?

មានការប្រកួតប្រជែងទីផ្សារប្រហុកច្រើននាពេលបច្ចុប្បន្ន។ មូលហេតុគឺមកពីប្រហុក ក៏ត្រូវបានផលិតនៅក្នុងប្រទេសជិតខាងយើងដូចជា ថៃ និងវៀតណាមផងដែរ។ ប្រហុកខ្មែរយើង ផលិតដោយប្រើត្រីធម្មជាតិពីបឹងទន្លេសាប ប៉ុន្តែចំណុះត្រីដែលនេសាទបាន បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្ទុយទៅវិញ មានការចិញ្ចឹមត្រីច្រើននៅប្រទេសថៃ និងវៀតណាម ហើយថ្លៃដើមនៃការផលិតប្រហុកនៅប្រទេសគេគឺមានតម្លៃទាបជាងនៅកម្ពុជា។ ដូច្នេះប្រហុកក្នុងស្រុករបស់យើងលំបាកក្នុងការប្រកួតប្រជែងទីផ្សារពីខាងក្រៅ។ មានផលិតករខ្លះលក់ប្រហុកក្នុងស្រុករបស់ខ្លួនទៅទីផ្សារក្រៅប្រទេសដែរ ប៉ុន្តែប្រសិនបើយើងមិនមានថវិកាគ្រប់គ្រាន់សម្រាប់ផលិតទេ យើងនឹងមិនអាចប្រកួតប្រជែងក្នុងទីផ្សារក្រៅស្រុកបានទេ។ ដូច្នេះសម្រាប់ខ្ញុំ យើងអាចពង្រីកបណ្តាញលក់របស់យើងបានត្រឹមតែក្នុងកម្រិតទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។

出来上がったプラホックを容器から取り出して出荷する準備中

សំណួរទី ៤៖ តើលោកមានបំណងពង្រីកអាជីវកម្មនេះយ៉ាងដូចម្តេចនាពេលអនាគត?

ដំបូងយើងខ្ញុំមានបំណងចង់បន្តថែរក្សានូវម្ហូបប្រពៃណីរបស់ខ្មែរយើងមួយនេះសម្រាប់ប្រជាជនខ្មែរនៅពេលបច្ចុប្បន្ន និងជំនាន់ក្រោយ។ ប៉ុន្តែលើសពីនេះទៅទៀត ខ្ញុំក៏គិតថាការធ្វើប្រហុកគឺជាសិប្បកម្មមួយដែលបង្កើតការងារសម្រាប់មនុស្សជាច្រើន។ ឧទាហរណ៍ប្រសិនបើអ្នកមើលក្នុងឃុំឃ្លាំងតែមួយ ឃើញថាមានគ្រួសារជាច្រើនដែលរស់នៅដោយប្រកបការងារ ទាក់ទងនឹងសិប្បកម្មប្រហុកនេះ។ មានសេវាកម្មផ្សេងៗដូចជា សេវាកម្មផលិត លក់ដូរ និងដឹកជញ្ជូនជាដើមដែលពាក់ព័ន្ធនឹងសិប្បកម្មប្រហុកនេះ ហើយវាបានបង្កើតការងាររជាច្រើនសម្រាប់អ្នកប្រកកបរបរក្នុងសេវាកម្មទាំងនេះ។ មានចំនួនពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងប្រទេសជិតខាងដទៃទៀតកំពុងកើនឡើងនាពេលបច្ចុប្បន្នដោយសារតែកង្វះការងារសម្រាប់យុវជននៅក្នុងស្រុក។ ប៉ុន្តែខ្ញុំគិតថាបើយើងអាចថែរក្សា និងពង្រីកសិប្បកម្មប្រហុកនេះបាន វានឹងអាចនាំឱ្យមានការបង្កើតការងារបានច្រើននៅក្នុងស្រុក។ ផ្ទុយទៅវិញ បើយើងពុំអាចរក្សាសិប្បកម្មប្រពៃណីនេះបានល្អនៅពេលបច្ចុប្បន្នទេ វាអាចនាំឱ្យមានការបាត់បង់ការងារក្នុងស្រុកថែមទៀតផងដែរ។

ម្យ៉ាងទៀត ដូចខ្ញុំបានលើកឡើងមុននេះ ដោយមានការប្រកួតប្រជែងទីផ្សារនាំចូលប្រហុកថោកៗពីប្រទេសជិតខាងច្រើន ដូច្នេះប្រសិនបើយើងមិនបន្តខិតខំប្រឹងប្រែងថែរក្សានូវប្រពៃណីនៃការធ្វើប្រហុកខ្មែរយើងនេះទេ យើងអាចនឹងបាត់បង់ទាំងប្រពៃណី និងការងារសម្រាប់ប្រជាជនក្នុងពេលតែមួយ។ នោះហើយជាមូលហេតុដែលធ្វើឱ្យយើងខ្ញុំចង់បន្ត និងពង្រីកនូវសិប្បកម្ម និងអាជីវកម្មប្រហុកនេះរហូតមក៕

សម្រាប់ពត៌មានបន្ថែម ៖

【NyoNyum Khmer No. 44】









この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer