គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
តើមានការជួយឧបត្ថម្ភបែបណាខ្លះសម្រាប់ក្រុមទូកងចូលរួមក្នុងការប្រកួត?
2024.02.02

ជាទូទៅ ក្រុមទូកងចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកតែងតែមានការឧបត្ថម្ភនានា ពីថ្នាក់តំបន់ក្នុងមូលដ្ឋានខ្លួន រហូតដល់ថ្នាក់ជាតិ។ ភាគច្រើន ក្រសួងនិងមន្ទីរ រួមទាំងក្រុមហ៊ុនឯកជនមួយចំនួនពាក់ព័ន្ធចូលរួមផ្តល់ជាប្រាក់ឧបត្ថម្ភ និងឧបត្ថម្ភជាសម្ភារៈនានាសម្រាប់ក្រុមកីឡាករអុំទូក។ បន្ទាប់ពីមកដល់ទីក្រុងភ្នំពេញ ក្រុមកីឡាករអុំទូកក៏អាចទទួលបានការឧបត្ថម្ភបន្ថែមផ្សេងៗផងដែរ ពីរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី អ្នកជំនួញ (ឧកញ៉ា) និងក្រុមហ៊ុនឯកជនផ្សេងៗដែលចាប់អារម្មណ៍នឹងការប្រកួតរបស់ក្រុមនោះ។ យើងខ្ញុំបានចុះទៅសាកសួរលោក ហ៊ី វាសនា (អាយុ៦២ឆ្នាំ) ដែលជាប្រធានក្រុមដឹកនាំក្រុមទូកង ស្លាកលេខ៣០៩ និងសមាជិកក្រុមដើម្បីស្វែងយល់ពីស្ថានភាព និងជីវភាពរស់នៅរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ក្នុងអំឡុងពិធីបុណ្យអុំទូកឆ្នាំ២០២៣។

 

 

 

 

 

 

សំណួរ៖ តើលោកពូបានដឹកនាំក្រុមចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកបែបនេះបានប៉ុន្មានដងហើយ?

ចម្លើយ៖ ក្រុមទូកង យើងខ្ញុំមកពីវត្តស្រះចក ខេត្តកំពង់ឆ្នាំង ហើយយើងបានមកប្រកួតនៅទីក្រុងភ្នំពេញសម្រាប់ពិធីបុណ្យអុំទូក ច្រើនជំនាន់មកហើយ។

សំណួរ៖ ថ្ងៃនេះជាថ្ងៃទីពីរនៃការប្រកួត តើលោកពូមានអារម្មណ៍បែបណាចំពោះការប្រកួតកាលពីម្សិលមិញ និងការហ្វឹកហាត់កន្លងមក?

ចម្លើយ៖ យើង​បាន​ឈ្នះ​ទាំង​ពីរ​ប្រកួត​កាល​ពី​ម្សិល​មិញ។ យើង​នឹង​ត្រូវ​ប្រកួត​ម្ដង​ទៀត​នៅ​រសៀល​នេះ​ជា​មួយ​នឹង​ក្រុម​ទូក​ងឈ្នះ​ម្សិលមិញផ្សេង​ទៀត ដូច្នេះ​ក្រុមយើងនឹ​ងប្រឹងប្រែងហាត់ ​ដើម្បី​ទទួល​ជ័យ​ជម្នះក្នុងថ្ងៃនេះ។ ប្រសិនបើក្រុមយើងឈ្នះម្តងទៀតក្នុងជុំទី២ សម្រាប់ថ្ងៃនេះ យើងនឹងអាចចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័តនៅថ្ងៃចុងក្រោយ។ ដូច្នេះហើយ យើង​បាន​បន្ត​ហ្វឹកហាត់​ដូច​ធម្មតា​នៅ​ព្រឹក​នេះ​។

សំណួរ៖ តើក្រុមទូកងរបស់លោកពូទទួលបានការឧបត្ថម្ភបែបណាខ្លះដែរ?

ចម្លើយ៖ ក្រុមការងាររបស់យើងទទួលបានជំនួយឧបត្ថម្ភជាចម្បងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងក្រុមហ៊ុនរកស៊ីផែនេសាទ និងពីសហគមន៍នៅមូលដ្ឋាន។ ឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភដល់ក្រុមការងារយើងចំនួន ២លានរៀល។ បន្ថែមពីលើការជួយឧបត្ថម្ភលើសាឡាងសម្រាប់ធ្វើដំណើរទៅមកភ្នំពេញ និងសម្រាប់សមាជិកក្រុមរបស់យើងស្នាក់នៅរយៈពេលបីថ្ងៃ។ ចំណែកក្រុមហ៊ុនផែនេសាទវិញ បានផ្តល់ការឧបត្ថម្ភផ្នែកអាហារដូចជា អង្ករ សាច់ និងភេសជ្ជៈដែលចាំបាច់សម្រាប់រយៈពេលបីថ្ងៃនេះ។ ក្រោយមក មុនក្រុមយើងខ្ញុំមកភ្នំពេញ ខ្ញុំបានទទួលអំណោយពីអ្នកភូមិចំនួន ១.៦ លានរៀល ព្រមទាំងថវិកា ៥00,000 រៀល សម្តេចចៅហ្វាវាំងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមទាំងថ្លៃជួសជុលទូកមួយចំនួនផងដែរ។

ឥឡូវនេះ យើងក៏កំពុងទទួលបានជំនួយមួយចំនួនពីក្រុមហ៊ុនឯកជនផ្សេងទៀតនៅទីនេះក្នុងទីក្រុងភ្នំពេញ លើផ្នែកភេសជ្ជៈ (ភេសជ្ជៈថាមពល) និងអាហារ។ គណៈកម្មាធិការរៀបចំបុណ្យជាតិ ក៏បានផ្តល់ជំនួយជាទឹក និងស្បៀងអាហារផ្សេងៗ ព្រមទាំងប្រាក់ឧបត្ថម្ភចំនួន១ម៉ឺនរៀលក្នុងមួយថ្ងៃដល់កីឡាករអុំទូកយើងផងដែរ។

សំណួរ៖ តើ​មនុស្ស​ប្រភេទ​ណា​ដែលត្រូវបានជ្រើសរើសចូលជាកីឡាកអុំទូក?

ចម្លើយ៖ ក្រុមការងាររបស់យើង ធ្វើការជ្រើសរើសជាទូទៅ ផ្តោតលើយុវជនអ្នកស្ម័គ្រចិត្តពីក្នុងភូមិឃុំរបស់យើង។ ដោយសារពិធីបុណ្យអុំទូកនេះជាព្រឹត្តិការណ៍ប្រពៃណីសម្រាប់ជាតិ ដូច្នេះមានយុវជនជាច្រើនចូលរួមជាមួយយើងដោយស្ម័គ្រចិត្តជារៀងរាល់ឆ្នាំ។ យើងទាមទារឱ្យកីឡាករអុំទូកត្រូវចេះហែលទឹក និងមានកម្លាំងសម្បទារល្អ និងចេះស្តាប់វិន័យក្នុងក្រុមជាដើម។

សំណួរ៖ យើងឃើញមានកុមារតូចៗ និងស្ត្រីចំណាស់បីបួននាក់នៅលើសាឡាងនេះ។ តើពួកគាត់ក៏ជាសមាជិកក្រុមរបស់លោកពូដែរឬ?

ចម្លើយ៖ ក្រុមរបស់យើងមានចំនួនសរុប ៦៥នាក់។ សមាជិកភាគច្រើនជាអ្នកស្ម័គ្រចិត្ត ដូច្នេះមានស្ត្រីចំណាស់មកពីភូមិជាចុងភៅ និងកីឡាករខ្លះយកកូនចៅមកលេងជាមួយដែរ។ អ្នកអុំទូកយើងមាន ៤៥នាក់ ក្នុងនោះមានកីឡាករត្រៀមចំនួន ១០នាក់ផ្សេងទៀតមកពីភូមិតែមួយ។

សំណួរ៖ តើក្រុមលោកពូមានលក្ខណៈពិសេសដូចម្តេចខ្លះដើម្បីត្រៀមខ្លួនយកឈ្នះការប្រកួតនីមួយៗ?

ចម្លើយ៖ ក្នុងនាមជាអ្នកដឹកនាំក្រុម ខ្ញុំព្យាយាមស្វែងយល់ពីចរិតលក្ខណៈរបស់កីឡាករអុំទូកម្នាក់ៗ ហើយធ្វើការសម្រេចចិត្តកំណត់ទីតាំងចែវលើទូក និងតាមដាន គ្រប់គ្រងស្ថានភាពរាងកាយរបស់ពួកគាត់គ្រប់គ្នា។ ដោយសារយើងហាត់ និងប្រណាំងក្រោមកម្តៅថ្ងៃ យើងផ្តល់អាទិភាពដល់ការរក្សាកម្លាំងរាងកាយឱ្យបានល្អជាងអ្វីៗផ្សេងទៀត ដូច្នេះហើយយើងមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារកីឡាករមិនឱ្យចេញទៅលេងក្រៅយប់ជ្រៅ ឬផឹកស្រា។

សំណួរ៖ ខ្ញុំបានឃើញពីការហ៊ោផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកមុននេះ។ តើលោកពូធ្វើវាឡើងនៅពេលណា?

ចម្លើយ៖ ក្រុមរបស់យើងតែងតែធ្វើហ៊ោផ្តល់កម្លាំងចិត្តបែបនេះមុនពេលហ្វឹកហាត់ ឬចូលប្រកួត ដើម្បីបញ្ជាក់ឡើងវិញថា កីឡាករត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងត្រៀមរួបរួមជាក្រុមតែមួយរួចរាល់ហើយសម្រាប់ការប្រកួត ឬចេញដំណើរទៅហាត់សម។  ក្រោយមក យើងស្រោចទឹកឱ្យពរជ័យដល់ពួកគេ។

តើ​អ្នក​រាំ​ក្បាល​ទូក​ជា​នរ​ណា?

លោក ចាន់ នួន អាយុ ៧៣ ឆ្នាំ ជា​អ្នក​រាំ​ក្បាលទូកអាជីពម្នាក់ សម្រាប់ក្រុមទូកងស្លាក​លេខ ៣០៩ មកពីវត្ត​ស្រះចក។ លោកតា​បាន​បង្ហើបប្រាប់ពីតួនាទីអ្នករាំក្បាលទូកដូច្នេះថា៖ «អ្នករាំក្បាលទូកមានតួនាទីសំខាន់ណាស់ក្នុងការបង្កើនល្បឿនទូកក្នុងពេលប្រណាំង។ ម្យ៉ាងទៀត ការបង្កើតឱ្យមានចង្វាក់ស៊ីគ្នាពេលអុំម្តងៗគឺសំខាន់ណាស់ សម្រាប់អ្នកចែវទូកទាំងអស់ដើម្បីបង្កើនល្បឿនទូកឱ្យលឿនខ្លាំង។ ដើម្បីឈ្នះ មានក្រុមខ្លះគេប្រើល្បិចផ្សេងៗ ប៉ុន្តែ​ក្រុមយើង​រក្សា​ការ​ប្រកួត​ដោយ​យកយុត្តិធម៌ជាធំ ​ ហើយ​ខំធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ក្រុមខ្លួន។​ បើ​និយាយ​ពី​ជំនឿវិញ ទូកប្រណាំងនីមួយៗតែងតែ​មាន​ព្រលឹងអ្នកចាំថែរក្សាទូកស្ថិតនៅ។ ទូកយើងមានអ្នកថែក្បាលទូកជា​មនុស្ស​ស្រី ដូច្នេះ​​គាត់ហាក់ប្រចណ្ឌច្រើន។ បើ​ទូក​មានព្រលឹងស្ថិតជា​មនុស្ស​ប្រុសវិញ អ្នករាំក្បាលទូករូបនោះអាចផឹកស្រា ឬដើរលេងយប់អធ្រាត្របាន។ ​ ប៉ុន្តែ​សម្រាប់ខ្ញុំវិញ ពុំអាចធ្វើដូចគេបានទេព្រោះខ្លាចគាត់ប្រចណ្ឌ ដូច្នេះខ្ញុំ​ត្រូវ​តែ​នៅ​ក្បែរ​គាត់​ជានិច្ច ដោយធ្វើការសែនព្រេនសំណែនដោយយកចិត្តទុកដាក់បំផុត។»

ចំណាប់អារម្មណ៍កីឡាករអុំទូក៖

លោក ភូមិ កម្លោះឥតព្រួយ (២៦ឆ្នាំ) បានចូលរួមការប្រកួតទូកងនេះចំនួន៥លើក។ ក្រុមគាត់ធ្លាប់ទទួលបានជ័យលាភីលេខ២ទូទាំងប្រទេស។ លោកបានលើកឡើងពីការតាំងចិត្តចំពោះការប្រកួតទូកងឆ្នាំ២០២៣នេះដូច្នេះថា៖ «ក្រុមរបស់យើងបានត្រៀមរួចរាល់ហើយ! យើងទាំងអស់គ្នាស្តាប់ការណែនាំពីមេក្រុមដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះការណែនាំរបស់គណៈកម្មាធិការរៀបចំការប្រកួត។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតបន្ទាប់នេះ ដើម្បីទទួលបានជ័យជំនះសម្រាប់ជាកិត្តិយសជូនដល់ភូមិយើង!!»

この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer