គេហទំព័រព័ត៌មានដែលតភ្ជាប់រវាងកម្ពុជានិងជប៉ុន

សិប្បកម្មធុងបរិស្ថាន ដើម្បីបរិស្ថានរស់នៅស្អាតទាំងអស់គ្នា
សិប្បកម្មធុងបរិស្ថាន ដើម្បីបរិស្ថានរស់នៅស្អាតទាំងអស់គ្នា
2022.03.22

ការកែច្នៃសំរាមនៅកម្ពុជា

បើនិយាយដល់ការកែច្នៃសំរាមនៅកម្ពុជាវិញ យើងមិនទាន់ឃើញមានការកែច្នៃសំរាមទ្រង់ទ្រាយធំ ដើម្បីផលិតជាថាមពលសម្រាប់ប្រើប្រាស់នៅឡើយទេ។ ការកែច្នៃសំរាម គឺជាវិធីមួយដ៏សំខាន់ដើម្បីចូលរួមដោះស្រាយបញ្ហាសំរាមដែលកំពុងជួបប្រទេះ។ តាមរបាយការណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា សំរាមដែលបានបង្កើតឡើងនៅកម្ពុជាក្នុងមួយថ្ងៃៗមានជាង ១ ម៉ឺនតោន និងជិត ៤ លានតោនក្នុងមួយឆ្នាំ។ សំរាមទាំងនោះមាន ៦៥ ភាគរយជាសំណល់សរីរាង្គ ២០ ភាគរយជាសំណល់ប្លាស្ទិក និងនៅសេសសល់គឺជាសំណល់រឹង និងសំណល់ផ្សេងទៀត។ បច្ចុប្បន្ន មានអង្គការ និងក្រុមហ៊ុនវិនិយោគទុនបរទេសជាច្រើន កំពុងចាប់អារម្មណ៍នឹងការកែច្នៃវិស័យសំរាមនៅទីលានចោលសំរាមខណ្ឌដង្កោ ធ្វើជាថាមពលប្រើប្រាស់។ ទោះជាការកែច្នៃសំរាមគឺជាវិធីមួយដ៏សំខាន់ក្នុងការកាត់បន្ថយបរិមាណសំរាមនៅលើទីលានចោលសំរាមក្តី បច្ចុប្បន្ន គេពុំទាន់ឃើញមានវត្តមានក្រុមហ៊ុនវិនិយោគ ឬអង្គការណាមួយបាននឹងកំពុងធ្វើការកែច្នៃសំរាមឱ្យទៅជាថាមពលប្រើប្រាស់ពិតប្រាកដនៅឡើយទេ។ យ៉ាងណាមិញមានអង្គការ និងសាជីវកម្មឯកជនមួយចំនួនកំពុងចាប់អារម្មណ៍នឹងការកែច្នៃសំរាមមួយចំនួនធ្វើជាវត្ថុប្រើប្រាស់នានាដើម្បីចូលរួមចំណែកកាត់បន្ថយបញ្ហាសំរាមនៅកម្ពុជា។

សិប្បកម្មធុងបរិស្ថាន គឺជាសិប្បកម្មកែច្នៃឡើងវិញនូវសំបកកង់រថយន្តចាស់ៗដែលប្រើការលែងកើត ធ្វើជាធុងសំរាមប្រើប្រាស់នៅទីសាធារណៈ និងឯកជន។ សិប្បកម្មនេះ បានផ្តល់នូវផលចំណេញជាច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហើយវាបានជួយធ្វើឱ្យប្រសើរផងដែរដល់បរិស្ថាន និងការគ្រប់គ្រងសំរាម។ បច្ចុប្បន្ន សិប្បកម្មធុងបរិស្ថាន កំពុងទទួលបានការនិយមគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាជនខ្មែរ។

បងស្រី សឿង សុថារី ម្ចាស់សិប្បកម្មធុងបរិស្ថានមានវ័យជាង ៣០ ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន បងស្រី កំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ បងស្រីបានបង្កើតសិប្បកម្មនេះឡើងដំបូងកំឡុងឆ្នាំ២០១០ ដោយចិត្តស្រឡាញ់ និងមានបេះដូងជាអ្នកចង់ចូលរួមក្នុងការជួយការពារបរិស្ថាន។ ប៉ុន្តែក្នុងដំណើរការនៃការចាប់ផ្ដើមអាជីវកម្មនេះ បានជួបនឹងឧបសគ្គច្រើន ជាពិសេសនោះគឺសិប្បកម្មនេះមិនសូវទទួលបានការគាំទ្រពីមហាជននោះទេ។ អាស្រ័យបែបនេះហើយ បងស្រី ក៏បានសម្រេចចិត្តផ្អាក់ដំណើរការមួយរយៈពេលនៅឆ្នាំ២០១៥។

យ៉ាងណាមិញ បងស្រី ក៏មិនបានបោះបង់អាជីពមួយនេះរហូតដែរ។ ដោយចិត្តនៅតែស្រឡាញ់ និងនៅតែចង់ចូលរួមជួយសង្គមខាងផ្នែកនេះ បងស្រី ក៏សម្រេចចាប់ផ្ដើមសិប្បកម្មនេះឡើងវិញម្តងទៀតនៅឆ្នាំ២០១៨។ ដោយក្តីព្យាយាមនិងខិតខំប្រឹងប្រែង មិនយូរប៉ុន្មានផលិតកម្មរបស់បងស្រី ក៏ទទួលបានការគាំទ្រពីសំណាក់ប្រជាជន ហើយបានធ្វើឱ្យធុងបរិស្ថានរីកសាយការប្រើប្រាស់ជាហូរហែ។ សិប្បកម្មធុងបរិស្ថានរបស់បងស្រី សុថារីមានដូចជា៖ ធុងសំរាម ផើងផ្កា កៅអីជាឈុត រូបសត្វ និងមានការទទួលកម៉្មង់តាមតម្រូវចិត្តភ្ញៀវមួយចំនួនផងដែរ។ ចំពោះបច្ចេកទេសនៃការផលិតវិញ រាល់សិប្បករ ឬកម្មករ ដែលបម្រើការនៅសិប្បកម្មធុងបរិស្ថាន គឺសុទ្ធតែឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញ់ពីប្រធានផ្នែក។ ប៉ុន្តែចំពោះការងារនេះ បងស្រីបានបញ្ជាក់បន្ថែមដូច្នេះថា៖ “ការធ្វើធុងបរិស្ថានពីកង់ឡាននេះ តម្រូវឱ្យសិប្បករតស៊ូ និងអត់ធ្មត់ខ្លាំង និងទាមទារឱ្យកម្មករគ្រប់រូបយកចិត្តដាក់ខ្ពស់ទៅលើតួនាទីរបស់ខ្លួន ព្រោះរាល់ផលិតផលសុទ្ធតែធ្វើដោយដៃ បើប្រហែសនឹងចៀរវៀច ឬមានគ្រោះថ្នាក់ដល់ពួកគាត់ ហើយផលិតផលដែលចៀរវៀច ឬមានបញ្ហាក៏មិនអាចលក់ចេញបានដែរ”។ ជាលទ្ធផលក្នុងការខិតខំប្រឹងប្រែងរបស់បងស្រី និងសហការីនៃសិប្បកម្មនេះ ធុងបរិស្ថានទទួលបានការគាំទ្រច្រើនឡើងពីក្រសួងបរិស្ថាន អង្គការ ស្ថាប័នឯកជន មន្ទីរបរិស្ថានតាមបណ្តារខេត្ត និងប្រជាពលរដ្ឋជាវប្រើតាមផ្ទះ និងក្នុងគម្រោងសប្បុរសធម៌ផ្សេងៗជាដើម។ មកទល់បច្ចុប្បន្ននេះ សិប្បកម្មរបស់បងស្រីមមារញឹកច្រើន ដ្បិតតម្រូវការប្រើប្រាស់ធុងបរិស្ថានពីសំណាកប្រជាពលរដ្ឋមានការកើនឡើង។ ក្នុងនោះផងដែរ បងស្រី ក៏ទទួលបានគម្រោងមួយរវាងកិច្ចសហការក្រសួងបរិស្ថាន និងអង្គការ UNDP ដែលក្នុងគម្រោងនេះ បងស្រី ត្រូវទទួលបន្ទុកផ្គត់ផ្គង់ធុងសម្រាមក្នុងសាលារៀន៨០កន្លែង សម្រាប់៧ខេត្តក្រុង។ ចំពោះតម្លៃធុងបរិស្ថាននេះវិញ បងស្រី បានបញ្ជាក់ដូច្នេះថា៖ “ធុងសម្រាមច្នៃពីសំបកកង់ឡានមួយមានតម្លៃ ១០ម៉ឺនរៀន ហើយច្រើនឆ្នាំទៅមុខទៀតក៏មិនមានការចុះថ្លៃ ឬឡើងថ្លៃនោះទេ គឺលក់ក្នុងតម្លៃនេះដដែល”។

បងស្រី សុថារី បានរំឭកថា “សិប្បកម្មធុងបរិស្ថាន ដំបូងឡើយគឺមិនមានដៃគូសហការណាមួយចូលរួមចំណែកឡើយ ប៉ុន្តែមកទល់ពេលនេះ ដោយក្រសួងបរិស្ថានបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងមួយនេះ បានផ្ដល់ជាប័ណ្ណសរសើរជាប្រតិបត្តិករគំរូ និងលើកទឹកចិត្តឱ្យបន្តសិប្បកម្មនេះបន្តទៀត។ ក្រៅពីនេះ សុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ពួកយើងទាំងស្រុង ហើយចំពោះគម្រោងជំនួយធំៗ ពួកយើងមិនទាន់ទទួលបានគម្រោងណាមួយនៅឡើយទេ។ បច្ចុប្បន្ននេះបើទោះបីជា យើងបានដើរមកឆ្ងាយពីអតីតកាល និងមានការនិយមគាំទ្រផលិតផលរបស់យើងច្រើនក៏ដោយ តែសង្វាក់ផលិតផលរបស់យើងនៅមានកម្រិតនៅឡើយ”។ ទោះជាបែបនេះក្ដី ក៏បងស្រីមិនមានបំណងបោះបង់អាជីពនេះជាលើកទី២ដែរ ដ្បិតសិប្បកម្មនេះ មិនមែនផ្តោតសំខាន់តែការលក់ផលិតផលនោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជួយសង្គមបរិស្ថាន និងនាំឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាម។

ចក្ខុវិស័យនាថ្ងៃអនាគតរបស់បងស្រី គឺមិនមែនត្រឹមតែការលក់ផលិតផលឱ្យបានច្រើននោះទេ ប៉ុន្តែបងស្រី ក៏កំពុងព្យាយាមបណ្ដុះបណ្ដាល និងផ្សព្វផ្សាយទៅកាន់សាធារណៈជនផងដែរ តាមរយៈសិក្ខាសាលា វេទិកាសាធារណៈ ដើម្បីពន្យល់ណែនាំទៅដល់ប្រជាជនឱ្យចូលរួមថែទាំបរិស្ថាន។ ទន្ទឹមនឹងនេះនាថ្ងៃខាងមុខ បងស្រីសង្ឃឹមថា សិប្បកម្មនេះនឹងទទួលបានជំនួយពីស្ថាប័ន ឬក្រុមហ៊ុនវិនិយោគណាមួយ ដែលមានបំណងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិស្ថាន។ មួយវិញទៀត បងស្រីក៏មានបំណងពង្រីកទីផ្សារលក់ឱ្យប្រសើរជាងនេះនៅក្នុងស្រុក និងទៅកាន់ទីផ្សារបរទេសផងដែរ៕

សម្រាប់ពត៌មានបន្ថែម

【NyoNyum Khmer No. 50】











この記事が気に入ったら
いいね!しよう

We will send you the latest information

Relate Article

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

កម្មវិធី The Voice Kids Cambodia

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុន ហង្សមាស

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ក្រុមហ៊ុនទូរទស្សន៍ បាយ័ន

2023.02.01 NyoNyum KhmerNyoNyum Khmer Special Topics

ការសុំសីលក្នុងពុទ្ធសាសនា

2022.12.14 NyoNyum KhmerNyoNyum Khmer Special Topics

ពិធីបំបួសនាគ

2022.12.01 NyoNyum KhmerNyoNyum Khmer Special Topics未分類

ការអប់រំរបស់ព្រះសង្ឃ

2022.11.25 NyoNyum KhmerNyoNyum Khmer Special Topics

សួនបៃតងអង្គរ

2022.10.13 NyoNyum Khmer Special Topics未分類

ហូតែល Bayon Modern Residence

2022.10.13 NyoNyum Khmer Special Topics未分類

ហាងអាហារជប៉ុន Izakaya DAI

2022.10.04 NyoNyum Khmer Special Topics未分類

Recommend Articles

ពីនេះពីនោះអំពី SEA GAME 2023 នៅកម្ពុជា

2023.05.12 NyoNyum KhmerNyoNyum Khmer Special TopicsSpecial Topics

SEA Games 2023 in Cambodia

2023.05.11 NyoNyum Khmer